Saturday, November 01, 2014

នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ប្រាយុទ្ធ​ ច័ន្ទ​អូ​ចា បាន​បញ្ជាក់​ថា មិន​អនុញ្ញាតឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​​ប្រទេស​​ថៃ​ ដើម្បី​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឡើយ

ក្នុង​​ជំ​នួប​ទ្វេរភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន ជា​មួយ​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូ​ចា ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤​ នៅ​វិមាន​សន្តិភាព នាយករដ្ឋមន្ត្រី​ថៃ​ បាន​អះ​អាង​ថា « នឹង​មិន​អនុញ្ញាតឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ឡើយ»​។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ នាឱកាសដង្ហែរអង្គ​កឋិន​ទាន​ទៅ​កាន់​វត្ត​មរតកតេជោបុរី​ស្វរៈ ស្ថិត​នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤នេះ ខណៈឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មន្ត្រី​ សុខ អាន​ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នាយទាហាន និង​ពល​ទាហាន នៅ​បញ្ជាការដ្ឋាន​អង្គ​រក្ស ដែល​ឈរជើង​នៅ​ទិសតំ​បន់​ប្រាសាទ​ព្រះ​វិហារ​។

ទោះ​យ៉ាង​ណា​ក៏​ដោយក៏​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ថ្លែង​ទៅ​កាន់​កង​ទ័ពកម្ពុជាថា ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូ​ចា ប្តេជ្ញានឹងខិត​ខំ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ ​មាន​នូវ​ទំ​នាក់​ទំ​នង​ មិត្តភាព សហការ​គ្នាល្អ  ដើម្បី​កសាង​ប្រទេស​ឲ្យ​ជឿន​លឿន រីកចំ​រើន ក៏​ប៉ុន្តែ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន នៅ​បាន​សង្កត់​ធ្ងន់​​ថា « អីឡូវ​សភាព​ការ​ណ៍​ចំ​ពោះ​មុខ​បាន​ល្អ​ប្រសើរហើយ ប៉ុន្តែ ល្អ​នេះ​មិន​មែន​បាន​ន័យ​ថា ខាង​កង​ទ័ព​កម្ពុជា​យើង​មិន​ចាំ​បាច់​ប្រុង​ប្រយ័ត្ន​នោះ​ទេ គឺ​ទោះ​បី​ជា​ល្អ​យ៉ាង​នេះ​ក្តី​ ប៉ុន្តែ ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​ គឺ​នៅ​តែ​ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ដដែល​»។ 

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​​សុខ អាន ​ បាន​បន្ថែម​ថា កង​ទ័ប​ត្រូវ​តែ​ខិត​ខំ​ពង្រឹង​វិន័យ​ ត្រូវ​តែ​ខិត​ខំ​ពងង្រឹង​ការហ្វឹក​ហ្វឺន​ ពង្រឹង​បច្ចេក​ទេស​អាវុធ​យុទ្ធ​ភ័ណ្ឌសព្វ​បែប​យ៉ាង​ គឺត្រូវ​បង្ការជា​និច្ច​ ចំ​ពោះ​សភាព​​ការ​ណ៍​ណា​មួយ​កើត​ឡើង​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗកន្លង​មក​នេះ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ចំ​នួន​១០​នាក់ ពាក់​ព័ន្ធ​នឹង​ការបង្កើត​កម្លាំង​ប៉ុនប៉ង​ផ្តួលរំ​លំ​រាជ​រដ្ឋាភិបាល​ ដែល​ក្រុម​មួយ​នេះ មាន​មេដឹក​នាំ​ឈ្មោះលោក សម សេរី ដែល​លេចឮព័ត៌មាន​ថា បាន​យក​ទឹក​ដី​ថៃ​ក្នុង​ការ​បង្កើតចលនាតស៊ូមួយ​ ឈ្មោះ​ថា រណសិរ្សរំ​ដោះជាតិ​ខ្មែរ ។ ​បច្ចុប្បន្ន​មេដឹក​នាំ​រូបនេះ បាន​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​។ 

ដោយ​ឡែកជន​ជាប់​សង្ស័យ​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទប៉ុនប៉ង​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល និង​បង្ក​ចលាចល​សង្គម។ នៅ​ពេល​នេះ ពួក​គេទាំង​នោះ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​ រង់​ចាំ​ការ​បើក​សវនាការ​កាត់​ទោស​៕







No comments:

Post a Comment