Tuesday, October 27, 2015

ទស្សនៈ ដោយ សួន​ ចំរើន​, តើលោក កឹម សុខា​ សក្តិសមនឹង​​ចុះចេញ​ពី​តំណែង ​អនុប្រធានទី១​ ​រដ្ឋសភា​ ដែរ​​ឬទេ?​

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ហុង​ស៊ុយ «យីអ៊ុន​ដាក់​ អារក្សជាន់»​ បាន​សណ្ឋិត​​ចូល​​មក​​ដល់​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​នា​ព្រលឹម​ព្រឹក​មិញ​នេះ​ហើយ​។ ដោយ​សារ​តែ​ចរិត​អំនួត​ អសីល​ធម៌​ និង​គ្មានគុណធម៌​ក្នុង​ការ​ដឹក​នាំ​ បាន​ធ្វើ​ឲ្យ​ជោគជតា​រាសី​របស់​លោក​ កឹម សុខា​ បាន​ឈាន​មក​ដល់​​ទី​​បញ្ចប់​​នា​​ពេល​​ឆាប់​ៗ​​​ខាង​​មុខ​​នេះជា​មិន​​ខាន​​។ ​ ប្រជាពលរដ្ឋ​ជាច្រើនពាន់​​នាក់ រស់​នៅ​រាជ​ធានី​ភ្នំ​ពេញ បាន​នាំ​គ្នា​តវ៉ា និង​ស្នើ​សុំ​ឲ្យ​លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា និងតំណាងរាស្រ្តទាំងអស់ ដក​លោក កឹម សុខា ចេញ​ពី​មុខតំណែង​​អនុប្រធានទី១​នៃរដ្ឋសភា ដោយក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ស្រែក​​តវ៉ា​​ខ្លាំងៗ​ និង​ចោទ​​​លោក កឹម សុខា ថា​បានធ្វើសកម្មភាពឃោសនា បោកប្រាស់ញុះញង់ បំបែក​បំបាក់ បង្កអស្ថិរភាព ព្រមទាំងធ្វើការអុកឡុក បង្កឲ្យមានការ​ដុត​កំហឹងជាតិ​សាសន៍ និង​អាច​ឈាន​​ទៅ​​រក​​ការ​បង្កឲ្យមាន​សង្គ្រាម កើតឡើង​ក្នុងផ្ទៃប្រទេសសាជាថ្មី​។​
ចាប់​តាំង​ពី​បាន​ឡើង​ឋានៈ​​តួនាទី​ជាអនុប្រធាន​រដ្ឋសភា​ជាតិ​ នៃព្រះ​រាជាណា​ចក្រ​​កម្ពុជា​មក​គេ​​មិន​បាន​ឃើញ​ លោក​ កឹម​ សុខា​ ​យក​តួនាទី​នេះ​មក​តម្កល់​ជាភារៈកិច្ច​ស្នូល​ ដើម្បី​ធ្វើ​ការ​បម្រើ​ជាតិ​ ក្នុង​ការ​សម្រប​សម្រួល​រវាង​តំណាង​រាស្ត្រ​ និង​តំណាង​រាស្ត្រ​ក្នុង​រដ្ឋសភា​ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ដែល​បាន​បោះឆ្នោត​គាំ​ទ្រ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​​ធ្វើ​ការ​រួម​គ្នានោះ​​​ទេ​។ គ្រប់​សារ​នយោបាយ​របស់​លោក​ គឺ​មាន​តែ​​ការ​ញុះញង់​​ បំបែក​បំបាក់​​ប្រជាពលរដ្ឋ​ ឲ្យ​គុំគួន​ ស្អប់​ខ្ពើម​ និង​ចង​កំហឹង​​មក​លើ​រាជរដ្ឋាភិបាល​ជាដរាប​​។​
ការ​ប្រកាន់​ជំហរ​អុជអាល​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ ការ​ញុះញង់​​ឲ្យ​មាន​ការ​រើស​​​អើង​​ជាតិសាសន៍ដទៃ​ និងការ​​បន្ត​ប្រកាន់​អត្តចរិត​នយោបាយ​ «ទឹក​ឡើង​​​ត្រីស៊ីស្រមោច ទឹក​ហោច​ស្រមោច​ស៊ីត្រី»​ វិញ​ បែប​នេះ​ គឺ​វា​ផ្ទុយ​ពី​តួនាទី​ស្នូល​របស់​ខ្លួន​​​ក្នុង​​នាម​ជា​អនុប្រធាន​ទី១ នៃ​​រដ្ឋ​សភា​ជាតិ​ ។
ប្រតិកម្មរបស់​ក្រុម​ប្រជាពលរដ្ឋ​ នាព្រឹក​ថ្ងៃទី​២៦​ នេះ​គឺ​ពួក​គេ​បាន​ចាត់​ទុក​ថា​វត្តមាន​របស់​​លោក​ កឹម សុខា​ គឺ​តែង​តែ​នាំ​ទុក្ខ​ដល់​ពលរដ្ឋខ្មែរ​គ្រប់​ពេល ដោយ​សារ​លោក ​កឹម សុខា​ តែង​តែ​ផ្ញើសារ​នយោបាយ​របៀប​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​ និង​បណ្តាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​​ស្លាប់​ និង​រងរបួស​ ជាបន្ត​បន្ទាប់​ តាម​​រយៈ​ការអូស​​ទាញ​ និង​​ការ​ភូត​កុហក់។​​​
