Thursday, December 18, 2014

សម្តេ​ច​តេជោ ហ៊ុន សែន ជំរុញ​ឲ្យមន្ត្រី​​ជំនាញ​សុខា​ភិបាល បើក​ការ​វិភាគ​​ឲ្យ​បាន​ ច្បាស់​លាស់​ចំពោះ​ករណី​ឆ្លង​មេរោគ​អេដស៍​ច្រើន​លើស​លុបនៅ​ឃុំរកា ខេត្តបាត់​ដំបង

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាង១៦០០នាក់ នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ​២០១៤ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យមន្ត្រី​ជំនាញ​សុខា​ភិបា​ល អង្គការពាក់ពន្ធ័ ធ្វើការវិភាគឲ្យបានច្បាស់លាស់ និងម៉ត់ចត់បំផុត​ចំពោះ​ករណីនៃការឆ្លង មេរោគអេដស៍ដ៍ច្រើនលើសលុប នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង ក្រែង ម៉ាស៊ីនវិភាគ និងធ្វើតេសឈាមនោះ មានបញ្ហាណាមួយ​កើត​ឡើង រឺក៍មានការវិភាគ​ខុសជាដើម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រហូតមក​ដល់​ម៉ោងនេះ សឹងតែ​៩៩% ដែល​សម្តេច​នៅមិនទាន់ជឿថា ប្រជាពលរដ្ឋទាំងនោះ មានផ្ទុក​មេរោគ​អេដស៍ ហើយ​រឿង​នេះ ចាំបាច់ត្រូវរង់ចាំ មន្ត្រីជំនាញក្រសួងសុខាភិបាល ចុះទៅពិនិត្យ និង​វិភាគ​ដោយ​ផ្ទាល់។

ការថ្លែងរបស់សម្តេចតេជោនាពេលនេះ ចំពេល ដែលរដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល ម៉ម ប៊ុនហេង មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ វិទ្យាស្ថានប៉ាស្ទ័រ អង្គការ​សុខ​ភាពពិភពលោក កំពុងចុះទៅដល់ទីតាំងភូមិកើតហេតុខាងលើ ដើម្បីធ្វើការពិនិត្យ តាមដាន ចំពោះករណីនេះ ។

នៅមិនទាន់មានអ្នក​ជំនាញណាអាចបញ្ជាក់បាននៅ​ឡើយ​ទេ ថាតើ ការ​ឆ្លងមេរោគ​អេដស៍ទៅប្រជាពលរដ្ឋនោះរាប់រយនាក់ មកពីណា និងមូលហេតុអ្វី នោះទេ គ្រាន់តែ ប្រភពលើកឡើងថា ការឆ្លងមេរោគនេះ អាចបណ្តាលមកពី ការ​ចាក់​ម្ជុល រឺ ស៊ឺរាំង​រួម​គ្នា គ្មានអនាម័យ ពីសំណាក់ពេទ្យភូមិមួយរូប។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងប្រជា​ជន​នៅតំបន់កើតហេតុនោះ កុំអាលមានការតក់ស្លុត ព្រោះសម្តេចនៅមិនទាន់ មានជំនឿ​ថាមានអ្នកឆ្លងមេរោគអេដស៍ច្រើនដូចនេះ។ សម្តេចក៍បានអំពាវនាវឲ្យរក្សាសុវត្ថិ​ភាព​គ្រូពេទ្យម្នាក់នោះ និងក្រុមគ្រួសាររបស់គាត់ ដើម្បីជាពន្លឺនៃការ​សិក្សា​ស្រាវ​ជ្រាវ ពីមូល​ហេតុពិតប្រាកដមួយ កុំឲ្យប្រជាពលរដ្ឋដែលរងគ្រោះគាត់មានកំហឹងផ្ទុះ ឡើងឈាន​ដល់​ការកាប់សំលាប់ជាដើមនោះ ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា ពេទ្យ​ភូមិ និងគ្រួសារនោះ ទៅលាក់ខ្លួននៅកន្លែងណានោះទេ។

គួរបញ្ជាក់ថា គិតត្រឹមវេលាល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ចំនួនប្រជា​ពល​រដ្ឋ មក​ពីឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបាន​មកពិនិត្យឈាម រកមេរោគ​អេដស៍ បាន​កើនដល់ ៨៩៥នាក់ ហើយត្រូវបានអះអាងថា ចំនួនពលរដ្ឋ ដែលរកឃើញ​ថាមានផ្ទុក មេរោគអេដសន៍ ចំនួន ១០៦នាក់  ក្នុងនោះ ប្រជាពលរដ្ឋ មានក្មេង មានចាស់ ព្រះ​សង្ឃ សុទ្ធតែត្រូវបានគេរាយការណ៍ថា មាន ផ្ទុកវីរុស ហ៊ីវ៕
អត្ថបទ៖ ខេមរា 




No comments:

Post a Comment