Wednesday, July 29, 2015

ពលករខ្មែរចំនួន៣៣នាក់ ដែលរងគ្រោះដោយសារ ការជួញដូរមនុស្ស និងការបង្ខិតបង្ខំអោយធ្វើការ នៅលើទូកនេសាទក្នុងប្រទេស ឥណ្ឌូណេស៊ី ត្រូវបានជួយសង្គ្រោះ

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ឯកឧត្តម ជុំ សុន្ទរី  អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​  នៅ​ថ្ងទី២៨  ខែ កក្កដា  ឆ្នាំ ២០១៥នេះ  បាន​ឲ្យ​ដឹង​ថា ស្ថានឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំប្រទេសឥណ្ឌូណេស៊ី បានសហការជាមួយអង្គការ​អន្តោ​ប្រវេសន៍​អន្តរជាតិ​ (IOM) រៀបចំដំណើរវិលត្រឡប់មក​កម្ពុជា​​វិញរបស់ពលករខ្មែរ ចំនួន ៣៣ នាក់  ពីកោះ Tarempa, Tanjung Pinang, Riau Island ប្រទេស ឥណ្ឌូណេស៊ី ដែល​រងគ្រោះដោយ​សារការជួញ​ដូរ​មនុស្ស និងការបង្ខិតបង្ខំ​អោយធ្វើការនៅ លើទូកនេសាទ ។
ពលករខ្មែរទាំង ៣៣ នាក់ ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ នៅ ថ្ងៃទី ២៨​ កក្កដា ឆ្នាំ ២០១៥ នេះ​  តាមជើងយន្តហោះ MH 762 វេលាម៉ោង ១៦:១០ នាទី ។
កន្លងមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានឯកអគ្គរាជទូកម្ពុជា​ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានអន្តរាគមន៍ជួយពលករខ្មែរ​រងគ្រោះអោយ បាន​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី មកកាន់មាតុប្រទេសវិញជាបន្តបន្ទាប់ តាមរយៈការចរចារវាងស្ថាន​ទូត​កម្ពុជា​ប្រចាំប្រទេសឥណ្ឌូណេស៊ី ជាមួយក្រុមហ៊ុនដែលជាតំណាងអោយទូកនេសាទនានា ហើយនិង​តាម​រយៈ​កិច្ចសហការរវាងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសឥណ្ឌូណេស៊ី ជាមួយអង្គការ​អន្តោប្រវេសន៍ អន្តរជាតិ​(IOM)            
ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​​ សូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរ ត្រូវធ្វើការប្រុង​ប្រយ័ត្នចំពោះការឆបោក ការសន្យាភូតកុហក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលមានគំនិតទុច្ចរិតបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការ​នាំបងប្អូន​ទៅធ្វើការដោយខុសច្បាប់​នៅក្រៅ​ប្រទេស 

No comments:

Post a Comment