Wednesday, March 11, 2015

អគ្គិសនីកម្ពុជា បំភ្លឺចំពោះការចុះផ្សាយខុសពីការពិត របស់កាសែតភ្នំពេញបុស្តិ៍ រឿងគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង

យោងតាម​សេចក្តី​ប្រកាសព័ត៌​មាន​ របស់​អគ្គិសនី​កម្ពុជា​ចុះថ្ងៃទី១១​ ខែមីនា ​ឆ្នាំ២០១៥​ អគ្គិសនី​កម្ពុជា ​បាន​ធ្វើការ​បដិសេធ​ ចំពោះការ​ចុះផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នៅថ្ងៃ​ទី១១​ ខែមីនា​ ឆ្នាំ២០១៥​ ដែល​បាន​សរសេរ​ថា ​" Derailed dam angers EdC boss " ក្នុងន័យថា​ ក្រុមអ្នក​រស់នៅ​ទីនោះ​ខឹងសម្បា​ និង​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ដែល​អគ្គិសនីកម្ពុជា​ចាត់​ទុកថា នេះ​មិនមែន​ជា​លើកទី​មួយទេ ​ដែល​កាសែត​នេះ​បាន​ចុះផ្សាយ​ខុស​ពីការពិត​។ អគ្គនា​យក​អគ្គិសនី​កម្ពុជា​ មិន​ដែលបាន​ចុះទៅ​ជួប​កងទ័ព​នៅខេត្ត​ព្រះវិហារ​ ដូច​ជា​ការចុះ​ផ្សាយ​នោះឡើយ​ ហើយ​ការ​ចុះផ្សាយ​ថា​ គម្រោង​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ មាន​ផែនការ​ដាក់ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០១៧​នោះ ​ក៏កាន់​តែ​គ្មានមូល​ដ្ឋាន​ទាល់​តែសោះ​។ ​នេះជា​ការប្រឌិតទាំងស្រុង​របស់​កាសែត​ភ្នំពេញ​បុស្តិ៍។
សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​លើក​ឡើងថា ​គម្រោង​ដែល​រាជរដ្ឋា​ភិបាល​បាន​ផ្អាក​នេះ​ មិនទាន់​ទាំង​បាន​បញ្ចប់​ការ​សិក្សា​នោះ​ផងទេ ​ហេតុអ្វី​ក៏​មាន​មូលដ្ឋាន​ផលិត​អគ្គិសនី​បាន​នៅ​ឆ្នាំ២០១៧​? ​ម្យ៉ាង​វិញ​ទៀត​អគ្គិសនី​កម្ពុជា​បាន​ដក​ការគិត​គូរ​ពី​គម្រោង​នេះ​ ១០០%​ បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​ស្តីពី​ការ​ផ្អាក​ការ​សិក្សា​គម្រោង​នោះ​រួច​ទៅ​ហើយ​។ លើស​ពីនេះ​ទៀត​ កាសែត​នេះ​អះអាង​ថា​ " អគ្គ​នាយក​អគ្គសនី​កម្ពុជា ​និយាយថា ​ការពន្យា​ពេល​អនុវត្ត​គម្រោង​ខាងលើ ​នឹង​ធ្វើ​ឲ្យ​អគ្គិសនី​កម្ពុជា​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​ផែនការ​បញ្ចុះថ្លៃ​អគ្គិសនី​មុន​ឆ្នាំ​២០២០ ​" ។ នេះ​ជាការ​អះអាង​គ្មាន​មូលដ្ឋាន​មួយទៀត​ ដោយ​ហេតុ​ថា​ ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​ពី​ឆ្នាំ២០១៦​ ដល់​ឆ្នាំ​២០២០​ គ្មាន​ពាក់ព័ន្ធ​ជា​មួយ​ការ​អភិវឌ្ឍន៍​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ឡើយ​ ព្រោះ​ផែន​ការ​ក្នុង​វិស័យ​ថាមពល ​គ្មាន​គិត​ពីគម្រោង​នេះមុន​ឆ្នាំ២០២០​ទាល់​តែ​សោះ។
អគ្គិសនី​កម្ពុជា​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ចុះផ្សាយ​គ្មាន​មូលដ្ឋាន​របស់​កាសែត​ភ្នំពេញ​បុស្តិ៍ ​គ្រាន់​តែ​អាច​បង្ហាញ​ថា​ កាសែត​នេះ​គ្មាន​លក្ខណៈ​អាជីព​ និង​ខ្វះការ​ទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ​។ ដែល​ការ​នេះ​ជាការ​សោកស្តាយ​ដ៏​ធំ​បំផុត​របស់​អគ្គិសនី​កម្ពុជា៕
 អត្ថបទ៖ ច័ន្ទ ទេវី 

No comments:

Post a Comment