Monday, March 30, 2015

មរណ​ភាព​របស់ ​លោក​ ប៉ែន​ សមិទ្ធិ ​ត្រូវបាន​ចាត់​ទុកថា​ គឺជាកា​របាត់​បង់ធន​ធាន​មនុស្ស​ដ៏ធំ​ធេង​មួយក្នុង​វិស័យ​សារព័ត៌មាន

លោក ប៉ែន សមិទ្ធិ គឺជា​អ្នកកាសែត​ជើងចាស់ របស់​កម្ពុជា​មួយរូប ហើយបច្ចុប្បន្ន​លោក​ជា ប្រធាន​ក្លឹបអ្នក​កាសែត​កម្ពុជា និងជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា។ លោក ប៉ែន សមិទ្ធិ បានទទួលមរណភាព​ដោយ​រោគាពាធ នាព្រឹកថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរ​ពេទ្យ​ឯកជន​មួយ ក្នុងជន្មាយុ ៥៧ឆ្នាំ។

លោក ប៉ែន សមិទ្ធិ ត្រូវ​បាន​គេដឹង​ថា ជាអ្នក​សែត​មួយ​រូប ដែល​មាន​កេរ្តិ៍ឈ្មោះល្បី​នៅកម្ពុជា មាន​បទពិសោធន៍ និងមាន​ចំនេះ​ដឹងជ្រៅ​ជ្រះក្នុង​វិស័យ​សារព័ត៌​មាន ដោយសារ​លោក​បានប្រឡូក​អាជីព​ជាអ្នក​ព័ត៌មាន​តាំងពី​ទសវត្សរ៍​ឆ្នាំ៨០មក​ ម្លេះ។
ក្រៅពី​បានជួយ​ឲ្យកា​សែត​រស្មីកម្ពុជា មាន​ភាពលេច​ធ្លោរ​នៅកម្ពុជា​ហើយ​នោះ លោក ប៉ែន សមិទ្ធិ ក៏បាន​បង្កើត​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅឆ្នាំ២០០០ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិ​របស់​អ្នក​សារព័ត៌​មាន ហើយ​បន្ថែម​លើនេះ លោក ប៉ែន សមិទ្ធិ ​ជាប្រធាន​ក្រុមហ៊ុន PEN Group និង​ជាអ្នក​គ្រប់​គ្រង​គេហ​ទំព័រ CEN ដ៏មាន​ប្រជាប្រិយ។

បើ​តាម​ប្រសាសន៍​របស់ លោក ប៉ែន ប៉ូណា សមា​ជិកគណៈកម្មាធិការ​នាយក​របស់​ក្លឹបអ្នកកាសែត​កម្ពុជា និងជា​ប្រធាន​ស្តីទីក្លឹប​អ្នកកា​សែត​កម្ពុជា នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៥ នេះ លោក ប៉ែន បូណា បាន​សម្តែង​អារម្មណ៍​សោកស្តាយ និងបាន​ហៅមរភាព​របស់​លោក ប៉ែន សមិទ្ធិ គឺជា​ការបាត់​បង់ធនធាន​មនុស្ស មួយដ៏​ធំធេង​សម្រាប់​វិស័យ​ព័ត៌​មាននៅ​កម្ពុជា។

ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​លោក ​ប៉ែន ​សមិទ្ធិ ក្លឹប​អ្នកកា​សែត​កម្ពុជា បានចេញនូវ​ដំណឹង​មរណ​ទុក្ខ មួយ​នៅថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ២០១៥នេះ។ នៅក្នុង​ដំណឹង​មរណ​ទុក្ខនោះ ក៏បាន​លើក​ឡើង​ផង​ដែរ អំពី​ប្រវត្តិស្នា​ដៃការងារ​ក្នុងវិស័យ​ព័ត៌​មាន​របស់​លោក រួមទាំងបាន​អំពាវនាវ​ដល់សមាជិក​សមា​ជិកា ក្លឹបអ្នកកា​សែត​កម្ពុជា និងអ្នកសារ​ព័ត៌​មាន​ទាំងអស់ ចូល​រួម​ក្នុង​ពិធីបុណ្យសព​របស់​លោក ប៉ែន សមិទ្ធិ​ឲ្យបាន​គ្រប់ៗគ្នា។

គួរបញ្ជាក់​ថា សព​របស់​លោក ប៉ែន សមិទ្ធិ នឹង​ត្រូវតម្កល់​ធ្វើបុណ្យ​តាមប្រពៃ​ណី នៅគេហ​ដ្ឋានរបស់លោក​ ផ្ទះលេខ១ ផ្លូវ១៤៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការ​មន រាជ​ធានី​ភ្នំពេញ៕


អត្ថបទ៖ ច័ន្ទ ទេវី


No comments:

Post a Comment