Wednesday, December 21, 2016

ប្រមុខដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម មានបំណងជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលបំផុត

(ហាណូយ)៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រាន់ ដាយក្វាង បានបង្ហាញជំហររួមគ្នា ជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យឈានដល់ដំណាក់កាលថ្មីមួយទៀត និងបានសន្យាជាមួយគ្នាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលបំផុតនោះ។
នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅវិមានរដ្ឋ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាលើកនេះ ជាការបើកផ្លូវម្តងទៀត ក្នុងការទំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
លោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏មានបំណងចង់ឃើញប្រទេសទាំងពីរ ពង្រីកឲ្យអស់នូវសក្តានុពល ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យឈានដល់ចំណុចកំពូលផងដែរ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកប្រធានរដ្ឋវៀតណាមបានឯកភាពជាមួយ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ក្នុងស្រទាប់យុវជននៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាឲ្យយុវជន នៃប្រទេសទាំងពីរដែលជាសរសរទ្រូងនៃប្រទេសជាតិ មានទំនាក់ទំនង កិច្ច សហប្រតិបត្តិការឲ្យកាន់តែល្អិតរមួតទ្វេឡើងថែមទៀត។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថ្លែងនូវអំណរគុណជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ដែលមកដល់ពេលនេះធនធានមនុស្សដែលវៀតណាម បានជួយបណ្តុះបណ្តាលកំពុងតែមានសមត្ថភាពពិតប្រាកដ ក្នុងការដឹកនាំកសាងប្រទេសជាតិ កំពុងមានអភិវឌ្ឍន៍រីកចំរើនដ៏គួរឲ្យកត់សំគាល់បំផុត៕



No comments:

Post a Comment