Tuesday, October 27, 2015

សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី

សុន្ទរកថា
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
ក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥

-     ឯកឧត្តម Dmitry TSVETKOV  ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំព្រះរាជាណាចក្រកម្ពុជា
-     ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-     ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ បុគ្គលិកសិក្សា និងក្មួយនិស្សិតទាំងអស់ ជាទីមេត្រី!

          ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចូលរួមជាមួយ ឯកឧត្ដម លោកជំទាវ អស់​លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ និងក្មួយៗនិស្សិតទាំងអស់ ក្នុងពិធីសម្ពោធ​ស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី ដើម្បីរំឮកដល់កិច្ចសហប្រតិបត្តិការជាមិត្តភាពដ៍ល្អរវាងប្រទេសទាំងពីរ ជាពិសេស រំឮកដល់អនុស្សាវរីយ៍នៃការសាងសង់គ្រឹះស្ថានឧត្តមសិក្សាបច្ចេក​ទេស​ដ៏ចំណាស់ជាងគេមួយនៅកម្ពុជា គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីប្រាំទស្សវត្សរ៍មុន។ ឆ្លៀត​ក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សហព័ន្ធ​រុស្ស៊ី​ចំពោះ​កិច្ច​សហប្រតិបត្តិការដ៏ជិតស្និទ្ធកន្លងមក ជាពិសេស ការ​បង្កើត​វិទ្យាស្ថាននេះឡើង​ក្រោម​​កិច្ច​សហប្រតិបត្តិការ​ខ្មែរ​-សូវៀត និងសូមកោតសរសើចំពោះ​កិច្ច​ខិតខំប្រឹងប្រែងរបស់ស្ថាបនិក​វិទ្យាស្ថាន ក៏ដូចជា​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិកសិក្សាទាំងអស់ ក្នុងការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និងការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រហូតក្លាយជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​បច្ចេកទេសនាំមុខគេមួយនៅកម្ពុជា។
          ស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-រុស្ស៊ី ដែលនឹងត្រូវសម្ពោធជាផ្លូវការនៅពេលបន្តិចទៀតនេះ​ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវកិច្ច​សហប្រតិបត្តិការជាមិត្តភាពដ៏ល្អ និងយូរអង្វែង​រវាងកម្ពុជានិងរុស្ស៊ី ដែលកើតមានឡើង​ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មកម្ល៉េះ។ យើងនៅចងចាំយ៉ាងច្បាស់ណាស់ថា នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋជាសមាជិកអតីត​សហភាពសូវៀត ជាពិសេសរុស្ស៊ី បានផ្ដល់នូវការគាំទ្រដ៏សំខាន់ដល់កម្ពុជា សម្រាប់​ការកសាងប្រទេសឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញ​ស្ទើរទាំងស្រុងលើគ្រប់វិស័យ ដោយ​របប​ប្រល័យពូជសាសន៍ប៉ុលពត តាមរយៈទំនាក់ទំនង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលប្រទេសមួយចំនួនបាន​ដាក់ការហ៊ុំព័ទ្ធ​មកលើ​កម្ពុជា។ ជាពិសេស ជំនួយមនុស្សធម៌ ដែលអតីតសហភាពសូវៀតបានផ្ដល់ឱ្យកម្ពុជា បានជួយ​រំលែកនូវ​បន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជាក្នុង​កិច្ច​ការកសាង ស្ដារ និងអភិវឌ្ឍ​ប្រទេសឡើងវិញ ចេញពីបាតដៃទទេ នៅក្នុងទស្សវត្សរ៍​ឆ្នាំ១៩៨០។ ជាងនេះទៅទៀត នៅក្នុងវិស័យអប់រំ សហព័ន្ធ​រុស្ស៊ី និងអតីតសហភាពសូវៀត ក៏បានចូលរួមចំណែកយ៉ាងច្រើនផងដែរ នៅក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្សសម្រាប់កម្ពុជា ទាំងនៅ​កម្ពុជានិងនៅអតីតសហភាពសូវៀត។ ​គិត​មកដល់ពេលបច្ចុប្បន្ននេះ មាន​និស្សិតជាង ៨០០០នាក់ បានទៅ​សិក្សា​នៅសហព័ន្ធ​រុស្ស៊ី និងអតីតសហភាពសូវៀត ហើយ​អតីតនិស្សិតទាំងនោះមួយចំនួនបាន​និងកំពុងបម្រើការក្នុងជួររដ្ឋាភិបាលនិងស្ថាប័ននានារបស់រដ្ឋ ក្នុងនោះរួម​ទាំងឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែល​មាន​វត្តមាននៅក្នុងពិធីនេះផងដែរ។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃអនាគត សហព័ន្ធ​រុស្ស៊ីនឹងបន្តផ្ដល់អាហារូបករណ៍ដល់សិស្ស​និស្សិត​​កម្ពុជា ឱ្យកាន់តែច្រើនថែមទៀត លើគ្រប់មុខជំនាញ និងគ្រប់កម្រិត ជាពិសេស អាហារូបករណ៍សម្រាប់និស្សិតថ្នាក់ក្រោយបណ្ឌិត។
