Friday, October 17, 2014

ទស្សនៈ​​ ដោយ សួន​ ចំរើន​៖ អ្នក​ថា​ មិន​ដូច​អ្នក​ធ្វើ​

មុន​ពេល​គណបក្ស​ប្រឆាំង​ចូល​សភា​ សម្តី សន្យា​រាប់​រយ រាប់​ម៉ឺន​សន្យា​ របស់​លោក​ សម​ រង្ស៊ី និង​លោក កឹម សុខា​ រួម​និង​មន្ត្រី​គណបក្ស​ បាន​អង្រន់​ចិត្ត​ប្រជាពល​រដ្ឋ​​ឲ្យ​​មាន​អារម្មណ៍​រំ​ភើប​ និង​រវើ​រវាយ​ នឹក​ស្មាន​ថា ​នឹង​ធ្វើ​បាន​តាម​អ្វី​​ដែល​អ្នក​នយោ​បាយ​ប្រឆាំង​​ តែង​តែ​បោក​ប្រាស់​​​​របៀប នយោ​បាយ​​បំភ្លៃការ​ពិត ​ថា​​​ខ្លួន​អាច​​ធ្វើ​​បានគ្រប់​បញ្ហា​​​។​

ពួក​គេ​បានប្រើ​យុទ្ធ​សាស្ត្រ​​កុហក់​ប្រជាពលរដ្ឋ​ ទៅ​តាម​ទី​តាំង​ដែល​ខ្លួន​ចុះ​ទៅ​ដល់​ ដូច​ជា​ បើ​ពួក​គេ​ចុះ​ទៅ​តាម​ភូមិ​ឃុំ​ ស្រែ​ចម្ការ​​ពួក​គេ​នឹង​ថា​ខ្លួន​អាច​ តភ្លើង​ ឬតទឹក​ ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ ឬត​អគ្គិសនី​​ រហូត​ទៅ​ដល់​វាល​ស្រែ​ ឬដល់​ចម្ការ​ របស់​កសិករ​ទៀត​​ផង​​។ ​បើ​ពួក​គេ​ទៅ​ជួប​ជាមួយ​មន្ត្រី​រាជ​ការ​ ឬ​កម្លាំង​សមត្ថកិច្ច​ ពួក​គេ​នឹង​សន្យា​ថា​ តម្លើង​ប្រាក់​ខែ​ ឲ្យ​បាន​​សម​រម្យ ឬ១លាន​រៀល​ បើ​ទៅ​ជួប​ជាមួយ​ចាស់​ៗ​ ថា​នឹង​បាន​៤ម៉ឺន​ ហើយ​បើ​ ពួក​គេ​ទៅ​ជួប​ជាមួយ​កម្មករ​រោចក្រ​​កាត់​ដេរ​ ពួក​គេ​នឹង​សន្យា​ថា​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ ជាដើម​។ នៅ​មាន​ការ​សន្យា​ ភូត​កុហក់​ច្រើន​ទៀត​មិន​អាច​រៀប​រាប់​អស់​ ដែល​រហូត​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​ អស់​ជំនឿ​​ទាំង​ស្រុង​ទៅ​ហើយ​។​  ​​​

ប៉ុន្តែ​ ក្រោយ​ពេល​ដែល​គណបក្ស​ប្រឆាំង​ចូល​ក្នុង​សភា​ ទើប​ពួក​គេ​ដឹង​ថា​​ គ្រប់​ចំណុច​ដែល​ពួក​គេ​​បាន​សន្យា​កន្លង​មក សុទ្ធ​តែ​ជាបញ្ហា​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​ ហើយ​​​​ត្រូវ​បាន​រាជរដ្ឋា​ភិបាល​​​ខិត​ខំ​ធ្វើ​ និង​បាន​ដោះ​ស្រាយខ្លះ​​ជាបន្ត​​បន្ទាប់រួច​​ម​ក​ហើយ​​។​

