Thursday, November 20, 2014

បទវិចារណកថា៖គោលការណ៍បក្សប្រឆំាងនៅប្រទេសណា ក៏ដូចតែគ្នា

គោលការណ៍បក្សប្រឆំាងនៅប្រទេសណា​ក៏ដូចតែគ្នា ​ពោល ​គឺរកមធ្យោបាយបំផ្លាញ រដ្ឋាភិ​បាល នៃប្រទេសខ្លួនឯង ដែលជារដ្ឋាភិបាលរបស់គណបក្សឈ្នះឆ្នោត ឲ្យវិនាសហិនហោច​ដើម្បីខ្លួន ឯងយកកម្លាំងក្នុងការកេងចំណេញនយោបាយ សម្រាប់ឲ្យគណបក្ស​ខ្លួន​ឯង ឈ្នះឆ្នោត​នា​អាណត្ដិ​​ខាងមុខ។

ជាក់ស្ដែង​​​ ក្នុងជំនួបរយៈពេល១ម៉ោង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៤ នេះ ​រវាង​លោក​ កឹម សុខា​ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ​ (បក្សប្រឆំាង)​ ​បានយក​យក​វិមាន​រដ្ឋសភាកម្ពុជា​ធ្វើ​​​​​​ជា​លេណដ្ឋាននយោបាយ​របស់​ខ្លួន ដើម្បីជួប​ជាមួយ​លោកស្រី សារ៉ា ហាន់សុន-យ៉ាំង (Sarah Hanson-Young) សមាជិក​ព្រឹទ្ធសភា ពីគណបក្សបៃតង​ ​​(​Green Party)​​ ដែល​ជាបក្ស​ប្រឆំាងនៅ​ប្រទេស​​អូស្រ្ដាលី ក្នុង​ន័យ​រកយុទ្ធសាស្រ្ដ​ចងសម្ព័ន្ធ​នយោ​បាយ​រវាង​បក្ស​ប្រឆំាង​ទាំង​ពីរ ដើម្បី​ប្រឆំាង​​​នឹង​នយោ​បាយ​​​នៃ​ប្រទេស​របស់ខ្លួនឯង។
អនុស្សរណៈ​លើបញ្ហាអន្តោប្រវេសន៍​   ​ដែលបាន​ព្រម​ព្រៀង​គ្នារួច​ហើយ​​ រវាង​រដ្ឋាភិបាល​នៃប្រ​ទេស​ទំាង​ពីរ​ កាលពីថ្ងៃទី២៦​ ខែកញ្ញា​​ កន្លង​ទៅនេះ គឺជាកិច្ច​ព្រម​​ព្រៀង​ផ្នែក​មនុស្ស​ធម៌​សុទ្ធសាធ សំដៅផ្ទេរ​ជន​ភៀសខ្លួន​ ដែលបានរសាត់​អណ្ដែត ​​មកជ្រក​កោន​នៅប្រទេសអូស្រ្ដាលី​​ ដែល​ប្រ​ទេស​នេះ​កំពុង​​មាន​បញ្ហានយោបាយ​​​អន្ដោ​ប្រវេសន៍ (Immigration Policy) ផង​នោះ។

ក្នុងន័យ​នេះ​ ក្រោយពីការស្នើសុំពីសំ​ណាក់​រដ្ឋា​ភិ​បាល​អូស្រ្តា​លី​ រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​​​​​ការដឹកនំា​ដ៏ឈ្លាសវៃរបស់ សម្ដេចតេ​ជោ ហ៊ុន សែន បាន​ឯកភាព​ជាបឋម ជា​មួយ​រដ្ឋា​ភិបាល​អូស្រ្ដាលី​ យល់ព្រមទទួលយកជនភៀសខ្លួន​ដែល​កំពុងមានបញ្ហានៅប្រទេស​អូស្រ្ដាលី​ មក​ទំនុក​បម្រុង​នៅកម្ពុជា ក្នុ​ង​ក្រប​ខ័ណ្ឌគោល​ការណ៍ «ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

