Tuesday, January 06, 2015

បទអត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់ តើត្រូវចងចំា​ ឬត្រូវបំភ្លេច​វិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋជាងពីរលាននាក់?

  ថ្ងៃ៧​មករា​​ គឺ​ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងប្រវត្ដិសាស្រ្ដ​កម្ពុជា​​ នៃកាល​បរិច្ឆេទរំដោះ​ប្រជាជនកម្ពុជាឲ្យរួចពីរបប​​ប្រល័យពូជសាសន៍ ដែលបាន​​បង្កទ្បើង​ដោយ​ពួកពេជ្ឈឃាត​ប៉ុល​ ពត​​ គឺត្រឹម​រយៈ​ពេលជាងបី​ឆ្នាំ​ប៉ុណ្ណោះ​ អាយុជីវិតប្រជាជនខ្មែរ​ជាង​២​លាននាក់​ និង​សមិទ្ធ​ផល​​​ជាតិ​​ត្រូវ​បានកាប់សម្លាប់ ត្រូវបាន​កំទេច​ចោល​យ៉ាង​​ព្រៃផ្សែបំផុត ។​ បើហេតុ​នេះ​​ តើ​គេ​អាច​​​​កសាង​អនាគត​​ដ៏​ល្អប្រសើរ​របស់ប្រទេស​មួយ​បាន​ទេ​ បើ​គេពុំរំលឹក​ដល់មេរៀន​ប្រវត្ដិ​សាស្រ្ដ​នោះ?​​ គេតែង​និយាយ​ថា​​​​​ ​«អ្នកណាដែល​បំភ្លេច​មេរៀន​ប្រវត្ដិ​សាស្រ្ដ​ នឹង​ត្រូវ​ផ្ដន្ទា​ឲ្យ​រស់​នៅ​ក្នុង​ប្រវត្ដិ​សាស្រ្ដ​ដដែល​ទ្បើង​វិញ​» ។
          ជា​ទូទៅ ប្រទេស​នីមួយៗ​ ប្រជាជាតិ​នីមួយ​ៗ អ្នក​ប្រ​វត្តិ​សាស្ត្រគេ​តែងកត់ត្រា​នូវ​ការអាប់ឱន​និង​ភាព​រុង​រឿង​នៃ​ប្រវត្ដិ​រាប់​ពាន់ឆ្នាំ​របស់គេ​​ ដើម្បី​ជៀស​វាង​មិនឲ្យ​ការរស់​នៅ​ក្នុង​​ភាព​​​ឈឺចាប់ ​និង​លំបាក​វេទនា​មាន​ជី​វិត​រស់ទ្បើង​វិញ​។​ ជាភស្តុតាង​ កាលពីក្នុង​យុគ្គសម័យ​ដ៏ខ្មៅ​ងងឹតរបស់​កម្ពុជា​ ហើយ​​ដែល​ប្រជាជនខ្មែរ​នៅតែ​ដក់ជាប់​ក្នុង​សន្ដានចិត្ដ និងដក់ជាប់ក្នុង​អារម្មណ៍​​របស់យើង​​គ្រប់ៗ​គ្នា​នោះ គឺ​របបវាលពិឃាត ដែល​សង្គម​ជាតិ​ទំាងមូល​ត្រូវ ក្រទ្បាប់ចាក់​ លង់លិច​យ៉ាងជ្រៅ​ក្នុង​អន្លង់​ជ្រោះ​មហន្ដរាយ​ប្រល័យ​ពូជសាសន៍​ ដែល​ជា​សម័យ​កាល​ដ៏សោក​សៅ​ នឹង​ខ្មៅងងឹត​បំផុត​ក្នុង​ប្រវត្ដិ​ប្រទេសកម្ពុជា។​​
តាម​កាលវិភាគ នៃ​​​អង្គសន្និបាត​នា​ថ្ងៃ២០ ខែ​ឧសភា ឆ្នំា​១៩៧៥​ របស់​ពួកខ្មែរ​ក្រ​ហម ក្នុង​ការ​ដាក់ចេញ​គោល​ការណ៍​ ៨​ចំណុច ​ក្នុង​នោះ​រួម​មាន​​ ការបណ្ដេ​ញ​ប្រជាជន​ចេញពីភ្នំ​ពេញ​ និង​ទីប្រជុំជន​​ខេត្ដ​នានា​ បោស​​​សំអាត​ពួក​ជាប់​​និន្នា​ការ​​សក្ដិភូមិ និង​របបលន់​នល់ ប្រកាស​បិទផ្សា​រ​លុបបំបាត់ប្រាក់កាស​ បិទសាលា​រៀន​ បំបិទ​ជំនឿ​សាសនា​ ចាត់​តាំ​ង​សហករហូប​បាយ​រួម បណ្ដោញ​អាណិក​ជន​វៀតណាម​ទៅមាតុប្រទេសវិញ​ និងប្រមូល​ផ្ដុំ​កងទ័ព​​​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ គឺ​ជាការ​អនុវត្ដ​គោល​ការណ៍​ប្រល័យ​ពូជសាសន៍។ ​​
