Monday, June 09, 2014

ទស្សន៖ សម រង្ស៊ី បានរកឃើញចៅហ្វាយថ្មីទៀត

អស់រយៈពេលជិតមួយឆ្នាំហើយ ដែល​ លោក សម​ រង្ស៊ី នៅ​តែ​អះអាងថា បក្សខ្លួនពិតជាបានឈ្នះ​កាល​ពី​សម័យ​​បោះ​ឆ្នោតសកល នាថ្ងៃទី២៨ ខែកក្កដា​ កន្លងទៅ។ លោក សម រង្ស៊ី មិន​បាន​​ពន្យល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ ឃើញ​​ច្បាស់ពី​តួលេខ​ដែល​បាន​កត់​ត្រា​នៅ​តាម​ស្ថានីយ៍​បោះ​ឆ្នោតដែលគាត់គិតថា គ.ជ.ប. ធ្វើការ​មិនត្រឹមត្រូវនោះទេ ផ្ទុយ​ទៅវិញ លោក សម រង្ស៊ី បែរ​ជា​ខិត​ខំចំណាយពេលវេលា ព្យាយាមដើរ​បញ្ចុះ​បញ្ចូល​សភា និង​រដ្ឋាភិបាល​បរទេស​ហាក់​ដូចជាសភា និងរដ្ឋាភិបាលទាំង​នោះជា​តុលាការកំពូលរបស់កម្ពុជាអញ្ចឹង។ *សូមអាន កំណត់​ចំណាំ​​នៅ​ឃ្លា​ចុង​បញ្ចប់។

          បើគេមើលទៅហាក់ដូចជាមានសញ្ញាអ្វីមួយបង្ហាញឲ្យឃើញថា អ្នកគាំទ្របរទេសដែល​ធ្លាប់​ស្គាល់គាត់  កំពុង​តែ​ធុញ​ទ្រាន់លែងចង់ស្តាប់ការ​តវ៉ា​របស់គាត់ទៀតហើយ។ ដូចនេះ មេបក្សប្រឆាំងបានអនុវ​ត្ត​មធ្យោបាយ​ថ្មី​ គឺស្វះ​ស្វែង​រក​ចៅ​ហ្វាយ​​ថ្មី។ ការស្រែក​ឡាំប៉ា​ចុង​ក្រោយ​​របស់ លោក សម រង្ស៊ី នេះ​គឺពុំមែនសំដៅទៅរកតំណាងរាស្ដ្រសភា បរទេស ឬប្រទេស​អ្នក​ផ្ដល់​ជំនួយនោះទេ។ លើក​នេះ​ លោក សម រង្ស៊ី​ បាន​ទៅ​ឡាំ​ប៉ា​ប្ដឹង​គណៈកម្មាធិការ​កាក​បាទ​​ក្រហម​អន្តរ​ជាតិ​ទៅវិញ (ICRC)  ត្រូវហើយ ពិតណាស់។

ក្នុងលិខិតមួយជាភាសាបារាំង  បានផ្ញើទៅជូនប្រធាន ICRC ថ្ងៃទី៣​ ខែមិថុនា លោក សម រង្ស៊ី បានប្តឹងតវ៉ា «អំពី​ស្ថានភាពលំបាកលំបិន​នៃប្រជាជនខ្មែររាប់សែននាក់ ​ជា​ជន​រង​គ្រោះ​ដោយ​សារ​ការ​រឹប​អូស​យក​ដីធ្លី និងការ​បណ្តេញ​​​​​ចេញយ៉ាងឃោរឃៅ ដែល​បច្ចុប្បន្ន​កំពុងកើតឡើងជារៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជា» ហើយកាក​បាទ​ក្រហម​កម្ពុជា​ មិនបានអើពើពីរឿងនេះទេ។

