សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសម្ដងទៀត នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ពីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អំពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលនៅតែបើកទ្វារចំហ ដើម្បីការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយសមហេតុសមផល និងបានព្រមានជាមុនថា កុំធ្វើដូចមេ Mafia ចាប់បង្ខំគេឱ្យធ្វើតាម។ ព្រោះការចរចាបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយទាមទារឲ្យប្រើរូបមន្ត ២ភាគ៣ វានឹងគាំងមិនអាចបោះឆ្នោតកើត, ២ ភាគ ៣ នេះ នឹងសម្លាប់ប្រជាធិបតេយ្យនៅស្រុកខ្មែរតែម្ដង!។
នាឱកាសអញ្ជើញជាអធិបតីក្នុង “ទិវាមច្ឆជាតិ” ថ្ងៃទី១ កក្កដា នៅអាងទឹកក្តុល ស្ថិតក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកបង្ហាញផងដែរពីនិរន្តរភាពរបស់រដ្ឋ និរន្តរភាពជីវភាពរបស់ពលរដ្ឋ ដែលកំពុងមាន ទោះគណបក្សសង្គ្រោះជាតិ នៅតែបន្តមិនចូលសភាក៏ដោយ។
ទាក់ទងនឹងបញ្ហាចរចារកដំណោះស្រាយនយោបាយជាមួយគណបក្សសង្គ្រោះជាតិ សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា ម្សិលមិញ (៣០មិថុនា២០១៤) ខ្ញុំ ប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុន (ឯកឧត្តម ហ្វ៊ូមីអូ គីស៊ីដា Fumio Kishida)ត្រង់ៗតែ ម្ដងថា លទ្ធភាពវិវត្តន៍របស់កម្ពុជា មានតែពីរទេ ទី១, មានការចូលរួមពីគណបក្សសង្គ្រោះជាតិនៅក្នុងដំណើរការសភា តាមរយៈនៃការចរចាដោយសមហេតុសមផល ហើយមិនត្រូវធ្វើជាមេម៉ាហ្វីយ៉ា (Mafia) ចាប់បង្ខំនោះទេ... លទ្ធភាពទីមួយ គឺជាការល្អ។ សម្ដេចបន្តថា៖ យើង (គណបក្សប្រជាជនកម្ពុជា) នៅតែបើកទ្វារចំហដើម្បីការចរចា ប៉ុន្តែអ្នកឯងអត់ត្រូវមកនិយាយពីរឿង២ភាគ៣ទេ។ «ខ្ញុំបានប្រាប់រដ្ឋមន្ត្រីការបរទេសជប៉ុនថា ២ភាគ៣ គឺសម្លាប់ប្រជាធិបតេយ្យស្រុកខ្មែរហើយ!។ សម្តេចតេជោបានមានប្រសាសន៍ថា ពីមុន២ភាគ៣ គ្រាន់តែធ្វើឱ្យគាំងនៃការបង្កើតរាជរដ្ឋាភិបាល! ក្នុងពេលដែលបង្កើតរាជរដ្ឋាភិបាលថ្មីមិនទាន់បានរាជរដ្ឋាភិបាលចាស់ គឺនៅចាំផ្ទះ, ប៉ុន្តែ ២ភាគ៣ នៃការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បើសិនវាគាំង គឺសម្លាប់ប្រជាធិបតេយ្យនៅស្រុកខ្មែរតែម្ដង! សុំអ្នកវិភាគទាំងឡាយយល់ឱ្យច្បាស់អំពីកន្លែងហ្នឹង! បើអ្នកឯងទារ២ភាគ៣ គឺអត់ទេ និយាយថា ដាច់ខាតគឺអត់អ្នកឯងចង់ធ្វើអីធ្វើទៅ! ហើយតែជ្រុលហួសសុំទោស!»។
