Monday, December 28, 2015

សម្ដេច​តេជោ​ ហ៊ុន សែន ប្រកាស​ថានឹង​មិន​ចុះហត្ថលេខា​លើលិខិត​លើក​លែង​ទោស ឲ្យអ្នកណា​ដែលត្រូវ​តុលាការ​កាត់ទោស​នោះទេ

​សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានប្រកាស​សារ​នយោបាយ​ថ្មីមួយ​នាចុ​ង​ឆ្នាំ​២០១៥ នេះ​ថា​សម្ដេចតេជោ នឹងមិន​ចុះហត្ថលេខា​លើលិខិត​លើកលែង​ទោស​ឲ្យអ្នកណា​​ដែ​ល​ត្រូវ​តុលាការ​​​កាត់ទោស​នោះទេ។ ការប្រកាសរបស់​សម្ដេច​តេជោ ហ៊ុន សែន បែបនេះ គឺចង់​សំ​ដៅ​ទៅ​កាន់មេ​បក្សប្រឆាំង​ គឺលោកសម រង្ស៊ី ដែលសម្ដេច​តេជោធ្លាប់​បាន​ចុះហត្ថលេខា លើលិខិត​​ស្នើសុំ​ថ្វា​​​​យ​ព្រះ​​មហា​ក្ស​ត្រ ឲ្យជួយលើក​លែងទោស​ជូនលោក សម​ រង្ស៊ី ២លើករួច​មក​ហើយនោះ។

ក្នុងពិធីចែក​សញ្ញាបត្រ​ដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះ​ប្រមុខរាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែនបានថ្លែង​មិនចំឈ្មោះ​ប៉ុន្តែ​ត្រូវ​បានគេសង្ស័យថាសំដៅ​ទៅ​កាន់​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​​ គឺលោក សម រង្ស៊ី ថា​សម្ដេចនឹងមិន​​ចុះហត្ថលេខា​ជា​លើកទី៣ ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ ឲ្យជួយលើកលែង​ទោស​នោះទេ។ សម្ដេ​ច​​​តេជោ បាន​​លើក​ឡើង ថា​លោក សម រង្ស៊ី តែងតែប្រព្រឹត្ដ​កំហុសម្ដង​ហើយ​ម្ដងទៀត ។

សម្ដេចតេជោ​​បានប្រកាស​ទៀត​ថា សម្ដេចនឹង​កាត់ដៃស្ដាំ​របស់សម្ដេច ប្រសិន​បើ​ស​ម្ដេចចុះ​ហត្ថលេខា​ស្នើសុំលើ​លិខិត លើកលែង​ទោសដល់​អ្នកណា​​ ដែលត្រូវ​បានតុលា​ការ​កាត់​​ទោសរួច​ហើយនោះ។
គួររំលឹកថា​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​​ស​​ង្រ្គោះជា​តិ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបាន​តុលាការ​ចេញដីកា​ឲ្យចាប់​ខ្លួនដោយ​ចោ​ទ​ប្រកាន់​ពីបទ "បរិហាកេរ្តិ៍​សាធារណៈ និងញុះញង់​ឲ្យមាន​ការ​រើស​​អើង" ដែលប្រព្រឹត្ត​នៅសារ​មន្ទីរ​ជើង​ឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០០៨ តាម​មាត្រា៤៩៤ និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីដីកា​បង្គាប់​ឲ្យចាប់ខ្លួន​នោះ​លោក សម រង្ស៊ី ក៏នៅមាន​​ដីកា​​បង្គាប់ឲ្យចូល​រួមខ្លួនឆ្លើ​យ​បំភ្លឺដាច់​ដោ​​យ​ឡែក​ពីរ​ផ្សេងទៀត តែ​លោក​សម រង្ស៊ី មិនចូលខ្លួនតាម​ដីកាកោះហៅ​របស់តុលាការ​ឡើយ។ នៅក្នុង​ពិធីចែក​សញ្ញាបត្រ​ដល់និស្សិត​នៃសាក​លវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ចដដែល​​នេះសម្ដេចតេ​ជោ ហ៊ុន សែនក៏​រំលឹកពី​ការប្រមាថរបស់លោក សម រង្ស៊ី មកវិស័យអប់រំនៅ​កម្ពុជាផង​ដែ​រ​​។ ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​បានមាន​ប្រសាសន៍ថា ចំពោះការ​លើកឡើង​ដែលថា គុណភាព​​អ​ប់រំ និងស​ញ្ញា​ប​ត្រនៅកម្ពុជា​គ្មានតំលៃ​នោះ គឺជាការប្រមាថ​យ៉ាងធ្ងន់ធ្ងរទៅ​លើអ្នកដែល​ខិតខំ​សិ​ក្សា​​ទាំងអស់​នៅកម្ពុជា ហើយការ​លើកឡើង​នេះ គឺមិនអាច​ទទួលយក​បាននោះទេ។

ទាក់ទងនឹងបញ្ហា​នយោបាយ​ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ក៏បានប្រកាស​ថា គណ​បក្ស​ប្រ​ជា​ជនកម្ពុជា​នឹងស្នើឲ្យមាន​ការរៀបចំ​សេចក្ដី​ស្នើច្បាប់មួយ ដោយ​កំណត់ឲ្យ​ប្រធានគ​ណ​បក្ស​ន​យោ​​​បាយ​ទាំងអស់ ត្រូវមាន​សញ្ជាតិខ្មែរ​តែមួយ ហើយការស្នើ​នេះនឹងត្រូវធ្វើ​ឡើងនៅ​ឆ្នាំ​​២០១​៦ ​ខាង​មុ​ខនេះ​។ ​ក្នុង​នោះ​គណបក្ស​ប្រជាជនកម្ពុជា ក៏ស្នើផងដែ​រឲ្យកំណត់​ថា​ប្រធាន​រដ្ឋសភា,​ ប្រធានព្រឹទ្ធសភា,​ និង​ប្រ​ធា​​ន​តុលាការ​កំពូលជា​ដើមនោះ ត្រូវមាន​សញ្ជាតិខ្មែរ​តែមួយដែរ៕







No comments:

Post a Comment