Tuesday, September 06, 2016

លិខិតមហាជន៖ ហេតុអ្វីបានជាបក្សប្រឆាំង ចង់បង្កើតព្រឹត្តិការ​ណ៍​តាមរយៈការ​ហែរញត្តិ?

គណបក្ស​សង្គ្រោះជាតិ កាលពី​​​ថ្ងៃទី០២​ ខែកញ្ញា​កន្លងទៅ​ បានស្នើសុំទៅសាលារាជធានីភ្នំពេញ​ ដើម្បី​សុំ​ដង្ហែញត្តិ​ទៅ​ដាក់​ស្ថានទូតនានា​ក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃ០៥ ខែ​កញ្ញានេះ​ គឺ៣ថ្ងៃ​បន្ទាប់​ពី​ការ​ស្នើ​សុំ។ ប៉ុន្តែ​សំណើរ​នេះ​ត្រូវ​បាន​សាលាក្រុង​ភ្នំពេញ​បដិសេធ ព្រោះ​ការ​ស្នើ​សុំនេះ​មិនបាន​គោរពលក្ខខណ្ឌ និងនីតិវិធី​នៃ​ច្បាប់​ស្តីពី​បាតុកម្ម​ដោយសន្តិវិធីនោះឡើយ​។ នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ត្រង់​ ជំពូកទី២ ស្តីពី​នីតិវិធីនៃ​ការ​ជូន​ដំណឹង​អំពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ​មាត្រា ៧ បានចែងថា លិខិត​ជូនដំណឹង​ត្រូវ​ដាក់នៅសាលា​រាជធានី ឬសាលាខេត្ត​យ៉ាង​ហោច​ណាស់​ប្រាំ​(៥)ថ្ងៃ នៃ​ថ្ងៃធ្វើ​ការងារ​មុន​ពេល​កំណត់​ នៃ​បាតុកម្មដោយសន្តិវិធី។ ដូច្នេះ​បក្ស​ប្រឆាំង​ពិត​ជាបានធ្វើ​​ខុស​នីតិវីធីនៃការជូនដំណឹងនេះ​​ពិតមែន ហើយ​តំណាង​សាលា​រាជធានីភ្នំពេញ​ក៏បាន​ពន្យល់​នូវ​មូលហេតុនេះផងដែរប្រាប់​ទៅ​តំណាង​បក្ស​ប្រឆាំង​។
ទោះ​ដឹង​នូវកំហុសនេះ​ហើយក្តី​ ក៏គណបក្សប្រឆាំង​មិនកែរតម្រូវ​ការ​ស្នើ​សុំ​របស់​ខ្លួន ​ដើម្បី​ដាក់​ស្នើ​សុំសារជាថ្មី​ទៅសាលារាជធានីភ្នំពេញ​​​ដែរ ថែមទាំង​​មានះ​រំលោភច្បាប់ ដឹកនាំ​ការហែរញត្តិ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ទើប​នៅ​ព្រឹក​ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ​២០១៦នេះ សមត្ថកិច្ច​​រាជធានីភ្នំពេញ​បាន​បិទ​ផ្លូវ​ជាតិ​លេខ២ រារាំង​មិន​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​ដង្ហែរ​ញត្តិ​ទៅ​ដាក់​តាម​បណ្តា​ស្ថាន​ទូត​នោះទេ។ តើគណបក្ស​សង្គ្រោះជាតិ​មិនចេះច្បាប់ ឬធ្វើមិនចេះក្នុងគោលបំណង​ទុច្ចរិត​អ្វីមួយ?
