Tuesday, September 06, 2016

ទស្សនវិភាគ៖ "ចេតនាប្រើពាក្យហែរញត្តិ ដើម្បីបំផ្ទុះចលនាបដិវត្តន៍មហាជន"

គណបក្សសង្គ្រោះជាតិ មិនប្រកាន់យកជំហជាគណបក្សប្រឆាំងក្នុងវប្បធម៌នយោបាយប្រជាធិបតេយ្យ ជាមួយនឹងការទទួលស្គាល់លក្ខណៈសម្បត្តិព្រះរាជាណាចក្រកម្ពុជា ជា "រដ្ឋឯករាជ្យ អធិបតេយ្យ" បន្តិចសោះឡើយ។ បើទោះបីមេដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែបរាជ័យជានិច្ច ក្នុងការសុំអន្តរាគមន៍ឲ្យបរទេសលុកលុយចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ក៏ដោយ ប៉ុន្តែគោលបំណងធំចំបងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា គឺ "ការបំផ្ទុះចលនាបដិវត្តន៍មហាជន"។ មេដឹកនាំបក្សប្រឆាំងបែបទុច្ចរិតនេះ តែងតែញុះញង់ប្រជាពលរដ្ឋឲ្យងើបបះបោរឡើង ដោយយកគំរូចលនាមហាជន នៅហ្វីលីពីន ព្រមទាំងចលនាបដិវត្តន៍ពណ៌នៅបណ្តាប្រទេសអារ៉ាប់ និងនៅប្រទេសអ៊ុយក្រែន។
ការសាកល្បងទ្រង់ទ្រាយធំនៃ "ការបំផ្ទុះចលនាបដិវត្តន៍មហាជន" របស់គណបក្សសង្គ្រោះជាតិ គឺព្រឹត្តិការណ៍ក្រោយការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០១៣ ដែលមានប្រទេសមហាអំណាចមួយនៅពីក្រោយខ្នង។ ទីបំផុតត្រូវបរាជ័យ ដោយសារភាពអត់ធ្មត់របស់អំណាចរដ្ឋដឹកនាំដោយសម្តេចតេជោសែន ក្នុងការគ្រប់គ្រងពេលវេលាមួយសមស្រប ទុកឲ្យកំហឹងឆេះឆួលរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលដុតរោលដោយលោក សម រង្ស៊ី និងលោក កឹម សុខា ធ្លាក់ចុះបន្តិចសិន ប្រសើរជាងប្រើកំហឹងទល់កំហល់នាំឲ្យប្រជាជាតិធ្លាក់ក្នុងវិនាសកម្ម។
ប៉ុន្តែលោក សម រង្ស៊ី និងលោក កឹម សុខា នៅតែចិញ្ចឹមចិត្ត "បំផ្ទុះចលនាបដិវត្តន៍មហាជន" តាមដំបូន្មានរបស់ចៅហ្វាយបរទេស ក្រោមលេសមួលបង្កាច់ថា "កម្ពុជាវិលត្រឡប់ទៅរបបផ្តាច់ការ ផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស"។ ដើម្បីសម្រេចបំណងនៃ "ការបំផ្ទុះចលនាបដិវត្តន៍មហាជន" មេបក្សប្រឆាំងដ៏ទុរយសទាំងពីររូបនេះ រិះរកបង្កើតព្រឹត្តិការណ៍ឲ្យមានការប្រមូលផ្តុំ និងដង្ហែក្បួនដែលពួកគេធ្លាប់បានធ្វើនៅក្រោយការបោះឆ្នោត២០១៣។ ទិដ្ឋភាពជាក់ស្តែង បានបង្ហាញថា ៖
- ឧបាយកលប្រើមធ្យោបាយ "បាតុកម្ម" គឺអស់លក្ខណ៍ ព្រោះមិនបំពេញល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់បាតុកម្មដែលរដ្ឋធម្មនុញ្ញតម្រូវ។
- ការប្រកូកប្រកាសឲ្យអ្នកគាំទ្រមកជួបជុំនៅមន្ទីរបក្ស ក្រោមលេស "តាមដានការវិវត្តន៍នយោបាយ" ក៏ទទួលបរាជ័យ ព្រោះចុងក្រោយមានមនុស្សមិនដល់៥០នាក់មកប្រមូលផ្តុំ។
- បន្ទាប់មកប្រើមធ្យោបាយ "ហែរញត្តិ" ថ្វាយព្រះមហាក្សត្រ បង្កប់នូវភាពមិនប្រក្រតីដែលកំពុងតែត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
