Tuesday, February 09, 2016

លោកបណ្ឌិត សុខ ទូច នឹងទម្លាយឲ្យដឹងពីបញ្ហានៅតំបន់ថ្ម៣ដុំក្នុងពេលឆាប់ៗនេះ (ប្រភពពី GNN)

នៅថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០១៦នេះម៉ោង:៣០នាទីរសៀលលោកបណ្ឌិតសុខ ទូចប្រធានក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែន នឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីសិក្សាស្រាវជ្រាវ លើបញ្ហាព្រំដែនតំបន់ថ្ម៣ដុំ ថាតើស្ថិតនៅក្នុងការគ្រប់គ្រងរបស់ប្រទេសកម្ពុជា រឺវៀតណាម? ហើយតើបើផ្អែកលើផែនទីនិងផែនដីជាក់ស្តែងតើតំបន់នោះ យើងត្រូវចរចានិងធ្វើយ៉ាងណាទៀតជាមួយភាគីវៀតណាម។
លោកបណ្ឌិត សុខ ទូចបានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានរាជរដ្ឋាភិបាល GNN ​នៅព្រឹកនេះថា នៅថ្ងៃនេះលោក នឹងចុះទៅសិក្សាផ្ទាល់ជាមួយអាជ្ញាធរនិងរៀបចំកិច្ចការមួយចំនួនដើម្បីត្រៀមស្រាវជ្រាវក្នុងបញ្ហាតំបន់ថ្ម៣ដុំពិសេសផ្តោតសំខាន់ទៅលើឯកសារ ហើយថ្ងៃស្អែកគឺនៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ លោកនឹងអញ្ជើញចុះទៅដល់តំបន់ថ្ម៣ដុំនោះផ្ទាល់តែម្តង ដើម្បីទម្លាក់ពីផែនទី ទៅផែនដី ថាតើថ្ម៣ដុំហ្នឹងវាស្ថិតនៅដូចម្តេចជាមួយដីខ្មែរ និងវៀតណាម?​ តើវាជារបស់អ្នកណា​? ​ហើយបើភាគីណាមួយកាន់កាប់យូរមកហើយ យើងត្រូវសិក្សាពីប្រវត្តិអ្នកកាន់កាប់ប្រសិនជាខ្មែរយើងរស់នៅទីនោះយូរហើយ យើងត្រូវតែគោរពទៅតាមកិច្ចព្រមព្រៀង​​នៃប្រទេសទាំងពីរដែលបានកំណត់ថា អ្នកណាកាន់កាប់យូរអ្នកនោះត្រូវតែទទួលយក​​កេរ្តិ៍ដំណែលទាំងអស់នោះ ដោយគ្រាន់តែយើងធ្វើការដោះដូរគ្នា ក្នុងតំលៃស្មើទៅស្មើមក ដើម្បីកុំឲ្យមានការប្រេះឆាក្នុងបញ្ហាព្រំដែនដោយសារយើងមានកិច្ចព្រមព្រៀង នៃប្រទេសទាំងពីររួចហើយ។
មួយវិញទៀតយើងនឹងទៅមើលថាថ្ម៣ដុំនោះបង្ហាញអ្វីពី វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ដែលយើងនឹងសិក្សាលំអិតនៅក្នុងកិច្ចការហ្នឹង។ក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែន នឹងមើលទាំងបច្ចេកទេសមើលទាំងអត្តសញ្ញាណរបស់ជាតិនីមួយៗ តើវៀតណាមហៅថាអីនិងខ្មែរហៅថាអីថ្ម៣ដុំហ្នឹង។ បើសិនជាវៀតណាមអត់មានឈ្មោះទេ មានតែកម្ពុជា អាហ្នឹងវាត្រូវតែជារបស់កម្ពុជាហើយ ចឹងយើងត្រូវសិក្សាលំអិតទៅលើហ្នឹងទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីសិក្សាស្រាវជ្រាវលើឯកសារគោលសំខាន់ៗទាក់ទងនិងតំបន់ថ្ម៣ដុំ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ លោកបណ្ឌិតនឹងចុះទៅពិនិត្យទីតាំងជាក់ស្តែង រួមទាំងធ្វើសំភាសន៍ជាមួយប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់នោះហើយលោកបណ្ឌិតនឹងធ្វើសន្និសីទកាសែតនៅទីនោះតែម្តង៕


No comments:

Post a Comment