រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤
- លោក លី ជាវគង់ ភារធារីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- លោកជំទាវ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- លោកស្រី លីវ ជីងហួយ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិន
- ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អស់លោក លោកស្រី ក្មួយៗនិស្សិត ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ក្នុងពិធីបើក «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២» ដ៏មានសារៈសំខាន់ នាពេលនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានសហការរៀបចំពិព័រណ៍នេះឡើងសំដៅចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ខ្ញុំក៏សូមសម្តែងនូវអំណរគុណចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាជាតិអាហារូបករណ៍នៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាគ្រឹះស្ថានឧត្តមសិក្សាចិន ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំពិព័រណ៍នេះ។
តាមរបាយការណ៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ពិព័រណ៍លើកទី១ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ដោយមានការចូលរួមពីសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន១៤។ ដោយឡែក ពិព័រណ៍លើកទី២នេះ មានសាកលវិទ្យាល័យល្បីៗរបស់ចិនចំនួន ២២ បានមកចូលរួម ផងដែរ។
ការជួបជុំគ្នានៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍លើកទី២នៃ «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិន» ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ថា ការតាំងពិព័រណ៍លើកទី១កន្លងទៅ បានទាក់ទាញនិស្សិតកម្ពុជាជាង៤ពាន់នាក់ចូលមកទស្សនា ហើយក៏លើកទឹកចិត្តដល់និស្សិតរាប់រយនាក់ទៅសិក្សានៅប្រទេសចិន។
ជារៀងរាល់ឆ្នាំ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា។ ដោយសារធនធានមនុស្សជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមប្រឹក្សាជាតិអាហារូបករណ៍របស់ប្រទេសចិននឹងពិចារណាផ្តល់អាហារូបករណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតដល់និស្សិតកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ នៅក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី២របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ស្តីពី «ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន» ខ្ញុំក៏បានរំឭកអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយបច្ចុប្បន្ននេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពនេះ កាន់តែមានភាពស្អិតរមួតថែមទៀត ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រហូតសម្រេចបាននូវដំណាក់កាលថ្មីដ៏គួរឱ្យកត់សម្គាល់ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាលទ្ធផល កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត ដែលជាកត្តានាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ។ ជាងនេះទៅទៀត នៅក្នុងគោលនយោបាយការបរទេស រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលគាំទ្រគោលនយោបាយចិនតែមួយ និងជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ។ នេះគឺឆ្លុះបញ្ចាំងឱ្យឃើញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគោលនយោបាយការបរទេសអព្យាក្រឹត សន្តិសហវិជ្ជមាន មិនចូលបក្សសម្ព័ន្ធ កសាងទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយគ្រប់ប្រទេស ដោយឈរលើគោលការណ៍សមភាព គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
គ្រឹះស្ថានសិក្សា រួមទាំងស្ថាប័នដទៃទៀតទាំងអស់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយរបបប្រល័យពូជសាសន៍ក្នុងរយៈពេលតែជាងបីឆ្នាំប៉ុណ្ណោះ។
បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩យើងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង ដោយដៃម្ខាងខិតខំប្រឹងប្រែងស្ដារ និងកសាងជាតិមាតុភូមិជាទីស្នេហានៃយើងពីបាតដៃទទេ និងដៃម្ខាងទៀតខិតខំការពារមិនឱ្យមានការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍។ លើសពីនេះទៀត តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការផ្សះផ្សារ បង្រួបបង្រួម និងឯកភាពជាតិ ត្រូវបានសម្រេចឡើង ដោយពុំមានការបង្ហូរឈាមគ្នាឡើយ ហើយកម្ពុជាទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលយើងពុំធ្លាប់ទទួលបានឡើយនៅក្នុងរយៈកាលប្រមាណ ៥០០ឆ្នាំ ចុងក្រោយនេះ។
សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ធានាបាននូវការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០១២ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៣% ហើយកំណើននេះត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ពី ៧% ទៅ ៨% នៅឆ្នាំបន្តបន្ទាប់ ដោយរក្សាបាននូវអតិផរណាទាប។ ផ្អែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាសម្រេចបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ ហើយនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ និងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុក ដាក់ខ្ពស់ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត។ វិស័យអប់រំទាំងមូលមានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ទាំងបរិមាណនិងគុណភាព ជាក់ស្តែង សាលារៀនចំណេះទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស និស្សិតចុះឈ្មោះចូលរៀននៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការរីកដុះដាលយ៉ាងខ្លាំង ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ឈានទៅពង្រឹងគុណភាពអប់រំឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជោគជ័យទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
ការរៀបចំ «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិន» នេះ គឺជាការរួមចំណែកដ៏សំខាន់ ឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃការអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយគុណភាពខ្ពស់ទាំងចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌។ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រឱ្យមានការងារពិព័រណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ពុទ្ធិនិងបទពិសោធន៍បន្ថែមដល់សិស្ស-និស្សិតកម្ពុជា អំពីស្ថានភាពសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន។ ពិព័រណ៍នេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់វិស័យអប់រំឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លើសពីនេះទៀត ពិព័រណ៍នេះក៏រួមចំណែកផងដែរដល់បេសកកម្មពង្រឹងនិងពង្រីកចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ទំនាក់ទំនងនៃវិស័យអប់រំនៃប្រទេសយើងទាំងពីរ។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ក្រុមប្រឹក្សាជាតិអាហារូបករណ៍នៃប្រទេសចិន និងបណ្តាគ្រឹះស្ថានឧត្តមសិក្សាចិន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍អប់រំថ្នាក់ឧត្តមសិក្សារបស់ប្រទេសចិន និងសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់របស់រាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានបញ្ចេញអស់នូវកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការធ្វើឱ្យពិព័រណ៍នេះដំណើរការបានយ៉ាងល្អ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អស់លោក លោកស្រី ក្មួយៗនិស្សិត ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ និងសូមឱ្យចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន ស្ថិតស្ថេរអមតៈ រុងរឿងជាភិយ្យោភាព តរៀងទៅ។
ខ្ញុំសូមប្រកាសបើក «ពិព័រណ៍អប់រំឧត្តមសិក្សាប្រទេសចិនលើកទី២» នាពេលនេះ។
សូមអរគុណ!
No comments:
Post a Comment