Thursday, June 02, 2016

ពិធីលាងសាយភោជន៍រៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក

នៅរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦  ថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រារព្ធ​រៀបចំ​ពិធី​លាង​សាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនបណ្តាមេដឹកនាំ​នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក ដែល​មានវត្តមានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពី​អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានការ​អញ្ជើញ​ចូលរួមពី ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយក​រដ្ឋ​មន្រ្តី នៃប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្រ្តី​នៃប្រទេសទីម័រឡេស្តេ ឯកឧត្តម Jusuf Kalla អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេ​ស៊ី ឯកឧត្តម Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Phillipp Rosler សមាជិកក្រុមប្រឹ​ក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំងឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី ឥស្សរជននយោ​បាយ វាគ្មិនសេដ្ឋកិច្ច មកពីបណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ជា​ច្រើន​រូប។
លោក Phillipp Rosler សមាជិកក្រុមប្រឹ​ក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក មាន​ប្រសាសន៍ ដោយសេចក្តីសប្បាយរីករាយដោយបានឃើញវត្តមាន នៃបណ្តាមេដឹកនាំ​នយោបាយ​និងសេដ្ឋកិច្ច​ពិភពលោកដ៏ច្រើនកុះករ អញ្ជើញមកចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លើក​ទី២៥ ស្តីពី​អាស៊ាន នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ លោកប្រធានមានប្រសាសន៍បន្តថា ក្រោម​ប្រធាន​បទ ដែលផ្តោតសំខាន់​លើរបៀបវារៈអាស៊ាន សម្រាប់បរិយាប័ន្ន និងកំណើន ដោយ​អ្នក​ចូលរួមទាំងអស់នឹងធ្វើការពិភាក្សាលើ បញ្ហាជាច្រើន ស្ថិតក្រោមសរសគ្រឹះសំខាន់ៗចំនួន៣ គឺទី១-ជំរុញការរីកចំរើនដោយចីរភាព និងបរិយាប័ន្ន សង្គម ទី២-ការស្វែងយល់​ពីបដិវត្តន៍​ឧស្សាហកម្ម​​​លើកទី៤ និងទី៣-ការពង្រឹងទំនាក់ទំនងតំបន់។ លោកប្រធាន​វេទិកាសេដ្ឋកិច្ច​ពិភព​លោក ក៏បាន​ជូនពរ​ដល់បណ្តាមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោក សូមមានសុខភាពល្អបរិបូរណ៍ ក្នុងការ​ស្នាក់អាស្រ័យអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីជានិម្មិតរូបនៃភាពរីកចំរើន របស់ពិភពលោកទាំងមូល។

សូមបញ្ជាក់ដែរថា នេះគឺជាលើកទី២ហើយ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកា​សេដ្ឋកិច្ចពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៥ ត្រូវបានប្រារព្ធ​ធ្វើ​ឡើងក្នុងបរិបទ​មួយ ដែលអាស៊ានបានប្រែក្លាយខ្លួន ទៅជាសហគមន៍អាស៊ានជាផ្លូវការ កាល​ពី​ចុង​ឆ្នាំ២០១៥។ គោលបំណងដ៏សំខាន់មួយ នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺដើម្បី​ពន្លឿន​​​កំណើនសេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍពាណិជ្ជកម្មនៅក្នុងតំបន់ និងអនុញ្ញាត​ឲ្យមាន​ចរាចរណ៍​កាន់តែសេរីជាងមុននូវមុខទំនិញ សេវាកម្ម ពលករជំនាញ និងមូលធន។ នៅក្នុង​កាលានុវត្ត​ភាព​របស់ខ្លួន អាស៊ានគឺជាតំបន់មួយដែលមានកំណើន សេដ្ឋកិច្ចដ៏លឿនបំផុតមួយ នៅក្នុង​ពិភព​លោក ដោយកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែខ្ពស់ ចាប់តាំងពីឆ្នាំ២០០០មក។ លើ​បញ្ហា​ប្រឈមបើទោះបីអាស៊ាន សម្រេចបាននូវសមិទ្ធផលគន្លឹះៗជាច្រើន នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការធ្វើសមាហរណកម្មតំបន់ពេញលេញមួយក៏ដោយ ក៏បញ្ហាប្រឈមនៅក្នុង សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុងដំណើរដ៏វែងឆ្ងាយសម្រាប់បណ្តារដ្ឋជាសមាជិក ត្រូវបន្តរួមគ្នាដោះស្រាយ ឲ្យខានតែបាន៕








No comments:

Post a Comment