Monday, March 28, 2016

ពិធីប្រគល់​ទទួល​រូប​បដិមា​ខ្មែរ «ដងខ្លួន​ព្រះរាម» ពីសារ​មន្ទីរ DENVER ART MUSEUM មកឲ្យប្រទេស​កម្ពុជា​វិញ

សារមន្ទីរ Denver Art Museum (សារមន្ទីរ DAM) និងរាជរដ្ឋា​ភិបាល​កម្ពុជាបាន​ប្រកាស​នៅថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០៦ ថា៖ សារមន្ទីរ DAM បានប្រគល់​រូបបដិមា​ខ្មែរធ្វើពីថ្មភក់​នាសតវត្សទី១០ មកឲ្យប្រទេស​កម្ពុជា​វិញ។ពីធិប្រគល់​ទទួល រូបបិដមាខ្មែរដង​ខ្លួនព្រះរាម​ដែលបាន​ដាក់តាំងក្នុង​សារមន្ទីរ Denver Art Museum អស់រយៈ​ពេលជិត​៣០ឆ្នាំត្រូវ​បានធ្វើ​ឡើង​នៅវិមានសន្តិភាព​នៃទីស្តីការ​គណៈរដ្ឋមន្រ្តី​ក្រោមអធិប​តីភាពឯកឧត្តម យឹម ណុល សន អនុប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​តំណាងឯកឧត្តម​បណ្ឌិសភាចារ្យ សុខ អានឧបនាយក​រដ្ឋន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងវត្តមាន​ជាសាក្សី​ដោយ​ឯកឧត្ដមវិល្លៀម ហេដ ( William A. Heidt )ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជាលោកជំទាវ អាន ឡឺម៉េស្ត្រ( Anne Lemaistre)តំណាងអង្គការ UNESCO ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង​ឯកឧត្តម​លោកជំទាវជាមន្ត្រី​ជាន់ខ្ពស់នៃរាជ​រដ្ឋាភិបាល​ជាច្រើន​រូបទៀត។

ឯកឧត្តម​យឹមណុលសន បានថ្លែងថា តាងនាម​ឱ្យរាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំសូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សារមន្ទីរ Denver Art ដែលមាន​លោកបណ្ឌិត Christoph Heinrich នាយក​សារមន្ទីរ​ ជាតំណាងនៅទីនេះ ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អប្រពៃ ​ក្នុងការនាំយក​ដងខ្លួន​រូប​បដិមា​ព្រះ​រាម​ត្រឡប់​មកកម្ពុជា​វិញ។ រូបបដិមា​នេះត្រូវបាន​គេលួច​ចេញពី​ប្រាសាទចិន នៃរមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​កោះកេរ​ ហើយត្រូវ​បានដឹក​ជញ្ជូនឆ្លងដែន រហូតទៅដល់​សហរដ្ឋអាមេរិក។ ឥឡូវនេះ បន្ទាប់​ពីដំណើរ​ដ៏វែងឆ្ងាយ រូបបដិមានេះ​ក៏បាន​ត្រឡប់មកកាន់​មាតុភូមិ​កំណើតវិញ។