យើងយល់ថា​ កិច្ច​ព្រមព្រៀងនេះ​ គឺ​មិន​គ្រាន់តែ​ជា​គោល​ការណ៍​លើកកម្ពស់​នយោ​បាយ​មនុស្សធម៌ប៉ុណ្ណោះទេ តែ​នេះក៏ជារឿងចំ​ណង​មិត្ដភាព រវាង​ប្រ​ទេស​ទំាងពីរ​​ផងដែរ។ ព្រោះ​ថា​ ចាប់​​តំាងពីដំណាក់កាល​បញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃ​ជាង​ពីរ​​ទសវត្ស ដោយ​សារកិច្ច​ព្រម​ព្រៀង​សន្ដិភាព​​ទីក្រុងប៉ារីស​កាលពីឆ្នាំ១៩៩១​ មក​ ប្រទេស​អូស្រ្ដាលី​​ជាប្រទេស​ឈាន​មុខមួយ បាន​​​ផ្ដល់​ជំនួយ​យ៉ាង​ក្រាស់​ក្រែល​មក​កម្ពុជា ដើម្បី​ជួយ​ស្ដារនយោបាយសេដ្ឋកិច្ច និង​សង្គម។
ជាក់ស្ដែង បន្ទាប់ពីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស​ ដែលបានចុះហត្ថលេខានៅ​ខែ​តុលា​​​​​ ឆ្នាំ​១៩៩១​ ហើយ​រួច​ភ្លាមនោះ អូស្រ្ដាលីជាប្រទេស​ឈានមុខ​ ក្នុងការដឹកនំាខាង​យោធា​របស់​​អង្គ​ការ​សហ​​ប្រជា​ជាតិ​ (UNAMIC​ -UN Advance Mission In Cambodia) ដែលដឹក​នំា​ដោយ​​​លោក​ ​ឧត្ដម​សេនីយ៍ឯក ចន សាន់ ដឺសុន (John Sanderson)​ ក្នុងការជួយរៀបចំ​ពង្រឹង​បរិយាកាស​នយោបាយ​ សន្ដិភាព​​ និង​ការបោះឆ្នោតនៅកម្ពុជា​ រហូតបានចេញ​ផ្លែ​ផ្កា​នា​ឆ្នាំ​១៩៩៣​។
បន្ទាប់ពីបោះឆ្នោត ក៏មាន​ការ​រៀបចំរដ្ឋធម្មនុញ្ញថ្មី ការ​រៀប​ចំការរៀបចំរដ្ឋសភាជាតិ​ ការ​រៀប​​ចំ​រាជរដ្ឋាភិបាលចំរុះក៏​ចាប់​ដំណើរ​ការ។ រីឯកងកម្លាំងអ៊ុនតាក់ (UNTAC)​ បានដកថយ​អស់​ពី​កម្ពុជាក៏ពិតមែន​ តែកង​កម្លំាង​​យោធា​របស់អូស្រ្ដាលី​ខាងវិស្វកម្ម នៅតែបន្ដ​ជួយជ្រោម​ជ្រែង​បង្ហាត់​​បង្រៀន​កងកម្លាំង​រំសាយ​របស់​កម្ពុជា​ផ្នែកបច្ចេកទេស​បោសសំអាតមីន ​តទៅទៀតផង​ដែរ។ ទន្ទឹម​​នឹងនេះ ប្រទេស​អូស្រ្ដាលី​ ក៏ជា​ប្រទេសឈានមុខគេ​​មួយ ​ក្នុង​ការ​ផ្ដល់​ជំនួយ​យ៉ាង​ក្រាស់​ក្រែល​​ដើម្បីស្ដារសេដ្ឋកិច្ច​-សង្គម ហេដ្ឋារចនាសម្ព័ន្ធ។ល។ នៅកម្ពុជារហូត​ដល់​បច្ចុប្បន្ន។
យើងយល់ថា​ នេះ​ជាគុណបំណាច់ដ៏ធំធេងណាស់ ​ដែលរដ្ឋាភិបាលកម្ពុជា បាន​តប​ស្នង​វិញ​​ ​នៅគ្រា​ដែលរដ្ឋាភិបាលអូស្រ្ដាលីកំពុងជួបប្រទះនូវបញ្ហាអន្តោប្រវេសន៍​ ហើយ​មក​សុំ​ការ​ពឹង​ពាក់ពីកម្ពុជា។ ដោយឡែក ចំពោះ​​​ការ​ទទួល​យកជន​ភៀស​ខ្លួន​ពីអូស្ដ្រាលី​នេះទៀតសោក ក៏​ឈរ​លើ​គោល​ការណ៍​​ស្ម័គ្រចិត្ត និង​ការទទួល​ឧបត្ថម្ភគ្រប់គ្រាន់ពីអូស្រ្ដាលី​ទៀតផង។

យើងសូមសួរថា​ ហេតុអ្វីក៏ក្រុមបក្ស​ប្រឆំាងទាំងពីរ ដែល​មាន​សមា​ជិក​ភាគ​តិច​ក្នុងសភា​ឈឺក្បាល​នឹងសេចក្ដីសំរេចរបស់​រដ្ឋាភិបាល​ខ្លំាងម្លេះ។​ គេត្រូវយល់ថារដ្ឋាភិបាលនេះ​គឺត្រូវបង្កើត​ទ្បើង​ដោយគណបក្សឈ្នះឆ្នោត។​ នរណាក៏ដឹងដែរថា នៅទីណាក៏ដោយ ប្រទេស​ណា​ក៏ដោយ​ បក្សប្រឆំាងតែងខិតខំ​ស្វះស្វែង​រក​ការងារ​ប្រឆំាង បើទោះបីដឹងថាការប្រឆំាងទាំងនេះ​ ធ្វើទំា​ងង​ងើល​​​ក៏​ដោយ។ និយាយឲ្យខ្លី បក្សប្រឆំាងណាក៏ដោយនៅលើពិភពលោកនេះ គឺមាន​គោល​ដៅ​​តែមួយ ធ្វើអ្វីៗ​គឺ​ក្នុង​ន័យ​ ​«កេង​ចំណេញ​នយោបាយ» របស់ខ្លួនតែប៉ុណ្ណោះ ដោយមិន​បាន​ឈរ​លើ​គោល​ការ​ណ៍​ច្បាប់​ជា​ធរមានទ្បើយ។

​យើងសូមសួរថា តើលោកស្រី Sarah បន្ទាប់ពី​ត្រទ្បប់​​ទៅ​ប្រទេស​របស់​ខ្លួន​វិញ អាចធ្វើ​ចលនា​​ឲ្យសភាអូស្រ្ដាលី​លុបកិច្ចព្រមព្រៀងនេះបានដែរឬទេ បើគណ​បក្សរបស់ខ្លួន​មាន​សមាជិក​សភា​តិចជាង សមាជិកសភារបស់គណបក្សកាន់អំណាចនោះ? នេះ​ជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមំា​បំផុត​នៃ​របបប្រជាធិបតេយ្យនៅលើពិភពលោក៕

ដោយ៖ រត្ន័ សណ្ដាប់

No comments:

Post a Comment