Thursday, January 07, 2016

សាររបស់សម្តេចតេជោ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗ មួយចំនួន ដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មី

ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ជាទីស្នេហា!
ដំបូង អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ​ចំ​ពោះ​បងប្អូនជនរួមជាតិ ក្នុងឱកាសចូលឆ្នាំ្មថ្មី ក៏ដូចជាទិវាខួបទី ៣៧ នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៦។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំចង់ធ្វើការបកស្រាយបន្ថែម ទៅលើអ្វីដែលបានសម្រេចរួចមកហើយ ហើយក៏នៅមានការ​ចោទសួរជាសំណួរមួយចំនួន ដែលខ្ញុំព្រះករុណាខ្ញុំក៏បានឆ្លើយតប​ជាមួយនឹងប្រព័ន្ធ​ទំនាក់​ទំ​នង​សង្គម​ហ្វេសប៊ុក។
មិនចាំបាច់ធ្វើ ឬមានប័ណ្ណបើកបរសម្រាប់អ្នកបើកម៉ូតូកម្លាំងពី ១២៥CC ចុះក្រោម
ខ្ញុំព្រះករុណាខ្ញុំចង់បញ្ជាក់អំពីបញ្ហាទាក់ទិននឹងការលប់ចោលការធ្វើប័ណ្ណបើកបរ សម្រាប់អ្នកជិះ​ទោចក្រយាន​យន្ត ដែលមានទំហំ ១២៥CC ចុះក្រោម។ (ដោយ)យើងពិនិត្យឃើញថាជាតម្រូវ​ការ ហើយ​ក៏ចង់កាត់បន្ថយ​ការ​លំ​បាកទាំងឡាយរបស់ប្រជាពលរដ្ឋ មិនមែនគ្រាន់តែបញ្ហា​ប្រាក់កាសប៉ុណ្ណោះទេ ក៏ប៉ុន្តែទាក់ទិននឹង​ប​ញ្ហា​មន្រ្តីរាជការ ដែលត្រូវធ្វើ ត្រូវចំណាយកម្លាំងច្រើន ប្រជាពល​រដ្ឋក៏ត្រូវចាយ​កម្លាំងច្រើន ខ្ញុំព្រះករុណាខ្ញុំក៏បាន​ពិភាក្សា​ជា​មួយនឹងថ្នាក់ដឹកនាំដទៃទៀត សម្រេចថាលប់ចោល​ទាំងស្រុងនូវការធ្វើប័ណ្ណបើកបរ ចំពោះទោចក្រ​យាន​យន្តដែលមានកម្រិតត្រឹម ១២៥CC ចុះក្រោម។ (ឯយានយន្តកម្រិតលើស)ចាប់ពី ១២៥CC  ត្រូវ​មាន​ប័ណ្ណ​បើកបរធម្មតា ដូចរថយន្តដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ បងប្អូន​ប្រជាពលរដ្ឋរបស់យើង ដែលមុននេះ​កង្វល់​ថា មានការលំបាកធ្វើ ចំណាយលុយច្រើន ហើយមានគ្រួសារខ្លះ​បាននិយាយថា មានម៉ូតូមួយ ត្រូវជិះ​គ្នា ៣ នាក់ ឬ ៤ នាក់ លែងក្លាយជាកង្វល់ទៀតហើយ ព្រោះអ្នកដែលប្រើប្រាស់ទោចក្រយានយន្ត​ ចាប់ពី ១២៥CC ចុះមកក្រោម គឺមិនចាំបាច់ធ្វើ និងមានប័ណ្ណបើកបរ​ទេ។
