Monday, March 31, 2014

វិស័យ​​​កសិ​​កម្ម​​​កម្ពុជា​​​កំពុង​​​មាន​​​សក្តា​​នុពល​​​ក្នុង​​​ការ​​​ជួយ​​​កាត់​​​បន្ថយ​​ភាព​​ក្រី​ក្រ​​​ជូន​​​ប្រជា​ពល​​រដ្ឋ​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៤ ថា បច្ចុប្បន្ននេះ​វិស័យ​កសិកម្ម​កម្ពុជា​កំពុង​មានសក្កានុពល​យ៉ាង​ខ្លាំង ហើយ​ទាក់​ទាញ បាន​នូវទំហំ​វិនិយោកទុន​យ៉ាងច្រើន ដែល​បាន​រួមចំណែក​សំខាន់​ដល់ការ​បង្កើតការងារ​ប្រាក់ចំ ណូល និង​ការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជា​ជន​ផង​ដែរ​។
 
ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិទសន្និបាត​ប្រចាំឆ្នាំ​របស់ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ នៅសាលសន្និសីទ​ចតុម្មុខ​សម្តេចតេជោ​មាន​ប្រសាសន៍​រំលឹក​ឡើង​ជា​ថ្មី​ទៀត​ថា ការ​ដាក់​ចេញនូវ​យុទ្ធ​សាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពីការ​យក​ចិត្ត​ទុកដាក់​លើ​វិស័យកសិ​កម្ម​នេះ ក្នុង​ចំណោម​វិស័យអាទិភាព​ចំនួន ៤ គឺ១-ការ​អភិវឌ្ឍធន​ធាន​មនុស្ស ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​ពលកម្ម​ក្នុង​តំបន់ ដែល​កាន់​តែបើក​ចំហ ២-ការ​បន្តវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនា​សម័្ពន្ធ​ដឹក​ជញ្ជូន ៣-ការ​បន្ត​អភិវឌ្ឍ និង​ការ​បង្កើន​តម្លៃ​បន្ថែម​ក្នុង​វិស័យ​កសិកម្ម និង៤-ការពង្រឹង​អភិបាល​កិច្ច និង​សមត្ថ​ភាព​ស្ថាប័នរដ្ឋ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវាសាធា​រណៈ និង​កែលម្អ​បរិយា​កាស​វិនិ​យោគ។
 
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ចក្ខុវិស័យ​របស់​កម្ពុជា គឺ​បន្ត​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម ដោយ​ជំរុញ​ប្រពលវប្បកម្ម ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ការ​ស្រាវ​ជ្រាវ និង​ការអភិវឌ្ឍ​យន្តូបនីយកម្ម ព្រម​ទាំងការ​បង្កើន​សមត្ថភាព​ស្រោចស្រព ការគ្រប់​គ្រង​ដីធ្លី​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម ធានា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​ផលិត​កម្មក​សិកម្ម។ ​“ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​របស់​យើង​នៅ​តែ​មាន​លក្ខណៈ​រឹងមាំ ដោយ​យើង​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​កំណើន​លើស​ពី ៧% សម្រាប់​ឆ្នាំ២០១៤ នេះ និង​រយៈ​ពេលមធ្យម​ខាងមុខ ដោយសារ​ការរីក​ចម្រើន​បន្ថែម ទាំ​ង​ក្នុង​វិស័យ​កសិកម្ម ថាម​ពល ហេដ្ឋា​រចនាសម័្ពន្ធ កំណើន​សមត្ថភាព​ប្រកួត​ប្រជែង​ការកែលម្អ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម និង​បរិយាកាស​វិនិយោគ”។
 