រូបបដិមាដង​ខ្លួនព្រះរាម​ ជារូបចម្លាក់​ធ្វើពីថ្មភក់​របស់ព្រះរាម​ដែលមាន​បំពង់​ព្រួញ​នៅពី​ក្រោយព្រះ​អង្សាស្តាំ។ រូបបដិមា​ធ្វើឡើង​នៅដើម​សតវត្សទី១០ មាន​កម្ពស់ ៦២ អ៊ីញ (ប្រហែល​១៥៧ សង់​ទីម៉ែត្រ)  និងនៅ​បាត់​ព្រះកេស ព្រះហស្ថ និងព្រះបាទ។ សារមន្ទីរ Denver Art Museum បាន​ទិញរូបប​ដិមា​ដងខ្លួន​ព្រះរាម​នៅឆ្នាំ​១៩៨៦​ពី Doris Weiner Gallery នៅទីក្រុង​ញូវយ៉ក។ រូបប​ដិមា​ដងខ្លួន​ព្រះរាម ត្រូវបានដាក់​តាំងក្នុង​សារមន្ទីរ​ផ្នែក​សិល្បៈអាស៊ី។ទាក់ទង​ប្រវត្តនៃការប្រគល់​រូបបដិមា​ដងខ្លួន​ព្រះរាម​មកឲ្យកម្ពុជា​វិញនេះលោក Christoph Heinrich ប្រធានសារមន្ទីរ Denver Art Museum មានប្រសាសន៍​ថា៖«ជាផ្នែកមួ​យ​នៃការស្រាវ​ជ្រាវរបស់​យើង សារមន្ទីរ Denver Art Museum បានទាក់ទង​ទៅសហការី នៃសារមន្ទីរនៅ​ប្រទេសកម្ពុជា​ដើម្បីស្វែងរក​អង្គហេតុ​បន្ថែមពី​រូបបដិមា​ដងខ្លួនព្រះរាម​នេះ» តាមប្រសាសន៍ ។ «ថ្មីៗនេះយើងបានទទួលនូវភស្តុតាង​ជាក់លាក់ដែល​យើងពុំមា​ននៅពេល​ទិញរូប​បដិមានេះ បន្ទាប់មកបាន​ចាត់វិធាន​ការភ្លាមៗដើម្បីដក​រូបបិដមា​នេះចេញពី​បញ្ជីរបស់​យើង និងរៀបចំកា​របញ្ជូន​រូបបិដមានេះត្រលប់​ទៅទីឋាន​កំណើត​របស់ខ្លួន។ បន្ថែម​ពីការប្រគល់​ត្រឡប់​រូបនេះ ក្នុងអំឡុង​ពេលនៃការចរចា យើងបាន​បង្កើតនូវ​ទំនាក់ទំនង​កិច្ចសហការ​ជាមួយសហការី​នៅកម្ពុជា ហើយសង្ឃឹមថា​នឹងអភិវឌ្ឍ​គម្រោងឬ​កម្មវិធី​សហការ ដែលនឹង​ផ្តល់ផល​ប្រយោជន៍​ដល់អ្នក​ទស្សនានៅសារ​មន្ទីរនៅទីក្រុង Denver និងរាជធា​នីភ្នំពេញ។»

តាមរយៈឯកឧត្តម យឹម ណុល សន ការវិលត្រឡប់​មកកាន់​ទីឋាន​កំណើត​វិញ​នៃដង​ខ្លួនរូបបដិមា​ព្រះរាម​នេះ បានបង្ហាញ​យ៉ាងច្បាស់អំពីលទ្ធផល​ដ៏ត្រចះ​ត្រចង់ ដែលកើត​ចេញ​ពីកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹក​នាំ​ប្រក​បដោយ​គតិ​បណ្ឌិត​របស់ ​សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងការអនុវត្ត​គោល​នយោបាយ និងលិខិតបទ​ដ្ឋាននានា ​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សម្បត្តិបេតិកភណ្ឌ​។ ជាក់ស្ដែង បដិមា​ព្រះរាមនេះ នឹងបានជួប​ជុំគ្នាវិញ​ជាមួយ​បដិមា​ប្រាសាទ​កោះកេរ ៦ ផ្សេងទៀត ដែល​ទើបតែ​បា​ន​វិលត្រឡប់​មកទីឋាន​កំណើតវិញ នោះគឺ៖

- ទុរយោធន៍ ពី​ក្រុមហ៊ុន Sotheby’s (ទីក្រុង​ញូវយ៉ក) ដែលបាន​សម្រេច​បញ្ចប់រឿងក្ដី ដោយព្រម​ប្រគល់​បដិមានេះ​មកឱ្យកម្ពុជាវិញ បន្ទាប់ពី​​រយៈពេលជិត​ ២ឆ្នាំ​ នៃការតស៊ូបណ្ដឹង​ដោយការិយាល័យ​អគ្គរដ្ឋ​អាជ្ញានៃ​តុលាការ Sothern District of New York តាមសំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។
- ភីម ពីសារមន្ទីរ Norton Simon (ទីក្រុង Pasadena រដ្ឋ California)
- ពលរាម​ ពីក្រុមហ៊ុន Christie’s (ទីក្រុង​ញូវយ៉ក)
- បងប្អូន​បណ្ឌវេទ បានមក​ពីសារមន្ទីរ Metropolitan (ទីក្រុងញូវយ៉ក) និង
- ហនុមាន ពីសារមន្ទីរ Cleveland (រដ្ឋ Ohio)។