អ្នកវិភាគ​សង្គម​បានលើកឡើងថា ទង្វើ​របស់​គណបក្ស​ប្រឆាំង​នាពេលនេះ ធ្វើឡើងដោយ​​មានចេតនា​​​រំលោភលើច្បាប់យ៉ាង​ពិត​ប្រាកដ​​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចេញមករក្សាសន្តិសុខ សណ្តាប់ធ្នាប់​​រារាំង​បិទផ្លូវ ក្នុង​គោល​បំណងបី៖
ទី១ ​ទម្លាក់​កំហុសមកលើ​​រាជរដ្ឋាភិបាល ដោយ​គណបក្ស​សង្គ្រោះជាតិ​ដឹងមុន​ហើយថា កាលដែលខ្លួនប្រព្រឹត្ត​​រំលោភទៅ​លើច្បាប់​ រាជរដ្ឋាភិបាលប្រាដក​ជាអនុវត្ត​ច្បាប់ ដោយ​​បញ្ជា​ឲ្យ​សមត្ថកិច្ចចុះ​មករក្សា​ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោយរារាំង ឬបិទផ្លូវជាដើម ដែលការ​បិទផ្លូវរារាំង គឺជៀសមិនផុតឡើយនូវ​ការ​​​កកស្ទះចរាចរណ៍ ដែលជាលទ្ធផល មិនមែនមានតែ​សមាជិកគណបក្ស​ប្រឆាំងមួយក្តាប់តូច​នោះទេដែលត្រូវរារាំង គឺ​ប្រជាពលរដ្ឋដែលត្រូវការប្រើប្រាស់ផ្លូវដែរនោះ នឹង​ខាតបង់​ពេលវេលា ខាតបង់​ឱកាសនានា ក្នុងសកម្មភាព​ប្រកបរបរកស៊ីចិញ្ចឹមជីវិតរាល់​ថ្ងៃរបស់ខ្លួន​។ ចំពោះ​​​ប្រជាពលរដ្ឋ ដែលមិនបាន​យល់ដឹងច្បាស់​នូវ​មូលហេតុនោះ ឃើញ​សមត្ថកិច្ច​បិទផ្លូវ ជៀសមិនផុតឡើយនូវភាពខឹងសម្បារ​បន្ទោស​ ឬស្អប់​រាជរដ្ឋាភិបាល ដែល​បិទផ្លូវ​​​រារាំងដំណើររបស់ពួកគេ។ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​តាមដាន​ស្ថាន​ការណ៍​នយោបាយ​ នឹង​ដឹងច្បាស់​ពី​ចរិត​​បក្ស​ប្រឆាំង​មួយ​នេះ​។
ទី២ លាបពណ៌​ប្រជាពលរដ្ឋដែលកកស្ទះចរាចរណ៍៖ នេះ​ជាវិធី​​របស់​គណបក្ស​សង្គ្រោះជាតិ ប្រើប្រាស់ជាយូរយាណាស់​មកហើយ នៅរាល់ពេលធ្វើសកម្មភាពដង្ហែរញត្តិ ឬបាតុកម្មម្តងៗ។ បក្ស​ប្រឆាំង​​បាន​ប្រើប្រាស់​សកម្មជន​របស់​ខ្លួន​​ជិះ​ម៉ូតូ បើក​ឡាន​ ឬដើរ​ ពាំងផ្លូវ​មិន​ឲ្យ​អ្នក​ដំណើរ​វ៉ាឆ្លងកាត់​ក្បួន​របស់​គេ​បាន​ឡើយ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​កក​ស្ទះ​នៅពីក្រោយ​ក្បួន​កើនឡើង​កាន់តែច្រើនទៅៗ ហើយ​ក្រុម​ខ្លួន​ ដែលមានដូចជា អ្នកសារព័ត៌មាន​ប្រឆាំង និង​សកម្មជន​ខ្លួន នឹងចេញ​មក​បកស្រាយ និងផ្សាយ​បន្លំ​ថា​មាន​អ្នក​ចូលរួមច្រើន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ​​បក្ស​ប្រឆាំង​​មិនអាចបោះបង់ចោលវិធីស៊ីឡាកនេះបាននោះទេ ប្រសិនបើ​បើក​ផ្លូវ​ឲ្យ​អ្នកធ្វើដំណើរ​ជិះវ៉ា​វិញនោះ អ្នកចូលរួមនឹង​មាន​ចំនួន​តិច​បំផុត ហើយសុទ្ធតែជាថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ​។​