​​          រយៈកាល​៣ឆ្នាំ៨ខែ និង​២០​ថ្ងៃ​ មាតុភូមិ​អង្គរ​​បានក្លាយ​​ជាគុត​ឥតជញ្ជាំង​យ៉ាងធំធេង​ តំាង​ពី​ទីក្រុង​ រហូត​ដល់ជនបទ​ដាច់ស្រយាល​​ នៅតាម​វាលរាប​ ក៏ដូច​តំបន់​ព្រៃ​ភ្នំ​ តំាងពីដងស្ទឹង​ ទន្លេ រហូតដល់សមុទ្រ​ និងកោះដាច់ស្រយាល។​​​ ទីណា​ក៏ដូច​ទី​ណា​ ឃើញ​តែ​ឧក្រិដ្ឋ​កម្ម​ សោកនាកម្ម​ និងវិនាសកម្ម​។ ក្នុងចំណោម​​ប្រជាជន​កម្ពុជា​ម្នាក់ៗ​ និងគ្រប់​គ្រួសារខ្មែរ​ទាំង​អស់​​​ គ្មាន​នរ​ណាម្នាក់​​ ឬ​គ្រួសារ​ណា​មួយ​ដែលមាន​ឪពុក​ម្ដាយ​​ ប្ដីប្រពន្ធ​ កូនចៅ​ សាច់ញាតិ​ មិត្ដ​ភក្ដិ​របស់ខ្លួន​ បាន​ជៀស​ផុត​ពីការ​កាប់សម្លាប់​យ៉ាងព្រៃ​ផ្សៃ​​នេះ​បាន​ទេ​។​ នេះ​ហើយ​ ​​ជារយៈ​ពេល​មួយ​ដ៏ព្រឺព្រួច​ ដែលយើង​រាល់​​គ្នា​ស្គាល់​តែ​​ការ​ឈឺចាប់​ ស្គាល់តែទុក្ខ​វេទនា​ខ្លោច​ផ្សា​ និងស្គាល់តែឈាម​​ និង​ទឹក​ភ្នែក។​
          អារ្យធម៌សង្គម​កម្ពុជា​ ដែល​ធ្លាប់​ជាសង្គមមួយ​​ដែល​មាន​អា​រិយធម៌​យ៉ាង​ឧត្តុង្គ​ឧត្តម​ ត្រូវ​បាន​បំផ្លាញ​រហូតដល់ឬស​គល់​ដោយ​សាររបបខ្មៅងងឹត​។ ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​ដែល​ជា​​ខឿន​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សង្គមកិច្ច​​ វប្បធម៌ វត្ដអារាម​ ។ល។ ត្រូវ​រលាយ​សាបសូន្យ។ ​ស្រុក​ ឃុំ ភូមិ ទូទំាងប្រទេស​ ត្រូវប្រែក្លាយ​ទៅ​ជាជំរុំឃុំឃាំង​។​ ប្រជាជន​រាប់​លាននាក់ ​ត្រូវបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដ៏​ធ្ងន់ធ្ងរ ទាំង​ថ្ងៃទាំងយប់​ អត់​អាហារ​ ខ្វះសម្លៀក​បំពាក់​ ខ្វះថ្នាំសង្កូវ​ ព្រាត់ប្រាស់​ពីក្រុម​គ្រួសារ​​បងប្អូន កូន​ចៅ​រស់​ដូច​សត្វ​ធាតុ​​ ក្រៀម​ក្រំភិត​ភ័យ​​គ្មាន​ទី​សង្ឃឹម។ ទឹកដី​ទំាងមូលស្ទើរតែ​​ជោគ​ជាំ​ទៅ​ដោយ​ឈាម និង​ទឹក​ភ្នែក​ ក្រាល​ទៅដោយ​ឆ្អឹង​ និងគំនរ​ផេះ។ យើង​យល់​ថា​​ ទំហំ​ និង​ទម្ងន់នៃ​បទឧក្រិដ្ឋ​នេះធំធេង​ណាស់ ដែល​ពិ​ភព​លោក​ទាំង​មូល​ គេ​ទទួល​មិន​បាន​។​​
ចំពោះ​មុខ​សភាព​ការណ៍​ដ៏​រន្ធត់​បែប​នេះ​ ប្រជាជន​​ខ្មែរ​គ្រប់​​​រូបនាពេល​នោះ​ បាន​​នឹក​បន់​ស្រន់​អំពាវនាវ​ ដង្ហោយ​ហៅ​​ សុំ​ឲ្យ​អ្នក​មាន​បុណ្យ​ អ្នក​មាន​មហិទ្ធិ​ឫទ្ធិ​ ពូ​កែ​សក្ដិ​សិទ្ធិ​ណា​មួយរូប​​ អាច​មក​ជួយ​រំដោះ​អាយុ​ជីវិត​ពួក​គេ​ ឲ្យ​បាន​រួចផុត​ពី​ក្រញុំាបី​សាចនេះ​​។ 
