Tuesday, January 06, 2015

វិចារណកថា​ ដោយ​៖ ពង្ស សុក្រឹត្យ ទិវា​ជ័យជំ​នះ​ ៧ មករា ថិត​នៅ​ជាអមតៈ​

ថ្វីត្បិត​តែ​ មហាជ័យ​ជំនះ​ ៧ មករា​ បាន​ឈាន​មក​ដល់​ខួប​លើក​ទី​៣៦​ឆ្នាំ​ សម្រាប់​ឆ្នាំ​២០១៥​នេះ​ក្តី​ ក៏​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ​ ថិត​នៅ​ដិត​ជាប់​ដួង​ចិត្ត​ប្រជាជន​កម្ពុជា​ជានិច្ច​ ​ ហើយ​​ព្រឹត្តិការណ៍​​នេះ​ហាក់​បី​ដូច​ជា​នៅ​ថ្មី​ៗ​​មិន​អាច​បំភ្លេច​បានឡើយ​។​
          ក្នុង​កាលៈទេសៈ​ ដែល​ប្រទេ​ស​ជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​គ្រោះ​មហន្តរាយ​នៃ​របបប្រល័យ​​ពូជសាសន៍ ប៉ុល ពត​ ពី​ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩​ គឺ​មាន​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជនកម្ពុជា​​ និង​​យុទ្ធមិត្ត​​ដ៏ស្មោះ​ត្រង់​របស់​បក្ស​ប៉ុណ្ណោះ​ ដែល​បាន​ក្រោក​ឈរ​ឡើង​ប្រយុទ្ធ​ប្រកប​ដោយ​វីរៈភាព​បំផុត​ ដើម្បី​​ផ្តួល​​រំលំ​របប​យង់​ឃ្នង​​នេះ​ឲ្យ​វិនាស​សាប​សូន្យ​ ហើយ​នាំ​មក​នូវ​ ឯករាជ្យ​ សេរីភាព​ សន្តិភាព​ និង​​ការ​រស់​ឡើង​វិញ​ដល់​ប្រជាជន​កម្ពុជា​​​​។​
          មហាជ័យ​ជំនះ​ ៧ មករា​ ១៩៧៩​ បាន​សង្គ្រោះ​ជាតិ​ឲ្យ​រស់​ឡើង​វិញ​ទាន់​ពេល​វេលា​ បាន​ដណ្តើម​ ​ម​ក​ជូនប្រជាពលរដ្ឋ​​​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ ជាពិសេស​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ​​ និង​បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។​ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តែ​ចងចាំ​ជានិច្ច​​ថា​ ថ្ងៃ​ ៧ មករា​ គឺ​ជាថ្ងៃ​កំណើត​ទី​២​ របស់​ខ្លួន​។​
រយះពេល​ ៣៦​ ឆ្នាំ​កន្លង​មក​នេះ​ ដោយ​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​ និង​ត្រូវ​រ៉ាប់​រង​នូវ​ផល​វិបាក​យ៉ាង​​ធ្ងន់​ធ្ងរ​ដោយ​សង្គ្រាម​ស៊ីវិល​ និង​របបប្រល័យ​ពូជសាសន៍​បាន​បន្សល់​ទុក​ ព្រម​ទាំង​ការ​ប្រឈម​   នឹ​ង​វិបត្តិ​សេដ្ឋ​កិច្ច​សកល​លោក​​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ខិត​ខំ​​ប្រឹង​ប្រែង​ជំនះ​នូវ​រាល់​ឧបសគ្គ​ ជ្រោង​ខ្ពស់​នូវ​ជំហរ​​​មហា​សាមគ្គីជាតិ​​​​​ បង្រួប​បង្រួម​ជាតិ​ ឆ្លង​កាត់​ពី​ដំណាក់​កាល​រីក​ចម្រើន​មួយ​ ទៅ​ដំណាក់​កាល​រីក​ចម្រើន​មួយ​ទៀត​ជាបន្ត​បន្ទាប់​ ឈាន​ទៅ​សម្រេច​បាន​​នូវ​ស្នាដៃ​ជាប្រវត្តិសាស្ត្រ​យ៉ាង​ច្រើន​ជូន​ជាតិ​ មាតុភូមិ​។​
រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​​ខិត​ខំ​ស្តារ​ កសាង​ និ​ង​​​អភិវឌ្ឍ​ប្រទេសពី​បាត​ដៃ​ទទេ​ រហូត​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ រួម​ទាំង​​​ដំណើរ​ការ​​ប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​កំណើន​ជារៀង​រាល់​ឆ្នាំ​ ការ​គោរព​សិទ្ធិមនុស្ស​ ជាពិសេស​ការ​ធានា​បាន​នូវ​ស្ថេរភាព​នយោបាយ​ សន្តិសុខ​ទូទាំង​ផ្ទៃ​ប្រទេស​ ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ និង​ការ​រស់​នៅ​ក្រោម​ដំបូល​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​ព្រះ​មហា​ក្សត្រ​គ្រង​រាជសម្បត្តិ​។​
ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តែ​ចង​ចាំ​យ៉ាង​ច្បាស់​ថា​ ៧ មករា​ គឺ​ជាថ្ងៃ​ដ៏​វិសេសវិសាល​មិន​អាច​បំភ្លេច​បាន​ឡើយ​​។​ គ្មាន​ថ្ងៃ​ ៧ មករា គឺ​គ្មាន​ជី​វិត​មក​ដល់​ពេល​នេះ​ គ្មាន​ថ្ងៃ​ ៧ មករា​ គឺ​គ្មាន​ការ​បង្រួប​បង្រួម​ជាតិ​ គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​បារីស​ ២៣ តុលា ១៩៩១​​​​ គ្មាន​គណបក្សនយោបាយ​ចូល​រួម​ការ​ប្រកួត​ប្រជែង​ គ្មាន​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ និង​គ្មាន​ការ​សម្តែង​មតិ​ដោយ​សេរី​ ដូច​បច្ចុប្បន្ន​ឡើយ​។​ មានន័យ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​មក​នូវ​ការ​លើក​កម្ពស់​តម្លៃ​សិទ្ធិមនុស្ស​ ផ្តល់​សិទ្ធិ​ពេញ​លេញ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកាន់​យក​នូវ​ជំនឿ​សាសនា​ ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​នយោ​បាយ​ ដោយ​​ផ្តល់​អំណាច​សម្រាប់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ តំណាង​របស់​ខ្លួន​ ដែល​​ប្រព្រឹត្តិ​ទៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ជាទៀង​ទាត់​។​​ ប្រជាពលរដ្ឋ​គ្រប់​រូប​ក៏​មាន​សិទ្ធិ​ដោយ​ផ្ទាល់​ និង​ដោយ​​ប្រយោល​ ក្នុង​ការ​ជ្រើស​រើសក្រុមប្រឹក្សា​ ឃុំ​សង្កាត់​ និង​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ខណ្ឌ​ ស្រុក​ ថែម​ទៀត។​ ជាង​នេះ​ទៀត​ ថ្ងៃ​ ៧ មករា​ បាន​ផ្តល់​ឱកាស​ដល់​ រាជរដ្ឋាភិបាល​​ក្នុង​ការ​ផ្តល់​សេរីភាព​​យ៉ាង​ទូលាយ​ដល់​សង្គម​ស៊ី​វិល​ប្រមាណ​ជាង​៣ពាន់​ បាន​ធ្វើ​សកម្មភាព​ យ៉ាង​សកម្ម​នៅក្នុង​សង្គម​។​ ប្រជាពលរដ្ឋ​​ក៏​ទទួល​បាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​ តាម​រយៈ​ វិទ្យុ ទូរទស្សន៍​ សារព័ត៌មាន​ និង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម( Face Book You Tube Google Twitter ...etc. ) ​តាម​បែប​ទំនើប​ទៀត​ផង​។​
បើ​គ្មាន​ថ្ងៃ​ ៧ មករា​ ក៏​គ្មាន​សមិទ្ធផ​ល​ដ៏ច្រើន​សន្ធឹក​សន្ធាប់ដូចជា​ ស្ពាន​ ថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ ។ល។​ នោះ​ដែរ។​​ ក្នុង​រយៈ​ពេល​ ៣៦ ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​ជីវភាព​​សម្បូរ​សប្បាយ​ មាន​ចំណី​អាហារ​ហូប​ចុក​​គ្រប់​គ្រាន់​ ទី​ជម្រក​សមរម្យ​ និង​ការ​ប្រកប​របរ​ទទួល​ទាន​តាម​បែប​ទី​ផ្សារ​សេរី​ ហើយ​​ជាពិសេស​​កម្ពុជា​​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​អាស៊ាន​ និង​សកល​លោក​​ ​ ដែល​ធ្វើ​ឲ្យ​កិត្យា​នុភាព​របស់​កម្ពុជា​ បាន​ឈាន​ដល់​ភាព​ស្មើ​មុខ​មាត់​គ្នា​ ទាំង​សេដ្ឋកិច្ច​ និង​នយោបាយ​ លើ​ឆាក​អន្តរជាតិ​​ និង​ក្នុង​តំបន់​។​ ជា​មួយ​គ្នា​នេះ កម្ពុជាក៏​​បាន​ចូល​ជា​សមា​ជិក​អង្គ​ការ​ពា​ណិជ្ជ​កម្ម​ពិភព​លោក និង​អង្គ​ការ​អន្តរ​ជាតិ​ផ្សេង​ៗ​​ទៀត និង​បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​បំ​ពេញ​បេ​សក​កម្ម​ថែ​រក្សា​សន្តិ​ភាព​នៅ​ប្រ​ទេស​មួយ​​ចំ​នួន​​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ ។ ​លើស​ពី​នេះ​ទៀត​​ អ្វី​ដែល​ជាមោទនៈភាព​បំផុត​ សម្រាប់​សង​គុណ​ដល់​ថ្ងៃ​ ៧ មករា​ គឺ​រាជ​រដ្ឋាភិបាល​កម្ពុជាក្រោម​ការ​​ដឹក​នាំ​​របស់​លោក ហ៊ុន សែន​​ បាន​​ធ្វើ​ឱ្យ​​សម្រេចបាន​​ការ​ចុះ​បញ្ជី​ប្រា​សាទ​អង្គរ​វត្ត ប្រា​សាទ​ព្រះ​វិ​ហារ និង​​សម្បត្តិ​​វប្ប​ធម៌​​អ​រូ​បិយ​នៃ​មនុស្ស​ជាតិ​មួយ​ចំ​នួន​ទៀត​ក្នុង​បញ្ជី​បេ​តិ​កភណ្ឌ​ពិ​ភព​លោក ហើយ​កម្ពុជា​​ក៏​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​កិច្ច​ប្រ​ជុំ​​គណៈ​កម្មា​ធិការ​បេ​តិក​ភណ្ឌ​ពិ​ភព​លោក​នៅ​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​​កម្ពុជា​​ធ្វើ​ជា​ប្រធាន​នៃ​គណៈ​កម្មា​ធិការ​នេះទៀត​ផង​។ កន្លង​ទៅ​​​​ថ្មី​ៗ​នេះ​ទៀត​ ការ​​បង្កើតបាន​​​នូវ​គណៈកម្មាធិការអន្តរជាតិ​ ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍ​ តំបន់​ប្រាសាទ​​ព្រះ​វិហារ​​​ គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់លើ​វិស័យ​វប្បធម៌​​​របស់​រាជរដ្ឋា​ភិបាល​។​
