Friday, June 20, 2014

បទអត្ថាធិប្បាយ៖ មូរ សុខហួរ គេចវេស មិនចូលថ្នាក់រៀន!

អត្ថបទដោយ: ឧត្តម សក្តិ

រហូតមកទល់ពេលនេះ បក្សប្រឆាំង​ នៅតែបន្តប្រើពាក្យ​សម្តី​ញុះញង់​ ​ ​ដុត​បញ្ឆេះកំ​ហឹង​​ប្រ​ជា​​ពលរដ្ឋ​​ឱ្យ​ងើប​ឡើង​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា ធ្វើ​បាតុកម្ម​ ជាបន្តបន្ទាប់ លើគ្រប់រូបភាព ។

ការអំពាវ​នាវ​នេះ​ត្រូវ​បានគេមើលឃើញថា កើតមានចាប់តាំងពីមុនការបោះឆ្នោតមកម៉្លេះ ក្រុមនេះ និង​បក្ខ​ពួកបានអន្ទងអូសទាញប្រជាពលរដ្ឋ និងយុវជន កម្មករ កម្មការិនី ព្រះសង្ឃ អោយ​លង់​ជឿលើនយោបាយបោកប្រាស់ ប្រជាភិថុតិ ក្រោមស្លាកសង្គ្រោះជាតិ ។

ថ្មីៗនេះ ដោយការនៅតែងប់ងុលនឹងនយោបាយប្រឆាំងជ្រុលហួសហេតុ​ បានដុត​រោល​ចិត្ត​​ប្រឆាំង​របស់លោកស្រី មូ សុខហួរ និងបក្សពួកមួយ​ចំ​នួន​អោយ​ឡើង​កំ​ដៅ​ និង​វង្វេងវង្វាន់​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​នឹក​គិត​តែ​ពី​ចង់​ធ្វើសកម្មភាព​តវ៉ា​ក្រៅរង្វង់ច្បាប់ និង​បាន​ចាប់​យក​ទី​លាន​​ប្រជា​ធិប​តេយ្យ​ជា​ចំ​នុចអាទិភាព​លើសការងារ​ណា​ៗទាំង​អស់​ ក្នុង​ឋានៈខ្លួន​ឯង​ជា​អ្នក​តំ​ណាង​រាស្ត្រ​ ។

គេបាន​សង្កេត​ឃើញ​ថា ព្រឹក​ព្រលឹម​ឡើង​ និង​ជា​ញយ​ដង​ គឺតែង​តែឃើញ​វត្តមាន​លោកស្រី​​​ មូរ សុខហួរ​ កាន់​ផ្កាឈូក នៅ​នឹង​ដៃ ដែល​ន័យ​មួយ​ចង់​បញ្ជាក់​ថា យុទ្ធនាការ​បដិវត្តន៍​ផ្កាឈូកនៅ​កម្ពុជា គឺមេក្លោង​ធំ អាច​ជា​លោកស្រី​មូរ សុខហួរ​នេះ​ឯង ក្នុ​ង​ចំ​ណោមមេ​យុទ្ធសាស្ត្រ​​​មួយ​ចំ​នួន​ទៀត​​។ ប៉ុន្តែ ប្រសិន​បើ​លោក​ស្រី មិនបាន​បំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​អោយ​​បាន​សម​ស្រប​តាម​តួនាទី ភារកិច្ច​ ដែល​ច្បាប់​កំ​ណត់​អោយ​ទេ លោកស្រី នឹង​មិន​អាច​សម្រេច​នូវ​ជោគ​ជ័យ​ដើម្បី​ប្រយោជន៍​ជាតិ​ឡើយ។

