Wednesday, April 30, 2014

សម្តេច​​តេជោ​​រីក​​រាយ​​និង​​ស្វាគមន៍​​ចំពោះ​​ដំណើរ​ការ​​របស់​​រោងចក្រ Minibea ជប៉ុន​​នៅ​​កម្ពុជា

សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​រីក​រាយ និង​ស្វាគមន៍​ចំពោះ​ដំណើរការ​រីក​ចម្រើន ក្នុង​ការ​ផលិត និង​បង្កើននូវ​ផលិត​ផលថ្មី​របស់​រោចក្រ Minibea នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។

ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក Yoshihisa Kainuma ប្រធាន​ក្រុមហ៊ុន Minibea មក​ពី​ប្រទេស​ជប៉ុន ចូល​ជួប​សម្ដែង​ការគួរសម​នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤​នៅ​វិមាន​សន្តិភាព​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​រីករាយ​ជាមួយ​នឹង​វឌ្ឍនភាពរបស់រោងចក្រ Minibea ដោយ​សម្តេច​បាន​​មានប្រសាសន៍បញ្ជាក់​ថា ការ​បញ្ជា​ទិញ​បន្ថែម​ពី​រោងចក្រ​នោះ​គឺ​ឆ្លុះបញ្ចាំង​​អំពី​ជំនឿ​ទុក​ចិត្ត​ ទៅ​លើ​រោងចក្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ម្យ៉ាងទៀត​ការ​វិល​ត្រឡប់​មក​ជាមួយ​នឹង​បុគ្គលិក កម្មករ​ថែមទៀត​មក​បម្រើ​ការងា​រ​នៅក្នុង​រោងចក្រ​នោះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ជំនឿ​ទុកចិត្ត​មក​លើ​រោងចក្រ​ផង​ដែរ។

តាម​រយៈឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បានឲ្យ​ដឹង​ថា លោក Kainuma បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​អំពី​វឌ្ឍនភាព​នៃ​រោងចក្រ ​Minibea នៅកម្ពុជា ដែល​បាន​បើក​ឲ្យ​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ២០១១ កន្លង​មក​នេះ ។ រយៈពេល២ឆ្នាំ ៦ខែ​កន្លងមក ​រោងចក្រ​បាន​ទទួល​កម្មករ​ចំនួន ៥០០០នាក់ និង​នៅ​ខែមិថុនា​ខាងមុខនេះ​នឹង​ឈាន​ដល់​ទទួល​កម្មក​រ​ចំនួន ៦០០០នាក់ ដើម្បី​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នេះ ។ លោក​ក៏បាន​ជម្រាប​ជូន​ព័ត៌មាន​ល្អ​ជូន​សម្ដេច​តេ​ជោ​ថា ក្នុងឆ្នាំនេះ​រោងចក្រ​របស់​ក្រុមហ៊ុន​​បាន​ទទួល​ការ​បញ្ជា​ទិញ​បន្ថែម​ទៀត ដែល​ក្នុង​បញ្ហា​នេះ​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ​នឹង​មាន​ការ​កើនឡើង។

លោក Kainuma ​ប្រធាន​ក្រុមហ៊ុន Minibea ក៏​បង្ហាញ​នូវ​សេចក្តី​​រីករាយ​ផង​ដែរ ដោយសារ​កាលពី​បុណ្យ​ឆ្នាំ​កន្លង​ទៅ​នេះ​ បុគ្គលិក កម្មករ​ បាន​វិល​ទៅ​ផ្ទះ​វិញ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំ​របស់​ជាតិ ហើយ​នៅពេល​ត្រឡប់មកវិញ​បាន​នាំមក​នូវ​កម្មករ បុគ្គលិក​ដទៃទៀត​មក​ដាក់ពាក្យ​បម្រើ​ការងារ​នៅក្នុង​រោច​ក្រ​ផង​ដែរ​ ដែល​នេះជា​សក្ខីភាព​ឆ្លុះបញ្ចាំង​នូវ​ការ​ពេញចិត្ត​របស់​បុគ្គ​លិ​ក​ក្នុង​ការ​បម្រើ​ការងារ​នៅក្នុង​រោងចក្រ Minibea។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ផង​ដែរ​អំពី​គម្រោង​ថ្មី​របស់​​ក្រុមហ៊ុន​ដែល​នឹង​ផលិត​ភ្លើង LED សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីធ្លា​សាធារណៈ​ផង នៅ​ក្នុង​អាយ​ហ្វូ​ន​ផង ក៏ដូចជា​សម្រាប់​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ​។​

ពាក់ព័ន្ធ​នឹង​គ​ម្រោង​ថ្មី​របស់​រោងចក្រ​ Minibea​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​នឹង​គម្រោង​ថ្មី​ដែល​ក្រុមហ៊ុន​ទើប​រក​ឃើញ និង​ត្រៀម​នឹង​ផលិត​ ដោយ​សម្តេច​បាន​ចាត់​ទុក​ថា ​ផលិតផល​ថ្មី​នេះ​នឹង​ជួយ​ដល់​ការ​កាត់​បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ផង​ដែរ​៕

No comments:

Post a Comment