ការវិលត្រឡប់​មកវិញ​នៃរូប​បដិមា​ទាំង៥ ចុងក្រោយ​នេះ គឺជាលទ្ធផល​ដែលកើត​ចេញពី​ការចរចារ​​​ដោយ​ផ្ទាល់ រវាងក្រុម​អ្នក​ច្បាប់​នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រីក្រោម​ការដឹកនាំ​របស់ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដោយ​មាន​ជួយ​ជ្រោមជ្រែង​ពីការិយាល័យ​អគ្គរដ្ឋ​អាជ្ញានៃតុលាការ Manhattan District ជាមួយ​នឹងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនានា។

តំណាង​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បញ្ជាក់ថា៖ ជោគជ័យ​ទាំងនេះ​សម្រេច​ឡើងបាន​ដោយ​សារ​កិច្ច​សហការ​​យ៉ាងជិតស្និទ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​សហរដ្ឋអាមេរិក រួមជាមួយ​នឹង​អង្គការ​ UNESCO សាលា​បារាំងចុងបូព៌ា (EFEO) និងអ្នក​ជំនាញដទៃទៀតជា​ច្រើន។ឯកឧត្តម យឹម​ណុលសន បានសម្តែងការកោត​សសើរនូវកិច្ច​សហការរវាងតំណាង​រាជរដ្ឋាភិបាល​កម្ពុជាឯកឧត្តម​រដ្ឋលេខាធិការ ចាន់ តានី និ​ងមន្ត្រី​នៃក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈនិង លោក​បណ្ឌិត Heinrich នាយកសារមន្ទីរ Denver Artថាបាន​បង្ហាញ​នូវក្រមសីលធម៌​ខ្ពស់ ក៏ដូចជា​វិជ្ជាជីវៈ ភាពទន់ភ្លន់ ភាព​អត់ធ្មត់ និងការយោគ​យល់របស់​លោក​ផងដែរ។ ខ្ញុំជឿជាក់​ថា ពិធីប្រគល់ដ​ងខ្លួនរូប​បដិមា​ព្រះរាម​​ នៅថ្ងៃនេះ នឹង​ពិតជា​ជំរុញ​ឱ្យមាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់តែល្អ​បន្ថែម​ទៀតរវាង​សារមន្ទីរ​ជាតិ​កម្ពុជា និង​សារមន្ទីរ Denver Art ។ ជាមួយ​គ្នានេះដែរ​ឯកឧត្តម​យឹម ណុល សន បានមាន​ប្រសាសន៍ សម្ដែងនូវអំណរ​គុណជាពិសេស ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែលផ្ដល់​ការគាំទ្រពេញ​លេញ និងកិច្ច​សហប្រតិ​បត្តិការ នៅក្នុងរឿងក្ដី​ទាមទារបដិមា ទុរយោធន៍ ដែលបានក្លាយ​ទៅជា​មូលដ្ឋាន​គតិយុត្ត​មួយ សម្រាប់​ការទាមទារយក​វត្ថុបុរាណផ្សេងៗទៀត​របស់​ខ្មែរ។

តំណាងឯកឧត្តមបណ្ឌិតសភាចារ្យសុខអានក៏បានធ្វើការអំពាវថា៖ រាជរដ្ឋាភិបាល​កម្ពុជា សូមធ្វើ​ការអំពាវនាវ​ដល់​សារមន្ទីរ និងអ្នក​ប្រមូលវត្ថុបុរាណដទៃទៀតទូទាំងពិភពលោក សូមធ្វើតាមគំរូ​ដ៏ប្រពៃនេះ ដោយប្រគល់ព្រះកេសរបស់បដិមាព្រះរាម ក៏ដូចជា​វត្ថុបុរាណដទៃទៀត ដែលត្រូវបាន​គេលួច មកឱ្យ​ម្ចាស់​ស្របច្បាប់វិញ។









No comments:

Post a Comment