ពល​រដ្ឋ​ខ្មែរ មិន​ត្រូវ​ការ​ភាព​ចលាចល​សង្គម​ និងចង់​វិល​ទៅ​រក​សង្គ្រាម​ជា​ថ្មី​ឡើយ។ សកម្មភាព​​របស់​ លោកស្រី​ មូរ សុខ​ហួរ រាល់​ថ្ងៃ​ គឺ​បាន​ប្រាស់ចាក​អំពី​រដ្ឋធម្មនុញ្ញ តាមរយៈ​ការ​បន្តប៉ុនប៉ង បំផុសបំផុលអោយមានចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ លើគោល​ដៅ​ដែលលោកស្រីហៅថា (គណបក្សសង្គ្រោះជាតិ គឺដើម្បីកសាងអំណាចពលរដ្ឋ និងស្ថាបន័ជាតិ គឺជួយរក្សាឬសគល់ចលនាសំរាប់ធ្វើការផ្លាស់ប្តូរតាមអំណាចមហាជន) ។ នេះ​បើ​យោង​តាម​ការ​ស្រង់​​សម្តី​របស់​លោកស្រី មូរ សុខហួរ ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ Cambodia Dialy កាលពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៤។

តើដល់ពេលណាទើបមេដឹក​នាំ​ក្រុម​បក្ស​​ប្រឆាំង​បញ្ចប់នូវ​នយោបាយបំផ្លាញអាយុជីវិត និង​អនាគត​កូន​ខ្មែរ​​តាម​រយៈយុទ្ធសាស្ត្រ​លា​បពណ៌ ញុះញុងបំបែកបំបាក់ រុញច្រាន​អោយមាន​បដិវត្ត​មហាជន និង​បង្ក​ហឹង្សាសង្គម​ ដែលនាំអោយគ្រោះថ្នាក់ និងប៉ះពាល់ដល់ស្ថិរភាព សន្តិ​ភាព និង​ការអភិវឌ្ឈន៍ជាតិ​?

នរណាក៏បានដឹងដែរថា បក្សប្រឆាំងបានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្រប​ច្បាប់ជា​ច្រើន​​​លើកច្រើនដងកន្លងមកហើយ តាមរយៈ​ការ​ដឹក​នាំ​ធ្វើ​​បាតុកម្ម​ កុបកម្មហិង្សាដែលបាន​បណ្តាល​​អោយប្រជា​ពលរដ្ឋ​ស្លាប់ និងរបួសជាច្រើននាក់ ។

 អំពើផ្ទុយ​ពី​ច្បាប់​នេះ រាជ​រដ្ឋាភិបាល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ជា​ពិសេសថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំ​ណាច​ដែល​ទទួល​សម្លេងគាំ​ទ្រ​​ភាគច្រើន​បំផុត​ មិនគាំទ្រ​នូវសកម្មភាព​ដែលដើរ​ចេញពីផ្លូវច្បាប់ ប្រាស់ចាកពីគោលការណ៍​ប្រជាធិបតេយ្យ ក្នុង​​ការ​ផ្លាស់​ប្តូ​​រសង្គម តាមរយៈ​អំពើ​ហឹង្សាដែលដឹកនាំដោយគណបក្សប្រឆាំងនោះទ្បើយ។

វិធាន​ការ​ផ្លូវ​ច្បាប់ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ ប្រសិន​បើ​ផែន​ការនោះ​ កើត​ចេញ​ជា​រូប​រាង​ឡើង​ និង​ធ្វើ​សកម្មភាព​បង្ក​ចលាចលសង្គម​។ ​ការធ្វើខ្លួនអោយដើរឆ្ងាយពីការទទួលខុសត្រូវ ក្នុង​របបប្រជាធិបតេយ្យ ដែលអ្នកតំណាងរាស្ត្រ ទាំងអស់ត្រូវឈរ​លើ​គោល​ជំហរ​​ផល​ប្រយោជន៍​ជាតិ ដើម្បី​សុខមាល​ភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មេដឹកនាំ​បក្ស​ប្រឆាំង​គួរ​ទទួល​យក​​ថា ខ្លួន​ជា​អ្នក​ចាញ់​ឆ្នោត ត្រូវផ្ដល់​កិត្តិយស​ដល់​គណបក្ស​ឈ្នះ​ឆ្នោត ដោយប្រកាន់ជំហរជាអ្នកកីទ្បា លើទី​លាន​​ប្រជាធិបតេយ្យ ចាញ់ និង ឈ្នះជាការធម្មតា ។

