Wednesday, July 29, 2015

ឯកឧត្តម​ កែវ​ រ៉េមី​ ជួប​​​ជា​មួយ​គ្រូ​​បង្រៀន​​ និង​យុវជន​​នៅ​ឃុំ​កុមារ​រាជា​ ​ស្រុកបាទី​ ខេត្ត​តាកែវ ​ក្នុង​ពិធី​ប្រគ​ល់​​ប្រាក់​​មូល​​និធិ​គ្រូ​បង្រៀន​ និងប្រកាស​ដាក់​ឲ្យ​តំណើរ​ការ​ប្រាក់​សន្សំ​យុវជ​ន​ភូមិ​ខ្ញុំ​

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់មូលនិធិគ្រូបង្រៀនរបស់សមាគមគ្រូបង្រៀនឃុំកុមាររាជា និងការប្រកាសដាក់ឲ្យដំណើរការ “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីអ្នកកញ្ញាដែលជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា សមាជិកក្រុមប្រឹក្សាឃុំ សមាជិកគណៈកម្មការឃុំ មេភូមិ លោកគ្រូអ្នកគ្រូ ដែលជាសមាជិកសមាគមគ្រូបង្រៀនឃុំកុមាររាជា និងយុវជននៃសម្ព័ន្ធយុវជនកម្ពុជាប្រចាំឃុំកុមាររាជា សរុបប្រមាណ ៣៥០ នាក់។

បន្ទាប់ពីការឡើងធ្វើរបាយការណ៍សង្ខេបរបស់អាជ្ញាធរឃុំកុមាររាជា ប្រធានសមាគមគ្រូបង្រៀនឃុំកុមាររាជា ប្រធានសម្ព័ន្ធយុវជនកម្ពុជា ប្រចាំឃុំកុមាររាជា និងរបាយការណ៍លម្អិតរបស់ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ស្តីអំពីការរៀបចំសមាគមគ្រូបង្រៀនឃុំកុមាររាជា មូលនិធិគ្រូបង្រៀន និង “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជារួចមក ឯកឧត្តម កែវ រ៉េមី បានថ្លែងសំណេះសំណាលទៅកាន់អង្គពិធី ក្នុងនោះ លោកបានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់វិស័យ ជាពិសេសលោកគ្រូអ្នកគ្រូ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមជាមួយអាជ្ញាធរពន្ធដារ និងភ្នាក់ងារគយ ក្នុងការពង្រឹងការប្រមូលចំណូលរដ្ឋ ដើម្បីរាជរដ្ឋាភិបាល មានលទ្ធភាព បង្កើនបៀវត្សជូនមន្ត្រីរាជការស៊ីវិល លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់គ្រប់វិស័យ ឲ្យបានកាន់តែប្រសើរថែមទៀត។ 

ដោយឡែកសម្រាប់កម្មករ កម្មការនីនៅក្នុងវិស័យកាត់ដេរ និងស្បែកជើង រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបាននូវការកែលម្អរលក្ខខណ្ឌការងារ បញ្ចុះតម្លៃទឹកភ្លើង បង្កើតច្បាប់ស្តីពីការកំណត់ថ្លៃឈ្នួលផ្ទះរបស់កម្មករ តម្លៃទំនិញនៅលើទីផ្សារនិងបង្កើនប្រាក់ឈ្នួលបន្ថែមទៀតនៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ។
ពាក់ព័ន្ធនឹងការបង្កើតសមាគមគ្រូបង្រៀនឃុំកុមាររាជា រៀបចំមូលនិធិគ្រូបង្រៀន និងការដាក់ឲ្យដំណើរការ ប្រាក់សន្សំយុវជនភូមិខ្ញុំ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ជាការយកចិត្តទុកដាក់ជាអាទិភាព និងជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម សមាជិកសមាជិការក្រុមការងារ និងការចូលរូមរបស់សប្បុរសជន ដើម្បីរួមចំណែកដោះស្រាយការលំបាក់ផ្នែកជីវភាពរបស់លោកគ្រូអ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាព ការបង្កើតការងារ និងការបង្កើនចំណូលគ្រួសាររបស់យុវជននៅក្នុងភូមិឃុំ។









No comments:

Post a Comment