 សម្តេច​តេជោ​មាន​ប្រសាសន៍​កត់​សម្គាល់​អំពី​ការ​រីក​ចំរើន​លើ​វិស័យកសិកម្មកម្ពុជា​ ​កាល​ពីឆ្នាំ ២០១៣ កន្លង​មក​នេះ ដែល​ក្នុងនោះ​បរិមាណផល​ស្រូវ​សរុប​ទទួល​បាន ៩,៣៨​លានតោន និង​អាច​សល់​ស្រូវ​ជាស្បៀង​ប្រមាណ ៤,៨២​លាន​តោន ឬ​គិតជា​អង្ករ​សរុប​ប្រមាណ​ជាង ៣​លាន​តោន​ថា «​ជាជោគ​ជ័យដ៏​ធំសម្រា​ប់កម្ពុជា»។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំណុច​នេះ បាន​បង្ហាញឲ្យ​ឃើញ​យ៉ាង​ប្រត្យក្ស​អំពីការ​ខិតខំ​ជំរុញ​ការងារ​បង្កបង្កើន​ការ​ស្តារ​ឡើង​វិញ​នូវ​ផ្ទៃដី​ដែល​បាន​ខូចខាត​ដោយ​គ្រោះទឹក​ជំនន់ ទឹកភ្លៀង និង​រាំង​ស្ងួត ការកែ​សម្រួល​ហេដ្ឋា​រចនា​សម័្ពន្ធ ក៏ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្រ្ត ភាព​ម្ចាស់ការ​ច្នៃប្រ​ឌិត​របស់​ប្រជា​កសិករ​លើ​ការងារ​គ្រប់គ្រង​ស្រែចម្ការ ការ​រៀបចំ​សហគមន៍​កសិកម្ម ការ​ផ្លាស់ប្តូរ​ពូជដែ​ល​មាន​ទិន្នផល​ខ្ពស់​ជាដើម។ យើង​អាច​វាយ​តម្លៃ​បាន​ថា ផលិតផល​ស្រូវ​របស់​យើង​ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​មាន​ការ​កើនឡើង​គួរឲ្យ​កត់សម្គាល់ ពិសេស​ក្នុង​អំឡុង​ពេល ២​ទសវត្សរ៍ ចុង​ក្រោយ​នេះ ហើយ​ផលិតកម្ម​កសិកម្ម​ស្រូវ​នៅតែជា​ផលិតកម្ម​ចម្បង​មួយសម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជា​ជន​នៅជនបទ​ក្នុង​ប្រទេស​កម្ពុជា និង​ការនាំ​ចេញ ដើម្បី​កំណើន​សេដ្ឋកិច្ច។
 
ក្រៅ​ពី​ដំណាំ​ស្រូវសម្តេច​តេជោ​បាន​លើក​សរសើរ ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ជំរុញផលិត​កម្មក​សិកម្ម លើ​គ្រប់មុខ​ព្រួញ ពិសេស​កា​រ​បង្ក​បង្កើន​ផល​ដំណាំជា​យុទ្ធ​សាស្រ្ត មាន​ជាអាទិ៍ ដំណាំ​កៅស៊ូ ដែល​កំពុងមាន​សន្ទុះ គួរឲ្យ​ចាប់​អារម្មណ៍ និង​ដំណាំ​ឧស្សា​ហ​កម្មផ្សេងៗ​ទៀត ក៏​ដូចជា ការ​ចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ដែល​កិច្ចការ​នេះ​មិន​ត្រឹម​តែ​អាច​ឆ្លើយ​តប​បាន​ទៅ​នឹងតម្រូវការ​ស្បៀង​ក្នុង​ស្រុកប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងអាច​នៅ​សល់​សម្រាប់​ការនាំ​ចេញ​ទៀត​ផង។
 
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានអំពាវនាវ ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធរដ្ឋបាល ថ្នាក់​ក្រោម​ជាតិ កង​កម្លាំង​ប្រដាប់​អាវុធ ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរ​ជាតិ និង​វិស័យ​ឯកជន សូម​បន្ត​ចូល​រួម​តាម​គ្រប់រូបភាព​ក្នុង​ការ​ជួយ​ដល់​កសិករ និង​ការងារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជាតិ​ឲ្យ​មាន​ការរីក​ចម្រើន​ជា​លំដាប់ ដែល​នឹងរួម​ចំណែក​សំខាន់​ក្នុងការ​ធ្វើសមាហរណកម្ម​ក្នុង​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ២០១៥ ខាង​មុខ​នេះ។
 
ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ឡើង​វិញ​អំពី​លុបចោល​នូវ​គម្រោង​វិនិយោគដី​សម្ប​ទាន​ណា ដែល​មិនគោរព​កិច្ចសន្យាផង​ដែរ ដោយ​សម្តេច​បាន​បញ្ជាឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធាន​ការឲ្យ​បាន​ម៉ឺងម៉ាត់ ចំពោះ​គម្រោង​វិនិយោគ​ទាំងឡាយ​ណា ដែល​មិនគោរព​តាម​កិច្ច​សន្យា ដោយ​ការ​ដាក់​ពិន័យ ឬលុប​ចោល​ការលើក​ទឹកចិត្ត ឬ​លុប​កិច្ចសន្យា​សម្បទាន​ក្នុង​ករណី​ធ្ងន់ធ្ងរ ដើម្បី​ដកដី​សម្បទាន​សេដ្ឋកិច្ច​នោះ បង្វែរ​ទៅ​ប្រើ​ប្រាស់​ជាដីសម្បទាន​សង្គម​កិច្ច​វិញ​។
 
សម្ដេច​តេជោ​មាន​ប្រសាសន៍​រំលឹក​ជា​ថ្មីទៀត​អំពីបទ​បញ្ជារឲ្យ​បញ្ឈប់ការ​កាប់​ព្រៃ​រំលោភ​យក​ដី​ធ្វើ​កម្ម​សិទ្ធិ​ថា “ត្រូវ​បញ្ឈប់​ជាដាច់ខាត​ការកាប់​រាន ដុត ហ៊ុំព័ទ្ធ រំលោ​ភ​យ​ក​ដី​ព្រៃឈើ​ធ្វើ​ជា​កម្ម​សិទ្ធិ ដែល​បាន​កើតឡើង​ក្រោយ​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ២០១២ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ”។ ទន្ទឹម​នឹង​នេះក៏​ត្រូវ​បន្ត​អនុវត្ត​ន៍ឲ្យមាន​ប្រសិទ្ធ​ភាព​នូវបទបញ្ជា ដែល​ខ្ញុំ​បាន​ដាក់​នាពេល​ថ្មីៗ​នេះ អំពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់ប្រភេទ។ ជា​មួយនេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាប់​ប្រចាំ ចំពោះ​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន​នានា ដែល​ទទួល​បាន​ដី​សម្បទាន ដើម្បី​ធានា​ដល់កិច្ច​ដំណើរការ​វិនិយោគ ទប់ស្កាត់​នូវភាពអសកម្ម​ផ្សេងៗ ដែល​អាច​កើត​មាន​ទាក់ទង​នឹងដីសម្បទាន​នេះ រួម​ទាំងការ​បង់ថ្លៃ​សម្បទានដី និង​កម្រៃ​សួយ​សារផ្សេង​ៗ​ជូន​រដ្ឋតាម​កិច្ច​សន្យា។
 
បន្ថែម​លើនេះ​ត្រូវ​បន្តជំរុ​ញកំណែ​ទ​ម្រង់​ព្រំប្រទល់​ដែន​ព្រៃ​ឈើ ធ្វើ​ចំណាត់​ការ និងចុះ​បញ្ជី​សម្បត្តិ​ព្រៃ​ឈើ​អចិន្ត្រៃយ៍ និង​ការបន្ត​កំណត់​តំបន់​ព្រៃឈើ​រិចរិល ដើម្បី​ស្ដារ​ព្រៃ​ដាំដុះឲ្យ​ក្លាយ​ជា​តំបន់​ព្រៃឈើ​មានតម្លៃ​ឡើង​វិញ។
 