ដូចនេះ បក្ស​ប្រឆាំងគួរចូល​ខ្លួនមក​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ នៅក្នុងក្របខណ្ឌ​រដ្ឋ​សភាជាតិ ក្នុងនាមគណបក្សដែលទទួលបានសម្លេងគាំទ្រស្របតាមឆន្ទៈរបស់រាស្រ្ត ។

ថ្មីៗនេះ​គណបក្សប្រជាជនកម្ពុជា ក្នុងនាមបក្សឈ្នះឆ្នោតបាន យល់ព្រមធ្វើសម្បទាន​នយោ​បាយដែលផ្តល់អោយនូវអ្វីដែលជាការទាមទារបស់គណបក្សសង្គ្រោះជាតិ នាពេល​កន្លង​មក លើ​ការ​ដាក់បញ្ចូល​គ.ជ.ប ទៅជា​ច្បាប់រដ្ឋធម្មនុញ្ញ និង​ការអនុញ្ញាតឱ្យ​បក្សប្រឆាំង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ប៉ុន្តែ ឆន្ទៈនយោបាយនេះត្រូវបាន​មេដឹកនាំបក្សប្រឆាំង​មានចេតនា​ធ្វើអោយ​មានការ​ជាប់គាំងមិនអាចរកវិធីបញ្ចប់ជម្លោះនយោបាយបាន តាមរយៈការប្រើលេសក្នុងការជ្រើស​រើស​ក្បាល​​​ម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ចំណុច​ខ្ទាស់​គ្នា​រវាង​ក្រុម​ចរចា​នៃ​គណ​​​​បក្ស​ទាំងពីរ មិនអោយចេញរួច ដោយក្នុងនោះគណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅតែទទូចចង់ឱ្យ​មាន​​ការជ្រើសរើស​សមាសភាព​ដឹកនាំ​គ.ជ.ប​ដោយ​សំឡេង​សមាជិក​ក្នុង​សភា​ចំនួន២/៣ ដែល​ជា​រូប​មន្តអោយ​កើត​មាន​​​វិបត្តិ​នៅ​ស្រុក​ខ្មែរ ។

ត្រង់​ចំ​នុច​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា គណបក្ស​ប្រឆាំង​ ហាក់​​ដូច​ជា​មាន​ឆន្ទៈក្នុង​ចរចារ ប៉ុន្តែ គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឡើយ ពី​ព្រោះ​អ្វី​ដែល​គណបក្ស​ប្រឆាំង​លើក​មក​ ត្រូវ​​បាន​គណ​បក្ស​​​ប្រជា​ជន​ទទួល​យក​ និង​​ដោះ​ស្រាយ​ ប៉ុន្តែ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឯកភាព​ដោះ​ស្រាយ​តាម​ហើយ​នោះ បែរ​ជា​បក្ស​ប្រឆាំង​បង្កើត​តែ​សំ​ណូម​ពរ និង​ពង្រីក​បញ្ហា​បន្ថែម​ថ្មី​ៗរាប់​មិន​អស់​ ។

ទង្វើ​ទាំង​អស់​នេះ ​បាន​បង្ហាញយ៉ាង​ច្បាស់​​ពី​ចេតនារបស់​គណបក្ស​ប្រឆាំង​ គឺមិន​ចង់​បញ្ចប់​បញ្ហាឡើយ​ គឺពួក​គេមាន​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​ គឺ​ការ​ចិញ្ចឹម​ទំ​នាស់​ ជា​ជាង​ការ​ដោះ​ស្រាយ​បញ្ចប់​ទំ​នាស់​។

ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានដឹង និងឃើញច្បាស់ណាស់អំពីចេតនា​អាក្រក់​របស់​គណបក្សសង្គ្រោះជាតិ ដែល​ពួកគាត់នៅតែទទូច ហើយត្រូវការយ៉ាងចាំបាច់​អោយបក្ស​មួយ​នេះ ធ្វើការ​លើក​កម្ពស់ និង​​ការ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែលបាន​​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​​ខ្លួន​បាន​ទទួល​៥៥​អាសនៈ គឺដើម្បីអោយអ្នកតំណាងរាស្រ្តទាំង៥៥រូប នាំ​គ្នា​ចូល​អង្គុយ​ធ្វើ​ការ​ក្នុង​សភា មិនមែនអោយធ្វើការ​​កៀងគរ​ប្រជាពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​​ តាមចិញ្ចើមថ្នល់ ដែល​នាំឲ្យ​ពួក​គាត់​​ខាត​បង់​នូវ​ពេល​វេលា រំខាន​ដល់​ការ​រក​ទទួល​ទាន និង​រំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​​ជាតិ ជាពិសេស​ញ៉ាំង​ឲ្យ​ប្រ​ទេស​បាត់​បង់​ស្ថេរភាព​នយោបាយ​ដែលជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​នោះ​ទេ​។

ក្នុង​ដំ​ណាក់​កាល​នេះ ជំរើសតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដែល​តែងតែ​តាំង​ខ្លួនឯងជាអ្នកប្រជាធិបតេយ្យ អាចចូល​រួម​​បំ​រើ​​​ប្រជាពល​រដ្ឋស្របតាមនីតិរដ្ឋនោះ គឺការ​ងាក​មក​គោរព​ច្បាប់​ និង​បំ​ពេញ​កាតព្វ​កិច្ច​ជា​អ្នក​តំ​ណាង​រាស្ត្រ និង​ត្រូវតែទទួលស្គាល់ការពិត គឺ​គួរគប្បី​ចាប់យកអាសនៈដែលខ្លួនទទួលបានក្នុងអង្គសភា មិនគួរ​ធ្វើខ្លួនជាតំណាងរាស្រ្តទំនើង ដើរ​ស្រែក​​ឡូឡាតាមចិញ្ចើមផ្លូវ តាម​ទីសាធារណៈ បង្កើត​ភាព​ភយ័​ខ្លាចដល់ប្រជាពលរដ្ឋនោះទេ។

ប៉ុន្តែ រហូត​មកដល់​ម៉ោង​នេះ សកម្មភាព​របស់​លោកស្រី មួរ សុខហួ មិ​ន​​ត្រឹម​តែ​ខំ​ប្រឹង​បង្កើន​ល្បឿន​បង្ក​ភាព​អាណា​ធិបតេយ្យ​ គ្មាន​ច្បាប់​ទម្លាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បានបោះ​បង់​ចោល​​ទាំង​ស្រុង​នូវ​តួនាទី​ និង​កាតព្វ​កិច្ច​របស់​ខ្លួនដែល​ជា​អ្នក​តំ​ណាងរាស្ត្រ​ជាប់​ឆ្នោត​អោយ​ស្ថិតនៅ​​កៀន​​ជញ្ជាំង ប៉ុន្តែ បែរជា​ជ្រើស​រើស​យក​​របៀប​សិស្សខ្ជិល​ច្រអូស មិន​ស្តាប់​សង្គាប់​នាយក​សាលា គឺ​លោក​ស្រី ធ្វើ​ខ្លួន​ជា​ « សិស្សដ៏​កំ​ជិល​ម្នាក់​គ្មាន​វិន័យ និង​គេសវេសពី​ថ្នាក់​រៀន ហើយ​មក​ប៉ោឡែ​តាម​ដង​ផ្លូវ​ទៅ​វិញ»​ ។
          
របៀប​សិស្សខ្ជិល មិន​ត្រូវ​បាន​គេយកមកធ្វើ​ជា​គំ​រូសម្រាប់បង្ហាញ​នូវ​​គុណ​ភាព តម្លៃ និង​សេចក្តី​​​​ថ្លៃ​ថ្នូរ​របស់​បុគ្គល​​ ដែលគួរ​សង្គម​កោត​សរសើរនោះ​ទេ។

No comments:

Post a Comment