Friday, October 17, 2014

ពិធី​បើក​កិច្ចប្រ​ជុំ​កំពូល​អាស៊ី​-អឺរ៉ុប លើក​ទី១០ នៅ​ទីក្រុង​មីឡង់ ប្រ​ទេស​អ៊ីតាលី - សម្តេច​តេជោ នា​យករដ្ឋ​មន្រ្តី ជួបពិភា​ក្សាការ​ងារជា​មួយឯក​ឧត្តមនា​យករដ្ឋមន្រ្តី​ថៃ


នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី៣០ ៣១ ខែតុលា ឆ្នាំ២០១៤ខាងមុខ នេះបើយោងតាមជំនួប​រវាង​សម្តេច​តេជោ ជាមួយនាយករដ្ឋមន្ត្រីថៃ ដែល​កំពុង​ចូលរួមកិច្ចប្រជុំកំពូលអាស៊ី អ៊ីរ៉ុប លើកទី១០ នៅអ៊ីតាលី។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ ក្រោមប្រធានបទ ភាពជាដៃគូទទួលខុសត្រូវ ដើម្បីកំណើន ប្រកបដោយចីរភាព និងសន្តិសុខ បានប្រារព្ធ​ពិធីបើកជា​ផ្លូវការ កាលពីវេលារសៀលថ្ងៃទី១៦តុលា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និសីទមីឡង់ប្រទេសអ៊ីតាលី។ ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ បណ្តា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួម​ទាំង​មេដឹកនាំនៃប្រទេសក្រូអាត និងប្រទេសកាហ្សាក់ស្ថាន ដែលនិង​ចូលជា​សមាជិកពេញសិទ្ធិថ្មីរបស់ ASEM បានយាង និងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០របស់ខ្លួន ក្រោមវត្តមាននៃការទទួល​បដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពី ឯកឧត្តម ម៉ាត​តេអូ រិនហ៊្សី (Matteo Renzi) នាយករដ្ឋមន្រ្តីអ៊ីតាលី ឯកឧត្តម ហ្សូហ្សេ មានុអែល បារ៉ូសូ (Jose Manuel Barroso) ប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម ហ៊ើម៉ាន់ វ៉ាន់ រុមពុយ (Her man Van Rompuy) ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប។

ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំង៥៣ របស់អាស៊ី-អឺរ៉ុប ដែល​បាន​យាង​និងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើក​ទី១០នេះ មាន​ថ្នាក់​ប្រមុខ​រដ្ឋ​ចំនួន​១៥​រូប ថ្នាក់ប្រមុខរដ្ឋាភិបាលមានចំនួន២៩រូប និងថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ចំនួន​៩រូប។ ថ្លែង​ក្នុង​ពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ ឯកឧត្តម ហ៊ើនម៉ាន់ វ៉ាន់ រុមពុយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាប្រធានកិច្ចប្រជំកំពូលអាស៊ី-អឺរ៉ុប លើកទី១០ មានប្រសាសន៍ថា ប្រធាន​បទនៃកិច្ចប្រជុំកំពូលនេះ គឺថា គ្មានកំណើនដោយចីរភាពទេ ប្រសិនបើគ្មានសន្តិសុខ ហើយផ្ទុយមកវិញ​គ្មាន​សន្តិសុខទេ ប្រសិន​បើគ្មានកំណើនដោយចីរភាព។


ឯកឧត្តមមានប្រសាសន៍បន្តថា ប្រសិនបើយើងទាំងអស់គ្នា គិត​អំពីជ្រុង​នៃការ​ពង្រីក​សមាជិក​ភាព​នោះគឺ ASEM ទទួល​បាន​ជោគជ័យដ៏ធំធេងលើការងារនេះ ពោលគឺមកដល់ពេលនេះ ASEM មាន​សមាជិកជាដៃគូចំនួន៥១ប្រទេស ហើយនឹងមានប្រទេសចំនួនពីរទៀត គឺប្រទេស​ក្រូអាត​និង​ប្រទេសកាហ្សាក់ស្ថាននឹងចូលជាសមាជិកពេញសិទ្ធរបស់ ASEM នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១០ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ដែលនឹងនាំឲ្យ ASEM មានដៃគូ​កើន​ដល់​៥៣​ប្រទេស រាប់ទាំងសហភាពអឺរ៉ុប និងអាស៊ាន។ ឯកឧត្តមបន្តថា កិច្ចប្រជុំកំពូលលើកនេះ នឹងអាច​ដោះស្រាយ​​បញ្ហា​ទាំងឡាយមានដូចជាប្រាក់សោធន៍និវត្តន៍ និងសន្តិសុខ ដែលពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល ការដឹកជញ្ជូន និងទឹក ព្រមទាំងផ្តោតការ​យកចិត្តទុក​ដាក់​ចំពោះ​ជន ដែលនឹង​ងាយ​រង​គ្រោះ​បំផុត ជាពិសេសស្រ្តី និងកុមារ។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី-អឺរ៉ុប ត្រូវតែ​ធ្វើការជាមួយគ្នា។ សង្គមកិច្ច និងអនាគតអឺរ៉ុប ចាំបាច់ត្រូវតែមានស្ថិរភាព ហើយសេដ្ឋកិច្ចអាស៊ីត្រូវតែរឹងមាំ។