អាចយកប័ណ្ណដែលធ្វើហើយ ឬមិនទាន់ហើយ មកប្តូរយកប្រាក់វិញ
មានការសួរសំណួរ ហើយក៏មានការឆ្លើយតបហើយដែរ តាមរយៈប្រិយមិត្ត​ដែលចូលទៅក្នុង​ប្រព័ន្ធ​ទំ​នាក់​ទំនង​សង្គម​ហ្វេសប៊ុក អំពីថា តើប្រាក់ដែលបានទៅបង់រួចហើយ ឥឡូវនេះ មិនទាន់បានប័ណ្ណទេ តើអាច​បង្វែរ​ប្រាក់​នេះ​មក​វិញបានទេ? ខ្ញុំព្រះករុណាខ្ញុំ ក៏បានឆ្លើយតបទៅលើសពីអ្វីដែលបងប្អូនចង់បាន។

ទី ១ បងប្អូនដែលបានទៅផ្តល់ប្រាក់ឲ្យគេរួចហើយ ប៉ុន្តែមិនទាន់បានប្រឡង មិនទាន់បានទទួលប័ណ្ណ ក៏សូម​អញ្ជើញទៅទទួលយកនូវប្រាក់កាសនោះ ត្រឡប់មកវិញ។ ចំណុចទី ២ អ្នកដែលមាន​ប័ណ្ណរួចហើយ ប្រសិន​ជា​បង​ប្អូនណាចង់បានប្រាក់កាសត្រឡប់មកវិញ សូមយកប័ណ្ណទៅដូរនឹងប្រាក់នោះ មិនមែន គ្រាន់តែទៅ​យក​ប្រាក់​ត្រឡប់មកវិញ ហើយមិនប្រគល់ប័ណ្ណឲ្យគេនោះទេ។ បើធ្វើយ៉ាង​ដូច្នេះ (គេអាចយក)ប័ណ្ណដើរទៅ​យក​លុយ​គ្រប់ទីកន្លែង។ អញ្ចឹង បើសិនជាចង់បានប្រាក់ គឺត្រូវ​ប្រគល់ប័ណ្ណហ្នឹងទៅអាជ្ញាធរវិញ ហើយអាជ្ញាធរនឹង​សង​ប្រាក់ត្រឡប់មកវិញ ហើយ(ការ)សង(គឺសង)ទៅតាមតម្លៃដែល​បានដាក់ជាផ្លូវការ និងបានបង់ជា​ផ្លូវការ​នៅ​ពេលនោះ។ ត្រង់ថាបងប្អូនមានការសូកប៉ាន់អ្នកណាអីអ្នកណា រដ្ឋអត់ទទួលខុសត្រូវទេ។ ខ្ញុំព្រះករុណាខ្ញុំ​បាន​ណែនាំឲ្យរដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សា​ជាមួយនឹងរដ្ឋមន្រ្តីក្រសួងសាធារណការ និងផ្នែក​ពាក់​ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត តាម​ដែលអាចធ្វើទៅបាន។ ឥឡូវ ចំណុចនេះរង់ចាំការ​ប្រ​កាសអន្តរក្រសួង របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
អ្វីដែលត្រូវខិតខំធ្វើគឺអត្តសញ្ញាណប័ណ្ណ
ចំណុចនេះ ឆ្លើយតបបានគ្រប់​គ្រាន់ហើយ។ ចំនួនមនុស្សប្រមាណជា ៣ លាននាក់ ដែលប្រើប្រាស់​នូវ​ម៉ូតូ​សព្វ​ថ្ងៃនេះ គឺមានប្រមាណជា ១៥ ម៉ឺននាក់ ប៉ុណ្ណោះ ដែលបានធ្វើប័ណ្ណ។ ដោយឡែក នៅភ្នំពេញ មានប្រ​មាណ​ជា ១ លាន ២ សែន ម៉ូតូ គឺមានប្រមាណ ១១ ម៉ឺននាក់ប៉ុណ្ណោះ (ដែលបានធ្វើប័ណ្ណបើកបរ)។ នៅ​សល់ ១ លាននាក់ទៀត (ដែលមិនទាន់បានធ្វើប័ណ្ណ)។ គ្មាន​ការចាំបាច់​ដើម្បី​នឹងធ្វើប័ណ្ណបើក​បរ​ទៀតទេ។ សព្វថ្ងៃនេះ យើងកំពុងខិតខំធ្វើ​អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ដើម្បីប្រើប្រាស់ ហើយក៏​សម្រាប់​ធ្វើការបោះ​ឆ្នោត​នៅពេលខាងមុខ។ ចំណុចនេះ បង្កើតនូវការងាយស្រួល​ មិនត្រឹម​តែមិនអស់ប្រាក់កាសទេ តែបងប្អូន​​​ប្រ​ជា​ពលរដ្ឋយើង រួចចាកផុតពីការលំបាក មិនមែនគ្រាន់តែមួយឆ្នាំ ឬពីរឆ្នាំ ហើយដែលនៅក្នុងប័ណ្ណ​លើកមុន​កំ​ណត់​ថាមួយជីវិត ក្រោយមកថា​នៅ ៥ ឆ្នាំ(នោះទេ) ឥឡូវ ៥ ឆ្នាំក្រោយ ក៏មិនមានការចាំបាច់​ដើម្បី​នឹង​ធ្វើ​ប័ណ្ណ​បើក​បរនេះតទៅទៀតដែរ។
ចម្លើយបណ្ណោះអាសន្ន តម្លៃប័ណ្ណបើកបរយានយន្ត នឹងត្រូវបានចុះថ្លៃយ៉ាងហោចពាក់កណ្តាល
​ចំពោះសំណួរថា តើប័ណ្ណបើកបររថយន្តមានការចុះថ្លៃឬទេ? ខ្ញុំព្រះករុណាខ្ញុំអាចឆ្លើយជូនបាននៅ​ពេល​នេះថា តម្លៃ​គឺពិតជានឹងមានការធ្លាក់ចុះយ៉ាងហោច ក៏ពាក់កណ្តាល។ រឿងនេះ ខ្ញុំព្រះករុណាខ្ញុំ​បាននិយាយ​ជា​មួយ​រដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីមួយអាទិត្យមុន គឺនៅថ្ងៃទី ៣០ ខែ ធ្នូ ឬមួយអាទិត្យមុននេះ។ (សំ​ណួរ​ថា)មានការចាំបាច់ ដើម្បីនឹងពិនិត្យសុខភាព (ត្រូវ)មានប័ណ្ណបើកបរ​សម្រាប់អ្នក​បញ្ជា​យាន​យន្ត​គ្រប់​ប្រ​ភេទ និងទោចក្រយានយន្តដែលមានកម្លាំង ១២៦CC ឡើងទៅ(ឬទេ) (ចំនុចនេះ)​គឺត្រូវតែមាន(ហើយ) ព្រោះ​ជា​អ្នកកាច់ចង្កូត។
អ្វីដែលសំខាន់ គឺត្រូវរៀនច្បាប់ចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍
បញ្ហាសំខាន់នៅពេលនេះ (ខ្ញុំព្រះករុណាខ្ញុំ)សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រៀនច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យ​បានទូលំ​ទូលាយ។ មានប័ណ្ណ ឬគ្មានប័ណ្ណ វាជារឿងមួយ ប៉ុន្តែ រឿងចេះច្បាប់ចរាចរណ៍ ចេះបើកបរ​ពិត​​ប្រា​កដ ទើបជា​បញ្ហាបញ្ចៀសគ្រោះថ្នាក់បាន។ បើទោះជាយើងមានប័ណ្ណពេញមួយឡានក៏ដោយចុះ ប៉ុន្តែ បើសិន​ជា​យើងមិន​ចេះបើកបរ ឬបើកបរខុសច្បាប់ បើកបរហួសល្បឿនកំណត់ បើកបរលើសទម្ងន់ ក៏វានៅតែ​​​គ្រោះ​ថ្នាក់។ ដូច្នេះ​ហើយ អំពាវនាវឲ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ និង​ចេះបើកបរដោយស្ទាត់ជំនាញ …។