ខ្ញុំដឹងហើយថាមានជម្លោះដីធ្លីកើតមានច្រើននៅម្ពុជា ក៏ប៉ុន្តែពាក្យដែលថាមាន​ការ​បណ្តេញ​ចេញ​រាល់ថ្ងៃ​បាន​ន័យ​​ដូចម្ដេច? ហើយ​មាន​ប្រជាជន​ដែលត្រូវបានបណ្តេញចេញរាប់សែននាក់ ហើយមិន​បាន​បញ្ជាក់​ពីរយៈពេល? រី​ឯ​រាប់សែននោះពួកគេនៅទីណាខ្លះ? ស្តាប់ទៅ ហាក់ដូចជា លោក សម រង្ស៊ី សរសេរ​លិខិត​​នេះ​កំពុង​តែ​វង្វេង​វង្វាន់​ខ្លួន​ឯង​​ ហាក់ដូចជា​ខ្លួនកំ​ពុង​មើលកុន ឃើញមាន​​ពីការ​ជម្លៀស​ប្រជាជន​ចេញ​ពីទីក្រុងរាប់សែននាក់ ​ដោយពួក​​ខ្មែរក្រហម កាល​​ពី៤០ ​ឆ្នាំ​មុន​។

ការប្តឹងតវ៉ារបស់លោក សម រង្ស៊ី វាប៉ាតណាប៉ាតណីពេក យកជាការមិនបាន គ្មាន​មូលដ្ឋាន​ពិត​ជាក់​ស្តែង​ ព្រោះថា​ករណី​នេះវាគ្មានអ្វីពាក់ព័ន្ធទៅនឹងគណៈកម្មាធិការកាក​បាទក្រហម​អន្តរជាតិអ្វីសោះ​។ នរណា​ក៏ដោយ ប្រសិន​បើ​គេមើល​គេហ​ទំព័ររបស់​ Wikipedia គេនឹងឃើញ «កិច្ចការស្នូល» របស់គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ គឺពាក់​ព័ន្ធតែ​នឹងការ​កាត់​បន្ថយផល​វិបាក​នៃជម្លោះ​ប្រដាប់​អាវុធ​តែ​ប៉ុណ្ណោះ ពោលគឺ 
·         «ត្រួតពិនិត្យភាគីជម្លោះឱ្យគោរពតាមអនុសញ្ញាទីក្រុងហ្សឺណែវ
·         រៀបចំឲ្យមានការព្យាបាល និងថែទាំអ្នកដែលរងរបួសនៅលើសមរភូមិ
·         ត្រួតពិនិត្យការអនុវត្តឲ្យបានត្រឹមត្រូវលើឈ្លើយសឹក និងធ្វើអន្តរាគមន៍​ដោយសម្ងាត់​ជាមួយនឹងអជ្ញាធរ ដែលគ្រប់គ្រងការឃុំឃាំង
·         ជួយរកអ្នកបាត់ខ្លួននៅក្នុងជម្លោះប្រដាប់អាវុធ (សេវាតាមដាន)
·         រៀបចំឲ្យមានការការពារ និងថែទាំប្រជាជនស៊ីវិល
·         ដើរតួជាអន្តរការីអព្យាក្រិតរវាងភាគីជម្លោះ

គេហទំព័រ Wikipedia បានបន្ថែមទៀតថា  «គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ក៏​បានអនុវត្ត​នូវ​កិច្ចការ​​មួយចំនួនទៀត ដែលមិនបានកំណត់ជាក់លាក់ក្នុងច្បាប់ ដូចជា ​ជួបជាមួយ​នឹង​អ្នកទោសនយោបាយ​ដែល​ក្រៅ​​ពីសង្គ្រាម និងផ្តល់ជំនួយដល់អ្នកដែលរងគ្រោះមហន្តរាយធម្មជាតិ»
   
