Tuesday, October 07, 2014

ព្រះ​មហា​ក្សត្រ យាង​ជា​ព្រះរា​​ជា​​អធិ​ប​តី​ភាព​​​ដ៏ខ្ពង់​​ខ្ពស់​បំ​ផុត​​ក្នុង​​ព្រះ​រាជ​​ពិធី​​សម្ពោធ​​បើក​​​ឱ្យ​​​ប្រើ​​ប្រាស់​​​ជា​ផ្លូវ​ការ​​នូវ​​អគារ​​មជ្ឈ​​មណ្ឌល​​វិទ្យា​សាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ

សមិទ្ធផលថ្មីមួយទៀត គឺអគារមជ្ឈមណ្ឌល​វិទ្យា​សាស្ត្រប្រព័ន្ធប្រសាទ ​ដែលទើបត្រូវបាន​សាង​សង់រួចរាល់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បាន​ប្រារព្ធ​​ព្រះ​រាជពិធី​សម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ហើយ ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំ​ផុត​របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យាងនិងអញ្ជើញដង្ហែព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីនេះ ក៏មានវត្តមាន​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រី អ្នក​មុខ​អ្នកការសំខាន់ៗជាច្រើនផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បានគោរពថ្វាយនូវរបាយការណ៍ ដល់​ព្រះ មហាក្សត្រក៏ដូចជាអង្គពិធីទាំងមូលថា អគារ​​​មជ្ឈ​មណ្ឌល​វិទ្យា​សាស្ត្រ​ប្រព័ន្ធប្រសាទ​ដែល​សម្ពោធ នៅថ្ងៃនេះ បានកសាង​ឡើងអស់​ទឹកប្រាក់ជាង១០លាន៨សែន​ដុល្លារអាមេរិក ដែល​គម្រោងនេះ ត្រូវបាន​ទទួលការ​ឧបត្ថម្ភ​គាំទ្រពីព្រះករុណាព្រះមហាក្សត្រកម្ពុជា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ La Chaine de l ESPOIR បារាំង រួមទាំង​អង្គការ​សប្បុរសជននានាមួយចំនួនទៀត។

ក្នុងព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ ព្រះ​អង្គបានបញ្ជាក់ថា ពិធីសម្ពោធអគារ​មជ្ឈ​មណ្ឌល វិទ្យា​សាស្ត្រប្រព័ន្ធ​ប្រសាទ​នៅមន្ទីរ​ពេទ្យកាល់​ម៉ែត្រនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបាន​កសាង​​​ឡើងដោយ​ការសហការ​រវាង​ក្រសួងសុខាភិបាល និងអង្គការ La Chaine de l ESPOIR​បារាំង។​ ព្រះអង្គ​បាននាំ​មកនូវ​ព្រះរាជ​​បណ្តាំ សួរសុខ​ទុក្ខ​សេចក្តី​នឹករលឹក ​ដ៏​ជ្រាល​​ជ្រៅ​បំផុត​ពីសម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបាន​​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យសុ​ខាភិបាល លើក​កំពស់សុខុមាលភាព​របស់​ប្រជា​រាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ព្រះមហាក្សត្រក៏បានកោតស​រ​សើរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេ នា​បតី​តេជោ ហ៊ុន សែន និងអង្គការ La Chaine de l ESPOIRបារាំងដែល​តែង​តែបាន​យក​ចិត្ត​ទុក​ដាក់គិតគូរ ជាអាទិភាព​ចំពោះ​វិស័យ​សុខា​ភិបាល ដែ​ល​ធ្វើឱ្យមាន​ការវិវត្តន៍​រីក​ចំរើន​ជា​លំដាប់។ ​​ព្រះអង្គ​ក៏បាន​ថ្លែងអរគុណចំពោះ ​និងអង្គការ La Chaine de l ESPOIR​បារាំង​លោក Stuat DEAN នាយក​ប្រតិបត្តិ​មូលនិធិក្រុមហ៊ុន General Electrique ប្រ​ចាំ​តំបន់ អាស៊ាន​ដែលបាន​ជួយជ្រោម​ជ្រែង​ក្នុង​ការ​ចូលរួម​ចំណែក​សាង​សង់​មជ្ឈមណ្ឌល​នេះ។

ព្រះករុណានៅមានព្រះរាជបន្ទូលដែរថា ការថែរក្សាគាំពារសុខុមាលភាពសង្គម ជា​ភារកិច្ចសំ​ខាន់​​ដែលយើង​ទាំងអស់​គ្នាត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យកាន់​តែ​ប្រសើរ សំដៅថែរក្សា ការពារ​និង​ព្យា​បាល​​​សុខភាពប្រជារាស្ត្រនៅទូទាំងប្រទេស ។ តាមរយៈការខិតខំប្រឹងប្រែង របស់​សហគមន៍ជាតិ និង​​​អន្តរជាតិ​គ្រប់​មជ្ឈដ្ឋាន វិស័យសុខាភិបាលត្រូវបានស្តារ និងអភិវឌ្ឍន៍​ប្រសើរឡើង ជាលំដាប់ ។ ទន្ទឹមនេះ ព្រះមហាក្សត្រកម្ពុជា ក៏បាន​កោត​សរ​សើរ​ដល់​រាជ​រដ្ឋា​ភិបាល​​ដែល​បាន​ខិត​ខំកសាង​មន្ទីរ​ពេទ្យ មណ្ឌលសុខភាពជាច្រើន នៅតាមបណ្តាខេត្ត រាជធានី ដែលអាចឱ្យបងប្អូន ជនរួម​ជាតិ បាន​ចូលពិនិត្យ និង​ព្យាបាលជំងឺជាសាធារណៈដោយឥតគិតថ្លៃ។ ជាងនេះ រាជ​រដ្ឋា​ភិ​បាល​ ​នៅ​បាន​យក​ចិត្ត​ទុកដាក់បណ្តុះបណ្តាលមន្ត្រីជំនាញវេជ្ជសាស្ត្រគ្រប់កំរិត និង​បាន​​ផ្សព្វ​ផ្សាយ​ជាទូទៅ នូវកម្មវិធី​អប់រំសុខភាពអនាម័យ និងការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ។  ការខិត​ខំប្រឹង​ប្រែងខាងលើនេះ បាន​បង្កើត​​អត្រា​សេវា​ថែ​រក្សាសុខភាពសាធារណៈក្នុងសង្គមជាតិ បានធ្វើ​ឱ្យ​បងប្អូនប្រជា​រាស្ត្រយល់​ដឹង​ទូលំទូលាយ អំពីសុខភាព និងអនាម័យ ក្នុងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ 

ឆ្លៀតនៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានចូលរួមវិភាគទាននូវ ព្រះ​រាជ​ទ្រព្យ​របស់ព្រះអង្គចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បី​ទ្រ​ទ្រង់​ដល់សកម្មភាពមជ្ឈ​មណ្ឌល​វិទ្យា​សាស្ត្រ​​ប្រព័ន្ធ​ប្រសាទនេះផងដែរ។

នៅក្នុងខណៈនេះ ព្រះកុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ ក៏បាន​សព្វ​ព្រះរាជហឫទ័យប្រទានគ្រឿងឥស្សរិយយស ព្រះ​រាជា​ណា​ចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍ គ្រឿង​ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន ប្រទាន​ដល់​សប្បុរស​ជន​នានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអគារមជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ប្រព័ន្ធប្រសាទនេះផងដែរ។

បន្ទាប់មក  ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដង្ហែ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ព្រម​ទាំង​រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការ​ បានយាង និងអញ្ជើញកាត់​ខ្សែបូរ​ ជានិមិត្តរូបនៃព្រះរាជពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ​អគារ​មជ្ឈ​ មណ្ឌលវិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​​ចាប់ពីពេលនេះតទៅ។​

សូមបញ្ជាក់ថា៖ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទដែលសម្ពោធបើក​ឱ្យប្រើប្រាស់​នាថ្ងៃ​នេះ មានកំពស់៦ជាន់ បណ្តោយ៤៥ម៉ែត្រ ទទឹង​៣០​ម៉ែត្រ និងមានគ្រែ​ព្យា​បាល​អ្នក​ជំងឺ​ចំនួន៩០គ្រែ និងបន្ទប់បម្រើសេវាពេទ្យជាច្រើនទៀត ស្របតាម​ប្រព័ន្ធ​ស្តង់ដា​មន្ទីរ​ពេទ្យ​ប្រទេស​បារាំង ដែលផ្តើម​សាង​សង់កាលពីថ្ងៃទី៩ខែតុលា ឆ្នាំ២០១២ ៕

ដោយ៖ ខេមរា

No comments:

Post a Comment