Friday, December 12, 2014

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បកស្រាយអំពីការអនុវត្តប្រាក់ឈ្នួលកម្មករថ្មី ១២៨ដុល្លារនឹងត្រូវចាប់ផ្ដើមក្នុងខែមករា ឆ្នាំ២០១៥


ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​កម្មករ កម្មការិនី ដែល​បាន​ និង​កំពុង​តែ​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​នានា​ក្នុង​ប្រទេស​កម្ពុជា ការ​កំណត់​ប្រាក់​​ឈ្នួល​​​ថ្មី​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៥ នេះ​តទៅ ដែល​​ការ​សម្រេច​ទទួក​យក​​​ប្រាក់​ខែ​អប្បបរមា​ ​​១២៨ដុល្លារ​ក្នុង​មួយខែ។  

លោក សោម អូន ប្រធាន​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​ដឹងថា ចំនួន​ទឹកប្រាក់ ១២៨​ដុល្លារ​នេះ មិន​មែនជា​ប្រាក់​ឈ្នួល​សរុប​ដែល​កម្មករ​នឹង​ទទួល​បាន​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ច្បាប់​បាន​កំណត់​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ទៀត​ថា ប្រាក់​ឈ្នួល​ប្រ​ចាំ​ខែ​ដែល​កម្មករ​ កម្មការិនី​ ធ្វើ​ការ​ ៨ម៉ោងក្នុង​មួយថ្ងៃ សម្រាប់​កម្មក​រ​ដែល​មាន​តួនាទី​ទាប​បំផុត មាន​ដូច​ជា អុ្នក​បោស​សំអាត អ្នកថែសួន អ្នក​យាម អ្នក​ដេរ អ្នក​អ៊ុត ឬអ្នក​វេចខ្ចប់​ជា​ដើម គឺទទួល​បាន​ ១៤៥ដុល្លារ​ក្នុងមួយខែ ដោយ​ក្នុង​នោះ​បាន​បូក​បញ្ចូល​ទាំង ប្រាក់​ឈ្នួល​គោល ១២៨ដុល្លារ ប្រាក់​រង្វាន់​ធ្វើ​ការ​ងារទៀង​ទាត់ ១០ដុល្លារ និង​ប្រាក់​ឧបត្ថម្ភថ្លៃ​ស្នាក់​នៅ ឬ​ធ្វើ​ដំណើរ ៧​ដុល្លារ​​ទៀត។  


លោក​ សោម អូន​ បាន​បញ្ជាក់​ថា នៅ​តាម​រោង​ចក្រ​ប្រហែល​ពាក់​កណ្ដាល ​ការ​អនុវត្ត​ជាក់​ស្ដែង ​បាន​ផ្ដល់​ប្រាក់​រង្វាន់​ធ្វើ​ការ​ងារ​ទៀង​ទាត់ និង​​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ស្នាក់​នៅ ឬ​ធ្វើ​ដំណើរខ្ពស់​ជាង​ចំនួន​ដែល​ច្បាប់​កំណត់ទៅទៀត។ ​ដោយ​ឡែក​ករណី​ដែល​កម្មករ​ កម្មការិនីធ្វើ​ការ​ថែម​ម៉ោង ដោយ​ឈរ​លើ​គោល​ការណ៍ស្ម័គ្រ​ចិត្ត អតិបរមា ២ម៉ោង​ក្នុង​មួយថ្ងៃ នឹង​ទទួល​បាន ៤៨​ដុល្លារ​ក្នុង​មួយខែ ប្រាក់​ថ្លៃ​អាហារ​សម្រាប់​ការ​ងារ​បន្ថែមម៉ោង ១៣​ដុល្លារ ក្នុង​មួយខែ បន្ថែម​ពីលើ​ប្រាក់​ឈ្នួល ១៤៥​ដុល្លារ​ក្នុង​មួយខែ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រ​សិនបើ​កម្មករ កម្មការិនី បាន​ផលិត​ដល់ ឬ​លើស​គោល​ដៅ​ដែល​រោង​ចក្រ​បាន​កំណត់ នឹង​ទទួល​បានប្រាក់​រង្វាន់​លើក​ទឹក​ចិត្តជា​មធ្យម​ចំនួន​ពី ២០ ទៅ ៤០ដុល្លារ ជា​ពិសេស​សម្រាប់​អ្នក​ទទួល​ប្រាក់​ឈ្នួលតាម​បរិមាណ​ផលិត​ជាក់​ស្ដែង។  

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​នោះ លោក​ សោម អូន បាន​បន្ដ​ទៀត​ថា នេះ​​មិន​រាប់​បញ្ចូល​ប្រាក់​រង្វាន់​អតីត​ភាព​ការ​ងារ ប្រាក់​បន្ថែម​សម្រាប់​ការ​មានជំនាញ ឬ​ប្រាក់​តួនាទី ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​ទៅ​តាម​គោល​នយោបាយ​របស់​រោង​ចក្រ​និមួយៗទេ​ ហើយ​លើស​ពី​នេះ​ទៀត កម្មករ​ទទួល​បាន​ផង​ដែរ នូវ​ការ​ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់​ការ​ងារ និង​ជំងឺ​វិជ្ជាជីវៈ (ជំងឺ​បណ្ដាល​មក​ពី​ការងារ) ព្រម​ទាំង​ការ​ធានា​រ៉ាប់​រង​សុខ​ភាព (ជំងឺ​ទូទៅ ទោះ​មិន​បណ្ដាល​មក​ពី​ការ​ងារ​ក៏ដោយ) ។ លោក​បន្ដ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៥ តទៅ កម្រិត​ប្រាក់​ឈ្នួល​ប្រចាំ​ខែសរុប​ដែល​បងប្អូនកម្មករ​អាច​មាន​លទ្ធភាព​នឹង​ទទួល​បាន​ គឺ​ចន្លោះ​ពី ២២៥ដុល្លារ ទៅ ២៥០ដុល្លារ​ក្នុងមួយខែ។ 
លោក សោម អូន មាន​សុដិដ្ឋិនិយម​ចំពោះ​​រាជ​រដ្ឋាភិបាល និយោជក និង​សហជីព​ដែល​បាន​សម្រេច​​ធ្វើ​ការ​​តម្លើង​ប្រាក់​ខែ​ជូន​កម្មករ ក្រោម​កិច្ច​​​ខិត​ខំ​ប្រឹង​ប្រឹង និង​ការ​សម្រប​សម្រួល ដើម្បី​​ឲ្យ​បងប្អូន​កម្មករ កម្មការិនី មាន​កម្រិត​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​ ជា​ពិសេស​រាជ​រដ្ឋាភិបាល​តែង​តែ​យ​ក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​បងប្អូន​​កម្មករ កម្មការិនីជា​និច្ច គិត​ពី​សុខ​ទុក និង​ការ​រស់​នៅ​របស់បងប្អូន និង​គិត​អំពី​សម​ភាព​ក្នុង​ការ​កំណត់​យក​ប្រាក់​ខែ​គោល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យ​ភាព​ និង​ការ​ទទួល​​យក​បាន​របស់​ភាគី​និយោជក និង​ភាគី​សហជីព៕ 
អត្ថបទ៖ សុខ វិវឌ្ឍន៍

No comments:

Post a Comment