ឯកឧត្តម តាកេហ៊ីកូ ណាកាអូ (Takehiko Nakao) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពផ្លាស់ប្តូររបស់កម្ពុជានៅក្នុង រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ឯកឧត្តមតា កេហ៊ីកូ ណាកាអូ (Takehiko Nakao) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍ថា ឯកឧត្តមធ្លាប់មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០០១ ហើយនៅពេលនេះ ឯកឧត្តមបានឃើញពីការផ្លាស់ប្តូរយ៉ាងច្រើន។ ការផ្លាស់ប្តូរនោះ គឺពោរពេញទៅដោយការវិវត្តដ៏គួរឱ្យកត់សម្គាល់បំផុត ពោលគឺកម្ពុជាមានកំណើនសេដ្ឋកិច្ច កម្ពុជាមានស្ថិរភាពនយោបាយ គ្រប់គ្រងអតិផរណាបានល្អ កាត់បន្ថយភាពក្រីក្រពីប្រមាណ៤៥% មកត្រឹមប្រមាណ ១៩% មានប្រព័ន្ធអប់រំល្អ និងមានបរិយាកាសវិនិយោគល្អជាដើម។
ឯកឧត្តមប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមមានទស្សនៈវិជ្ជមានចំពោះកម្ពុជា កម្ពុជាគឺជាសង្គមមួយដ៏សមរម្យ។ ឯកឧត្តម តាកេហ៊ីកូ ណាកាអូ (Takehiko Nakao) មានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានមោទនភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយកម្ពុជា និងបានផ្តល់នូវសេចក្តីសង្ឃឹមថា នឹងបន្តធ្វើការជាមួយកម្ពុជា នៅលើវិស័យផ្សេងៗទៀត រួមទាំងវិស័យកំណែទម្រង់សាធារណៈ អភិវឌ្ឍន៍ជនបទ និងសមាហរណកម្មតំបន់ជាដើម។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណ ចំពោះការវាយតម្លៃរបស់ ADB ចំពោះ វឌ្ឍនភាពដែលកម្ពុជាសម្រេចបាន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជាការពិតណាស់ចាប់តាំងពីឆ្នាំ២០០១មក កម្ពុជាមានការផ្លាស់ប្តូរយ៉ាងច្រើន ពោលគឺកាលពីឆ្នាំ២០០១ ភាពក្រីក្រមានប្រមាណ៥០% ប៉ុន្តែរហូតមកដល់ពេលនេះ ភាពក្រីក្រត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់បំផុត។ សម្តេចតេជោមានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពដែលកម្ពុជាសម្រេចបាននេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីជំនួយ និងភាពជាដៃគូជាមួយ និង ADB បានឡើយ។
សម្តេច តេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងពីគោលដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ក្នុងការប្រកាសដាក់ចេញ នោះគឺជំរុញកំណើនសេដ្ឋកិច្ចឱ្យបាន៧% សម្រាប់រយៈពេលវែង និងរយៈពេលខ្លី ពិសេសកាត់បន្ថយភាពក្រីក្រឱ្យបាន ១%ក្នុង១ឆ្នាំ និងរក្សាអតិផរណាឱ្យបានក្រោម៥%៕
No comments:
Post a Comment