Tuesday, July 19, 2016

សាលារាជធានីភ្នំពេញ​ នឹងដាក់ឲ្យដំណើរការនូវម៉ាស៊ីន​កែច្នៃសំរាមទៅជាជីសរីរាង្គ​ដើម្បីកាត់បន្ថយបញ្ហាការ​បំពុលបរិស្ថាន

ក្នុងខែសីហាខាងមុខនេះ សាលារាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ប្រកាសដាក់ឲ្យដំណើរការ នូវម៉ាស៊ីនកែច្នៃសំរាមទៅជាជីសរីរាង្គ ដើម្បីដោះស្រាយ បញ្ហាការបំពុលបរិស្ថាន និងការកាត់បន្ថយសំរាមក្នុងរាជធានីភ្នំពេញ ក៏ដូចជាទីលានចាក់សំរាមបច្ចុប្បន្ន។

ម៉ាស៊ីនកែច្នៃសំរាមនេះនាំចូលពីប្រទេសថៃ ដែលមានតម្លៃប្រហែល៥០ម៉ឺនដុល្លារអាមេរិក ដែលអាចកែច្នៃសំរាមបាន១០០ទៅ១៥០តោនក្នុង១ថ្ងៃ ហើយបច្ចុប្បន្នអ្នកជំនាញកំពុងតែដំឡើងម៉ាស៊ីនដើម្បីដំណើរការនៅខែសីហាខាងមុខ    នេះបើតាមការឲ្យដឹងពីលោក    កែវ ចាន់ណារិទ្ធ      ប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមដង្កោ     នៅថ្ងៃទី១៩  ​ ​​​ ​ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោក កែវ ចាន់ណារិទ្ធ ក៏បានបន្ដទៀតថា សំរាមដែលត្រូវយកទៅកែច្នៃជាជីសរីរាង្គនោះ ជាប្រភេទសំរាមទីក្រុង ឬហៅថាម្យ៉ាងទៀតថា សំរាមដែលសល់ពីប្រជាពលរដ្ឋ ដែលមានដូចជា សំណល់ក្នុងផ្ទះបាយជាដើម ដោយក្នុងមួយថ្ងៃៗ យើងដឹកជញ្ជូនសំរាមប្រហែល២០០០តោនពីទីក្រុង ទៅទីលានចាក់សំរាម ខណ្ឌដង្កោ។

លោកក៏បានបញ្ជាក់ទៀតថា យើងនឹងរកទីផ្សារមួយដើម្បីលក់បន្ដនូវជីសរីរាង្គដែលយើងទទួលបានពីការកែច្នៃនេះទៅប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្ត ដោយយើងនឹងពន្យល់ ណែនាំប្រជាពរដ្ឋទាំងអស់ ឲ្យងាកមកប្រើប្រាស់ជីធម្មជាតិ ដែលមិនមានជាតិគីមី មិនប៉ះពាល់ដល់សុខភាព ហើយនឹងមានតម្លៃសមរម្យ សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់ និងលក់បន្ត។

សម្រាប់ម៉ាស៊ីនកែច្នៃលើកដំបូងនេះ   គឺជាការសាកល្បងដើម្បីកាត់បន្ថយសំរាម    ក៏ដូចជាផលិតជីសរីរាង្គ ហើយប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងទិញនូវម៉ាស៊ីនកែច្នៃនេះចំនួន២ទៅ៣គ្រឿងបន្ថែមទៀត។

សាលារាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងមួយថ្ងៃៗសំរាមដែលចេញពីរាជធានីភ្នំពេញ ដឹកទៅកាន់ទីលានចាក់សំរាមដង្កោមានចន្លោះពី១៨០០តោន ទៅជាង២០០០តោន ដែលបច្ចុប្បន្ននេះទីលានចាក់សំរាមដង្កោ បានផ្ទុកសំរាមលើសពីជាង៤លានតោន៕

ប្រភព៖ Fresh News




No comments:

Post a Comment