Monday, March 30, 2015

បទវិចារណកថា ដោយ៖ លី គាំ, តើជាល្បិច​របស់​គណបក្ស​ប្រឆាំង​ដើម្បី​បង្វែរ​សភាព​ការណ៍ឬ?

តាមរយៈ​​​​លិខិតដែលមាន«ឡូហ្គោរ»(Logo) គណបក្សសម រង្ស៊ី រួមទាំងរបាយការណ៍គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសម រង្ស៊ី ស្តីអំពីការខ្វែងគំនិតគ្នារវាងប្រធានថ្មី គឺលោក គង់គាំ និងអតីតប្រធាន គឺ លោក សម រង្ស៊ី ​​ហាក់បីដូចជាបានបង្ហាញថា ថ្នាក់ដឹកនាំរបស់​​គណបក្សសម រង្ស៊ី មានការបែក​បាក់ផ្ទៃក្នុង ឬមានការថ្នាំងថ្នាក់ជាមួយ លោក សម រង្ស៊ី  ដែលមិនប្រកាន់នូវពាក្យសច្ចៈ និយាយបាតដៃជាខ្នងដៃ ក្នុងការប្តូរសមាសភាពពាក់កណ្តាលអាណត្តិ នៃសមាជិកព្រឹទ្ធសភារបស់​ក្រុមខ្លួន។
បើអ្នកនៅខាងក្រៅមើលទៅឃើញថា ក្រុមអ្នកដឹកនាំបក្សប្រឆាំងកំពុងតែមានការប្រទាញប្រទង់គ្នាកាន់តែច្រើនទៅៗ ពីបញ្ហាមួយទៅបញ្ហាមួយ ក្នុងនោះមានរឿង លោកស្រី ឡាក់ សុ​ភាព ជាមួយ លោក កឹម សុខា រឿងលោក កឹម សុខា ជាមួយ លោក សម រង្ស៊ី។ល។ ឥឡូវលេចរឿងលោក គង់ គាំ ជាមួយ លោក សម រង្ស៊ី ទៀត។
ប៉ុន្តែមានមតិមួយក្រុមទៀត ជាក្រុមអ្នកវិភាគតាមតុកាហ្វេ គេនិ​យាយ​ថា «ជារឿង​​នយោ​បាយ» ព្រោះ​​ថា ​​បច្ចុប្បន្នអ្នកណាក៏ដឹងដែរថា លោក ហ៊ុន សែន កំពុងតែតាមយ៉ាងស្អិតលើករណី លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ លើករណីប៉ុនប៉ង​ «ធ្វើរដ្ឋប្រហារ» ទម្លាក់នាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលស្របច្បាប់ តាមការ​ប្រ​មូលផ្តុំមនុស្សធ្វើបាតុកម្ម និងនៅពីក្រោយចលនាកុប្បកម្ម ដែលប្រើប្រាស់ឧបករណ៍អាចសំលាប់ ជីវិតមនុស្សបាន នៅផ្លូវវេង​ស្រេង ដើម្បី​តទល់នឹងក្រុមសមត្ថកិច្ច កាលពីខែមករា ដើមឆ្នាំ២០១៤ កន្លងទៅ។
ទោះជាការចោទប្រកាន់នេះ ត្រូវបាន លោក កឹម សុខា ឆ្លើយបកវិញយ៉ាងហី ថាខ្លួនគ្មានបំណងយ៉ាងនេះទេ ដែល​ផ្ទុយស្រឡះពីអ្វីដែលខ្លួនបាន «សារភាព​​» នៅចំពោះមុខការប្រមូលផ្តុំអាណិកជនខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលបាននិយាយកោកៗថា «ខ្ញុំសូមទោស​បងប្អូន ដែលពួកយើងត្រូវបរាជ័យក្នុងការផ្តួលរំលំ លោក ហ៊ុន សែន ​​និងគណបក្សប្រជា​ជន​កម្ពុជា» តើភាសានេះមិនប្រៀបបានទៅនឹងការសារភាពជាផ្លូវការទៅនឹងអ្នកស្តាប់រាប់រយ​នាក់ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមដូចជា(Facebook) និងវិទ្យុអាស៊ី​​សេរី ជាដើម ទេឬអ្វី?    
