(បទពាក្យប្រាំពីរ)
នៅពេលស្ថានការណ៍ថៃប្រែប្រួល ពលកររំជួលក្នុងចិន្ដា
ត្រឡប់វិលចូលដែនសីមា ទាំងចិត្ដតក់ប្រមាហួសការស្មាន ។
ក្រុមអាជ្ញាធរជាតិកងទ័ព វក់វីញឹកញាប់គ្មានសំរាន្ដ
ចុះជួយដោះស្រាយមិនខកខាន សំរាលទុក្ខបានពីឯកា ។
ជញ្ជូនដឹកនាំពលករខ្មែរ ក្រុងចំការស្រែដោយមេត្ដា
មានទាំងឧបត្ថម្ភស្បៀងអាហារ តាមតំរូវការជាប្រចាំ ។
ខិតខំធ្វើការគ្មានសំចៃ មិនថាយប់ថ្ងៃភ្លៀងស្រស្រាំ
ជួយអស់លទ្ធភាពយ៉ាងសកម្ម មានឱសថថ្នាំព្យាបាលថែ ។
ចម្លែកតែលោក កឹម សុខា ធ្វើជាឆ្លេឆ្លានឹងគេដែរ
មានទាំងអង្គរក្សនែបនិត្យក្បែរ តាមជួយដង្ហែអង្គអាត្មា ។
គួរអនិច្ចាលោកមន្ដ្រី មានត្រឹមទ្រឹស្ដីពោលមុសា
ញុះញង់បោកប្រាស់តាមតែថា ធ្វើឫកសង្ហាទាំងពេលព្រឹក ។
បើមិនជួយចូកមិនជួយចែវ សូមកុំតែកេវជើងរាទឹក
នៅពេលគេខ្វល់មមាញឹក ស្ទើរភ្លេចបាយទឹកម្ហូបអាហារ ។
ពលករទាំងអស់ច្រើនពេកពន់ លោកបានអរគុណរាជរដ្ឋា
បានជួយសំរួលទាន់ហេតុការណ៍ នៅពេលខ្លោចផ្សាគ្រាអាសន្ន ។
(ដោយ មូល មិត្ដ)
No comments:
Post a Comment