          បច្ចុប្បន្ន ប្រទេសយើងទាំងពីរ បាននិងកំពុង​ខិតខំបន្តរក្សា ពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងមិត្តភាពដ៏ល្អនេះ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាតាមរយៈសកម្មភាព​ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។ ជាក់ស្ដែង នៅក្នុង​កិច្ចសន្ទនាកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីបំណងរបស់សហព័ន្ធរុស្ស៊ី ក្នុងការចូលរួម​ក្នុងគណៈកម្មការសម្របសម្រួល​អន្តរជាតិ សម្រាប់​រមណីយដ្ឋានប្រាសាទព្រះវិហារបេតិកភណ្ឌ​ពិភពលោក (ICC-Preah Vihear) ។ ខ្ញុំផ្ទាល់ពិតជាមាន​ក្ដីរីករាយ និងសូម​ស្វាគមន៍យ៉ាងកក់ក្ដៅ​ចំពោះការចូលរួម​របស់សហព័ន្ធ​រុស្ស៊ី ដែលជាមិត្តចាស់របស់​កម្ពុជា នៅ​ក្នុងយន្តការអន្តរជាតិដ៏ជោគជ័យនេះ ដើម្បី​ការពារ​បេតិកភណ្ឌពិភពលោក។
          ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
          វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាសមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផលជាច្រើនទៀត ដែលកើតចេញពីកិច្ច​សហប្រតិបត្តិ​ការ​ដ៏ជិតស្និទ្ធរវាង​កម្ពុជា និងអតីតសហភាពសូវៀត ហើយ​បាន​​និងកំពុងដើរតួនាទីយ៉ាង​សកម្ម​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យវិស្វកម្មបច្ចេកវិទ្យា និងរួមចំណែកដល់​ការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។ តាមរបាយការណ៍របស់ឯកឧត្តម ហង់ ជួន ណារ៉ុន ជារៀងរាល់ឆ្នាំ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមាណ ៧០% ទទួលបានការងារធ្វើភ្លាមៗ បន្ទាប់ពីការបញ្ចប់​ការ​សិក្សា។ លទ្ធផល​ជា​វិជ្ជ​មា​ន​នេះ សម្រេច​បាន​ដោយសារកិច្ច​ខិតខំប្រឹងប្រែងរបស់​គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងក្មួយៗនិស្សិតទាំងអស់ ក៏ដូចជាការជឿជាក់របស់មជ្ឈដ្ឋានសាធារណៈ លើសមត្ថភាពបណ្តុះ​បណ្តាល និងគុណភាពនៃការអប់រំ​របស់វិទ្យាស្ថាន ព្រមទាំងកិច្ច​សហប្រតិបត្តិការ​ល្អ​​ជាមួយ​​ដៃគូអភិវឌ្ឍន៍​នានា ជាពិសេស ប្រទេសរុស្ស៊ីដែលជាស្ថាបនិក​របស់វិទ្យាស្ថាន។
ខ្ញុំជឿជាក់ថា ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-រុស្សី នេះ នឹងក្លាយជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ហើយកិច្ច​សហប្រតិបត្តិការជា​មិត្តភាពនេះកាន់តែត្រូវបានពង្រឹងបន្ថែមទៀតនៅពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេស បន្ទាប់​ពីជំនួបរវាង​​សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​ឯកឧត្តមនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev កាលពីឆ្នាំ២០១៤ នៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ ក៏ដូចជាប្រជាជន​កម្ពុជាទាំងអស់ មាន​សេចក្ដី​សោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ដំណើរទស្សនកិច្ច​ជាផ្លូវការ​របស់​ឯកឧត្តមនាយករដ្ឋមន្ត្រី Dmitry Medvedev នាពេលខាងមុខឆាប់ៗនេះ ដែលជាជំហានមួយ​យ៉ាងសំខាន់ថែមទៀត សម្រាប់​ការពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ច​សហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី។
ជាថ្មីម្ដងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធរុស្សី ដែលតែងតែយកចិត្តទុកដាក់ថែរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយ​កម្ពុជា។ ខ្ញុំក៏សូមកោតសរសើផងដែរចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតសហព័ន្ធ​រុស្ស៊ី​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបាន​ផ្ដួចផ្ដើមគំនិតកសាងស្ដូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី នេះឡើង និងសូមថ្លែងអំណរគុណ​ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ទាំងអស់ដែលអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ដូបអនុស្សាវរីយ៍​កម្ពុជា-រុស្ស៊ី នៅថ្ងៃនេះ ញុំាងបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល រីករាយ និងនាំមកនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ សម្រាប់យើងទាំងអស់គ្នា។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗនិស្សិតទាំងអស់ សូមមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ និងសូមអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ ចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា-រុស្សី និងទស្សនាពិព័រណ៌ប្រវត្តិរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សូមអរគុណ!

No comments:

Post a Comment