តើ​លោក​ កឹម​ សុ​ខា ដឹង​ថារឿងនេះវា​ធ្ងន់ធ្ងរ គឺ​ជាចលនាតស៊ូមួយ​ បាន​ផ្ទុះ​ឡើង​តាមរយៈការប្រមូលផ្តុំមនុស្សរាប់ម៉ឺននាក់ ស្ទើរតែរៀងរាល់ថ្ងៃ អស់​រយៈពេលជិតមួយឆ្នាំ រហូត​​ដល់​មានការចរចាគ្នារវាងគណបក្សទាំងពីរ  នាថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ ដើម្បីព្រមព្រៀងគ្នាបញ្ចប់​ចលនានេះ។ កិច្ច​ព្រមព្រៀងនេះ​បាន​ធ្វើ​ឲ្យពលរដ្ឋទូទាំងប្រទេសមានក្តីសង្ឃឹមថា ​ចលនាប្រ​ទាញ​​ប្រទង់គ្នា ​រវាងក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល​​ត្រូវបានបញ្ចប់ដោយសន្តិវិធី។  ​ប៉ុន្តែ​អ្វី​ដែល​គេ​នៅ​តែ​ឆ្ងល់នោះគឺ​ថា ហេតុអ្វីក៏ លោក កឹម សុខា ​​​​នៅតែមិនអស់ចិត្ត មិនអស់ថ្លើម លើក​ក​កាយ​រឿងនេះឡើងវិញ? តើនេះក៏ដោយសារមច្ឆិហតាដ៏ធំធេងរបស់ខ្លួនទេឬអ្វី?
តើចលនាក្នុងជួរបក្សប្រឆាំងដែលគេឃើញថា ខិតខំបង្វែរករណី លោក កឹម សុខា ឲ្យទៅជាគេមើលឃើញការបែក​បាក់​ផ្ទៃក្នុងឡើងទៀត រវាង​លោក​ គង់​ គាំ ជា​មួយ​ លោក​សម​ រង្ស៊ី គេគិតថា ជា​ឆាក​ល្ខោនដ៏កំប៉ិចកំប៉ុកទៅ​វិញ​ទេ។ ឆាកនេះមិន​អាចបង្វែរ​​ភ្នែក​សាធារណៈឲ្យបំភ្លេច​រឿង លោក កឹម សុខា ​​បានឡើយ។
ដល់គិតយូរៗទៅ លោក កឹម សុខា បែបភ័យខ្លួន  ប្តូរកម្មវិធីវិលត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ ពី​ថ្ងៃ​ទី២៤ មក​ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៥​ វិញ ដើម្បីឆ្លៀតយកឱកាសជិះយន្តហោះទៅអង្វករ លោក ប្រធាន លោក សម រង្ស៊ី របស់ខ្លួន នៅប្រទេសបារាំង ​​ដើម្បីសុំឲ្យទៅចរចាជាមួយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបន្ធូរដៃរឿងនេះ ឬក៏អាច​ឈាន​ដល់​បំភ្លេច​រឿង​នេះចោល។
លោក កឹម សុខា គិតបែបនេះដូជាមើលស្រាលរឿង​រ៉ាវ​ពេក គឺ​ករណី​ច្បាប់ ឬនិតិរដ្ឋនៃប្រទេសមួយ ​«មហិច្ឆិតាផ្តួលរំលំរដ្ឋាភិបាល »   គិតថាមេដឹកនាំមួយរូប គឺ លោក ហ៊ុនសែន ដែលជានិច្ចជា​កាល ​​ត្រូវក្រុមប្រឆាំងមានគំនិតចង់ផ្តួលរំលំ សុខចិត្តដេកធ្វើព្រងើយឲ្យផែនការពួកគេបាន​សម្រេច ឬយ៉ាងណា?

ជាសរុប អ្វីដែលយើងបានលើកឡើងពីដំបូង ការវែកញែកវិភាគតាមតុកាហ្វេ ពីរឿងការ​​បង្វែរទិស រឿងធំឲ្យទៅរករឿងកុំប៉ិចកុំប៉ុក ដូចជាស្ថិត​នៅ​លើ​គោក​មែន! សូម​រង​ចាំ​មើល​ត​ទៅ​ទៀត។

No comments:

Post a Comment