សម្តេចតេជោបានថ្លែងថា មេដឹកនាំគណបក្សសង្គ្រោះបាននិយាយថា «ឆន្ទៈរាស្រ្តអត់ឲ្យចូលសភា ខ្ញុំនិយាយថា ឆន្ទៈរាស្រ្តឲ្យរាជរដ្ឋាភិបាលបន្តដំណើរ។ ឆន្ទៈរាស្រ្តអីតែឯង ឆន្ទៈរាស្រ្តខ្ញុំច្រើនជាង»។ មេបក្សប្រឆាំងធ្វើខ្លួនដូចមេម៉ាហ្វីយ៉ា ចាញ់ឆ្នោតហើយបង្ខំឲ្យគេធ្វើតាមខ្លួនទៀត។ ពាក់ព័ន្ធនឹងការលើកឡើងរបស់បក្សប្រឆាំង ដែលសុំទៅព្រះមហាក្សត្រឲ្យមានការកោះធ្វើសមាជវិញ សម្តេចតេជោមានប្រសាសន៍ថា សូមលោកមើលទៅមានច្បាប់សមាជ មកពីត្រង់ណា? ហើយគេតែងតែបានលើកឡើងថា ជាបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត ដូច្នេះបានសេចក្តីថា គេទទួលស្គាល់លទ្ធផលបោះឆ្នោត គ្រាន់តែមិនទាន់ចូលសភា។
ទោះបីយ៉ាងណាសម្ដេចតេជោបានមានប្រសាសន៍ដោយសុទិដ្ឋិនិយម ចង់ឱ្យមានការសម្របសម្រួលគ្នារវាងគណបក្ស ដែលមានអាសនៈក្នុងសភាដោយមិនចាំបាច់ មកឆ្លងកាត់មហាផ្ទៃឆ្លងកាត់គណៈរដ្ឋមន្ត្រី ហើយបញ្ជូនទៅសភាទេក្នុងនេះ។ ទាក់ទងនឹងនីតិវិធីដើម្បីដោះស្រាយបញ្ហាសម្ដេចបានមានប្រសាសន៍លើកឡើងថា៖ បណ្ដាបក្សនយោបាយ ដែលមានអាសនៈក្នុងសភាសម្របសម្រួលគ្នាទៅវាស្ទើរតែមានកុងសង់ស៊ីស ទៅហើយប៉ុន្តែពេលដែលប្រថាប់ត្រាមិនអាចយកការព្រមព្រៀង រវាងបណ្ដាបក្សនយោបាយក្នុងអចិន្ត្រៃយ៍សភាទៅថ្វាយព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបានទេ! វាត្រូវឆ្លងកាតការបោះឆ្នោតដោយសភា ហើយការបោះឆ្នោតនោះគឺត្រឹមតែសំឡេង៥០បូក១។
សម្ដេចតេជោបានទម្លាយឱ្យដឹងផងដែរថា ក្នុងពេលដែលឱ្យបក្សសង្គ្រោះជាតិបង្កើតទូរទស្សន៍ដោយឱ្យធ្វើលិខិតស្នើសុំនោះ ឥឡូវនេះ មេដឹកនាំបក្សសង្គ្រោះជាតិថា គេមិនធ្វើលិខិតទេ បើគេបង្កើតទូរទស្សន៍ គេត្រូវតែឯករាជ្យ ដោយមិននៅក្រោមរបបច្បាប់សារព័ត៌មានអីទេ។ បញ្ហានេះ សម្ដេចតេជោបានផ្ដាំទៅវិញថា «អើ! បើអ៊ីចឹងអត់ទៅ! លោកឯងមិនយក ហីទៅ! មិនឱ្យ! ព្រហើនម៉េះ?»។ ក្នុងនេះសម្ដេចពន្យល់ថា «ទូរទស្សន៍គេដទៃទៀត ឥឡូវរាល់ថ្ងៃកំពុងធ្វើសកម្មភាពទាំងទូរទស្សន៍ទាំងវិទ្យុសុទ្ធតែ នៅក្រោមច្បាប់មួយ គឺច្បាប់ទាក់ទិនជាមួយនឹងក្រសួងព័ត៌មាន។ ឥឡូវគេថាអត់ទេ បើសិនជាគេធ្វើ ត្រូវតែឯករាជ្យ អើ! អ៊ីចឹង លោកឯងទៅបង្កើតរដ្ឋមួយផ្សេងនៅឋានព្រះចន្ទទៅ! ហ៊ានសាកលមើល៍ដំឡើងអង់តែន...