Tuesday, February 09, 2016

ក្រសួងមហាផ្ទៃបន្ថែមមន្រ្ដីនគរបាលធ្វើការត្រួតពិនិត្យ យានយន្ដបើកបរលើសល្បឿនកំណត់

មន្រ្ដីក្រសួងមហាផ្ទៃបានប្រកាសថា ក្រសួងនឹងបង្កើនបរិមាណ​មន្ត្រីនគរបាលចរាចរណ៍​​លើ​ជំនាញ​វាស់ស្ទង់​​ល្បឿនយានយន្ត​ដែលបើកបរលើស​ល្បឿនកំណត់ ដើម្បីពង្រឹងការគោរព​ច្បាប់​ចរាចរណ៍ផ្លូវ​គោកថ្មី។

កាលពីចុងសប្ដាហ៍នេះក្រសួងមហាផ្ទៃ បានកោះប្រជុំមន្រ្ដីនគរបាលចរាចរណ៍មកពីគ្រប់ខេត្ត រាជ ធានីទូទាំងប្រទេស  ដើម្បីមកទទួលជំនាញការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ល្បឿន និងវាស់​ជាតិស្រវឹង ក្នុងកិច្ចប្រឹងប្រែងបង្កើនបរិមាណប៉ុស្តិ៍ត្រួតពិនិត្យជាតិអាល់កុល និងរថយន្ត​លើ្មសច្បាប់​ឱ្យកាន់តែច្រើនកន្លែងនិងគ្រប់ផ្លូវជាតិសំខាន់ៗ នៅទូទាំងប្រទេស។

លោក ទី ឡុង អនុប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានបែងចែកជាពីរ គឺការបណ្តុះបណ្តាលទ្រឹស្តី និងការ​ចុះអនុវត្តន៍ជាក់ស្តែងនៅតាមដងផ្លូវ ដើម្បីឱ្យការប្រើប្រាស់ឧបករណ៍នេះកាន់តែស្ទាត់ជំនាញ និងពង្រីកការត្រួតពិនិត្យឱ្យបានកាន់តែទូលំទូលាយដល់មន្រ្ដីនគរបាលចរាចរណ៍។

លោកបញ្ជាក់ថា ការពង្រឹងវិធានការណ៍ត្រួតពិនិត្យនេះ ស្របពេលដែលការអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោកថ្មីត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគោរពច្បាប់ និងកាត់បន្ថយ គ្រោះថ្នាក់ និងសោកនាដកម្មនានានៅតាមដងផ្លូវឱ្យមានកម្រិតទាប។

លោកបានបន្ដទៀតថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្រសួងមហាផ្ទៃបានប្រគល់ឧបករ ណ៍ត្រួតពិនិត្យល្បឿនដល់ស្នងការរាជធានី ខេត្តទាំង២៥ចំនួន១០០គ្រឿង និងឧបករណ៍ត្រួត​ពិនិត្យ​ជាតិ ស្រវឹងចំនួន៣០០គ្រឿង ដែលជាគម្រោងប្រចាំឆ្នាំរបស់ក្រសួង ដើម្បីបង្កើនប៉ុស្តិ៍ត្រួត​ពិនិត្យ​អ្នកដែលល្មើសច្បាប់ឱ្យបានច្រើន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់មានប្រសាសន៍​លើកឡើងថា ការពង្រីកកម្លាំងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ទាំងល្បឿន និងជាតិស្រវឹងនេះ ជាមធ្យោ បាយចំពោះមុខ ដើម្បីដោះស្រាយចំពោះបុគ្គលដែលបើកបរមិនគោរពច្បាប់ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍ដែលបានកើតឡើងដោយកត្តាការបើកបរលើសល្បឿនកំណត់មានរហូតដល់​ជាង៤០ភាគរយ និងការបើក បរក្រោមឥទ្ធិពលនៃជាតិស្រវឹងមាន១១ភាគរយ។

ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានអះអាងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងបង្កើនការ​ បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិ និងកាមេរ៉ាសុវត្ថិភាពទំនើបៗនៅតាមផ្លូវជាតិសំខាន់ៗ​បន្ថែមទៀត​ដើម្បីត្រួតពិនិត្យ២៤ម៉ោង លើ២៤ម៉ោង ដែលជាការអនុវត្តច្បាប់គ្រប់ជ្រុងជ្រោយ មិនចាំបាច់ប្រើកម្លាំងនគរបាលពួនស្ទាក់ និងឈរវាស់ស្ទង់ល្បឿនទៀតឡើយ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១ខែ ក្នុងឆ្នាំ២០១៦នេះ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មន្រ្ដីនគរ បាលចរាចរណ៍ បានរកឃើញបទល្មើសជាង២ពាន់ករណី សម្រាប់អ្នកបើកបរលើសល្បឿន​កំណត់ និងជិត២ពាន់ករណី សម្រាប់អ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង៕


No comments:

Post a Comment