       ប៉ុន្តែនៅក្នុងសារ ស្តី​ពីបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ គេពុំឃើញមានអ្វីសោះ​ដែល​និយាយ​​អំពីការដោះស្រាយជម្លោះដីធ្លី ឬផ្តល់​ការឧបត្ថម្ភ​ដល់​ប្រជាជន​ដែលធ្វើ​ដំ​ណើរ​ទៅកាន់រាជ​ធានី​​  ដើម្បីប្តឹង​តវ៉ា​រដ្ឋា​ភិបាល​ នោះទេ។ ប្រជាជន​ដែល​ត្រូវបានបង្ខំឱ្យចេញពីដីធ្លី​របស់ពួកគេដោយរដ្ឋាភិបាល ក្នុងការ​អនុវត្តន៍​គំរោងអ្វី​មួយ ​អាចប្តឹង​តវ៉ា​បាន ប្រសិន​បើពួកគេ​យល់ថា ការ​ផ្តល់​សំណងនោះវាមិនគ្រប់គ្រាន់។ ប៉ុន្តែអ្វីដែលលោក សម រង្ស៊ី តវ៉ា​ក្នុងលិខិតនោះ គឺប្រជាជនទាំងនោះពុំមែនជា «ជនភៀសខ្លួន» ដោយ​សារ​សង្គ្រាម ឬជា​ប្រជាជនរងគ្រោះ​ដោយ​មហន្ដរាយ​ធម្មជាតិ​នោះទេ ហើយ​កាក​បាទ​ក្រហម​ក៏មិន​មាន​អ្វីពាក់​ព័ន្ធ​នឹងការរកយុត្តិធម៌ឲ្យពួក​គេនោះ​ដែរ​។

          នេះពុំមែនជាលើកទីមួយទេ ដែលលោក សម រង្ស៊ី ស្វះស្វែងប្រមូលការប្ដឹងតវ៉ារបស់ប្រជាជន ​ដើម្បី​ជួយ​ប្រជា​ជន​​ដែល​ជួប​ការ​លំបាកនោះទេ ផ្ទុយទៅវិញគឺ​ដើម្បីបន្តវាសនា​នយោបាយ​របស់​គាត់​​តែប៉ុណ្ណោះ។ ក៏ប៉ុន្ដែ ទង្វើ​របស់​ខ្លួន​លើក​នេះ គឺអាចធ្វើឲ្យប៉ះពាល់​ដល់កាកបាទក្រហមកម្ពុជា និងការងាររបស់​ស្ថាប័ន​នេះ។

          តើលោក សម រង្ស៊ី ពិតជាគិតថាប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ មិនបាន​ដឹង​អំពី​អត្ត​សញ្ញាណ​​​​របស់​ប្រធានកាកបាទក្រហមកម្ពុជាទេឬអី? នោះជាមូល​ហេតុ​​ដែលលិខិតរបស់គាត់បញ្ជាក់ថា ប្រធាន​​​​កាក​បាទ​​ក្រហម​កម្ពុជា គឺជា ប៊ុន រ៉ានី ហ៊ុនសែន? តាមពិត ទោះបីជាប្រធានគណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរ​ជាតិ​មិន​យល់​ទៅចុះ ដែល​​ថាប្រធានកាកបាទក្រហមកម្ពុជាជាភរិយា​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ គឺវា​មិន​ពាក់​ព័ន្ធ​អ្វី​នឹង​ការតវ៉ា​របស់​លោក សម រង្ស៊ី ដែលថា​កាកបាទ​ក្រហម​កម្ពុជា​មិន​បាន​ធ្វើកិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើនោះទេ។ អ្វីដែល​លោក សម រង្ស៊ី លើកឡើងពីបញ្ហានេះ គឺគ្រាន់​តែចង់​ប្រាប់​អ្នក​អានទូទៅថា មានអ្វីមិន​ស្រប​ច្បាប់​អំពី ប៊ុន រ៉ានី ដែល​កាន់​តំណែងនេះ។

          គួរកត់សម្គាល់ផងដែរថា នរោត្តម ម៉ារីរណឫទ្ធ ដែលជាភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ទី១​នាពេល​នោះ ជា​ប្រធាន​​កាក​បាទក្រហមកម្ពុជា ពីឆ្នាំ១៩៩៤ ដល់១៩៩៨។ រីឯសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានធ្វើជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ចាប់​តាំ​ង​ពីឆ្នាំ១៩៩៨។ ការពិត ដែលថា​ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី ជាប្រធានកាកបាទក្រហម​កម្ពុជា​នោះ គឺដើម្បី​បញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ស្ថាប័ននេះ និងកិច្ចការ​របស់​ស្ថាប័ន​នេះ ​ពុំមែន​ដើម្បី​រឿង​នយោ​បាយ​នោះឡើយ។

