Thursday, January 07, 2016

សុន្ទរកថា សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីមីទ្ទិញ​រំឭកខួប​លើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា (៧/០១/១៩៧៩-៧/០១/២០១៦)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃ​រាជ សម្តេចព្រះរាជាគណៈ ​និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ​ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិ​ទាំងអស់​ជាទីគោរពស្នេហា!

ថ្ងៃនេះ ជាទិវាដ៏មហានក្ខត្តប្ញក្សដែលប្រជាជនកម្ពុជាយើង នៅ​ទូទាំងប្រទេស បានចូលរួមយ៉ាងក្លៀវក្លាប្រារព្ធខួបអនុស្សាវរីយ៍​លើកទី ៣៧ នៃទិវាជ័យជម្នះ​ជាប្រវត្តិសាស្រ្តនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត សង្រ្គោះប្រជាជាតិឲ្យរស់ឡើងវិញ ហើយបានឋិតថេរ​គង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ប្រជាជនកម្ពុជា ក៏ដូចមនុស្សជាតិ​នៅលើពិភពលោក ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌នៅតែចង​ចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយគំរូវីរភាព នៃយុទ្ធជន ៧ មករា នៅតែភ្លឺ​ចែង​ចាំង ​និងរស់រវើកជានិច្ច​ក្នុងដួងចិត្ត នៃប្រជាជនយើងគ្រប់ជំនាន់តរៀងទៅ។

យើងប្រារព្ធពិធីបុណ្យ នៃជ័យជម្នះជាប្រវត្តិសាស្រ្តនេះ ក្នុងស្មារតីគោរពដឹង​គុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើន​ឥត​គណនា ដែលបានក្រោកឈរតស៊ូ ប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់សាច់​ស្រស់ ឈាមស្រស់ និងអាយុជីវិតប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់ ក្នុងបុព្វហេតុ​សង្រ្គោះជាតិ និងសូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរកង​ទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រដ៏ធំធេង ចំពោះ​បុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ យើងទាំងអស់គ្នាក៏សូមលំឱនកាយគោរពវិញ្ញាណ​ក្ខន្ធ​របស់ជនរួមជាតិជាង ៣ លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌​បំផុត នៅក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិសបួងសួងឲ្យដួង​ព្រលឹង​របស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភពជារៀងដរាបទៅ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូម​សម្តែងគារវភក្តីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​កំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្រ្តខ្មែរគ្រប់ៗរូប។ សូមក្រាប​ថ្វាយ​ព្រះពរ​ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ​ជាទីសក្ការៈ សូមមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុ​យឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿង។

បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយក្តី​សង្ឃឹម​ក្រោមពន្លឺនៃសន្តិភាព សេរីភាព និងអភិវឌ្ឍន៍ ប៉ុន្តែសោកនាដកម្ម ការឈឺចាប់​ខ្លោច​ផ្សារ និងការបាត់បង់យ៉ាងធំធេង ក្នុងសម័យអតីតកាលដ៏ខ្មៅងងឹត នៃសង្រ្គាម និង​របបប្រល័យពូជសាសន៍នៅតែដក់ជាប់ជានិច្ច ក្នុងមនសិការរបស់មនុស្សគ្រប់រូប មិនអាចបំភ្លេចបានឡើយ។ យើងទាំងអស់គ្នាពិតជាចងចាំថា ក្រោយរដ្ឋប្រហារ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដឹកនាំដោយ លោក លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជា​បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាង​សន្ធោ​សន្ធៅបំផុត ដែល​បានបង្កមហាវិនាសកម្មពុំអាចនឹងពណ៌នាបានឡើយ។ ក្រោយថ្ងៃ ជ័យ​ជម្នះលើពួក លន់ នល់ នាថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ប្រជាជន​កម្ពុជា​សង្ឃឹមថា នឹងបានរស់នៅក្នុងសន្តិភាពវិញហើយ ​ប៉ុន្តែក្តីសង្ឃឹមនោះត្រូវរលាយ​បង់តែមួយប៉ព្រិចភ្នែកក្រោមអំពើផ្តាច់​ការនៃបនក្បត់​​ ប៉ុល ​ពត ​ដែលបានអនុវត្ត​នយោបាយប្រល័យពូជសាសន៍​ដ៏សាហាវយង់ឃ្នងបំផុតចំពោះជាតិមាតុភូមិ និង​ប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ពួក ប៉ុល ពត បាន​បំផ្លាញសង្គមជាតិទាំងមូល ដែលទទួលរងការវិនាស​ដោយសារសង្រ្គាម ៥ ឆ្នាំ រួចមកហើយនោះឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ប្ញសគល់។ ប្រជាជនកម្ពុជាត្រូវ​ពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយទៅជា​ទាសករ​ បាត់​បង់​អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលត្រូវ ពួកវា​សម្លាប់ប៉ុណ្ណោះ។ របប ប៉ុល ពត បានប្រែក្លាយកម្ពុជាទៅ ជាវាលពិឃាដ​គួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និង​ទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ប្រជាជនដែលពុំទាន់​ត្រូវបានសម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយមកជួយសង្គ្រោះឲ្យរួចផុតពីឋាននរកអវចីនេះ។

