Friday, December 12, 2014

ចំណុចពីរយ៉ាង អាចនឹងធ្វើឲ្យរោងចក្រ ផ្លាស់ប្ដូរទៅប្រទេសជិតខាង


យោង​តាម​សេចក្ដី​ថ្លែងការណ៍​​មួយរបស់​លោក ខេន លូ អគ្គលេខាធិការសមាគម​រោង​ចក្រ​កាត់​ដេរ (GMAC) ចុះ​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹង​ថា មាន​កត្ដា​សំខាន់​ពីរ​យ៉ាង ដែល​ធ្វើ​ឲ្យ​រោង​ចក្រ​មួយ​ចំនួន​ផ្លាស់​ប្ដូរ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ជិត​ខាងក្នុង​តំបន់ ក្នុង​នោះរួម​មានបញ្ហា​តំឡើង​ប្រាក់​ឈ្នួល និង​ការ​តវ៉ា​របស់ក្រុមកម្មករ និង​ក្រុម​សហជីព​ជា​ដើម។ 

លោក​ ខេន លូ បញ្ជាក់​បន្ថែម​ថា ការ​ផ្លាស់​ប្ដូរ​កន្លែង​រក​ស៊ី​នេះ គឺ​ជា​សិទ្ធិ​របស់​អ្នក​វិនិយោគ​ទុន និង​ម្ចាស់​រោង​ចក្រ ព្រោះ​កន្លែង​ណា​ដែល​រកស៊ី​ចំណេញអ្នក​វិនិយោគទុន​នឹង​ទៅហើយ។ ការ​អះអាង​របស់​លោក បែប​នេះ​បានធ្វើឡើង បន្ទាប់​ពី​រយៈ​ពេលចុង​ក្រោយ​នេះ មាន​ព័ត៌​មាន​ថា មាន​បណ្ដា​រោង​ចក្រ​កាត់​ដេរប្រមាណជា ៣០០​រោង​ចក្រ អាច​នឹង​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់​ម៉ា។
  

ការ​ផ្លាស់​ប្ដូរ​បស់​អ្នក​វិនិយោគ​ទុន​បែប​នេះមានគោល​ដៅ​តែ​មួយ​គត់​ គឺ​ស្វែង​រក​ប្រាក់​ចំណេញ​ឲ្យ​បាន​ច្រើន។ ប្រទេស​ដែល​ពួក​គេ​អាច​ទៅ​រក​ស៊ីនោះ​រួម​មាន៖ ​ប្រទេស​បង់​ក្លាដែស វៀតណាម និង​មីយ៉ាន់​ម៉ា ប៉ុន្ដែ​មិន​អាច​ទៅ​ប្រទេស​ថៃ​ទេ ព្រោះ​តម្លៃ​ពល​កម្ម​ថ្លៃ។ 

បើយើង​ពិនិត្យ​មើល​ទៅ ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​រោង​ចក្រ​ជា​ច្រើន​មាន​បំណង​ចង់​ដក​ការ​វិនិយោគរបស់ខ្លួន​ទៅ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់នោះ ដោយសារ​តែ​ការ​ទាម​ទារ​ដោយ​គ្មាន​ហេតុ​ផល​របស់​ក្រុម​​សហជីព​មួយ​ចំនួន​តូច​ក្នុង​ការ​តម្លើង​ប្រាក់​ខែ​យ៉ាង​គំហក និង​ការ​កៀរគរ​បងប្អូន​កម្មករ កម្មការិនី ឲ្យ​ធ្វើ​បាតុកម្ម​ជា​ច្រើន​លើក​ជា​ច្រើន​សារ ទៅ​តាម​ចិត្ត​ចង់​របស់​ខ្លួន ដោយ​ក្រុម​សហជីព​មួយ​ចំនួន​តូច​នោះ ​មិន​ដែល​គោរព​ទៅ​តាម​លក្ខ​ខណ្ឌ​នៃ​ការ​សម្រេច​​តាម​មតិ​ភាគច្រើន​ក្នុង​កិច្ច​ប្រជុំ​ស្ដីអំពី​ការ​តំឡើងប្រាក់​ខែម្ដង​ណា​នោះទេ។ ទោះ​បី​ជា​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​គេ​សម្រេច​តាម​មតិ​ភាគ​ច្រើន​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុម​សហជីព​ប្រឆាំង​ទាំង​នោះ ក៏​ប្រកាន់​នូវ​គោល​គំនិត​ក្រុម​ខ្លួនដែរ។ 

លោក សោម អូន ប្រធាន​​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) បាន​សម្ដែង​នូវ​ក្ដី​បារម្ភ​ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​អនុវត្ត​ឆ្នាំ​ក្រោយ និង​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម កូដកម្ម​ដោយ​ខុស​ច្បាប់​របស់​ក្រុម​សហជីព ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​​សមាជិកសមាគម​កាត់​ដេរ​មួយ​ចំនួន​​អាចនឹង​​ធ្វើ​ការ​ផ្លាស់​ប្ដូរទីតាំង​​ទៅ​ប្រទេស​មួយ​ចំនួន។ ដោយ​លោក​បញ្ជាក់​ទៀត​ថា ក្នុងនាម​ជា​ប្រធាន​​សហជីព​ម្នាក់ អ្វី​ដែល​កើត​ឡើង​លើ​ការ​បារម្ភ​របស់សមាគម​កាត់​ដេរ អាច​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ការ​ងា​រ​របស់​កម្មករ​យើង​ជា​ច្រើន​នាក់។ 


ពាក់​ព័ន្ធ​នឹង​ការ​ព្រួយ​បារម្ភខាង​លើ​នេះ លោក សោម អូន បាន​សម្លឹង​ឃើញ​នូវ​ចំណុច​អាទិភាព ៣ គឺ៖ 

ទីមួយ រាជ​រដ្ឋាភិបាល​ត្រូវ​កោះ​ប្រជុំ​ក្រុម​ការ​ងារ​ទី​៨ (ក្រុម​ការ​ងារ​វិស័យ​ឯក​ជន) ដើម្បី​ពិភាក្សា និង​ពិនិត្យ​ទៅ​លើ​កង្វល់​ភាគី​សមាគមកាត់​ដេរ និង​​ស្វែង​រក​វិធី​ដោះស្រាយ​​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​កាត់​ដេរ​របស់​យើង​មាន​ស្ថិរភាព និង​បន្ដ​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ដ​ទៀត។ 

ទីពីរ ទាំង​និយោជក និង​សហជីព ត្រូវ​អង្គុយ​សន្ទនាគ្នា ស្វែង​រក​នូវ​ដំណោះ​ស្រាយ​រួម ជៀស​វាង​ការ​ធ្វើ​បាតុកម្ម កូដ​កម្ម ដោយ​ខុស​នីតិ​វិធី​ច្បាប់ ហើយ​និយោជក​ក៏​ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ពេញ​លេញ​ដែរ។ 

និង​ទីបី ភាគី​ទាំង​បី មានរាជរដ្ឋាភិបាល​ និយោជក និង​សហជីព ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ ក្នុង​ការ​ថែរក្សា​នូវ​វិស័យ​កាត់​ដេរ និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ផ្លាស់​ទីតាំង​ទៅ​ប្រទេស​ផ្សេង៕ 

ដោយ វិវឌ្ឍ

No comments:

Post a Comment