Tuesday, October 27, 2015

តំណាងរាជរដ្ឋាភិបាល អះអាងពីការរីកលូតលាស់ផ្នែកវិនិយោគនៅកម្ពុជា

តំណាងរាជ​រដ្ឋាភិបាល​បញ្ជាក់ថា ​សេចក្តីព្រាង​ច្បាប់ស្តីពី​ការការពារ​ទៅវិញទៅមក​នៃវិនិយោគ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល ​បេឡារូស ​និងរដ្ឋាភិបាល​រុស្សីជួយជំរុញ​ការអភិវឌ្ឍ ​សេដ្ឋកិច្ចកម្ពុជា​។
ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ មានប្រសាសន៍​យ៉ាងដូច្នេះ ​ក្នុងពេលឯក​ឧត្តម អញ្ជើញ​ឡើងការពារ​សេចក្តីព្រាង​ច្បាប់ ស្តីពី​ការការពារទៅ​វិញទៅមកនៃ ​វិនិយោគ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បេឡារូស ​និងរដ្ឋាភិបាល​រុស្ស៊ី ក្នុង​សម័យ ​ប្រជុំរដ្ឋស​សភាលើកទី៥​ នីតិកាលទី៥​ កាលពីព្រឹក​ថ្ងៃទី២៦ ​ខែតុលា ​ឆ្នាំ២០១៥នេះ​ ក្រោមអធិបតី​ភាពដ៏ខ្ពង់​ខ្ពស់ សម្តេច​ ហេង សំរិន​ ប្រធានរដ្ឋសភា​ និងដោយមាន​កូរ៉ូម អ្នក​ដំណាងរាស្ត្រចំនួន ​១០៧រូប។
មានមតិ​ជូនសម័យ​ប្រជុំរដ្ឋសភា ​ក្នុងនាមតំណាង​រាជរដ្ឋាភិបាល ​ការពារសេចក្តី​ព្រាងច្បាប់ ​ឯកឧត្តម ​ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ​បានបញ្ជាក់ថា ​សេចក្តីព្រាង​ច្បាប់ ស្តីពីការការ​ពារទៅវិញទៅ​មកនៃវិនិយោគ​រវាងរាជរដ្ឋា​ភិបាលកម្ពុជា ​និងរដ្ឋាភិបាល​បេឡារូស ​ព្រមទាំងរដ្ឋាភិ​បាលរុស្ស៊ី ​មានសារៈសំខាន់​ជួយជំរុញ​ការអភិវឌ្ឍ ​សេដ្ឋកិច្ចកម្ពុជា ​និងជូយធ្វើឱ្យ ​ជីវភាពប្រជាជន​រីកចម្រើន​ធ្វើឱ្យប្រជាពលរដ្ឋ​មានការងារធ្វើ។​
ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បន្ថែមថា ​រាជរដ្ឋាភិបាល​បានខិតខំ​ប្រឹងប្រែង ​ហើយបានទៅ​ពិនិត្យការ ​រៀបចំចុះបញ្ជី​របស់ក្រុមហ៊ុន​សាំងហ្គាពួរតាម​ប្រព័ន្ធ អន​ឡាញ ដែល​ជាក្រុមអនឡាញ​លេខ២ ​លើពិភពលោក ​និងទៅរៀន​នៅប្រទេសនូវែល​សេឡង់ ​ដែលជាក្រុមហ៊ុន​លេខ១ ​ក្នុងពិភពលោក ដើ​ម្បីរៀនសូត្រពីគេ។​ ការងារនេះ ​សម្តេចតេជោ ហ៊ុន​ សែន បានឯក​ភាពឱ្យយក ​ថវិកាជាតិ មក​រៀបចំការចុះបញ្ជីក្រុមហ៊ុន ​តាមប្រព័ន្ធ​អនឡាញ ​ហើយយើងបាន​ចាប់ផ្តើម​អនុវត្តន៍ ​តាំងពី ខែ​ឧសភា ឆ្នាំ២០១៥។​ ឯកឧត្តមបន្ត​ទៀតថា ​នៅថ្ងៃទី៧ ​ខែធ្នូ ឆ្នាំ២០១៥ ​ខាងមុខនេះ នឹងដា​ក់ចេញឱ្យ​ប្រើប្រាស់ជាផ្លូវការ​ នូវការចុះបញ្ជី​បង្កើតក្រុម​ហ៊ុនតាមប្រព័ន្ធ​អនឡាញ។ ​ការធ្វើ បែបនេះដើម្បី​កាត់បន្ថយពេលវេលា​ពី៥ថ្ងៃ ​ទៅ៧ថ្ងៃ ​កាត់បន្ថយ​គម្លាតរវាង​មន្ត្រី រាជ​រដ្ឋាភិបាល និ​ងផ្នែកឯកជន​។