នៅ​ក្នុង​ពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ក​សិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​រាយការណ៍​ឲ្យដឹង​ ថា ការបង្ក​បង្កើន​ផល​ស្រូវ​ឆ្នាំ២០១៣ កន្លងមក នៅ​ទូទាំង​ប្រទេស​អនុវត្តន៍​បាននៅ​លើផ្ទៃដី​ចំនួន ៣,០៥២ លាន​ហិក​តាកើ​នឡើងចំនួន ១,៤៩% នៃ​ផ្ទៃដី​ធៀបនឹង​ឆ្នាំ២០១២។ តែ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នៅ​ដើម​រដូវ និង​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត​ចំនួន១៩ ទូទាំង​ប្រទេស គួបផ្សំ​នឹងការ​បំផ្លាញ​ដោយ​សត្វ​ល្អិត​ផង ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​ត្រូវ​ប្រមូលផល​នៅសល់​ត្រឹម​តែ ២,៩៦ លាន​ហិកតា​ប៉ុណ្ណោះ និង​ទទួល​ផលិតផល​ស្រូវ​សរុប​បានចំនួន​ ៩,៣៨ លាន​តោន (ទិន្នផល​ជាមធ្យម​ប្រចាំ​ឆ្នាំ​គឺមាន ៣,១៦តោន​ក្នុង​មួយហិកតា) បើ​ប្រៀបធៀប​ឆ្នាំ២០១២ គឺ​កើន​លើស​ចំនួន​ជាង​៩២​ម៉ឺន​តោន។
 
ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ឲ្យដឹង​ថា ជាក់​ស្តែង​ផ្ទៃដី​ដំណាំស្រូវ​វស្សា​អនុវត្តន៍​បាន​ចំនួន ២,៥៦៧ ហិក​តា​ធៀប​នឹង​ឆ្នាំ២០១២ កើន​ឡើង ៧%។ ប៉ុន្តែ​ផ្ទៃ​អាច​ប្រមូលផល​បាន​មាន​ត្រឹម​តែ ២,៤៨៥​លាន​ហិកតា​ប៉ុណ្ណោះ ដោយ​ទទួល​ផល​ស្រូវ​បាន​ចំនួន ៧,២៧១ លានតោន (ទិន្ន​ផល​ជា​មធ្យម ២,៩២៥​តោន​ក្នុង​មួយហិកតា)។ រីឯ​ផ្ទៃដី​ស្រូវប្រាំង​អនុវត្តន៍​បាន​ចំនួន ៤៨៤.៦៩៧ ហិក​តា​បើ​ធៀបនឹង​ឆ្នាំ​២០១២ កើន​លើស ២៦,៣៤% និង​ទទួល​ផល​ស្រូវ​បាន​ចំនួន ២,១១៨ លាន​តោន (ទិន្នផល​ជាមធ្យម ៤,៣៨៣​តោន ក្នុង​មួយ​ហិកតា)។
 
ដូច្នេះ​តាមការ​វាយ​តម្លៃ​តុល្យភាព​ស្បៀង​ឆ្នាំ២០១៣ បាន​បង្ហាញ​ឲ្យឃើញ​ថា ផលិត​ផល​ស្រូវ​មាន​អតិរេក​ចំនួន ៤,៨២ លាន​តោន​គឺកើន​លើស ១,៩៦% បើ​ធៀប​នឹង​ឆ្នាំ ២០១២ ហើយ​បើគិ​ត​ជាអង្ករ​គឺមាន​ចំនួន ៣,០៨​លាន​តោន។ ក្រៅ​ពីដំណាំ​ស្រូវ ក៏មាន​ដំណាំ​រួមផ្សំ និង​ដំណាំ​កសិ​ឧស្សាហ​កម្ម​ផ្សេងៗ រួម​មានៈ ដំឡូង​មី ពោត សណ្តែក អំពៅ ថ្នាំជក់..។ល។ បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ដី​ជាង ៩៤១.០០០​ហិកតា ដោយ​ទទួល​បាន​ផល​សរុប​ជាង ១០,៥៤០ លាន​តោន គឺ​កើន​ឡើង​ប្រមាណ ១៣,៦៧% ធៀប​នឹង​ឆ្នាំ ២០១២៕

No comments:

Post a Comment