នៅក្នុងកាលៈទេសៈដ៍ធ្ងន់ធ្ងរបំផុតនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហា​ជាតិដ៏បរិសុទ្ធរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅសល់ពីការកម្ចាត់នៃរបប ប៉ុល ពត ហើយបានផ្តាច់ខ្លួនចេញផុត ពីរបបនេះបានប្រមូលផ្តុំរួបរួមគ្នាបង្កើត​រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានាថ្ងៃទី ២ ខែ​ ធ្នូ ឆ្នាំ ១៩៧៨ ដើម្បីដឹកនាំប្រជា​ជន​ប្រយុទ្ធប្រឆាំងនឹងរបប ប៉ុល ពត ដោយទទួលបានការជួយ ឧបត្ថម្ភដ៏​ធំធេង និងមានប្រសិទ្ធិភាពពីកងទ័ពស្មគ្រ័ចិត្តវៀតណាម​ រហូតវាយផ្តួលរំលំ​របប​យង់ឃ្នងនេះឲ្យបរាជ័យនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ។ ជ័យជម្នះ ៧ ខែ មករា បានសង្រ្គោះជាតិឲ្យរស់​ឡើងវិញទាន់ពេលវេលា ប្រជាជនកម្ពុជាដណ្តើមបាន​មកវិញនូវ​សិទ្ធិសេរីភាពគ្រប់យ៉ាង ក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួន​ពិត​ប្រាកដ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកឡើង​នូវ​ទំព័រ​សករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ​ និងវឌ្ឍនភាពសង្គម។

បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ប្រទេសជាតិនៅតែត្រូវប្រឈមមុខនឹង​ឧប​សគ្គធំៗយ៉ាងច្រើន ព្រមទាំងផលវិបាករាប់ម៉ឺនជំពូក ដែលបន្សល់ទុកពីសម័យ​សង្រ្គាម ៥ ឆ្នាំ ក្រោយថ្ងៃរដ្ឋប្រហារ និងរបបប្រល័យពូជសាសន៍។ ប៉ុន្តែ ការប្តេជ្ញា​ចិត្តដ៏មោះមុតរបស់ប្រជាជនកម្ពុជា ដើម្បីដើរចេញឲ្យផុតពីស្រមោលអតីតកាល​ដ៏​ឈឺចាប់ឆ្ពោះទៅរកអនាគតមួយដ៍រុងរឿង គឺគ្មានអ្វីអាចមកបន្ទច់បង្អាក់បានឡើយ ។ លើមូលដ្ឋានជ័យជម្នះ ៧ មករា សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជារដ្ឋ​របស់ប្រជាជនត្រូវបានបង្កើតឡើង ដឹកនាំដោយក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា​ ដែលបានគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ព្រម​ទាំង ត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច យ៉ាង​អយុត្តិធម៌ និងអមនុស្សធម៌ថែមទៀត។ ភារកិច្ចចំបងរបស់យើងនៅពេលនោះ គឺការ​ពារការរស់ឡើងវិញរបស់ប្រជាជន ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាច​វិលត្រឡប់មកវិញបាន ពុះពារជម្នះរាល់ផលវិបាកដ៏ធ្ងន់ធ្ងរនានា ខិតខំស្តារ និង​កសាងសេដ្ឋកិច្ច-សង្គមឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ដើម្បីធ្វើឲ្យ​ជីវភាពប្រជាជនមានស្ថិរភាពជាជំហានៗ។ ដោយសារកម្លាំងមហាសាមគ្គីជាតិ​យើងបាននាំប្រទេសជាតិឲ្យឆ្លងផុតដំណាក់កាល ដែលលំបាកបំផុត ឈានមក​ដល់ដំណាក់កាលពង្រឹងពង្រីកខ្លួនតែក្នុងរយៈពេល ១០ ឆ្នាំ ដែលបានបង្កបុព្វបទ និងលក្ខណសម្បត្តិ ចាំបាច់ឲ្យប្រជាជាតិយើងអាចបោះជំហានទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍រហូតដល់​បច្ចុប្បន្ននេះ។

រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើមពីជ័យជម្នះ ៧ មករា ប្រជាជន​កម្ពុជា​បាន​សម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃ របបប្រល័យពូជសាសន៍ ​ពីសមរភូមិនៃ​សង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ក្លាយជាប្រជាជាតិ​មួយដែលមានសុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់ វិស័យធ្វើឲ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ នេះគឺជាលើក​ដំបូងនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង ៥០០ ឆ្នាំ មកនេះបន្ទាប់ពីសម័យ​អង្គរ​ដ៏​រុង​រឿង ដែលប្រជាជនកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ មានការឯកភាព​ជាតិ ឯកភាពទឹកដី និងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមដំបូល នៃរដ្ឋធម្ម​នុញ្ញ​តែមួយ។

រាល់សមិទ្ធិផលដែលយើងសម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយ​មានការដឹកនាំខាងនយោបាយបានត្រឹមត្រូវ មានការលះបង់ខ្ពស់របស់​យុទ្ធ​ជន យុទ្ធនារី មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន មានការ​ចូល​រួមពីសំណាក់ប្រជាជនទូទាំងប្រទេស ដោយឆន្ទៈមោះមុត បើទោះបីមាននិន្នាការ​នយោបាយ ដើមកំណើតជាតិ ជំនឿសាសនា ឬឋានៈនាទីក្នុងសង្គមផ្សេងគ្នាក្តី ព្រមទាំងទទួលបានការជួយឧបត្ថម្ភគាំទ្រដ៏ស្មោះស ពីបណ្តាប្រទេស​ជាមិត្ត​ និង​សហគមន៍អន្តរជាតិ។

ការពិតជាក់ស្តែងដូចបានលើកឡើងទាំងអស់នេះ គឺគ្មានជនណា ឬមជ្ឈដ្ឋាន​ណាអាចមកបដិសេធ ឬមួលបង្កាច់បានឡើយ៖ បើគ្មានរដ្ឋប្រហារថ្ងៃ ១៨ ខែ​ មីនា ឆ្នាំ ១៩៧០ ក៍គ្មានរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត បើគ្មានរបបប្រល័យ​ពូជ​សាសន៍​ក៏គ្មានជ័យជម្នះ ៧ មករា បើគ្មានជ័យជម្នះ ៧ មករា គឺគ្មានអ្វីៗនៅថ្ងៃនេះ ឡើយ។ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា។ នេះជាសច្ច​ធម៌ប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាយើងទាំងក្នុងជំនាន់នេះ ក៍ដូចជំនាន់តទៅ​មុខទៀត គប្បីយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិន​មែន​ត្រូវរស់នៅក្នុងស្រមោលនៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅ រកអនាគតដ៍រុងរឿង យើងចាំបាច់ត្រូវតែយល់ពីប្រវត្តិសាស្ត្រឲ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្ត្រទាំងឡាយ ដើម្បីបន្តកសាង និងការពារ​ជាតិយើងតទៅមុខទៀតឲ្យបានរុងរឿង ស្ថិតស្ថេរគង់វង្ស ដោយជៀសឲ្យផុតពីការ​កើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយដូចដែលប្រជាជាតិយើង​ធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ទៅក្នុងឧបាយកលរបស់សមាសភាព អាក្រក់​ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ។