គោលដៅ ​សំខាន់​របស់អាស៊ី-អឺរ៉ុប គឺពង្រឹង​​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើឲ្យ​មាន​កំណើន​ឡើង​វិញ។ ដោយមានសំណើរពីភាគីថៃ នៅរសៀល​ថ្ងៃ​ដដែល​នោះដែរ សម្តេច​អគ្គមហា​សេនា​បតី​តេជោ​  ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យឯក​ឧត្តម​ឧត្តម​សេនីយ៍ ​ប្រាយុទ្ធ ចាន់អូចា (Prayut Chan O Cha) នាយក​រដ្ឋ​មន្រ្តី​ថៃ ចូលជួបសំដែងការគួរសម និងពិភា​ក្សាការងារ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍​ស្វាគមន៍​ដោយ​សេចក្តីសោម​នស្ស​រីករាយ ដោយបានជួបពិភាក្សាការងារទ្វេភាគី ជាមួយនិងឯកឧត្តមឧត្តមសេនីយ៍ បន្ទាប់​ពីឯកឧត្តម​ត្រូវបានតែងតាំង​ជានាយក​រដ្ឋ​មន្រ្តីថៃ។ ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា មានប្រសាសន៍ថ្លែងនូវការកោតសរសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និង​​រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនិងយោគយល់ចំពោះសភាពការណ៍ ដែល​កើត​មាន​ឡើង​នៅក្នុងប្រទេសថៃកាលពីពេលកន្លងមក តាមរយៈនោះ​ឯកឧត្តម​​នាយករដ្ឋ​មន្រ្តីបាន​ផ្តល់​នូវ​សេច​ក្តីសង្ឃឹមថា ប្រទេសយើងទាំងពីរកម្ពុជា ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។



ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បាន​ឯកភាព​គ្នាថា នឹងមិនត្រូវទុកបញ្ហាព្រំដែនដែល​នៅសេស​សល់​ក្លាយជាឧបសគ្គ ដល់ការធ្វើ​កិច្ច​សហប្រតិបត្តិការនិងទំនាក់ ទំនងនៃវិស័យដទៃទៀតរបស់ប្រទេសទាំងពីរនោះឡើយ។ ជាមួយ​គ្នានេះ​យើងត្រូវ​ខិតខំពង្រីក​កិច្ច​ សហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ​ឲ្យកាន់​តែរឹង​មាំទ្វេ​ឡើង​ថែម​ទៀត ពិសេសបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងនោះបញ្ហាសំខាន់គឺខិតខំ​ជំរុញការអភិវឌ្ឍ​ នៅ​តាម​តំបន់ព្រំដែននៃប្រទេសទាំងពីរ។ ក្នុងជំនួនពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បាន​ស្នើជាមតិជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា រាជ​រដ្ឋាភិបាលថៃ មានគោល​នយោបាយ​និងគោល​បំណងក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់មួយចំនួននៃព្រំដែនកម្ពុជា ថៃ ពិសេស​នៅ​តំបន់​ប៉ោយប៉ែតដើម្បីធ្វើការអភិវឌ្ឍ សំរាប់ធ្វើជាតំបន់ពាណិជ្ជកម្ម សណ្ឋាគារ ទីក្រុង បង្កើត​ឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងការបង្កើត​ឡើងនូវ​រោងចក្រ​ខ្នាត​តូច ដើម្បីផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន និងពលករ​កម្ពុជា​អាចរក​ការងារ​ក្នុង​តំបន​សេដ្ឋ​កិច្ច​ពិសេស។ ក្នុងជំនួប​ពិភាក្សា​គ្នា​នោះ​ដែរភាគីថៃបានសន្យាផងដែរថា រដ្ឋាភិបាល​ថៃនឹង​ជួយ​សំរួល​ដល់​ការ ផ្តល់នូវភាពអនុគ្រោះផ្នែកច្បាប់ទន្លាប់ដល់ពលករកម្ពុជា ដែលចូល​ទៅបំរើ​ការងារ​ក្នុង​ដែន​ដីដ៏ជ្រៅរបស់ប្រទេសថៃ។

