Wednesday, October 21, 2015

ជនរងគ្រោះជាអនិតិជនដែលត្រូវជួញដូរទៅប្រទេសថៃ៦នាក់ នឹងត្រូវបានបញ្ជូនមកកម្ពុជាវិញនៅថ្ងៃស្អែក

យោងតាម​សេចក្តីប្រកាសព័​ត៌មាន​ របស់ក្រសួង​ការបរទេស ​និងសហប្រតិបត្តិ​ការអន្តរជាតិ ចុះថ្ងៃទី​ ២១ ខែតុលា ​ឆ្នាំ២០១៥ ​របស់ក្រសួង​ការបរទេស ​បានឲ្យដឹងថា ​មានយុវ​តីខ្មែរចំនួន ​៦នាក់ ​ដែលមានអាយុ​ចាប់ពី១៥-​១៧ឆ្នាំ ​បានចាញ់បោក​មេខ្យល់ ​ទៅធ្វើការខុសច្បាប់​នៅប្រទេសថៃ ​ត្រូវបានប៉ូលិស​ថៃធ្វើការឃាត់ខ្លួន ​នៅការដ្ឋាន​សំណង់ពីបទ ​ចូលប្រទេស​ថៃខុសច្បាប់ ​និងធ្វើការ​ក្រោមអាយុ​អនុញ្ញាត។​

ក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​បានធ្វើការ​ណែនាំដល់ ​ស្ថានឯក​អគ្គរាជទូតកម្ពុជា ​ប្រចាំនៅព្រះរាជា​ណាចក្រថៃ ​ឲ្យទំនាក់ទំនង​អន្តរាគមន៍​ទៅអាជ្ញាធរ​ថៃស្នើ បញ្ជូន​យុវតីខ្មែរទាំង​នោះ ត្រឡប់​មកកាន់កម្ពុជា​វិញ ដោយ​សារអ្នកទាំងនោះជា​អនិតិជន និង​ជាជនរងគ្រោះ​ពីការជួញ​ដូរមនុស្ស។​

សេចក្តី​ប្រកាសព័ត៌មាន​ បានបញ្ជាក់​ទៀតថា ​អាជ្ញាធរថៃបាន​យល់ស្របតាម​សំណើរបស់កម្ពុជា ​ហើយបាននាំ​យកយុវតីខ្មែរ​ទាំង០៦​នាក់នោះ ​មករក្សាទុកនៅ​មជ្ឈមណ្ឌល​គាំពារ និងអភិវឌ្ឍ​ន៍វិជ្ជាជីវៈ ​Kredtrakarn ​មានទីតាំង​នៅខេត្ត ​Nonthaburi នឹងរៀបចំបញ្ជូន​យុវតីទាំងនោះ ​មកកាន់កម្ពុជា​វិញនៅថ្ងៃទី ​២២ ខែ ​តុលា ឆ្នាំ ​២០១៥ វេលា​ម៉ោង ១១៖៣០​នាទី តាមច្រក​ព្រំដែនអន្តរ​ជាតិប៉ោយប៉ែត។ ​លើសពីនេះទៀត ​ក្រសួងការ​បរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​បានធ្វើការ​ណែនាំ ​ដល់ស្ថានអគ្គ​កុងស៊ុលកម្ពុជា ​ប្រចាំខេត្ត​សាកែវ ត្រូវសហការ​ឲ្យបានល្អ ​ជាមួយភាគីថៃ​ដើម្បី ជួយសំ​រួលដល់ដំណើរ​មាតុភូមិនិវត្តន៍ ​របស់យុវតីខ្មែរ​ទាំង ៦នាក់ ​នោះ។

តាមរយៈសេចក្តី​ប្រកាសព័ត៌មាន​ ក៏បានបញ្ជាក់​បន្ថែមទៀត ​ស្ថានឯកអគ្គ​រាជទូតក​ម្ពុជា ប្រចាំ​ប្រទេសឥណ្ឌូណេស៊ី ​បានសហការជា​មួយអង្គការ ​អន្តោប្រវេសន៍​អន្តរជាតិ ​(IOM) អន្តរាគមន៍​ជួយពលករ​ខ្មែររងគ្រោះចំនួន ​២នាក់ មាន​ឈ្មោះ ថុល ​តុលា និ​ង អ៊ុក កុសល ក្នុង​ការធ្វើមាតុភូមិនិវត្តន៍​ពីកោះ Ambon ខេត្ត ​Maluku ​ប្រទេសឥណ្ឌូណេស៊ី ​ត្រឡប់មកកម្ពុជាវិញ ​។ ពលករខ្មែរ​រងគ្រោះទាំង០២នាក់ ​នឹងមកដល់​អាកាសយានដ្ឋាន​អន្តរជាតិភ្នំ​ពេញ នៅថ្ងៃទី ​២១ ខែតុលា ​ឆ្នាំ២០១៥ ​វេលាម៉ោង ​១០៖២០ នាទី ​តាមជើងយន្ត​ហោះ MH 754

No comments:

Post a Comment