- ឥឡូវប្រើមធ្យោបាយ "ហែរញត្តិ" ដាក់ទៅស្ថានទូតប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដើម្បីឲ្យប្រទេសទាំងនោះដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា បើទោះបីកន្លងមកធ្លាប់ធ្វើពីរបីដងរួចមកហើយ តែគ្មានប្រទេសណាគេអើពើ។
"សម្លេង យើង" សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ទទួលស្គាល់សិទ្ធិធ្វើញត្តិ តែនីតិវិធីប្រគល់ញត្តិ គឺស្ថិតក្នុងក្របខ័ណ្ឌច្បាប់ ហើយម៉្យាងទៀត រដ្ឋធម្មនុញ្ញ ទទួលស្គាល់តែការប្រើសិទ្ធិធ្វើញត្តិដាក់ជូនអង្គការជាតិតែប៉ុណ្ណោះ ពោលគឹ ពុំបានទទួលស្គាល់ការធ្វើញត្តិទៅឲ្យអង្គការអន្តរជាតិ ឬរដ្ឋាភិបាលបរទេសឡើយ ព្រោះវាប៉ះពាល់ដល់ឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជា។
លើសពីនេះទៀត ថ្វីត្បិតតែគណបក្សសង្គ្រោះជាតិ ដឹងច្បាស់ណាស់ថា ញត្តិឲ្យបរទេស វាគ្មានប្រយោជន៍ក្តី ក៏បក្សប្រឆាំងនេះ ត្រូវតែធ្វើតទៅទៀត គឺយ៉ាងហោចណាស់ក៏ជា ការបង្កើតព្រឹត្តិការណ៍ទាក់ទាញចំណាប់អារម្មណ៍ពីមហាជន ក្រែងលោអាចជួសជុលស្ថានភាពដុនដាបរបស់ខ្លួនបច្ចុប្បន្ន។ គំនិតបង្កើតសេណារីយ៉ូនេះ ពិតជាទទួលបានការគូសវាសផ្តល់ឱវាទពីចៅហ្វាយនាយបរទេស ដែលមានជំនាញឯកទេសខាងបំផ្លាញសេចក្តីសុខប្រជាជាតិដទៃ ដោយគេនៅតែសង្ឃឹមថាយ៉ាងហោចណាស់ ក៏បានរូបភាពពីវិធានការផ្លូវច្បាប់របស់អំណាចរដ្ឋយក ទៅបកស្រាយបំភ័ន្តក្រោមពាក្យពេជន៍ឆ្កួតលីលានូវរបស់ដែលហៅថា "ការរំលោភលើសេរីភាពបញ្ចេញមតិ, សេរីភាពប្រមូលផ្តុំ, សេរីភាពដើរហើរ ..."។
ការខិតខំបង្កើតព្រឹត្តិការណ៍ គឺដើម្បីហុចដងឲ្យអង្គការសិទ្ធិមនុស្សនិន្នាការប្រឆាំង និងអ្នកស៊ីឈ្នួលនិយាយភាសាខ្មែរឲ្យវិទ្យុបរទេស បំពងសម្លេងវាយប្រហាររាជរដ្ឋាភិបាល។ អតីតកាលរបស់កម្ពុជា ក៏ដូចជា បច្ចុប្បន្នភាពពិភពលោកនៅបណ្តាប្រទេសអារ៉ាប់ និងប្រទេសអ៊ុយក្រែន ដែលសន្តិភាពត្រូវបានបំផ្លាញជាថ្នូរនៃការស្រមៃចង់បានប្រជាធិបតេយ្យពិតបែបលោកខាងលិច និងបែបសហរដ្ឋអាមេរិក គឺគ្មានអ្វីក្រៅពីមហាវិនាសកម្ម។ ដូច្នេះ ទ្រឹស្តី "ការពារប្រសើរជាងព្យាបាល" គឺជាចាំបាច់ ត្រូវអនុវត្ត ទោះក្នុងតម្លៃណាក៏ដោយ។ នីត្យានុកូលភាពរបស់រាជរដ្ឋាភិបាល ផ្តល់ដោយរដ្ឋធម្មនុញ្ញ គឺត្រូវតែទប់ស្កាត់រាល់ឧបាយកល "បំផ្ទុះចលនាបដិវត្តន៍មហាជន" មិនឲ្យងើបរួច។ វិធានការណ៍នេះ មិនមែនជាការភ័យស្លន់ស្លោរទេ តែជាការប្រុងប្រយ័ត្នខ្ពស់ ក្នុងសមត្ថភាពគ្រប់គ្រងមិនឲ្យចលនាបដិវត្តន៍ពណ៌បែបណាមួយ ដុះពន្លកនៅលើទឹកដីកម្ពុជា បំផ្លាញសន្តិភាពរបស់ប្រជាជាតិយើងជាថ្មីម្តងទៀតបានឡើយ៕
អត្ថបទដោយ៖ សម្លេងយើង








No comments:

Post a Comment