Thursday, June 11, 2015

មហាក្សត្រ និង​គណៈ​ប្រតិ​ភូស្ថាប័ន​កំពូល ចូល​គោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច ជា ស៊ីម


នាព្រឹកថ្ងៃទី១០ ខែមិថុនានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា​ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ  បានយាងចូលគោរពវិញ្ញាណក្ខន្ធនៃសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអធិបតីកិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង១៥និង៤៥នាទី រសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាអាយុ​៨៣ឆ្នាំ។​ ពិធីបុណ្យសព ត្រូវបានរៀបចំធ្វើនៅភូមិគ្រឹះរបស់សម្តេចអគ្គមហាធម្មពោ​ធិសាល​​​​ជា ស៊ីម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយព្រះរាជក្រឹត ចេញ​កាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥ បានបង្គាប់ឲ្យបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសពនេះ​ឲ្យបានល្អសក្តិសមទៅនឹងឋានៈរបស់សម្តេច។
រីឯវត្តមានរបស់គណៈប្រតិភូស្ថាប័នរដ្ឋសភាដែលចូលគោរពវិញ្ញាណក្ខន្ធ គឺដឹកនាំដោយ​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏មានវត្តមានឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភាផងដែរ។  ដោយឡែកសម្តេច តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូល​គោរពវិញ្ញាណក្ខន្ធសពសម្តេចអគ្គមហាធម្មពោ​ធិសាលជាស៊ីម នាព្រឹកថ្ងៃទី១០ ខែមិថុនា​នេះ​ផងដែរ។
វត្តមានជាបន្តបន្ទាប់ដែលចូលគោរពវិញ្ញាណក្ខន្ធ មានដូចជាគណៈប្រតិភូព្រឹទ្ធសភា ដឹកនាំ​ដោយ ឯកឧត្តម សាយ ឈុំ ដែលទើបបាន​ទទួលសំលេង​បោះឆ្នោតជា​ប្រធានថ្មីនៃ​ព្រឹទ្ធសភា កាលពីថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០១៥នេះ។ គណៈប្រតិភូនៃក្រសួងព្រះបរមរាជវាំង ដឹកនាំដោយ​សម្តេច ចៅហ្វាវំាង គង់ សំអុល និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បើតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចេញកាលពីថ្ងៃទី៨ ខែមិថុនាកន្លងមកនេះ​ បានបញ្ជាក់ថា នឹងយកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ដោយនៅក្នុង​ថ្ងៃ​កាន់​ទុក្ខនោះ គ្រប់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ព្រមទាំងប្រជាជនទូទំាងប្រទេស ត្រូវបង្ហូត​ទង់ជាតិត្រឹមមួយភាគបីនៃដងទង់ជាតិចាប់លើ។ រីឯគ្រប់ស្ថានីយវិទ្យុទូរទស្សន៍​ជាតិ និងឯកជន គឺត្រូវផ្អាកការសម្តែងនិងការចាក់ផ្សាយដែលមានលក្ខណៈ​សប្បាយគគ្រឹក​គគ្រេង​ផងដែរក្នុងថ្ងៃកាន់ទុក្ខនោះ។ ហើយនៅក្នុងកម្មវិធីបុណ្យសពនេះ បានបញ្ជាក់ថា សពរបស់​សម្តេចអគ្គមហាធម្ម​ពោធិសាល ជាស៊ីម នឹងត្រូវធ្វើពិធីរំកិលចេញទៅលើរថយន្តបុស្បុក​និង​ដង្ហែ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ។
គួររំលឹកថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានក្លាយជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាចាប់តាំងពីឆ្នាំ១៩៩១មកដល់ពេលបច្ចុប្បន្ន។ ហើយពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៩ ជា​ប្រធាន​​រដ្ឋសភា។ ពីឆ្នាំ១៩៩៩មកដល់ពេលទទួលមរណៈភាព គឺជាប្រធានព្រឹទ្ធសភា ដោយ​នៅក្នុង​ឆ្នាំ២០១០​​​ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលសញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែកទស្សនវិជ្ជា និងផ្នែកជាអ្នកដឹកនាំកិច្ចការព្រឹទ្ធសភាពីសាកលវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋអាមេរិក។
ចំពោះគ្រឿងឥស្សរិយយស និងគោរមងារវិញ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម បាន​ទទួលងារជា សម្តេច ពីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ​១៩៩៣ និងបានទទួលងារជា សម្តេចអគ្គមហាធម្មពោធិសាល ពីព្រះករុណាសម្តេចព្រះបាទ ព្រះបរម​នាថ នរោត្តម សីហមុនី កាលពីឆ្នាំ២០០៧។​ និងក្នុងឆ្នាំ ២០១១ បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិតសភាកម្ពុជា ពីព្រះមហាក្សត្រ។
ក្រៅពីនេះ ក្នុងឆ្នាំ២០០៩ក៏បានទទួលគ្រឿង​ឥស្សរយយសមាស ខ្ពស់បំផុត ពីប្រធានរដ្ឋសភា​នៃប្រជាធិបតេយ្យប្រជាមានិតឡាវ។ និងក្នុងឆ្នាំ២០១៣កន្លងមកនេះ បានទទួលគ្រឿង​ឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន ដែលហៅថា Grand cordon of the Orders of the Rising Sun ពីអធិរាជជប៉ុនផងដែរ៕       









No comments:

Post a Comment