Thursday, December 18, 2014

សម្តេចតេជោ៖ តម្លៃប្រេង​លើទីផ្សារ​អន្តរ​ជាតិ​ធ្លាក់​ចុះ នឹងធ្វើឲ្យ​ប្រេង​នៅ​កម្ពុជា​ធ្លាក់​ចុះ​បន្ត​ទៀត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ន តម្លៃប្រេងនៅ​លើ​​ទី​ផ្សារ​​អន្តរជាតិ​បាន​ធ្លាក់ចុះ ដែលជាហេតុនឹងធ្វើឲ្យប្រេងសាំងនៅកម្ពុជា នឹងបន្ត​ធ្លាក់​ចុះ​ទៀត។

សម្តេ​ច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលទើបតែ​បញ្ចប់ការសិក្សា នៅសកលវិទ្យាល័យភូមិន្ទ ចំការដូងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ។ ក៏​ប៉ុន្តែ​​ទោះ​យ៉ាង​ណា​ សម្តេច​បាន​បន្ថែម​ថា​ ទោះបីជាតម្លៃ ប្រេងនៅលើពិភពលោកធ្លាក់ចុះ ប៉ុន្តែ អូប៉ីច(OPEC)មិនបន្ថយក្នុងការផលិត ឡើយ។

សម្តេចបញ្ជាក់ថា «ប្រសិនបើស្ថានភាពតម្លៃប្រេងបន្តធ្លាក់ចុះបានន័យថា តម្លៃប្រេងនៅ​លើ​ទីផ្សារ​អន្តរជាតិ នឹងមានការធ្លាក់ចុះ ហើយក៏ត្រូវតម្រូវឲ្យទីផ្សារក្នុងស្រុកយើងធ្លាក់ចុះដែរ»

ទាក់ទងនឹងបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន បានឲ្យលោកឧបនាយកររដ្ឋមន្រ្តី គាត ឈន់ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវពិនិត្យមើលតម្លៃប្រេងនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា មានមតិមួយចំនួនបានលើកឡើងថា តម្លៃប្រេងនៅ លើទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ហេតុអ្វីបានជាតម្លៃប្រេងនៅកម្ពុជា មិនទាន់ធ្លាក់តម្លៃ ដោយសារតែក្រុមទាំងនោះ នៅពេលដែលទិញប្រេងមក គឺមានតម្លៃថ្លៃ ទើបបានជាគេនៅ បន្តលក់រហូតដល់អស់ប្រេង។

បើតាមសម្តេចមានក្រុមហ៊ុនប្រេង៣ នៅកម្ពុជាស្រួលនិយាយគ្នា គឺហៅមកប្រជុំគ្នាចុះតម្លៃ​ភ្លាម ប៉ុន្តែក្រុមហ៊ុនក្រៅស្រុក២មានការលំបាកចុះបន្តិច ដោយសារតែត្រូវសុំយោបល់​ពី​មេ​ដែល​មួយនៅបារាំង និងមួយទៀតនៅអាម៉េរិក។


សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជាចំនួន៧ បានបញ្ចុះតម្លៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានការសប្បាយរីករាយជាខ្លាំង ដែលជាហេតុ​ធ្វើឲ្យមាន​ការកាត់​បន្ថយ​ការចំណាយប្រចាំថ្ងៃបាន​មួយ​កំ​​រិត​​៕





No comments:

Post a Comment