កន្លង​ម​ក ដោយ​សារ​តែ​មាត់​ឥត​គម្រប ​ដើរ​សំអុយ​កេរិ៍្ត​ឈ្មោះ​រាជរដ្ឋាភិបាល ទាំង​នៅក្នុង​ និង​ក្រៅប្រទេស​របស់​លោក កឹម សុខា​​​ ក្នុង​នាម​ខ្លួន​ជាស្ថាប័ន​កំពូល​មួយ​របស់​ជាតិ​បែបនេះ​ បាន​ធ្វើ​ឲ្យ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ព្រមាន​ដក​តំណែង​លោក​ជាញយ​ដង​មក​​ហើយ​ដែរ​ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​សុំ​អង្វរ​កពី​លោក សម រង្ស៊ី​ ទើប​តំណែង​នេះ​បាន​នៅ​ថិតថេរ​​មក​ដល់​បច្ចុប្បន្ន​​។​
ជាការ​ពិត​ ក្នុង​នាម​ជាមេដឹក​នាំ​របស់​ស្ថាប័ន​កំពូល​មួយ​របស់​ជាតិ​ បែរ​ជាត្រូវ​​លោក កឹម សុខា​ ធ្វើការ​​វាយ​​ប្រហារ​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​សម្រាប់​សម្លេង​​ឆ្នោត​គណបក្ស​ខ្លួន​បែប​នេះ​​ តើ​គណបក្ស​ជាដៃ​គូ ត្រូវ​បន្ធូបន្ថយ និង​លើកលែង​ឲ្យ​បាន​ដែរ​ឬទេ?​​​ ចំណុច​នេះ​ គេ​នៅ​ចាំបាន​ថា​ មុខ​តំណែងជាអនុប្រធាន​ទី១​រដ្ឋសភា​ ​របស់​លោក​ កឹម សុខា​ នេះ​គឺ​បាន​មក​ដោយ​មាន​ការ​បោះ​ឆ្នោត​គាំ​ទ្រ​បេក្ខភាពពី​សមាជិក​រដ្ឋសភា​​​ មក​ពី​គណបក្ស​ជាប់​ឆ្នោត​​ទាំង​ពីរ​។ ប៉ុន្តែ​ សម្រាប់​ពេល​នេះ​ បើ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ មិន​គាំទ្រ​បេក្ខភាព​​លោក កឹម សុខា​ នោះទេ ​តំណែង​នេះ ​លោក​ កឹម សុខា​ គ្មានវាសនាគ្រប់គ្រងតទៅទៀត​បាន​ទេ។​
ដូច្នេះ​ បើ​គណបក្ស​ប្រជាជនកម្ពុជា​ មិន​សប្បាយ​ចិត្ត​នឹង​ចរិត​កេង​ចំណេញ​នយោបាយ​​របស់​លោក កឹម សុខា​ ដែល​ប្រើប្រាស់​តួនាទី​នេះ​ យក​ទៅ​ឃោសនា​រក​សម្លេង​ឆ្នោត​មុន​អាណត្តិ​បែបនេះ​ រួម​ផ្សំ​នឹង​សម្លេង​​ស្នើសុំឲ្យ​ចុះចេញ​ពីតំណែង​ ​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បន្ថែម​ទៀត​នោះ​ គេ​ជឿថា​តំណែង​លោក​ កឹម សុខា​ នាពេល​នេះ​ គឺ​ត្រូវ​ចប់​ដោយ​​គ្មាន​វាចា​។​
ផ្អែក​លើ​ ចំណុច​ខុសឆ្គង​ដ៏ច្រើនលើស​លុប​​របស់​លោក កឹម សុខា​ នាពេល​កន្លង​មក ក៏ដូច​​នៅពេល​នេះ គឺ​លោក កឹម សុខា មិនសក្តិសម​កាន់​តំណែង​ជាអនុប្រធាន​ទី១ នៃ​រដ្ឋសភា​ជាតិឡើយ​។​ ម្យ៉ាង​ទៀត​ ការទាម​ទារ​​របស់​​ប្រជាពលរដ្ឋ​​ឲ្យលោក កឹម សុខា​ ​​​ចុះ​ចេញ​ពី​​តំណែងនៅពេល​នេះ​ពិត​ជារឿង​ត្រឹម​ត្រូវ​ ព្រោះ​ក្នុង​នាម​ខ្លួន​តំណាង​ឲ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ និង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៃប្រទេស​មួយ​ បែរ​ជា​យក​កិត្តិយសប្រទេស​ជាតិ ទៅ​ដើរ​សំអុយ​គ្រប់​​ទី​កន្លែង​​បែប​នេះ​ គឺ​មិន​អាច​ក្លាយ​ជាមេដឹក​នាំ​ដែលមាន​សីលធម៌ និង​គុណធម៌​ ​​​គួរ​ឲ្យ​​គោ​រព​សម្រាប់​ពលរដ្ឋ​ឡើយ​៕​​ ​​​​​​ ​

No comments:

Post a Comment