Wednesday, April 30, 2014

មន្ត្រី​​ជាន់​​ខ្ពស់ UN គាំទ្រ​​យុទ្ធ​​សាស្ត្រ​ចតុ​កោណ​​របស់​​រាជរដ្ឋា​ភិបាល​​កម្ពុជា​

ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ឧបការី​អគ្គលេខាធិការ អង្គការ សហប្រជាជាតិ និង​ជា​នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ជម្រាប​ជូន​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ថា ឯកឧត្តម និង​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាពណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រៀម​ជានិច្ច ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ​របស់រាជរដ្ឋាភិបាល​កម្ពុជា​។ 

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាស​ប្រាស្រ័យ​ការងារ ជាមួយសម្ដេច​តេជោ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ​២០១៤នេះ ​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​១០​ឆ្នាំមុន, នៅពេលនេះ ឯកឧត្តម​បាន​មើល​ឃើញ​ថា កម្ពុជាមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំងបំផុត ហើយ​តាមរយៈ​របាយការណ៍ ដែល​ឯកឧត្តម​បាន​អាន​កន្លងមក ក៏​បាន​ឆ្លុះបញ្ចាំង​ផងដែរ ពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា។ ឯកឧត្តម ស៊ូ បាន​បញ្ជាក់​ថា ការរីកចម្រើន និង​ការអភិវឌ្ឍ​នេះ គឺ​មាន​សហគមន៍​អន្តរជាតិ​ធ្វើ​ជា​សាក្សី ហើយសម្រាប់​រូប​ឯកឧត្តម​ផ្ទាល់ ​និង​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ (UNDP) មាន​មោទនភាព​ណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រៀម​ជានិច្ច​ដើម្បី​គាំទ្រ​ទៅដល់​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម​ ហាវ​លៀង ស៊ូ (Haoliang Xu) បាន​ជម្រាបសម្ដេច​តេជោ​ទៀតថា លោក​ធ្វើ​ដំណើរ​​មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពិនិត្យមើល​ការងារ​ពាក់កណ្តាល​អាណត្តិ​របស់ កម្មវិធី​អភិវឌ្ឍ​អង្គការ​សហ​ប្រជាជាតិ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​វឌ្ឍនភាព និង​ការ​ប្រឈម ក៏​ដូចជា​​ធ្វើ​យ៉ាងណា​រៀបចំ​ផែនការ​ឱ្យមានសង្គតិភាព ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្ររបស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្តែងនូវ​សេចក្តី​រីករាយ​ចំពោះ​ប្រសាសន៍​របស់​ឯកឧត្តម ហាវ​លៀង ស៊ូ (Haoliang Xu) ដែលបាន​លើកឡើង​ថា អង្គការ​សហ​ប្រជាជាតិ ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា ពិសេស​ចំពោះ​ការលើក​ឡើង​ថា រៀបចំ​ផែនការ​ឱ្យ​មាន​សង្គតិភាព​ជាមួយ​​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​យុទ្ធសាស្ត្រចតុកោណ។

សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​រំលឹក​អំពី​កិច្ចការ​ដែលរាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ក្នុង​កំណែ​ទម្រង់​ឡូត៍​នេសាទ​និង​កំណែទម្រង់​ដីធ្លី​។ នៅក្នុង​កំណែ​ទម្រង់​ដីធ្លី សម្តេច​តេជោ​បាន​គូស​បញ្ជាក់ថា មាន​បញ្ហា​ប្រ​ឈម​ចំនួន​៤ ដែល​ដៃគូ​អភិវឌ្ឍន៍ គប្បី​មាន​ការពិចារណា ដើម្បី​សហការ​គាំទ្រ ទៅដល់​ការតាំង​ទី​លំនៅ​ថ្មីរបស់​ពល​រដ្ឋ​​បន្ទាប់ពី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ដោយសារ​ទីតាំង​ថ្មី​នោះ នៅ​មាន​កង្វះ ផ្លូវថ្នល់ ទឹកស្អាត មណ្ឌល​សុខភាព និង​សាលារៀន​៕

No comments:

Post a Comment