ជារួម​ បើ​ទោះ​បី​ជា​ទិវា​ថ្ងៃ​មហា​ជ័យ​ជំនះ​ ៧ មករា​ បាន​កន្លង​ផុត​ទៅ​រយះ​ពេល​ ៣៦ ឆ្នាំ​កន្លង​ទៅ​ហើយ​ក្តី​ ក៏​ប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន​​នៅ​ទូទាំង​ប្រទេស​ នៅ​តែ​ដឹង​គុណ​ជានិច្ច​ថា​​ ជាថ្ងៃ​កំណើត​ទី​២​របស់​​ខ្លួន​ និង​នៅ​តែ​ចងចាំ​ក្នុង​ដួង​ចិត្ត​ជាអមតៈ​ ព្រោះ​បើ​គ្មាន​ថ្ងៃ​ ៧ មករា​ ១៩៧៩ ទេ​ ពេល​នោះ​ជាតិ​ខ្មែរ​​​ពិត​ជា​​បាត់​ឈ្មោះ​នៅក្នុង​ផែន​ទី​ពិភព​លោក​ជាមិន​ខាន​។​ ដូច្នេះ​ ជន​អគតិ​ដែល​រមិល​គុណ​ មិន​ទទួល​​ស្គាល់​​​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​ ថាជាថ្ងៃ​នៃ​ការ​រស់​ឡើង​វិញរបស់​ខ្លួន​​ទេ​នោះ​ គឺ​ជា​ជំពូក​​មនុស្ស​ដែល​ក្បត់​នឹង​មនៈសិកា ជា​ជន​ដែល​មិន​ទទួល​ស្គាល់​នូវ​សច្ចៈភាព​ប្រវត្តិសាស្ត្រ​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​ ដោយ​សារ​តែ​មហិច្ឆតា​​អំណាច​ និង​នយោបាយ​ ពួក​គេ​ថែម​ទាំងហ៊ាន​និយាយ​បំភ្លៃ​ ​មួល​បង្កាច់ និង​ចោទប្រកាន់​ ថា​ជាថ្ងៃ​ឈ្លាន​ពាន​របស់​កង​ទ័ព​​វៀត​ណាម​​ទៅវិញ​​ ​បើ​ទោះ​បី​ជា​ឪពុក​ ម្តាយ​ បងប្អូន​ កូន​ក្មួយ​ មាមីង​ ជីដូន​ ជីតា​ និង​ញាតិ​មិត្ត​ របស់​ពួក​គេ​ត្រូវ​បាន​សម្លាប់​យ៉ាង​វេទនា​ ដោយ​ការ​វាយ​នឹង​ត្បូង​ចប​ អារក​ បាញ់​សម្លាប់​ ទម្លាក់​ក្នុង​រណ្តៅ​តែមួយ​ រាប់​រយ​ រាប់​ពាន់​នាក់​ក៏ដោយ​។​ ក្រុម​មនុស្ស​ដែល​ពុំ​បាន​រួម​ចំណែក​ក្នុង​ចលនា​រំដោះ​ជាតិ​ រំដោះ​ទឹក​ដី​ មួយ​ចំនួន​តូច​នោះ​ ពួក​គេ​បែរ​ជា​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើការ​រិៈគន់​ ជេរ​ប្រមាថ​ ញុះញង់​ បង្ក​អសន្តិសុខ​សង្គម​ ​យ៉ាង​ងងើល​ និង​អសីលធម៌​ទៅ​វិញ​។​ ពួក​គេ​ភ្លេច​គិត​ថា​ ការ​ដែល​ពួក​គេ​បាន​ធ្វើ​នយោបាយ​ និង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​​ដោយ​សេរី​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ដោយ​សារ​គុណ​ថ្ងៃ​ ៧ មករា​ នោះ​ឡើយ​៕​

​​

No comments:

Post a Comment