Friday, November 21, 2014

ព្រះមហាក្សត្រ​សព្វព្រះ​រាជហឫទ័យ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់រំ



ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៤ បាន​បង្ហាញ​នូវព្រះ​រាជ​ហឫទ័យ​ រីករាយ​ចំពោះ​ រាជរដ្ឋា​ភិបាលសម្តេច​តេជោ ដែល​បាន​លើកស្ទួយ​វិស័យ​អប់រំ​ជាតិ​
នៅក្នុង​ព្រះរាជ​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​«​វិទ្យាល័យ ព្រះ​នរោត្តម សីហមុនី​» នៅខេត្តកំពត ព្រះករុណា ​ជា​អ​ម្ចាស់ជីវិតលើត្បូង​មាន​ព្រះរាជបន្ទូល​ថា ខ្ញុំ​ព្រះករុណា ខ្ញុំ​មាន​សេចក្តី​រីករាយ​ចំពោះ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ដែល​បានលើកឡើង​អំពី​យុទ្ធសាស្ត្រ​ចតុកោណ ក្នុង នោះ​មានការ​លើកស្ទួយ​វិស័យ​អប់រំ​ជាតិ​។ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក​បាន ដឹកនាំ​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​អប់រំ​ជាតិ​មាន​សន្ទុះ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា
ក្នុង​ការ​រួម​ចំណែកកសាង​​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង ព្រះ​មហា ក្សត្រ​នៃព្រះ​រាជាណាចក្រកម្ពុជា ព្រះ​អង្គ​បាន​មាន​ព្រះរាជបន្ទូលឲ្យ​ប្រជាពលរដ្ឋ​ជា​កូន​ចៅ ចៅទូត​របស់​ព្រះ​អង្គ​ដឹង​​ថា ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវរ​រាជបិតា​ជាតិខ្មែរ​«​ព្រះករុណា ព្រះ​បរមរតន​កោដ្ឋ​» កាលពី ​ព្រះអង្គ​នៅ​គង់​ព្រះជន្ម និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​កសាងអគារសិក្សា​នៅតាម​សាលារៀន​នានា​ជាច្រើន​កន្លែង រហូតដល់​ជនបទទូទាំងប្រទេស សម្រាប់​យុវជន យុវនារី និង​កុមារា កុមារី ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ សិក្សា​រៀនសូត្រ​បង្កើន​ចំណេះដឹង។
ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​អបអរសាទរ​ព្រះ​រាជពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​វិទ្យាល័យព្រះ​នរោត្តម សីហមុនី​» សម្រាប់​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​វិស័យ​អប់រំ​ជាតិ​តទៅ។ ចាប់ពីពេលនេះ​តទៅ ខ្ញុំ​សូម​ប្រគល់​វិទ្យាល័យ​នេះ ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​យ៉ាង​ណា​ឱ្យ​ដំណើរការ​ល្អជា​ប្រចាំ​ សម្រាប់​សិស្សានុសិស្ស​ខេត្តកំពត ខេត្តតាកែវ​បាន​រៀនសូត្រ​តទៅ។ ខ្ញុំ​សង្ឃឹមថា គណៈកម្មការ​ទ្រទ្រង់​សាលា និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ តំបន់​នេះ​នឹងចូលរួម​ថែរក្សា​វិទ្យាល័យ​នេះ​ឱ្យ​បាន​ល្អប្រសើរ
វិទ្យាល័យព្រះ​នរោត្តម សីហមុនី ស្ថិតនៅភូមិ​ឈើទាល​ ឃុំ​ម្រោម ស្រុក​អង្គរជ័យ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជា ​១១​ហិកតា​ មាន​អគារសិក្សា​ជាច្រើន បំពាក់​ដោយ​សម្ភារ​ឧទ្ទេបសសិក្សាសម្រាប់​សិស្ស និងសាស្ត្រាចារ្យ មាន​ត​បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទឹកស្អាត​ចូល​គ្រប់ បន្ទប់ មាន​អគារ​ការិយាល័យ បន្ទប់​បណ្ណាល័យ បន្ទប់​កុំព្យូទ័រ បន្ទប់ពិសោធន៍។ ចំណែក​សំណង់​អគារ​សាលា​បឋម​សិក្សា​ឈើទាល​បាន សាងសង់​រួចហើយ​មាន អគារសិក្សាមាន​បំពាក់​សម្ភារ​ឧបទ្ទេស មាន ត​បណ្តាញ​អគ្គិសនី ទឹក​គ្រប់​បន្ទប់​សិក្សា មាន​អគារ​ទីចាត់ការ ប​ណ្ណាល័យ មាន​បន្ទប់​អនាម័យ។ ​ របាយការណ៍ ​របស់​គណៈកម្មការ​សាងសង់​ឱ្យដឹងថា ជាទូទៅ ព្រះ​សមិទ្ធផល​នៅ​វិទ្យាល័យ ព្រះ​នរោត្តម សីហមុនី មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​កាយ និង​កីឡា ដោយ​បាន​ចំណាយ​ថវិកា​អស់​ចំនួន ២.៣៨៩.៨៦៦.២៣៤​រៀល ដែល​ក្នុង​នោះ​មាន​ព្រះរាជ​ទ្រព្យ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង​ចំនួន​ជាង​២.០០០​លាន​រៀល៕

No comments:

Post a Comment