ទី៣ ឲ្យ​បរទេស​មើល​មក​ថា​ប្រទេស​ខ្មែរ​យើង​ខ្មៅ​ងងឹត ក្រុម​សារព័ត៌មាន​ដែល​ជាដៃគូជាមួយគណបក្ស​ប្រឆាំងមួយនេះ នឹងផ្សព្វផ្សាយ​អវិជ្ជមាន​បំផុត​អំពីប្រទេសកម្ពុជា បន្ទាប់ពី​មានការរារាំង​ពីសមត្ថកិច្ច​បែបនេះ។ ជាទម្លាប់ ពួកគេមិនដែលចុះផ្សាយព័ត៌មាន​ទាំងស្រុង​​នោះទេ ពួកគេ​តែងតែ​ផ្សព្វផ្សាយ​តែមួយជ្រុងនៃព័ត៌មាន ជាមួយ​នឹង​ការ​សរសេរបន្ថែមនូវទស្សនៈប្រឆាំង​របស់ខ្លួនទៀតផង ដោយ​បំភ្លេច​ចោល​នូវ​​គោលបំណង​ពិត​របស់​សមត្ថកិច្ច​ក្នុងការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ជូនប្រជាពលរដ្ឋ​ខ្មែរទាំង​អស់​ដែល​​រស់​នៅ​រាជធានីភ្នំពេញ​​។ ក្រុមនោះ ធ្វើមិនឃើញ​នូវ​មូលហេតុពិត​ប្រាកដ​ ឬល្បិច​ខូច​របស់​គណបក្ស​សង្គ្រោះជាតិ​នោះទេ គឺព្យាយាម​និពន្ធយ៉ាងណា​ឲ្យ​មជ្ឈដ្ឋាន​បរទេសមើលមក​កម្ពុជាថា ជាប្រទេសខ្មៅងងឹតជាទីបំផុត។​
          មូលហេតុដែលបញ្ជាក់កាន់​តែ​ច្បាស់​ថា​ បក្ស​ប្រឆាំង​ពិត​ជា​មាន​ចេតនា​រំលោភច្បាប់ ហើយ​ឲ្យ​សមត្ថកិច្ច​ចុះ​មក​រារាំង​នោះ គឺ​​ក្រុម​ប្រឆាំង​អាច​យក​ញត្តិ​របស់​ពួកគេ​ទៅដាក់​នៅ​តាម​ស្ថានទូត​នានា​តាម​បំណងរបស់ពួកគេ​ដោយសន្តិវិធីដូចសព្វមួយដង ដោយ​​មិន​មាន​ការ​រារាំងពីសមត្ថកិច្ច​​នោះឡើយ ក៏ប៉ុន្តែលើកនេះ​បក្ស​ប្រឆាំង​បានបំបះបំបោ ឲ្យ​សកម្មជន​ខ្លួន​មក​ពី​បណ្តារ​ខេត្ត​ និង​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដើម្បី​ឲ្យ​ចូលរួម​ក្នុង​ទង្វើ​រំលោភច្បាប់​មួយនេះ ដែលអាចនឹងហុច​ផល​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣លាន​នាក់​ក្នុង​រាជធានីភ្នំពេញ​។​​​ ជាងនេះទៅទៀត​ ក្រោយ​ពេល​ស្ថានការណ៏​​ដើរ​ទៅ​តាមអ្វី​ដែល​ពួកចង់បាននោះ ពោល​គឺ​បន្ទាប់​ពី​សមត្ថកិច្ចចុះរារាំង ការហែរញត្តិ​រំលោភច្បាប់នេះ តំណាងរាស្ត្រ​គណបក្ស​មួយនេះ​បាន​យក​ញត្តិ​ទាំង​នោះ​ទៅដាក់នៅ​តាម​បណ្តា​ស្ថានទូត​ចំនួន ១៥ នៅក្នុងរាជធានីភ្នំពេញ ដោយគ្មាន​ការ​ហែក្បួន និងដោយគ្មាន​ការ​រារាំង​អ្វី​បន្តិច​ឡើយ​ពី​សមត្ថកិច្ច​។
ទង្វើ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ក្នុង​ការ​បិទផ្លូវ​​នោះ​បាន​ចោទជាសំនួរ​ថា ប្រសិន​បើ​អាច​យក​ញត្តិ​ទៅ​ដាក់​បាន​យ៉ាង​ស្រួលបែបនេះ ហេតុអ្វី​ចាំបាច់​ប្រមូល​សកម្មជន​​គ្រប់​ទិសទី​ឲ្យ​មកពពាក់​ពពូន​ នាំ​ឲ្យ​កើត​ភាព​វឹកវរដល់សង្គមធ្វើអ្វី? ហេតុអ្វី​មិន​យកទៅដាក់តែម្តងទៅ? នីតិវិធីនៃការដាក់​ញត្តិ​មិន​មែនមានន័យ​ថា «បើមិនហែរគេមិនទទួល​យកឯណា»?