យើងត្រូវធ្វើវិសោធនកម្មច្បាប់ តែដោយសារមានតម្រូវការបន្ទាន់ ទើបចេញសេចក្តីសម្រេចមុន
មួយទៀត មានបងប្អូនមួយចំនួនបានសួរថា ហេតុអ្វីបានជាច្បាប់ចរាចរណ៍តម្រូវឲ្យអ្នកជិះរថយន្ត​នៅខាង​ក្រោយជិះបានតែ ៣ នាក់។ មិនថាប្រទេសយើងទេ ប្រទេសណាក៏ដោយ (តែកាលណា)ជិះលើសពីប៉ុណ្ណឹង គឺ​គេ​ផាក ព្រោះ​គេផលិតមកសម្រាប់ឲ្យជិះប៉ុណ្ណឹង។ ម៉ូតូក៏ដូចគ្នា។ អញ្ចឹងទេ បងប្អូនសូមមេត្តាយោគយល់។ ខ្ញុំ​ព្រះ​ករុណាខ្ញុំសូមបញ្ជាក់ រាជរដ្ឋាភិបាលបានធ្វើលើសមួយជំហាន។ តាមពិតត្រូវធ្វើវិសោធនកម្មច្បាប់សិន។ ប៉ុន្តែ ដោយ​សារមានតម្រូវការរបស់ប្រជាពលរដ្ឋយើងរាប់លាននាក់ ទើបរាជរដ្ឋាភិបាលចេញនូវ​សេចក្តី​សម្រេច​មុន ដើម្បី​បញ្ចប់លប់ចោលការធ្វើប័ណ្ណបើកបរ(សំរាប់យានយន្តស៊ីឡាំងចំណុះ ១២៥CC) ហើយចាំធ្វើ​វិសោ​ធនកម្មច្បាប់ជាក្រោយ។ រដ្ឋមន្រ្តី ក្រសួងមហា​ផ្ទៃ សម្តេចក្រឡាហោម កំពុងតែដឹកនាំ រៀបចំត្រៀមការធ្វើវិសោ​ធន​កម្មច្បាប់នេះ ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
សំណូមពរខ្លះមិនអាចដោះស្រាយជូនបាន ព្រោះវាជាទិដ្ឋភាពផ្លូវច្បាប់/ សូមមេត្តាទៅបង់ពន្ធឲ្យបានគ្រប់គ្នា
ខ្ញុំព្រះករុណាខ្ញុំ (សូមបញ្ជាក់ថា)រាជរដ្ឋាភិបាល(កម្ពុជា អាច)ជួយបានត្រឹមប៉ុណ្ណឹង។ (ឯករណីដែល)បងប្អូន​ទៅ​ខ្ចី​លុយ​ធនាគារ ហើយ​ទៅទិញម៉ូតូ ដែល​គ្មានពន្ធ ឥឡូវត្រូវគេចាប់ ហើយមកឲ្យនាយករដ្ឋមន្រ្តីជួយរឿងនេះ ពិតជាមិនអាច​ធ្វើ​ទៅ​រួចទេ។ បើ​លើកលែងឲ្យមនុស្សអ្នកដែលរត់ពន្ធទាំងឡាន ទាំងម៉ូតូ អញ្ចឹងទេ អ្នកដែល​បង់​ពន្ធរួចហើយ គេ​ក៏​មានសិទ្ធិ​មក​ទារយកពន្ធហ្នឹងត្រឡប់ទៅវិញដែរ។ ដូច្នេះ សូមមេត្តាយោគយល់។ រាជរដ្ឋា​ភិ​បាល​អំពាវនាវ​ហើយអំពាវនាវទៀត ឲ្យមានអនុវត្តនូវវប្បធម៌បង់ពន្ធ មិនមែនគ្រាន់តែបង់ពន្ធឡាន ម៉ូតូដែល​យើង​ទើប​នឹង​ទិញ​ទេ តែពន្ធលើការប្រើប្រាស់ផ្លូវ ក៏ត្រូវតែបង់ឲ្យបានត្រឹមត្រូវផងដែរ។ សំណូមពរតាមប្រព័ន្ធ​ទំ​នាក់​ទំនងសង្គម (មួយនេះ) ជាសំណូមពរដែលខ្ញុំព្រះករុណាខ្ញុំមិនអាចដោះស្រាយជូនបាន ព្រោះវាជាទិដ្ឋភាព​ផ្លូវ​ច្បាប់ ដែល​ច្បាប់​តម្រូវ​ឲ្យមានការយក​ពន្ធ …។ សុំមេត្តាយោគយល់នូវកន្លែងនេះ។ បើមិនទាន់​បាន​បង់​ពន្ធ​ទេ សូមមេត្តា​អញ្ជើញ​ទៅបង់ពន្ធឲ្យបានគ្រប់ៗគ្នា។ រថយន្តក៏ដូចគ្នាដែរ។
សុំ​បញ្ជាក់បន្តិច។ ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ បាននិយាយទាក់ទិនជាមួយនឹងរថយន្ត​ចង្កូតស្តាំនោះ គឺបាន​​បញ្ជាក់​យ៉ាង​ច្បាស់ថា “រថយន្តដែលមាននៅកម្ពុជាបច្ចុប្បន្ន” អញ្ចឹងមិនមែនមានតែ​រថ​យន្តប៉ុន្មានរយគ្រឿង ដែល​ហៅ​ថា​រថយន្តដឹកដីទេ។ រថយន្តចង្កូតស្តាំដែលកំពុងមាននៅកម្ពុជាសព្វថ្ងៃ ទាំង​រថយន្តទេសចរណ៍ ទាំងរថ​យន្ត​ប្រ​ភេទ​ណាក៏ដោយ ដែលកំពុងមានសព្វថ្ងៃនេះ សុំអញ្ជើញទៅបង់ពន្ធគ្រប់គ្នា។ មិនមែនត្រឹមតែ ៤០០ គ្រឿងទេ អាច​លើសពីហ្នឹងទៅដល់ ១០០០ គ្រឿង ឬ ២០០០ គ្រឿង ឬច្រើនជាងនេះ។ ប៉ុន្តែ ហាមដាច់ខាតមិនឲ្យនាំ​ចូល​បន្ថែម។ រថយន្តដែលនាំចូលបន្ថែម មិនបានអនុញ្ញាតឲ្យបង់ពន្ធនោះទេ គឺត្រូវ​ប្រឈមចំពោះ​មុខច្បាប់​តែ​ម្តង …។
ម្ចាស់ម៉ូតូ មានសិទ្ធិឲ្យគេខ្ចីម៉ូតូ តាមការជឿជាក់របស់ខ្លួន
… រឿងកង្វល់របស់ប្រជាពលរដ្ឋ ​ដែលមុន​នេះ​ថា ម៉ូតូមួយ​គ្រឿងក្នុងមួយផ្ទះ ជិះទាំងអស់គ្នា (មាន) ៣ នាក់, ៤ នាក់, ៥ នាក់ សូមបញ្ជាក់បញ្ហានេះថា ពេលដែលយើងបញ្ចប់នូវប័ណ្ណបើកបរសម្រាប់ការជិះម៉ូតូ​ដែលមាន​កម្លាំង ១២៥CC និងចុះក្រោម មានន័យថា​ … មួយផ្ទះចង់ជិះ ១០ នាក់ក៏បានដែរ ហើយក៏គ្មានតម្រូវការ​ឲ្យ​ទៅ​បញ្ជាក់ពីអាជ្ញាធរ ឬស្ថាប័នមាន​សមត្ថកិច្ចណាទេ សំខាន់ម្ចាស់ម៉ូតូដែលជាបងអនុញ្ញាតឲ្យប្អូនជិះឬអត់? ម្ចាស់ម៉ូតូជាឪពុកអនុញ្ញាតឲ្យ​កូនជិះឬអត់? ម្ចាស់ម៉ូតូអនុញ្ញាតឲ្យមិត្តភក្តិខ្ចីម៉ូតូឬអត់? មិនចាំបាច់មានការ​ស្នើ​សុំ​តាម​រយៈប្រធានភូមិ ឬ​សមត្ថកិច្ចណាទាំងអស់ សំខាន់លើការស្រុះស្រួលគ្នា … ឲ្យតែស្ម័គ្រ​ចិត្ត ហើយកុំ​លួច កុំប្លន់របស់គេ។ អាហ្នឹងគេចាប់។ ឧទាហរណ៍ ខ្ញុំខ្ចីម៉ូតូរបស់ប្អូនខ្ញុំ។ ស៊ីសងលើប្អូន​របស់ខ្ញុំ​ឲ្យខ្ញុំ​ខ្ចីឬអត់? ពេល​ដែលប្អូនរបស់ខ្ញុំឲ្យម៉ូតូខ្ញុំខ្ចីហើយ គ្មានការចាំបាច់ទៅសុំមេភូមិ ឬសុំប្រធានមន្ទីរសាធារណការ ថ្នាក់​នេះថ្នាក់នោះទេ។ សូមបញ្ជាក់រឿងនេះឲ្យច្បាស់ ដើម្បីជម្រះ​កង្វល់។ សូមកុំឆ្ងល់លើរឿងនេះទៀត។ បើអាជ្ញាធរ​ណា​​រារាំងលើ​បញ្ហានេះ គឺអ្នកនោះប្រឆាំង​ជាមួយនឹងផលប្រយោជន៍(ស្រប)ច្បាប់របស់ប្រជាជន ដែល​នា​យក​រដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា​ ផ្ដល់ជូន ដើម្បីដោះស្រាយ (និង)បញ្ចប់ការលំបាករបស់គាត់។
រៀនច្បាប់ចរាចរណ៍ហើយ សូមគោរពច្បាប់ចរាចរណ៍ផង ទើបលែងមានគ្រោះថ្នាក់
សម្រាប់សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើមកខ្ញុំ អ្វីដែលខ្ញុំ(អាច)ដោះស្រាយបាន ខ្ញុំបាន​ដោះស្រាយ​ជូន​រួចហើយ។ ករណីខ្លះ (មាន)ដូចជាករណី(ការ)មិនបង់ពន្ធ​លើរថយន្ត ឬ​ម៉ូតូ ខ្ញុំព្រះករុណាខ្ញុំ​​មិនអាច​ដោះ​ស្រាយ​​បានទេ។ ប៉ុន្តែ សំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធ​ជាមួយនឹងប័ណ្ណបើកបរ ខ្ញុំព្រះករុណាខ្ញុំបានដោះ​ស្រាយ​ជូនហើយ បន្ថែមទៅ​ដោយការផ្ដល់ប្រាក់ត្រឡប់ទៅ​វិញជូនអ្នកដែលបានបង់ប្រាក់រួចហើយ មិនទាន់​បាន​ប័ណ្ណបើកបរ ឬអ្នក​ដែលមានប័ណ្ណបើកបរហើយ ចង់ប្តូរ​យកប្រាក់វិញ ក៏នឹងបានទទួល​ប្រាក់ត្រឡប់​ទៅ​វិញ​ផងដែរ។ ទន្ទឹមនឹងបានជួយ​សម្រួលបញ្ចប់ការលំបាក និងការចំណាយ​របស់ប្រជាពលរដ្ឋ ខ្ញុំព្រះករុណាខ្ញុំ​ទទូច​ស្នើ​សុំពីប្រជាពលរដ្ឋត្រឡប់មកវិញ ត្រូវរៀន​ច្បាប់ចរាចរណ៍ឲ្យបានចេះគ្រប់ៗគ្នា និងត្រូវគោរពច្បាប់ចរា​ចរណ៍​ទាំង​អស់គ្នា។ ប្រសិនបើចេះច្បាប់ចរាចរណ៍ហើយ មិនគោរពច្បាប់​ចរាចរណ៍នោះទេ គ្រោះថ្នាក់នៅតែ​កើត​​មាន។ (ករណីនេះ)យើងមិនបានគោរពជីវិតខ្លួនយើង ហើយយើងក៏មិនបាន​គោរព​ជីវិតអ្នកដទៃ …។
សូមអរគុណ ជនរួមជាតិដែលបានយោគយល់ និងផ្ដល់មតិទាំងឡាយ។ សង្ឃឹមថា ប្រជា​ពលរដ្ឋបាន​ទទួល​ផល​ប្រយោជន៍អំពីការលើកលែងរបស់រាជរដ្ឋាភិបាលទៅលើបញ្ហាប័ណ្ណបើកបរនេះ​។
សូមអរព្រះគុណ និង​សូម​អរ​គុណ៕

No comments:

Post a Comment