ដាក់លមើល៍...ទឹកដីនេះអត់ធ្វើ អបគមន៍បានទេណាប្រាប់ឱ្យហើយ!»។ សម្ដេចតេជោ ក៏បញ្ជាក់បន្ថែមដែរថា« ដូចសម្ដេច ហេង សំរិន បញ្ជាក់អ៊ីចឹង គឺបន្តបើកទ្វារ ប៉ុន្តែឈរលើមូលដ្ឋានដែលបានព្រមព្រៀងគ្នាហើយលើអ្វីខ្លះ! កុំលេងថយក្រោយដូរតួអង្គចរចាបង្កើតប្រធានបទថ្មីៗ រហូតអត់ទេ! ខ្ញុំឥឡូវអត់ខ្វល់!...អ្នកណាចង់វិភាគអី វិភាគទៅរឿងរបស់ខ្ញុំគឺរឿងធ្វើយ៉ាងម៉េចឱ្យប្រជាជនបង្កបង្កើនផល សន្តិសុខជាតិរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អ្វីៗដំណើរការទៅមុខរកលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ, ការចំណាយជួសជុលផ្លូវថ្នល់ធ្វើប្រឡាយទឹកអ្វីៗដំណើរការធម្មតា...»។
ចំពោះលទ្ធភាពទី២ សម្ដេចតេជោបញ្ជាក់ថា៖ លទ្ធភាពទី២ គឺដំណើរការដូចបច្ចុប្បន្ន ហើយដល់ឆ្នាំ២០១៨ចាត់តាំងបោះឆ្នោតឡើងវិញ!។ ក្នុងចំណុចនេះ សម្តេចបានគូសបញ្ជាក់ថា ទោះមាន ឬគ្មានជំនួយពីបរទេសក៏ដោយ ក៏រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជននៅក្នុងនោះត្រូវតែមានការកែទម្រង់ការបោះឆ្នោតដែរ។ ក្នុងការកែទម្រង់បោះឆ្នោតនេះដែរ សម្ដេចបញ្ជាក់ថា «ដល់ឆ្នាំ២០១៨ បើអ្នកឯងចូលរួមបោះក៏បោះទៅ បើមិនចូលបោះ ទេស្មានតែមានតែគណបក្សប្រជាជន គឺមានបក្សគរគោកដែលគេទើបបង្កើតរាប់ ទាំងសម្តេចក្រុមព្រះ បង្កើតត្រៀមតែនឹងចូលបោះ!...»។ ដោយឡែកតបចំពោះសេដ្ឋវិទូ និងអ្នកវិភាគឯករាជ្យមួយចំនួនដែលថា បន្តិចទៀត គឺសេដ្ឋកិច្ចកម្ពុជាទន់ខ្សោយរាជរដ្ឋាភិបាលនឹងទៅរកជំនួយបរទេសមកបើកប្រាក់ខែនោះ សម្តេចតេជោផ្ដាំទៅវិញថា «អត់ទេ!មួយជីវិតរបស់យើងហើយ គឺមិនដែលទៅយកជំនួយបរទេសមកបើកប្រាក់ខែទេ ហើយក៏គ្មានបរទេសណាគេផ្តល់ជំនួយមកឱ្យយើងសម្រាប់បើកប្រាក់ខែដែរ...មិនត្រឹមតែជំនួយទេ ទៅខ្ចីលុយគេយកមកបើកប្រាក់ខែក៏អត់ដែរ! កម្ពុជាមិនដែលទៅសុំជំនួយបរទេសមកបើកប្រាក់ខែទេ!» ជាសរុបចុងក្រោយសម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើថា «ឬមួយអ្នកឯងចូល ខ្ញុំក៏អរ! ឬមួយអ្នកឯងមិនចូល ខ្ញុំតម្រង់ឆ្ពោះទៅ២០១៨បោះឆ្នោត!»៕
No comments:
Post a Comment