          ដូចគ្នានេះដែរ សម្តេចម៉ែ នរោត្តម មុន្នីនាថ សីហនុ ជាប្រធាន​កិត្តិយស​កាក​បាទ​ក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩៤ មក។ ម្យ៉ាងទៀត ក៏មិនមានន័យថា ប្រជាជន​ដែល​រងគ្រោះ​ដោយ​សារ​គ្រោះ​មហន្ដ​រាយ​ធម្មជាតិ ​ត្រូវ​បាន​បដិ​សេធ​មិន​ផ្តល់​​ជំនួយ ប្រសិនបើពួកគេជាអ្នកគាំទ្របក្ស​សាធារណរដ្ឋនោះក៏ទេដែរ។
  
        ប្រសិនបើលោក សម រង្ស៊ី ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី (ជ្រើសរើសដោយ​រដ្ឋ​សភា​​ជាតិកម្ពុជា បន្ទាប់​ពី​ការ​បោះឆ្នោតសកល ពុំ​មែន​ដោយសភាអឺរ៉ុប ឬ​ព្រឹទ្ធ​សភា​ហ្វីលីពីន នោះទេ) ក៏គេគិត​ថាភរិយា​របស់​គាត់​ អាច​នឹង​ទទួល​តំណែង​ជា​ប្រធាន​កាក​បាទ​ក្រហមកម្ពុជានេះដែរ ប្រសិន​បើភរិយារបស់គាត់បោះបង់​តំណែង​សមាជិក​សភា។

          លោក សម រង្ស៊ី ខិតខំបង្អាក់ទឹកចិត្តម្ចាស់ជំនួយមិនឱ្យជួយ​ដល់កាកបាទ​ក្រហម​កម្ពុជា ដោយ​លើក​ឡើង​ថា កាក​​​​បាទក្រហមកម្ពុជា​គ្រាន់​តែជាសាខាមួយ​របស់​គណបក្ស​ប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយ​មិន​បាន​បំពេញ​​ភារកិច្ច​របស់​​​ខ្លួនឡើយ។ លោក ​សម រង្ស៊ី ត្រូវគណនាថា វាមានតម្លៃដ៏ស្តួចស្តើងសម្រាប់ខ្លួន ដើម្បីជួយ​ដល់​​អាជីព​នយោ​បាយ​របស់​ខ្លួន ជាពិសេស​ដោយសារ​តែអ្នក​ដែល​ត្រូវរងគ្រោះ គឺប្រជាជន​កម្ពុជាក្រីក្រ មិន​មែន​រូបគាត់នោះទេ។
___
*លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ជាធម្មតាតែងតែគិតថា តិចតួចណាស់ ឬក៏គ្មាន​ទាល់​តែ​សោះ។​ អ្វីៗកើតឡើងក្នុងឆាកនយោបាយនៅកម្ពុជាគឺសុទ្ធតែស្របច្បាប់ទាំងអស់ លុះត្រា​តែវាត្រូវ​បាន​អនុម័ត​ដោយ​បរទេស។ វាគឺដោយសារតែការឡាំប៉ាឥតឈប់ឈររបស់ពួកបក្សប្រឆាំងឲ្យមាន​អន្តរាគមន៍​របស់​បរទេស។    ចំពោះខ្ញុំដែល​ជា​ជន
ប​រ​​ទេស​​​មួយដែលរស់នៅស្រុកខ្មែរជាយូរមកហើយតែងតែមានអារម្មណ៍ថា វាដូចជាមិន​ខុសត្រូវអ្វីទេ​ក្នុងការ​អត្ថា​ធិប្បាយ​បែប​នេះ

ដោយ  Allen Myers

No comments:

Post a Comment