ឯកឧត្តម​ ស៊ុន ចាន់ថុល ​បានមានប្រសាសន៍ថា ​សម្តេចតជោ ​បានឱ្យធ្វើកា​រចុះបញ្ជីក្រុមហ៊ុន​នេះ តាមប្រព័ន្ធ​អ៊ីនធឺណេត​ទាំងអស់ ​ទៅទីណាមាន ​អ៊ីនធឺណេត ​ទីនោះយើងអាច​បង្កើតក្បួនបាន ​កាត់បន្ថយពេលវេលា​ពី៥ថ្ងៃ ​ទៅ៧ថ្ងៃ ​ហើយនៅដែល​ពេលបង្កើត​ក្រុមហ៊ុនចប់​សព្វគ្រប់គឺប្រើ ​ពេលតែមួយម៉ោងគត់​ ដើម្បីបង្កើត​ក្រុមហ៊ុននេះ។​
មួយទៀត​កម្ពុជាបានបើ​កការដ្ឋាន​សាងសង់ ​បង្កើតរោង​ចក្រផលិត​កូកាកូឡា​ថ្មីមួយទៀត ​ក្នុងតម្លៃ ១០០លាន​ដុល្លារសហរដ្ឋ​អាមេរិក ​ដើម្បីបង្កើតការ​ងារជូនបងប្អូន​ប្រជាពលរដ្ឋ។​ ក្រៅពីនេះ ​យើងបានទៅប្រ​ទេសម៉ាឡេស៊ី ​សហរដ្ឋអាមេរិក​ កូរ៉េ ចិន​ ហុងកុង​ទូទាំងពិភព ​លោក ដើម្បីទា​ក់ទាញអ្នកវិនិយោគ​ឱ្យមកដាក់ទុ​ននៅកម្ពុជា ​ដូច្នេះហើយបាន​យើងឃើញទុន​វិនិយោគ​ ដែលទទួល​បានក្នុងរយៈ៩ខែ​ដើមឆ្នាំ២០១៥​នេះមានការកើន​ឡើងរហូតដល់ ​៣.៣១៥ ​ពាន់លាន ដុល្លារ​សហរដ្ឋអាមេរិក។​ ម្យ៉ាងទៀតក្នុង​ខែកក្កដា​មកនេះ ​យើងទទួលបាន​២៣គម្រោង ​បន្ថែមទៀត ​ជាមួយទុនវិនិយោគ​ចំនួន២៣៩​ពាន់លានដុ​ល្លារអាម៉េរិកថែម​ទៀត នេះបង្ហាញ ​ឱ្យឃើញថាការ​ ទាក់ទាញវិនិយោគនៅ​កម្ពុជាកំពុង​មានការរីក​ចម្រើន។​
ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​ក៏បានលើក​ឡើងថា ​ពិភពលោកបាន​ហៅយើងថា ​ជាប្រទេស​មានការរីក ចម្រើនល្អ ​កើន៧,៧ភាគរយ ​ក្នុងរយៈពេល​៧ឆ្នាំកន្លង​ទៅនេះ ដោ​យដាក់ចំណាត់​ថ្នាក់កម្ពុជាជា ប្រទេស​ទី៦ ជាប្រទេស​រីកចម្រើន​ក្នុងពិភពលោក​ផងដែរ​។
សម័យប្រជុំ​រដ្ឋសភាបាន​អនុម័តសេចក្តី​ព្រាងច្បាប់ ​ស្តីពីការអនុម័ត​យល់ព្រមលើកិច្ច​ព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​ព្រះរាជាណាច​ក្រកម្ពុជា ​និងរដ្ឋាភិបាលសា​ធារណរដ្ឋបេ​ឡារូស ​ស្តីពីការជំរុញ និងការការពារ​ទៅវិញទៅមក​នៃវិនិយោគ​ ដោយសំឡេង​ចំនួន១០៧ ​លើ១០៧សំឡេង ​និង អនុម័តសេចក្តី​ព្រាងច្បាប់ ​ស្តីពីការអនុម័ត​លើកិច្ចព្រម​ព្រៀងរវាងរាជ​រដ្ឋាភិបាល ​ព្រះរាជាណាច ​ក្រកម្ពុជា និងរដ្ឋាភិ​បាលរុស្ស៊ី ​ស្តីពីការជំរុញ​ និងការការពារ​ទៅវិញទៅមក​ នៃវិនិយោគដោយ​ សំឡេង​១០៧ លើ១០៧​សំឡេងនៃចំនួន​តំណាងរាស្ត្រទាំង​មូលដែលបាន​ចូលរួមផងដែរ​៕

No comments:

Post a Comment