សំនួរខាងលើ​ត្រូវ​បាន​​មន្ត្រី​ជំនិត​របស់លោក កឹម សុខា​ ក្នុង​លក្ខណសុំមិនបញ្ចេញឈ្មោះ បាន​​ទម្លាយថា ទង្វើ​នេះ​គឺជា​ល្បិចស្ទង់ចំនួន​​អ្នកគាំទ្រ​របស់គណបក្ស​សង្គ្រោះជាតិ ដែលនៅសេសសល់​ពីការអស់ជំនឿរកន្លងមកតែប៉ុណ្ណោះ។ មន្ត្រីជំនិតរូបនោះបានបន្តទៀតថា ថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង​ ដែលកំពុង​ពួនសំងំក្នុង​ទីស្នាក់ការបក្សបាន​និយាយបញ្ជា​ទៅថ្នាក់ក្រោម​ដែលដឹកនាំ​ការហែរញត្តិនេះថា ទោះ​ជា​ត្រូវ​បង្ហូរឈាម លះបង់ជីវិតសកម្មជនគណបក្ស​សង្គ្រោះជាតិប៉ុន្មាននាក់ក៏ដោយ ធ្វើ​យ៉ាងណា​ដើម្បី​បង្វែ​សារ​ការចាប់អារម្មណ៍អំពីរឿងខ្លួនប្រព្រឹត្តិល្មើស​ច្បាប់​ រឿងអាស្រូវផ្លូវភេទ​ ឲ្យទៅគិត​រឿង​​សម្ថកិច្ច​បង្រ្កាប​បាតុករ​ ឲ្យទៅជារឿងនយោបាយ​វិញ។
បើនិយាយ​ពីគិត​ពីទង្វើ​​ដែល​នាំ​ឲ្យ​មាន​​មនុស្ស​ស្លាប់​ មនុស្ស​របួស​ ប្រាកដ​ជា​កើតចេញពី​ព្រឹត្តិការណ៍ហឹង្សាណាមួយជាមិនខាន ដែល​ជា​បទពិសោធន៍កន្លងមក​ ដូចជាព្រឹត្តិការណ៍ហិង្សានៅលើផ្លូវ វេងស្រេង នៅលើស្ពានអាកាសក្បាលថ្នល់ ជាដើម គឺកើតឡើងចេញពីប្រធាន និងអនុប្រធាន​គណបក្ស​​ប្រឆាំង​ ជូនដំណឹងថា​ដឹកនាំបាតុកម្ម​អហិង្សា​ ដោយសន្តិវិធី ប៉ុន្តែ​ការប្រព្រឹត្តវិញគឺ ញុះញង់​ដុតបញ្ឆេះកំហឹង ឲ្យទៅជា​ព្រឹត្តិការណ៍​ហិង្សា ដែលមានដូចជា ដុតហាងសាំង វាយកំទេច​មន្ទីរពេទ្យ វាយកំទេច​ហាងកែសម្ផស្សន៍ ដែលធ្វើ​ឲ្យ​របួស​ធ្ងន់ និង​ស្លាប់​ជាច្រើននាក់។​ ដែលការបង្ករហិង្សា​អសន្តិសុខនេះនៅពេល​រដ្ឋាភិបាល​បង្ក្រាប​ ក្រុមប្រឆាំង​នឹង​ទម្លាក់កំហុស​មក​លើ​រាជរដ្ឋាភិបាលថាបិទសិទ្ធិ​សម្តែងមតិ ហើយ​បើ​មិនបង្ក្រាប​ពួកគេនឹង​បង្ករភាពវឹងវរដល់សង្គម ដែលអាចផ្តួលរំលំរាជរដ្ឋាភិបាលតែម្តង​។
          ជារឿង​ចម្លែក ប្រហែលជា​​ផែនការ​ទុច្ចរិត​របស់​បក្ស​ប្រឆាំង​​ លេចលឺទៅដល់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ប្រចាំនៅកម្ពុជាហើយ​​ ទើប​ប៉ុន្មាន​ម៉ោង​មុននេះ ស្ថានទូតអាមេរិក​បាន​ប្រកាស​​​មិន​​ឲ្យ​ប្រជាពលរដ្ឋ​​អាមរិក ដែលស្នាក់នៅ ឬកំសាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជាធ្វើដំណើរ​ទៅ ឬ ឆ្លងកាត់​​​ទីស្នាក់ការ​គណបក្ស​​សង្គ្រោះជាតិឲ្យសោះ​ ដែលសេចក្តី​ប្រកាសនោះ​បាន​បន្តថា ក្នុង​នាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សូម​រំលឹក​ដល់​ជនជាតិអាមេរិក​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់​​ចំពោះបាតុកម្ម​សន្តិវិធី (ដែលគណបក្ស​សង្គ្រោះជាតិ​មានបំណង​ដឹកនាំ)​ ដែលអាច​ប្រែក្លាយ​ទៅជា​បាតុកម្មហិង្សា​ ប្រសិនបើ​ជនជាតិអាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​បាតុកម្ម ឬនៅក្នុងហ្វូង​បាតុកម្ម​ ត្រូវ​តែ​ចាកចេញ​ឲ្យលឿនបំផុតតាមតែអាចធ្វើបាន​។ ការ​ប្រកាសនេះ ​​គឺជា​ការបង្ហាញ​ថាទង្វើ​ល្មើសច្បាប់​របស់​គណបក្ស​ប្រឆាំង​គឺពិតជាគ្រោះថ្នាក់ និងអាច​បង្ករ​មហន្តរាយ​ដល់អ្នកចូលរួម​ហែរញត្តិ​នោះ​ដែលទាមទារ​ឲ្យ​សមត្ថកិច្ច​របស់កម្ពុជា ត្រូវ​តែ​ទប់​ស្កាត់​ជាដាច់ខាត នូវទង្វើ​ទុច្ចរិតនេះ​​។​
ដូច្នេះ​ការ​ហែរញត្តិ​ទៅ​ដាក់​តាម​ទូត​ គ្រាន់​តែ​ជាល្បិច​ទុច្ចរិត​​សម្រាប់ទម្លាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។ នេះ​ប្រហែល​ជា​ល្បិច​ថ្មី​របស់​បក្ស​ប្រឆាំងមួយនេះ ក្រោយ​ពេលដែល​បក្ស​របស់ខ្លួន​ធ្លាក់​ប្រជាប្រិយ ដោយ​​មេបក្ស​របស់ខ្លួនប្រព្រឹត្ត​រំលោភលើច្បាប់ ម្នាក់​មានរឿង​អាស្រូវផ្លូវភេទ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការមិនហ៊ានទៅណា និងម្នាក់ទៀត​មិនហ៊ាន​ប្រឈមមុខចំពោះមុខច្បាប់ រត់ទៅក្រៅប្រទេស បាត់បង់សិទ្ធិនយោបាយ។ ក្រោយពីមាន​ព្រឹត្តិការណ៍កើតឡើងជាហូហែ គួបផ្សំនឹងហេតុការណ៍ថ្ងៃនេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើនមើលឃើញថា ធនធានមនុស្ស​នៅក្នុងបក្ស​ប្រឆាំងមួយនេះ តាំងពីថ្នាក់លើ​រហូត​មក​ដល់​ថ្នាក់​ក្រោម សុទ្ធតែជាជនដែល​ មិនគោរពច្បាប់ ​បំពានច្បាប់​ និងបំភ្លៃច្បាប់។​ ជនល្មើស​តែងតែ​បំពានច្បាប់ រីឯ សមត្ថកិច្ច មានតួរនាទី​អនុវត្ត ថែរក្សា​ច្បាប់​ ដូច្នេះសូម​ប្រជាពលរដ្ឋ​ខ្មែរ មេត្តា​គិត​ឲ្យ​បាន​ស៊ីជុំរៅ​បន្តិច​មុន​នឹង​វិនិច្ឆ័យ​លើ​អ្វីមួយ៕ ​
​ដោយ៖ ខេមរៈ ជន​


No comments:

Post a Comment