ទាក់​ទង​នឹង​រឿង​ប្រាក់​ខែ​អប្បបរមា​​ រប​ស់​​កម្ម​ករ​ ដោយ​សារ​ស្ថានភាព​សេដ្ឋ​កិច្ច​​មិន​ទាន់​មាន​អំណោយ​ផល​ល្អ​ ក្នុង​ការ​​ផ្តល់​ជូន​ឲ្យ​បាន​ដូច​ការ​ទាម​ទារ​ ទើប​​រដ្ឋ បាន​ពិភាក្សា​ជាមួយ​និយោជក និង​ក្រុម​សហជីព​ ​សម្រេច​ផ្តល់​ជូន​ និង​ដោះ​ស្រាយ​បន្តិច​ម្តង​ៗ។​ ជាក់​ស្តែង​ មក​ដល់​បច្ចុប្បន្ន​ កម្មករ​មាន​ប្រាក់​ខែ​អប្បបរមា​​ដល់​១០០​​ដុល្លារ​​ ហើយ​ដែរ​​​។​ ដូច្នេះ​ ការ​ស្នើ​សុំ​ប្រាក់​ខែ​ខ្ពស់​របស់​កម្មករ​ រហូត​ដល់​ ១៧៧ ដុល្លារ​នោះ​ អាច​នឹង​ធ្វើ​ឲ្យ​ថៅកែ​រោង​ចក្រ​ឈប់​វិនិយោគ​នៅកម្ពុជា​ វានឹង​នាំ​ឲ្យ​កម្មករ​បាត់​បង់​ការ​ងារ​​ធ្វើ​ ប្រៀប​ដូច​ផ្កាប់​ឆ្នាំ​បាយ​ខ្លួន​ឯង ដូច្នោះ​ដែរ​​។​ មានន័យ​ថា​ បើ​កម្មករ​ចេះ​តែ​ទាម​ទារ​ប្រាក់​ឈ្នួល​ខ្ពស់​ហួស​ហេតុ​ មិន​គិត​ពី​ស្ថានភាព​សេដ្ឋកិច្ច​​វា​នឹង​​ធ្វើ​​ឲ្យ​​រោង​ចក្រ​​ខាត​​ហើយ​បិទ​ទ្វារ​ជា​មិន​ខាន​។​

ជាក់​ស្តែង​ ចាប់​តាំង​ពី​ប្រទេស​ចិន និង​ប្រទេស​ថៃ​ ចាប់​ផ្តើម​​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​​ដល់​កម្មករ​របស់​ខ្លួន​ គឺ​ប្រទេស​ទាំង​នោះ​ បាន​បង្ក​នូវ​ផល​វិបាក​ភ្លាម​​ សម្រាប់​ឧស្សាហកម្ម​ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​អាជីវកម្មរបស់​ពួកគេ​អាច​បាត់​បង់​ភាព​ប្រកួត​ប្រជែង​ ដោយ​សារ​​មាន​ថ្លៃ​ដើម​ខ្ពស់​ ហើយ​ធ្វើ​ឲ្យ​វិនិយោគិន​​ចាប់​ផ្តើម​ពិនិត្យ​ពិចារណា​ អំពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគថ្មី​។​ នេះ​ជាកត្តា​សត្យា​នុម័ត​ ដែល​កម្ពុជា​ត្រូវ​ច្បាម​ឲ្យ​ជាប់​នូវ​ឱកាស​នេះ​ ដើម្បី​ត្រង​យក​វិនិយោគិន​ដែល​កំពុង​ស្វែង​រក​ទី​តាំង​​វិនិយោគ​ថ្មីៗ​ទាំង​នោះ​។​​

ចំណុច​មួយ​ទៀត​ ចង់​បញ្ជាក់​ថា​ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ទទួល​បន្ទុក​ទទួល​ខុស​ត្រូវ​​​ចំពោះ​មុខ​ប្រជាពលរដ្ឋ​​ តាម​រយៈ​​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ហើយ​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ ពួក​គេ​បែរ​ជា​​អះអាង​ថា ចាប់​ពី​ពេល​នេះ​ឈប់​និយាយ​ពី​បក្ស​នយោ​បាយ ប៉ុន្តែ​ត្រូវ​និយាយ​ពី​ការ​ដោះស្រាយ​នៅ​ចំពោះ​មុខ​វិញ។ មក​ដល់​ពេល​នេះ ​​ទើប​​គណបក្ស​ប្រឆាំង​ដឹង​ថា​ ការ​សន្យា​​​លើ​បញ្ហា​ប្រាក់​ឈ្នួល តាម​ការ​ទាមទារ របស់​កម្មករ គឺ​មិន​មែន​ចេះ​តែ​ស្រែក​​ដើម្បី​តែ​ប្រជាប្រិយភាព​បក្ស​ខ្លួន​នោះ​ទេ​ គឺ​វា​ត្រូវ​ការ​ឲ្យ​មាន​ការ​យក​​ទៅជជែក​ ​ពិភាក្សា​លម្អិត​ ​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ ជាមួយ​តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​ និង​តំណាង​សហជីព​ផង​ដែរ​ ទើប​កិច្ច​ការ​នោះ​អាច​សម្រេច​ទៅ​បាន​។​

