Wednesday, March 30, 2016

លោក​ វង្ស ប៊ុនវិ​សុទ្ធ ព្រះរាជអា​ជ្ញារងសា​លាដំបូង​រាជធានីភ្នំ​ពេញ សម្រេ​ចចោទប្រ​កាន់ លោក ​សម រង្ស៊ី ​ពីបទ​បរិហារកេ​រ្តិ៍ស​ម្តេច ហេង សំរិន

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍​សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយសំណុំរឿង នេះត្រូវ​បាន​បញ្ចូន​​ទៅ​បើកសវនាការជំនុំជម្រះបន្ត ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ បានសរសេរ​នៅលើហ្វេសប៊ុក​របស់លោក​ភ្ជាប់​ជាមួយ​វីដេអូ​មួយ​មាន​ចំណង​ជើងថា​ «យើង​ចង​​ចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេច​ព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ» ដែលក្នុង​វីដេអូ​នោះ សម្តេច​ព្រះនរោត្តម សីហនុ បានរិះគន់​ទៅដល់ជនជាតិវៀត​ណាម។ ជាមួយគ្នា​នេះ លោក សម រង្ស៊ី ក៏បាន​ចោទរបបរដ្ឋក​ម្ពុជា ដែលដឹកនាំដោយ​សម្តេច ហេង សំរិន ថាបាន​ដាក់​ទោស សម្តេច ​សីហនុ ​ព្រះវររាជបិតា​ជាតិខ្មែរថា ​ជាជនក្បត់ជាតិ​។

លោក គី តិច មេធាវីការពារក្តី ឱ្យសម្តេច ហេង សំរិន បានបញ្ជាក់ថា សម្តេចពញាចក្រី ហេង សំរិន បានប្តឹង​ទៅតុលាការចាត់ការ​ទៅតាមផ្លូវច្បាប់ និងទាមទារ​សំណងជំងឺចិត្ត​ចំនួន៣០០​លានរៀល ហើយ​ថាករណីនេះ លោកបាន​ប្តឹងតែ​បុគ្គលលោក សម រង្ស៊ី ម្នាក់ប៉ុ​ណ្ណោះ ដោយសារ​តែ Facebook នោះ ជាទំព័រផ្ទាល់ខ្លួនរបស់លោក៕


No comments:

Post a Comment