          ការ​ទទួល​បាន​នូវ​​ជ័យ​ជំនះ នា​ថ្ងៃ​៧ មករា​ ១៩៧៩ ​​សម្រាប់​​​កម្ពុជា​ ​គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្ដិ​សាស្រ្ដ​​​ថ្មី​​គឺ​ជា​ការរស់​ទ្បើងវិញទាំង​ជីវិត​​ ទាំង​គ្រប់វិស័យ ដែល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងទទួល​បាន​នូវ​​​ក្លិន​ពិដោរ​​ដ៏​ឈ្ងុយ​ឈ្ងប់​ មាន​ឈ្មោះ​បោះ​សម្លេង​គ្រប់ទិសទី​ ទាំ​ង​នៅ​ក្នុង​តំ​បន់ និងលើ​ឆាក​អន្ដរ​ជាតិ។  ជាក់​ស្ដែង ការ​ទទួល​បាន​នូវជោគ​ជ័យនៃ​​សាលាក្ដី​ខ្មែរ​ក្រហម​ ដឹកនំា​ រួមដោយ​អង្គការ​សហប្រជា​ជាតិ​ និង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្រោមការ​ឧបត្ថម្ភ​របស់​​ប្រ​ទេស​ជាច្រើ​ន​ដែល​ស្រ​ទ្បាញ់​សន្ដិ​ភាព​ និង​យុត្ដិធម៌​ ដែល​បាន​ធ្វើ​ការកាត់ក្ដី​មេដឹក​នំា​កំពូល​ៗរបស់​ខ្មែរ​ក្រហម​ ហើយ​​មតិ​​អន្ដរជាតិ​​គេ​យល់ថា​ ជា​ការ​​ផ្ដល់​យុត្ដិ​ធម៌​ដល់​ជន​រង​គ្រោះ​ជាង​២លាននាក់​ និង​រាប់​លាន​នាក់​ទៀត ដែល​បច្ចុប្បន្ន​កំពុងនៅ​មាន​ស្លាក​ស្នាម​នៃ​ការ​​ឈឺ​ចាប់​ និង​ការ​​ព្រាត់ប្រាស់​ក្រុមគ្រួសារ​របស់​ពួក​គេ។
          ជា​ការ​ពិត​ណាស់ យើងក៏​យល់​ដែរថា ​អ្នក​ដែលបាន​រស់រានមានជីវិតរួច​ផុត​​ពីការ​​ស្លាប់​​ក្នុង​របប​​ខ្មែរ​ក្រ​ហម តែងតែមានអារម្មណ៍ ​មាន​កំហឹង ការ​មិន​ទុក​ចិត្ត​គ្នា ​​ ​ពិសេសក្នុង​ចំណោម​​អ្នក​នយោ​បាយ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្នុងបរិការនេះ យើង​សូម​ឧទ្ធិស​ថ្ងៃ​៧មករានេះ​ ជា​ថ្ងៃដែល​​​​​​​​​យើង​​មិនត្រូវ​បំភ្លេច​នូវប្រវត្ដិ​សាស្រ្ដ​ដ៏​​ឈឺ​ចាប់​ ជា​ថ្ងៃដែល​យើង​ត្រូវរំ​លឹក​នូវ​ការ​ប្រល័យ​ពូជសាសន៍ខ្មែរដោយ​ខ្មែរ​គ្នា​ឯង​​ ​ ជា​ថ្ងៃ​ដែល​ខ្មែរ​គ្រប់​រូប​ត្រូវ​មាន​បេះ​ដូង​​ទទួល​ស្គាល់​នូវ​គុណ​ធម៌​ មិន​ត្រូវ​បំភ្លេច​អ្នក​​​​​​​​ដែល​មាន​គុណ​លើ​ខ្លួន ​ពេល​ដែល​ខ្លួន​ និងឪពុក​ម្ដាយ​ខ្លួន​ បាន​រួច​ផុត​ពី​ជ្រោះ​មរណៈ​​ ​ហើយ​ដែល​បច្ចុប្បន្ន​យើងទំាងអស់​គ្នាកំពុងរស់នៅ​ក្នុង​ប្រ​ទេស​មួយ និង​សង្គម​មួយដែល​កំ​ពុង​ស្ថិត​ក្នុងទី​​​សុខសាន្ដ​នោះ​ទ្បើយ​។

No comments:

Post a Comment