Wednesday, April 08, 2015

សមា​សភាព ​គ. ជ. ប​ ថ្មី​ ទាំង​៩រូប ​ត្រូវបាន​ គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្រ្គោះ​ជាតិ​ បង្ហាញជា​សាធារណៈ

នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥នេះ គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​នូវ​លិខិត​ជា​ផ្លូវ​ការ​របស់​ខ្លូន ដើម្បី​បង្ហាញ​ជា​សាធារណៈ​នូវ​សមាសភាព ទាំង៩រូប នៃសមាជិក​គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោតថ្មី (គ.ជ.ប) ដែល​ប្រជាពលរដ្ឋ និងសាធារណៈ​ជន​កំពុង​រង់​ចាំ​មើល​ថា តើ​ជា​អ្នក​ណា និង​ក្លាយ​ជា​តំណាង​គណបក្ស​ទាំង​ពីរ​ក្នុង​នាម​ជាសមាជិក គ.ជ.ប? និង​តើ​អ្នក​ណា​ដែល​នឹង​ត្រូវ​ជ្រើស​រើស​ជាសមាជិកទី៩ នៃ គ.ជ.ប ថ្មីនេះ? ដើម្បី​ធ្វើ​ការងារ​បោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ដែល​គេ​រំពឹងថា និង​ទទួល​បាន​ការពេញ​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​បន្ទាប់ពី គ.ជ.ប ថ្មី​ត្រូវ​បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ នៅក្នុង​អាណត្តិទី៥នេះ។
យោង​តាម​លិខិតរបស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលចុះហត្ថលេខា ដោយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥ ផ្ញើរ​ជូន​សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គឺ​សមាស​ភាព ៤រូប ដែល​ស្នើ​ឡើង​ដើម្បី​ឲ្យរដ្ឋសភា​បោះឆ្នោត​អនុម័តនោះ រួម​មាន ៖ ទី១. លោក ស៊ិក ប៊ុនហុក (ប្រធាន), ទី២. លោក មាន សទិ (សមាជិក) ទី៣. លោក ឌុច សុន (សមាជិក)  និងទី៤. លោក ឯម សូផាត (សមាជិក)។
ដោយឡែក យោង​តាម​លិខិត​របស់ គណបក្ស​សង្រ្គោះ​ជាតិ ដែល​ចុះហត្ថ​លេខា ដោយ ឯកឧត្តម សម រង្ស៊ី ផ្ញើរ​ជូន​សម្តេច​ពញាចក្រី ហេង សំរិន នៅថ្ងៃនេះដែរ គឺសមាសភាព ៤រូប ដែលស្នើរួម​មាន៖ ទី១. លោក គួយ ប៊ុនរឿន ទី២.  លោក រ៉ុង ឈុន ទី៣. លោក ហ៊ីង ធីឫទ្ធិ និងទី៤. លោក​ស្រី តែ ម៉ានីរ៉ុង។
ជា​មួយ​គ្នា​នេះ លិខិត​រួម​របស់​គណបក្សទាំង​ពីរ ដែល​ចុះហត្ថ​លេខា ដោយ សម្តេចតេជោ ហ៊ុន សែន និងឯក​ឧត្តម សម រង្ស៊ី ចេញ​ផ្សាយ​នៅថ្ងៃ​នេះ ផ្ញើរ​ជូន​សម្តេច​ពញាចក្រី ហេង សំរិន គឺគណបក្សទាំង​ពីរ បាន​ព្រម​ព្រៀង​គ្នា ជ្រើស​តាំង​លោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប ផងដែរ៕

 អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment