ប្រតិភូកីឡា SEA Games កម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលអនុញ្ញាត្តិឲ្យចូលជួបសំណេះសំណាលផ្តល់ការលើកទឹកចិត្ត ដើម្បីឈានទៅដណ្តើមយកមេដាយជូនជាតិមាតុភូមិឲ្យបានពីការប្រកួតSEA Games លើកទី២៨ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសឹង្ហបូរី នាដើមខែមិថុនា ក្រោយនេះ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលនិងផ្តល់អនុសាសន៏មួយចំនួនជាការជួយលើកកម្លាំងចិត្តដល់ប្រតិភូកកីឡា SEA Games កម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៨ ឧសភានេះ មុន នឹងចេញដំណើរទៅចូលរួម ប្រកួតកីឡាSEA Games លើកទី២៨ នៅប្រទេសសឹង្ហបូរី។
គួររំលឹកថា បច្ចុប្បន្ននេះ ដោយការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការយកចិត្តទុកដាក់គិតគូរលើកទឹកចិត្តដោយផ្ទាល់ពី ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន បានធ្វើឲ្យវិស័យកីឡានៅកម្ពុជា មានសកម្មភាពផុលផុះ អភិវឌ្ឃន៏បានយ៉ាងលឿន រហូតបានធ្វើឲ្យមុខមាត់ប្រទេសកម្ពុជាយើងបានខ្ពស់ត្រដែត និងល្បីរន្ទឺរជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ដោយសារកម្ពុជាមានវីរៈនារីយ៉ាងឆ្នើម គឺ កីឡាការីនី ស៊ន សៀវម៉ី កាលពីថ្មីៗកន្លងមក បាននាំមកនូវមេដាយមាសពីការប្រកកួតតេក្វាន់ដូរជូនជាតិ និងកីឡាការីនីជម្រើសជាតិកែ ឡេង ដែលទទួលបានមេដាយមាស ក្នុងការប្រកួតប្រភេទកីឡាប៉េតង់ពិភពលោកលើកទី១៤នៅម៉ុងតូបង់ សាធារណរដ្ឋបារាំង ក៏ជាការនាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ផងដែរ។
នៅក្នុងពិធីជួបសំណេះសំណាល់ជាមួយក្រុមកីឡាករ កីឡាការីនី សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីមោទនភាពថាពេលនេះវិស័យកីឡារបស់កម្ពុជាយើងកំពុងបោះជំហ៊ានរីកចំរើនហើយ។ បើទោះបីវិស័យកីឡាកម្ពុជាពិតមែនតែមានសន្ទុះរីកចំរើនប៉ុន្តែសម្តេចនៅបានជំរុញឲ្យយកចិត្តទុកដាក់ហ្វឹកហ្វឹនបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីដណ្តើមយកមេដាយពីការប្រកួតនានាទៀត ដោយសម្តេចបានអះអាងថា បើកម្ពុជាយើងដណ្តើមបានមេដាយមាសពីការប្រកួតកីឡាក្នុងកំរិតស៊ីហ្គែមឬពិភពលោកសម្តេចនឹងនៅរងចាំទទួលស្វាគមន៏លើកទឹកចិត្តដោយផ្ទាល់នូវដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់ប្រតិភូកីឡានៅវិមានសន្តិភាព។
ឯកឧត្តមថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា កម្មវិធីប្រកួតកីឡាប្រចាំតំ បន់ អាស៊ីអាគ្នេយ៍ SEA Games ឆ្នាំ២០១៥ លើកទី២៨នេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៥ដល់ថ្ងៃទី១៦ ខែមិថុនា ប្រទេសសិង្ហបូរីធ្វើជាម្ចាស់ផ្ទះ ដោយបានរៀបចំការប្រកួតលើ៣៩ប្រភេទកីឡា និងជាង៤រយវិញ្ញាសារ ក្នុងនោះកម្ពុជាបានបញ្ជូនប្រតិភូ កីឡាទៅចូលរួមសរុប២៥៦រូប លើ២២ប្រភេទកីឡា ត្រូវនិង ៣១៦វិញ្ញាសារ។
គួរបញ្ជាក់ថា ការប្រកួតកីឡា SEA Games លើកទី២៧នៅប្រទេសមីយ៉ាន់ម៉ាក្នុងពេលកន្លងមកកម្ពុជាទទួលបាន មេដាយមាស៨ ត្រូវ១៤គ្រឿងលើ៤ប្រភេទកីឡា ៨វិញ្ញាសារ មេដាយប្រាក់១១ត្រូវនិង២៩គ្រឿងលើ៥ប្រភេទកីឡា១១វិញ្ញាសារ និងមេដាយ សំរិទ្ធ២៩ ត្រូវនិង៩៩គ្រឿង លើ៨ប្រភេទកីឡា ២៩វិញ្ញាសារ សរុបមេដាយដែល កម្ពុជាទទួលបាននៅឆ្នាំ២០១៣ មានចំនួន១៣៥គ្រឿង លើ១៧ប្រភេទកីឡា៤៨វិញ្ញាសារ ហើយកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសចំនួន១១គឺកម្ពុជា លើប្រុយណេ និងទីម័រ។ ឯកឧត្តម ថោង ខុន បង្ហាញនូវការប្តេជ្ញាចិត្តថា ការទៅចូលរួមប្រកួត SEA Gamesលើកទី២៨ នេះ កម្ពុជានិងខិតខំប្រឹងប្រែងដណ្តើមយកមេដាយឲ្យបាន ជូនជាតិមាតុភូមិរបស់យើង ។
ចំពោះប្រាក់រង្វាន់លើកទឹកចិត្តរាជរដ្ឋាភិបាល បានផ្តល់ជូន តាមអនុក្រិត មេដាយមាស១គ្រឿង ទទួលបាន៤០លានរៀល។ មេដាយប្រាក់១គ្រឿង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៣០លានរៀល និងមេដាយសំរិទ្ធ១គ្រឿងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១៦លានរៀល ក្រៅពីនេះសម្តេចតេជោ ក៏និងផ្តល់ប្រាក់រង្វាន់ផ្ទាល់របស់សម្តេច ដើម្បីជាការជួយលើកទឹកចិត្តបន្ថែមផងដែរ៕








No comments:
Post a Comment