Monday, March 28, 2016

សម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋគោរព​ច្បាប់​ចរចរាណ៍ ខណៈ ពិធីចូល​ឆ្នាំប្រពៃណីជាតិខ្មែរ​ជិតឈាន​ចូលមកដល់

នៅគ្រា​ដែលពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ​ជិតឈាន​ចូលមកដល់​នោះ សម្ដេចតេជោ ហ៊ុន សែន នាយ​ករ​ដ្ឋ​មន្រ្ដី បាន​អំពាវ​នាវឲ្យ​​ប្រជាព​លរដ្ឋ ត្រូវ​បើកបរ​ដោយគោរ​ពច្បាប់​ចរាចរណ៍ គោរព​ជីវិតខ្លួន​ឯង និង​គោរ​​ព​ជីវិត​អ្នកដទៃ ធ្វើយ៉ាងណា​កុំឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​​ឡើង។ សម្រាប់ពិ​ធី​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិឆ្នាំ​នេះសម្ដេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅទទួល​ទេវតា​ឆ្នាំថ្មី ​​និង​​បើកព្រឹត្ដិការណ៍​​អង្គរ​ស​ង្រ្គា​ន្តនៅ​ឯ​​ខេ​ត្ដ​សៀមរាប។  
ក្នុងពិធី​បើកការដ្ឋាន​គម្រោងធ្វើឲ្យ​ប្រសើរឡើងវិ​ញផ្លូវជាតិលេខ២១ ចាប់ពី​ក្រុងតាខ្មៅ​ខេត្ដ​កណ្ដាល ដល់ជ្រៃធំ​ទល់​ព្រំ​ដែន​វៀតណាម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេច​តេជោនាយករដ្ឋមន្រ្ដី បានអំពាវនា​វ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ មេត្ដាគោរព​ច្បាប់ចរាចរណ៍ ហើយប្រសិនបើមិន​គោរព​ច្បាប់​ចរា​ចរណ៍​នោះទេ គួរនឹកគិត​ថា ត្រូវគោរព​ជីវិតខ្លួន​ឯង ទុកជីវិត​ខ្លួនឯង​អោយនៅរស់ កុំអោយស្លាប់​ដោយ​​សារ​​គ្រោះ​ថ្នាក់​​ច​រា​ច​រ​ណ៍​។ ម្យ៉ាងទៀត ត្រូវ​នឹក​គិតថា មិនត្រូវ​ឲ្យខ្លួនឯង​ពិការ ឬរបួសស្នាម ដោយសារ​ការ​ជិះម៉ូតូ ឬបើកប​រ​​រថ​យន្ដ ជួប​គ្រោះថ្នាក់ច​រាចរណ៍​នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ​ទៀត​ថា សូមប្រជាពល​រដ្ឋគោរពច្បាប់​ចរាចរណ៍ គោរព​​ជីវិត​ខ្លួន និងគោរព​ជីវិតអ្នកដទៃ ហើយបើ​ធ្វើបែប​នេះបាន ការសាង​សង់ផ្លូវ​កាន់តែ​ច្រើន ​និងមិន​បង្ក​គ្រោះ​ថ្នាក់​ដល់ប្រជាពលរដ្ឋទៀតឡើយ។
ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែ​ងអំ​ណរ​គុណដល់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បានផ្ដល់​កម្ចី​ឥណទាន​ដល់កម្ពុជា សម្រាប់គម្រោង​​ធ្វើឲ្យប្រ​សើរ​​ឡើង​វិញ​ផ្លូវជាតិលេខ២១ ហើយ​សម្ដេច​សង្ឃឹម​ថា រដ្ឋាភិបាលកូរ៉េ​ខាងត្បូងបន្ដ​ផ្ដល់ជំនួយ និង​ផ្ដល់​​​​ជា​កម្ចី​ឥណទាន ដល់​កម្ពុជា​បន្ដ​ទៀត សម្រាប់ការ​អភិវឌ្ឍន៍លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធនេះ។
ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួង​សាធារណៈការ និងដឹកជញ្ជូន បាន​ឲ្យដឹង​ថា គម្រោង​​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិ​ញ​ផ្លូវជាតិលេខ២១ គ្រោងចំណាយ​ថវិកាសរុប​ប្រមាណជាង៦១​លានដុល្លារ​សហរដ្ឋ​​អាមេរិក ក្នុង​នោះ​កម្ចីឥណទាន​រដ្ឋាភិបាល នៃសាធារ​ណរដ្ឋ​កូរ៉េ​ចំនួន​ជាង​៥២​លានដុល្លារ និងថវិកា​​បដិ​ភាគរបស់​រាជរដ្ឋាភិបាល​ចំនួនជា​ង៩លាន​ដុល្លារសហរដ្ឋអាមេរិក ហើយ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​​ឡើងវិ​ញ​ផ្លូ​វ​​ជាតិលេខ២១ ចែកចេញជាពីរដំណាក់កាល និង​មាន​ប្រវែង​ជាង៦៣គីឡូម៉ែត្រ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានសម្ដែងក្ដីសង្ឃឹម ថា នៅពេល​ផ្លូវជាតិ​លេខ២១​នេះ សាង​​សង់​រួចរាល់ នឹងជួយកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើដំណើ​រ​ដោយ​​ងាយស្រួល​​ក្នុង​ការ​​​ប្រកបមុខរ​បបរកទទួល​ទាន និងការដឹក​ជញ្ជូន​កសិផល​ផងដែរ៕








No comments:

Post a Comment