Friday, March 04, 2016

អាជ្ញាធរជាតិ​អប្សរា​ទទួលវគ្គ​បណ្តុះ​បណ្តាល​សមត្ថភាព​អំពីការ​រៀបចំផែន​ការមេសម្រាប់ការ​អភិរក្ស​ប្រាសាទ​នៅក្នុង​តំបន់អង្គរ​ពីសំណាក់​អ្នកជំនាញ បារាំង

មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៣០នាក់ មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការមេសម្រាប់ការអភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទ «Monument Excutive Development Plan» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយលោក SIMON Jean-Christophe ជាស្ថាបត្យករនិង ជាអ្នកទទួលខុសត្រូវផ្នែកអធិការកិច្ចបេតិកភណ្ឌនៃប្រទេសបារាំង ព្រមទាំងជាអ្នកដែលរាជរដ្ឋាភិបាលបារាំងបញ្ជូនឱ្យមកធ្វើការនៅតំបន់អង្គរ និងបានចូលរួមបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរានាឆ្នាំ១៩៩៥។ ក្រៅពីនោះលោកក៏បានចូលរួមរៀបចំនិងចែករំលែកបទពិសោធន៍ជាច្រើននៅក្នុងវគ្គបណ្តុះបណ្តាលតានៃទៀតផង មុននឹងលោកចាកចេញពីប្រទេសកម្ពុជានាឆ្នាំ១៩៩៨។ 

លោក SIMON បានប្រាប់ពីគោលបំណងនៃវគ្គសិក្សានេះថា ធ្វើឡើងដើម្បីបង្កើនសមត្ថភាពចំណេះដឹង ជំនាញអំពីការរៀបចំផែនការមេសម្រាប់អភិរក្សប្រាសាទ ការរៀបចំ និងគ្រប់គ្រងប្រាសាទដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាដែលពាក់ព័ន្ធ ដោយផ្តោតសំខាន់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅប្រាសាទព្រះគោនិងប្រាសាទបាគង។ លោកបន្តទៀតថា បើរៀបចំផែនការមេក្នុងការអភិរក្សប្រាសាទបានល្អ នឹងអាចដោះស្រាយបញ្ហាក្នុងការអភិរក្សប្រាសាទ បញ្ហាទាក់ទងនឹងតំបន់អភិរក្សជុំវិញប្រាសាទ បញ្ហាសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាននៅជុំវិញប្រាសាទ ដែលអាចជួយឱ្យអាជ្ញាធរជាតិអប្សរារៀបចំគ្រប់គ្រងគោលនយោបាលទេសចរណ៍ឱ្យទទួលបានសេវាល្អពេញលេញមួយ។ ក្រៅពីនោះក៏ទាក់ទងនឹងការអប់រំរបស់សិស្សនិស្សិតផងដែរ ព្រោះប្រាសាទជាផ្នែកមួយនៃការអភិវឌ្ឍ។

បន្ថែមពីនោះ លោក SIMON ក៏មានមតិដែរចំពោះអាជ្ញាធរជាតិអប្សរាដែលមានតួនាទីក្នុងការអភិរក្ស រៀបចំ គ្រប់គ្រងប្រាសាទ និងលំហូនៃទេសចរណ៍ នេះជាវគ្គសិក្សាមានអត្ថប្រយោជន៍បំផុតដែលអាចចងក្រងជាឯកសារទុក ដើម្បីស្រាវជ្រាវនៅថ្ងៃក្រោយ ហើយក៏ជួយឱ្យអាជ្ញាធរជាតិអប្សរារៀបចំប្លង់ក្នុងការគ្រប់គ្រងតំបន់អង្គរបានល្អដែរ ព្រោះតួនាទីអប្សរាមានទាំងការអភិរក្សផង អភិវឌ្ឍតំបន់អង្គរផង និងគ្រប់គ្រងទេសចរណ៍ផង៕




No comments:

Post a Comment