ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ
១កក្កដា ប្រចាំឆ្នាំប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នៅអាងទឹកក្តុល
ភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បានជំរុញឲ្យមានការលែងកូនត្រីឲ្យបានច្រើននៅតាមបឹងព្រែកធម្មជាតិឲ្យបានច្រើន
ដោយមិនចាំបាច់តែទិវាមច្ឆជាតិនោះឡើយ។
ទាក់ទងនឹងការប្រារព្ធទិវាមច្ឆជាតិនេះ
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តល់ជាអនុសាសន៍ថា ទិវាមច្ឆជាតិនេះ
មិនធ្វើតែថ្ងៃទី១កក្កដានេះទេគឺត្រូវធ្វើនៅពេលវេលាជាច្រើន
និងទីកន្លែងជាច្រើនទៀត ដើម្បីធ្វើឲ្យទន្លេ ស្ទឹង បឹងបួរ របស់កម្ពុជាសម្បូរទៅដោយត្រី។
សម្តេចតេជោ បានអំពាវនាវជាថ្មីចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេសបន្ត
អនុវត្តន៍អនុសាសន៍ចំនួន ៧ចំណុច ដែលធ្លាប់បានអំពាវនាវកាលពីឆ្នាំ២០១២ នៅក្នុងខេត្តកំពង់ចាម
ដែលរួមមាន ទី១,សុំកុំប្រើឧបករណ៍ខុសច្បាប់ ជាពិសេសការប្រើឧបករណ៍ឆក់ត្រី។
ទី២,កុំចាប់ត្រីក្នុងរដូវហាមឃាត់គឺក្នុងរដូវត្រីពង។
ទី៣,សូមកុំកាប់ព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន។
ទី៤,ជួយផ្ដល់ព័ត៌មានអំពីជនខិលខូច
និងមន្ត្រីខិលខូចដែលចូលទៅនេសាទ ឬពាក់ព័ន្ធ ក្នុងតំបន់អភិរក្ស។ ទី៥,កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទដូចជាយកទៅដាំឈូក
និងចាក់ដីលុបជាដើម។ ទី៦,កុំឲ្យមានទំនាស់រវាងប្រជាពលរដ្ឋអ្នក នេសាទ
និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ដែនទឹកជាមួយប្រជាពលរដ្ឋ ដែលមកធ្វើនេសាទនៅតំបន់របស់ខ្លួនគឺត្រូវចែកគ្នារស់ទាំងអស់គ្នា
និងទី៧,សូមចូលរួមឲ្យសកម្មក្នុងទិវាមច្ឆជាតិ ១កក្កដាជារៀងរាល់ឆ្នាំ ដែលជាទិវាជំរុញវារីវប្បកម្មឲ្យកាន់តែទូលំទូលាយ
និងចូលរួមការពារ ត្រីនិងជីវចម្រុះដែលជិតផុតពូជ។
ឯកឧត្តម អ៊ុក រ៉ាប៊ុន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងការអនុវត្តន៍កំណែទំរង់ស៊ីជម្រៅ
រាជរដ្ឋាភិបាលបានសម្រេចលុបឡូតិ៍នេសាទចំនួន ១៥៨ឡូតិ៍ដែលមានផ្ទៃសរុប ៩៥៣.០០០ហិកតា
ក្នុងនោះបានកាត់ជូនប្រជាពលរដ្ឋចំនួន ៨៥៦.២៣៧ ហិកតា
ស្មើនឹងប្រមាណ ៩០ភាគរយ និងរក្សាទុកជាកន្លែងអភិរក្សជលផលស្មើនឹង ៩៧.៥០០ ហិកតា ស្មើ ១០ភាគរយ។ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា រហូតមកដល់ឆ្នាំ
២០១៣ សហគមន៍នេសាទចំនួន ៥១៦ ត្រូវបានបង្កើតឡើង ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន
៤៧៧ និងសហគមន៍នេសាទសមុទ្រចំនួន ៣៩ ហើយក្នុងនោះសហគមន៍នេសាទចំនួន ៣៦០ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្មរួចហើយ។
ជាមួយនេះបានរៀបចំសហគមន៍នេសាទគ្មានបទល្មើសចំនួន ២៨សហគមន៍ផងដែរ។ ធនាគារក្ដាម
៣៤កន្លែងត្រូវបានបង្កើតឡើង ដែលធ្វើឱឲ្យក្ដាមសេះមានបរិមាណកើនឡើង ៤ដង។
ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិលើកទី១២នេះ
កូនត្រីពូជ ១លាន និងមច្ឆជាតិឯទៀត ត្រូវបានយកទៅលែងនៅអាងទឹកក្តុល
ភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានចម្ងាយ
៤៨គីឡូម៉ែត ពីរាជធានីភ្នំពេញត្រង់ចំណុចផ្សារត្រាច រួចបត់ចូលកាន់កន្លែងប្រារព្ធពិធីចម្ងាយ
២៨គីឡូម៉ែត។ អាងទឹកនេះមានទំនប់ទ្វាររំដោះទឹក ប្រព័ន្ធស្រោចស្រព
និងប្រឡាយជាច្រើនខ្សែ ដែលបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៧៦ និងបានបញ្ចប់នៅឆ្នាំ១៩៧៧
ក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយឆ្នាំ១៩៨៧ តំបន់នេះស្ថិតក្នុងស្ថានភាពប្រទាញប្រទង់
ដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជិត ២០ឆ្នាំ ដែលបានធ្វើឲ្យអាងទឹកនេះ ទទួលរងនូវការខូចខាត
និងខ្វះការថែទាំ។ ស្ថិតក្នុងស្ថានភាពនេះ អាងទឹកក្តុលត្រូវបានស្តារ និងសាងសង់ឡើងវិញក្នុងក្របខ័ណ្ឌនៃគម្រោងពហុបំណងអភិវឌ្ឍន៍ធនធានទឹក
នៅស្ទឹងក្រាំងពន្លៃ ដែលបានផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ
(KOICA)។
បច្ចុប្បន្ននេះ អាងទឹកក្តុលមានទំហំផ្ទៃទឹកប្រមាណ
១២០ហិកតា មានធារទឹកប្រមាណ៦ លានម៉ែត្រត្រីគុណ និងជម្រៅជាមធ្យម ៥ម៉ែត្រ ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែវស្សាជាង
១.៤០០ហិកតា
និងដីស្រែប្រាំងជិត ៥០០ហិកតា សម្រាប់ឃុំបួននៅក្នុងស្រុកសាមគ្គីមានជ័យរួមមាន
ឃុំពាម ឃុំត្បែងខ្ពស់ ឃុំស្វាយ ឃុំជុក ដែលមាន ៤៤ ភូមិ និងមានប្រជាពលរដ្ឋរស់នៅចំនួន
៣៩.៣២៥ នាក់ ស្មើនឹង ៨.៣៦៧ គ្រួសារ៕
No comments:
Post a Comment