Tuesday, July 19, 2016

លោកសម រង្ស៊ី៖ ដោយសារលោកបណ្ឌិតកែម ឡីគ្រោងចូល បក្ស​សង្គ្រោះ​ជាតិទើបគេសម្លាប់ (ប្រភពពី ខ្មែរថ្មី)

លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា ការសម្លាប់​លោក​​បណ្ឌិត​កែម ឡី ជា​​អ្នក​វិភាគ​នយោ​បាយ​ដ៏ល្បីល្បាញ​​នេះ គឺដោយសារ​គេ​ដឹងមុន​ថា លោកបណ្ឌិត​មាន​គម្រោង​ចូលរួម​ជាមួយគណបក្ស​សង្គ្រោះជាតិ​ជាផ្លូវការ​នៅពេល​​ខាងមុខ​​ ដូច្នេះ​​ទើប​បានជា​គេ​ចាត់​វិធាន​ការ​ជាមុន គឺ​បាញ់​សម្លាប់​លោក​បណ្ឌិត​តែម្តង។

នៅក្នុង​កម្មវិធីបុណ្យ​គម្រប់​​ខួប៧ថ្ងៃរ​បស់លោក​​បណ្ឌិត កែម ឡី នៅ​វត្តពោធិវង្ស នៅ​​ជាយ​​ទីក្រុង​​ប៉ារីស ប្រទេស​​បារាំង កាលពីថ្ងៃទី១៧កក្កដានេះ លោក​ សម រង្ស៊ី​ប្រធានគណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅស្រុក បាន​ថ្លែង​ថា លោកបណ្ឌិត​កែម ឡី និង​លោកកឹម សុខា គឺជា​មនុស្ស​ត្រូវរ៉ូវ​​គ្នា​ណាស់ ទុក​ចិត្ត​គ្នា ស្រលាញ់​គ្នា​​ណាស់ ដូច្នេះ​ហើយ​គេ​​ដឹង​មុ​ន​​ថា លោកបណ្ឌិត​កែម ឡី មាន​គម្រោង​ចូលរួម​​ជាផ្លូវការ​ក្នុង​គណបក្ស​សង្គ្រោះ​​ជាតិខាង​​មុខ​ គឺរឹតតែធ្វើ​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែខ្លាំង​ជាង​មុន ដូច្នេះ​ហើយទើប​ធ្វើឲ្យ​គេចាត់​វិធាន​ការ​​សម្លាប់​​លោកបណ្ឌិត​កែម ឡី ដើម្បី​កុំឲ្យ​លោក​បណ្ឌិត​​បាន​​ចូលរួម​ជាមួយគណបក្ស​សង្គ្រោះជាតិ។

ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន បញ្ជាក់ថា យើង​រង់ចាំ​តែឳកាស​​ប្រជារាស្ត្រ​ខ្មែរ​ នឹងកាត់ក្តី ហើយ​និង​​សម្រេច​​ចិត្ត​​​យក​ច្បាប់​ពិត​ប្រាកដ​ឲ្យមា​នការ​សុីបអង្កេត​ពិតប្រាកដ។ លោកថា​ករណីនេះ​មិនចាំ​បាត់​សុីប​អង្កេត​អីទេ គឺទាល់​តែមាន​តុលា​ការ​ឯករាជ្យ​មួយ​ក្រោម​របប​នយោបាយ​ថ្មីមួយ​ដែល​លើក​តម្កើន​ការពិត និងយក​ច្បាប់ជា​ធំ មិនមែន​យក​អំណាច​ជាធំ យ​កលុយជាធំឡើយ។

សូម​បញ្ជាក់ថា សពលោក​បណ្ឌិតកែម ឡី គឺ​គ្រោង​នឹងប្រារព្វ​ពិធីដង្ហែ​ទៅកាន់​ខេត្តកំណើត​របស់​លោកបណ្ឌិត​ នៅឯ​ខេត្តតា​កែវ នៅ​ថ្ងៃអាទិត្យ​ទី២៤ ខែកក្កដា​ខាងមុខ។ នេះបើយោង​តាមសង្ឃដិការរបស់​ព្រះតេជ​គណប៊ុត ប៊ុនតិញ​សមាជិក​គណៈ​កម្មការបុណ្យ​​សព​លោកបណ្ឌិតកែម ឡី បាន​លើកឡើង​កាល​ពីថ្ងៃ​ចន្ទ​​ទី១៨កក្កដានេះ។


No comments:

Post a Comment