ជាមួយគ្នានេះដែរឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់​ពីគោល​បំណង​នៃការ​រៀបចំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្នុងការទំនាក់ទំនងផ្លាស់ប្តូរមុខទំនិញ នៃ​ប្រទេស​ទាំងពីរ ដើម្បី​ឲ្យប្រជា​ពលរដ្ឋ​នៃប្រទេស​ទាំងពីរអាចធ្វើការផ្លាស់ប្តូរមុខទំនិញ និងការប្រាស្រ័យទាក់ទង់គ្នាកាន់តែជិតស្និត។ ក្នុងជំនួបពិភាក្សា គ្នានោះ​ដែរប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពង្រឹងនិងពង្រីកនូវ កិច្ចសហប្រតិបត្តិការក្នុង ការទប់ស្កាត់ការឆ្លងដែនកាប់ឈើខុសច្បាប់ ការ​គាំ​ពារថែរក្សា​និរន្តរ​ភាព​ព្រៃ​ឈើនៅតាមតំបន់ព្រំដែន ការទប់ស្កាត់រួមគ្នាក្នុងការបង្រ្កាប់បទឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេស​ការរិៈរកនូវ​គ្រប់មធ្យោ​បាយ​គ្រប់បែបយ៉ាង ក្នុងការ​អភិវឌ្ឍន៍​តំបន់ព្រំដែន​មួយប្រកប​ដោយ​សន្តិភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរទេសចរណ៍វប្បធម៌ កីឡា និង​ភាពរីកចំរើនរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីថៃមានប្រសាសន៍ថ្លែងនូវអំណរគុណ ជូន​ចំពោះសម្តេចតេជោ និងរាជដ្ឋាភិបាលកម្ពុជា ដែលបាន​ធ្វើការ​ដោះលែងទណ្ឌិត វីវៈស៊ុមខ្វាឃីត ដែលនោះគឺជាកាយវិការដ៏សប្បរសធម៌បំផុត របស់ភាគីកម្ពុជា ក្នុងការជួយដល់ភាគីថៃ។ សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍បញ្ជាក់បន្ថែមថា ពេលនេះគឺជាពេលវេលាដ៏សំខាន់ណាស់ ក្នុងការ​ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលយើង​បានសំរួល​និងខិត​ខំធ្វើ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយគ្នា ដើម្បីបំរើឲ្យផលប្រយោជន៍នៃប្រទេសទាំងពីរ។ សម្តេចតេជោ​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា យើងមិន​ត្រូវទុក​ឲ្យឧបសគ្គ​បន្តិចបន្តួច ធ្វើឲ្យរាំងស្ទះដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពនៃប្រទេសទាំងពីរ ដែលមានភូមិផងរបងជាមួយគ្នានោះទេ ពោលគឺ​យើងត្រូវ​តែ​បង្កើត​នូវ​ស្មារតី​ថ្មី ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរ ដោយ​សារ​យើង​មាន​មោទន​ភាពថា ជញ្ជីង​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ វាបាន​ឈាន​ដល់ជាង​៤ពាន់លាន​ដុល្លា​អាមេរិក និងចំនួនទេសចរណ៍នៃប្រទេសទាំងពីរក៏មានការកើនឡើង ផងដែរ។

ដោយមានការគោរពអញ្ជើញ ​ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ថៃបាន​សន្យា​ថា នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលថៃ មកបំពេញ​ទស្សន​​កិច្ច​នៅកម្ពុជា​នៅថ្ងៃទី​៣០-៣១ ខែតុលា​  ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេស​ទាំងពីរ​ឲ្យឈាន​ដល់​ចំណុច​​កំពូលថ្មី​មួយ​ទៀត៕

No comments:

Post a Comment