រយៈពេល ៣៧ ឆ្នាំ កន្លងទៅនេះ គឺជា ៣៧ ឆ្នាំ នៃ សាមគ្គីភាព វីរភាព និងជ័យជម្នះរបស់យើង។ ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ចក្នុងដួងចិត្ត​របស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវដែលបាននាំយើងឲ្យឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀតឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាពដ៏ថ្លៃថ្លាបំផុត​របស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ៧ មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបប​ប្រល័យពូជសាសន៍ ប៉ុល ពត។ គឺមានតែអ្នកស្រឡាញ់របបប្រល័យ​ពូជ​សាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹង ៧ មករា។ ទោះបីនៅមានក្រុមអ្នក​នយោ​បាយ និងមជ្ឈដ្ឋានអគតិមួយចំនួនព្យាយាមមួលបង្កាច់ឥតឈប់ឈរនូវអត្ថ​ន័យជាប្រវត្តិសាស្រ្ត នៃថ្ងៃ ៧ មករា យ៉ាងណាក្តី ក៏ពួកគេពុំអាចធ្វើឲ្យ​សភាព​ការណ៍កម្ពុជាផ្លាស់ប្តូរបានឡើយ ព្រោះថា ៧ មករា គឺជារបស់ប្រជាជន ហើយអ្វីៗដែលពួកគេបានធ្វើ គឺផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន ។

ពេលនេះប្រជាជនយើងកំពុងឈានចូលឆ្នាំ ២០១៦ ប្រកបដោយសុទិដ្ឋិនិយម​ជាមួយនឹងក្តីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធិផល ដែលសម្រេច​បាន​ក្នុងឆ្នាំ ២០១៥។ ខឿនឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាព ត្រូវបាន​ការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អ ប្រសើរ ទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី។ ប្រការនេះបាន​ធានានូវភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យសម្រេចបានផ្លែផ្កាថ្មីៗ ទៀត។
លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ កាន់តែត្រូវបានលើក កម្ពស់ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ។ បណ្តាគណបក្សនយោបាយ ទាំង ចាស់ ទាំងថ្មី និងបណ្តាអង្គការសង្គមស៊ីវិលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម និង ចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់ ។ តាមរយៈការអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តី ពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការ​បង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និងច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសរើសប្រឹក្សាឃុំ-សង្កាត់ នឹងធានាឲ្យការបោះឆ្នោតលើកក្រោយ កាន់តែ​មាន​ភាពល្អប្រសើរឡើង។

ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង កំពុងមានដំណើរ​ការ​យ៉ាងល្អ ធានាបាននូវបូរណភាពទឹកដីរបស់កម្ពុជា និងការកសាងខ្សែបន្ទាត់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សមិទ្ធិផល​នេះ​បានធ្វើឲ្យបរាជ័យ នូវឧបាយកលរបស់អ្នកនយោបាយមួយចំនួន ដែលតែងតែ​ព្យាយាមប្រើប្រាស់បញ្ហាព្រំដែនជាឧបករណ៍នយោបាយរបស់ខ្លួន។

នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្នាំ ២០១៥ ជាឆ្នាំ ដែលកម្ពុជាធ្វើដំណើរ​ទៅមុខ ដើម្បីចាកចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមាន​ចំណូលមធ្យមកម្រិតទាប និងឈានជាប្រទេសមានចំណូលមធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ ២០៣០។ ឆ្នាំ ២០១៥ តាមការប៉ាន់ប្រមាណសេដ្ឋកិច្ចកម្ពុជា​មានកំណើន​ក្នុង​រង្វង់ ៧% ដោយសារការរីកចម្រើននៃ​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។ អត្រាប្ដូរប្រាក់រៀលមានស្ថិរភាព ស្ថានភាពពាណិជ្ជកម្មក្រៅប្រទេស​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាងមុន ដោយសារកំណើន នៃការនាំចេញមានទំហំ​ធំជាង​កំណើននៃការនាំចូល។ ទុនបម្រុង​អន្ដរជាតិ​ក៏បានបន្តកើន​ឡើង។ ចំណូលមធ្យម​សម្រាប់ប្រជាជនម្នាក់ៗបានកើនពី ២២៩ ដុល្លារ ក្នុងឆ្នាំ ១៩៩៣ ដល់ ១១៣៨ ដុល្លារ ក្នុងឆ្នាំ ២០១៤ កើនដល់ ១២២៨ ដុល្លារ ក្នុងឆ្នាំ ២០១៥ និងអាចកើន ដល់ ១៣២៥ ដុល្លារនៅ​ឆ្នាំ ២០១៦។ លើ​មូល​ដ្ឋាននេះ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៥៣,២% នៅឆ្នាំ ២០០៤ មកត្រឹម ១៣,៥% នៅ​ឆ្នាំ ២០១៤។

តាមរយៈការរីកចម្រើនខាងសេដ្ឋកិច្ច ធ្វើឲ្យប្រជាជនមានជីវភាព​កាន់តែ​ប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្ដែងឡើងតាមរយៈកំណើនការ​សាងសង់ កែលម្អលំនៅឋាន ការកើនឡើងនូវសម្ភារៈប្រើប្រាស់ ដូចជាយានយន្ដ គ្រឿង​អេឡិច​ត្រូ​និក និងឧបករណ៍ដទៃទៀត តាំងពីក្រុងរហូតដល់ជនបទ។ ជាមួយនេះ​ផ្លូវ ស្ពាន ប្រព័ន្ធស្រោច​ស្រព បណ្ដាញ​ចែកចាយទឹក និងអគ្គិសនីត្រូវបានសាង​សង់ និងតភ្ជាប់ខ្វាត់ខ្វែង​កាន់តែ​ច្រើន​ដល់​​​ជនបទ។
លទ្ធផលដែលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវ​ផ្លែ​ផ្កា​ នៃកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់បំផុត​របស់រាជរដ្ឋា​ភិ​បាល​ ដែលប្រជាជនកម្ពុជាគ្រប់ៗ​រូប​គ្រប់និន្នាការនយោបាយសុទ្ធតែទទួលបាន​ផលពីការរីកលូតលាស់នេះ។
ជាមួយនឹងអំណរសាទរចំពោះសមិទ្ធិផលទាំងឡាយ ដែលបានទទួលក្នុងឆ្នាំ ២០១៥ និងប្រកាន់ខ្ជាប់នូវស្មារតី ៧ មករា ដ៏រុងរឿង យើងមានជំនឿមុតមាំថា​ យើងពិតជានឹងសម្រេចបាន​សមិទ្ធិផលធំៗថ្មីៗទៀត ក្នុងការបន្តដោះ​ស្រាយ​រាល់បញ្ហារបស់​ជាតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គម ទោះបីជានៅមានការលំបាក និងបញ្ហាប្រឈមជាច្រើន​ទៀតក្តី។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាបន្តជ្រោងទង់មហា​សាមគ្គី​ជាតិ   ដើម្បីប្រមូលកម្លាំងជាតិទាំងមូលរួមគ្នា កសាង និងការពារមាតុភូមិលប់បំបាត់​ឲ្យ​បានទាំងស្រុងនូវទស្សនៈរើសអើង “ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី 

ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាល់សមិទ្ធិផលរបស់សង្គមជាតិ ដែល​សម្រេចបានតាំងពីថ្ងៃ ៧ មករា មក ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រាំងស្កាត់រាល់សកម្មភាពប្រទូសរ៉ាយ ដែលប៉ុន​ប៉ងនាំប្រទេសជាតិឲ្យធ្លាក់ក្នុងភាពច្របូកច្របល់។ បន្តលើកកម្ពស់លទ្ធិ​ប្រជាធិប​តេយ្យ សិទ្ធិសេរីភាពរបស់ពលរដ្ឋ ដោយដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋ ធានា​សមភាព និងយុត្តិធម៌សម្រាប់ប្រជាជនគ្រប់ៗរូប​ ហើយប្រឆាំងដាច់ខាតរាល់សកម្ម​ភាពប្រើប្រាស់ផ្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយ  ដើម្បីបោកប្រាស់​បង្ក​ភាពវឹកវរក្នុងសង្គម។

បន្តជំរុញកំណែទម្រង់គ្រប់វិស័យ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ ដោយការតាំងចិត្តខ្ពស់ឲ្យបានខ្លាំងក្លា និងពេញលេញ ដើម្បី​លើកកម្ពស់អភិបាលកិច្ចល្អរបស់ស្ថាប័ន នៅគ្រប់ថ្នាក់គ្រប់ផ្នែក និងការ​ផ្តល់​សេវាសាធារណៈគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព គុណភាព និងមានការជឿទុកចិត្តពីប្រជាជន។

បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យធានាកំណើនក្នុងរង្វង់ ៧% នៅឆ្នាំ ២០១៦ នេះ ទន្ទឹមនឹងការលើកកម្ពស់សមធម៌ ក្នុងការទទួលបានផ្លែផ្កា នៃកំណើន​សេដ្ឋ​កិច្ចនេះ សំដៅធ្វើឲ្យជីវភាព​ប្រជាជនកាន់តែបានប្រសើរឡើងឥតឈប់ឈរ ដែល ជារបៀបវារៈដ៏សំខាន់ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនា​ រវាងគណបក្ស​ទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា ដោយ​ឈរលើមូលដ្ឋានសេចក្តីថ្លែងការណ៍​រួម​រវាងគណបក្សទាំងពីរនាថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៥ និងថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៥ ហើយ​ខិតខំដោះស្រាយនូវរាល់បញ្ហា ដោយឈរលើស្មារតីបង្រួបបង្រួម ជាតិឯកភាពជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ព្រមជា​មួយនេះ គណបក្សប្រជាជនកម្ពុជា​នឹងបង្កើននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយបណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗ​ទៀតក្នុងសង្គម ដែលមានឧត្តមគតិស្របគ្នាក្នុងការអភិវឌ្ឍន៍ប្រទេសបម្រើផល​ប្រយោជន៍ប្រជាជន។

ក្នុងឱកាសដ៏ឧឡារិកនេះ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្នាក់​ដឹកនាំទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ​ការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិទាំងអស់ ទាំងនៅក្នុង​ប្រទេស ទាំងនៅក្រៅ​ប្រទេស ដែលបានផ្តល់យុត្តិធម៌ដល់គណបក្សប្រជាជន​កម្ពុជា រយៈពេល ៣៧ ឆ្នាំ កន្លងទៅនេះ ហើយនៅតែរក្សាជំនឿ និងការគាំទ្រដ៏​រឹងមាំចំពោះការដឹកនាំរបស់គណបក្ស ដែលធ្វើឲ្យគណបក្ស​អាចបំពេញបេសកកម្ម​បម្រើជាតិមាតុភូមិ និងប្រជាជនតទៅមុខទៀត។
ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះ បណ្តាប្រទេសជា​មិត្ត និងអង្គការអន្តរជាតិទាំងឡាយ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់បុព្វ​ហេតុយុត្តិធម៌របស់ប្រជាជនកម្ពុជា ហើយកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀត​នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយ​ព្រះ​រា​ជា​ណាចក្រកម្ពុជា។

ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ និង​ប្រសិទ្ធពរជូន​ សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក ​សមាជិកានៃអង្គមិទ្ទិញ និងជនរួមជាតិទាំងអស់​ សូមបានប្រកប​ពុទ្ធពរទាំងបួនប្រការគឺ​ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

No comments:

Post a Comment