ម៉្យាង​ទៀត​ កន្លង​មក​ អ្នក​បញ្ជាទិញ​មួយ​ចំនួន​ តែង​​និយាយ​ថា​ខ្លួន​អាច​តម្លើង​ថ្លៃ​ផលិត​ផល​ដែល​បញ្ជា​ទិញ​ដល់​រោងចក្រ​បាន​ ដើម្បី​អាច​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ប៉ុន្តែ​ មក​ដល់​បច្ចុប្បន្ន​នេះ​ មិន​ទាន់​ឃើញ​មាន​អ្នក​បញ្ជា​ទិញ​ ឬ​ម្ចាស់​ផ្លាកសញ្ញា​ណា​មួយ​នៅ​បរទេស​ សម្រេច​ថា​នឹង​តម្លើងថ្លៃ​ផលិត​ផល​បញ្ជាទិញ​ឲ្យ​​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ គឺ​បាន​ត្រឹម​តែ​​     « ​អ្នកថា​ ​ចេះ​តែ​ថា រី​ឯអ្នក​ធ្វើ​ ចេះ​តែ​ធ្វើ​ » ទៅ​ប៉ុណ្ណោះ​។​​

បច្ចុប្បន្ន​ វិស័យ​កាត់​ដេរ​គឺ​ជាជន្ទុល​មួយ​នៃ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​របស់​កម្ពុជា​។ វិស័យ​មួយ​នេះ​បាន​ជួយ​ផ្តល់​ការ​ងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន​កម្ពុជា​ ជាពិសេស​ដល់​កូន​ចៅ​ប្រជាពលរដ្ឋ​នៅ​ជន​បទ​ ដែល​បាន​មក​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ​នានា​ ទាំង​នៅ​រាជធានី​ និង​តាម​ទី​ប្រជុំ​ជន​។​​ ដូច្នេះ ​រាជ​រដ្ឋាបាល​អាណត្តិ​​ទី​៥​ ​បាន​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​សិក្សា​ពិចារណា​អំពី​លទ្ធភាព​នៃ​ការ​តម្លើង​ប្រាក់​ខែ​អប្បបរមា​​ជូន​ដល់​កម្មករ​ ដោយ​ផ្អែក​លើ​កំណើន​នៃ​សេដ្ឋ​កិច្ច​ និង​ស្ថេរភាព​នៃ​អ្នក​វិនិយោគ​ ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ ។ មាន​ន័យ​ថា​ មិន​សន្យា តែ​គិត​គូរ​ បង្កើន​បន្តិច​ម្តង​ៗ​ ដើម្បី​រក្សា​ទាំង​ឆ្នាំង​បាយ​កម្មករ ទាំង​ឆ្នាំង​បាយ​និយោជក​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​ នៅ​ចំពោះ​មុខ​​អ្នក​វិនិយោគ​ និង​ក្រុម​ហ៊ុនដែល​មាន​បំណង​មក​វិនិយោគ​នៅកម្ពុជា​ ក្នុង​​ឱកាស សន្និសីទ​វិនិយោគ​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា​ ឆ្នាំ​២០១៤​ ថា​៖ « បញ្ហា​ប្រាក់​បៀវត្ស​​អប្បបរមា​របស់​កម្មករ​ គឺ​រាជ​រដ្ឋាភិបាល​បន្ត​ពិនិត្យ​រួម​គ្នា​ ទៅ​តាម​យន្ត​ការ​ត្រីភាគី​ សម្រាប់​ដោះ​ស្រាយ​ ហើយ​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​នូវ​កម្រិត​ប្រាក់​បៀ​វត្ស​​​​​​​អប្បបរមា​​ ដែល​អាច​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ​ »​


ដូច្នេះ​ ការ​ទាម​ទារ​ប្រាក់​ខែ​គោល​ខ្ពស់​ហួស​ហេតុ​ ដែល​បំផុស​បំផុល​ដោយ​សហជីព​មួយ​ចំនួន​តូច​នោះ និង​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ គឺ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ ដល់​​​កម្មករនោះ​ឡើយ​។​ ម៉្យាងទៀត​ ការ​សន្យា​នានា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជាពិសេស​ការ​សន្យា​​តម្លើង​ប្រាក់​បៀវត្ស​១៥០ ឬ​ ១៧៧​ដុល្លារ​ នៅពេលនេះ​ ​គឺ​​មិន​អាច​ក្លាយ​ជាការ​ពិតបាន​​ឡើយ បើ​ផ្អែក​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​បច្ចុប្បន្ន​នេះ​។ ការ​សន្យា​របស់​បក្ស​ប្រឆាំង​កន្លង​មក​ គឺ​ជា​ការ​សន្យា​​បែប​ប្រជាភិថុតិ​ និង​ជាការ​បោក​ប្រាស់​កម្មករ​ ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​ ជាពិសេស​គឺ​ដើម្បី​តែ​ផល​ប្រយោ​ជន៍ និង​ប្រជាប្រិយភាព​​របស់​បក្ស​ខ្លួន​តែ​ប៉ុណ្ណោះ​៕ ​​ 

No comments:

Post a Comment