Monday, March 31, 2014

បទអត្ថាធិប្បាយ ដោយ សៅ សុភៈ «គណបក្សសង្គ្រោះជាតិ ប៉ុនប៉ងបិទដង្ហើមសង្គមជាតិគ្រប់ច្រក តាមរយៈការវិលទៅរករូបមន្ត២ភាគ៣»

បទអត្ថាធិប្បាយ

គណបក្សសង្គ្រោះ​ជាតិ ប៉ុនប៉ង​បិទដង្ហើម​សង្គមជាតិ​គ្រប់​ច្រក​
តាម​រយៈការ​វិល​ទៅរក​រូប​មន្ត២ភាគ​៣


ការផ្លាស់​ប្តូរគោលជំ​ហរជាថ្មីរបស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយលើកយក​រូប​មន្ត២ភាគ​៣ចូល​ក្នុង​​តុចរចា បាន​បង្កើត​នូវ​ការ​បង្អាក់ និងបង្កភាព​​រាំង​ស្ទះ​ដល់​កិច្ច​ប្រជុំ​នៃក្រុម​ការងារ​គណៈ​កម្ម​ការ​ចម្រុះ​រវាង​គណបក្ស​ទាំង​ពីរ ដែល​គេបាន​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​បោះ​ដុំ​ដែក​ដែល​ជាងងើគដ៏ក្រហម​ឆ្អៅ ទម្លាក់មកលើគណបក្សប្រជា​ជន​កម្ពុជា​ ហើយ​ដែល​កម្តៅ​នោះ​អាច​នឹង​​នាំ​​ឱ្យ​មានគ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ​ទាំង​មូល ដោយ​សារឧបាយកល​នេះ។
ក្នុង​ទឹក​ចិត្ត​របស់​ប្រជាជន​កម្ពុជា ពិត​ណាស់​ គឺ​មិន​ចង់​វិល​ទៅរក​អតី​តកាល​ដ៏ជូរចត់​នោះ​ទេ ទាំង​ការ​កាប់​សម្លាប់​ដូច​ក្នុង​របបប្រល័យ​ពូជសាសន៍ប៉ុល ពត និង​ទាំង​ការ​ជាប់​គាំង​នៃ​ស្ថាន​ការណ៍​នយោបាយ ​ពីព្រោះ​ថា ប្រជាជន​កម្ពុជា ​ធ្លាប់បានហែល​​ឆ្លង​កាត់​នូវ​វិបត្តិ​ដ៏រាំរ៉ៃនោះនិង​ឆ្អែត​ឆ្អន់មិន​ចង់​ឃើញ​ទៀត​ឡើយ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ ហាក់បី​ដូចជា​មិន​បានអើពើទៅ​នឹង​កង្វល់​ពិត​ប្រាកដរបស់​ប្រជាពល​រដ្ឋនោះ​ទេ ផ្ទុយ​ទៅ​វិញ​គណបក្ស​ប្រឆាំងរិត​តែសម្ញើញ​ឬទ្ធិ ពី​មួ​យ​ថ្ងៃ​ទៅមួយ​ថ្ងៃ​ឥត​ឈប់​ឈរ និង​បង្កើត​បញ្ហាថ្មីៗតាម​គ្រប់​រូប​ភាព​​ ហាក់ដូច​ជា​ចង់​បង្ហាញ​ថា មាន​តែគណបក្សរបស់​ពួក​គេតែ​ប៉ុណ្ណោះ​ដែល​គិតពី​​ជាតិ និង​ធ្វើ​អ្វី​ៗគ្រប់​យ៉ាង​គោរព​តាម​ឆន្ទៈពល​រដ្ឋ​។
ដើម្បី​បានសម្រេច​គោល​ដៅ​របស់​ខ្លួន​ មេដឹក​នាំ​គណបក្សសង្គ្រោះ​ជាតិដែល​គ្មាន​បេះ​ដូង​ស្រឡាញ់​សន្តិភាព​បន្តិចសោះនោះ បាន​បង្ខំ​ចិត្ត​ដើរចេញ​ចាកឆ្ងាយ​ពី​រង្វង់​ច្បាប់​ជាហូរ​ហែរ ដូចអ្វី​ដែល​​គេ​បាន​ដឹង​ជាបន្ត​បន្ទាប់នូវ​ពុត​ត្បុតទាំង​នោះ តាម​រយៈ ការ​​បង្ក​នូវ​ភាព​ក្តុង​ខ្ទាំង អូសទាញ​ ញុះ​ញង់ អុចអាល ដុត​បញ្ឆេះកំ​ហឹង​មហាជន​ឱ្យចូល​ក្នុង​ល្បែង​នយោបាយ​ដែល​ពួក​គេធ្លាប់​លេង​អស់​​ពេល​៥​អា​ណត្តិ​មក​ហើយ​ ហើយ​ល្បែង​នេះនៅ​តែ​ជាទីពេញ​និយម​សម្រាប់​កំ​ដរដៃក្រុម​ពួកគេ​ដដែល។
គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ធ្លាប់​ដែល​ហ៊ាន​ចេញ​មកសារភាព​នោះ​ទេ នូវ​រាល់​កំ​ហុស​នានា​​ដែល​​ខ្លួន​បាន​បង្កឡើង​ ដូច​ជា​ ប្រើល្បិចក្នុង​ពេល​រាល់​មាន​កិច្ច​ចរចា តែង​តែប្រកូក​ប្រកាស​ធ្វើ​បាតុកម្ម​ ក៏​ដូច​ជា​ទាម​ទារ​ចង់​ឱ្យ​ភាគី​ចរចាត្រូវ​តែ​យល់​ព្រម​ធ្វើ​តាម​សំ​ណូម​ពរដែល​ពួក​គេចង់​បាន​ជា​មុន​សិន ទើប​និយាយគ្នា​បន្ត​ទៀតដើម។ល។។
ប៉ុន្តែ ក្នុង​ចំ​ណោម​បញ្ហា​នានាដែល​គណបក្ស​ប្រឆាំង​ទាម​ទារ វាហាក់​ដូច​ជាដាក់ការ​គាប​សង្កត់​ជ្រុល​ហួសហេតុ​មកលើ​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​ដែល​សំ​ណើទាំង​នោះគណបក្ស​កាន់​អំ​ណាច​ មិន​អាចនឹង​ទទួល​យក​បាន ក្នុង​នោះ ដូច​ជា​ ការ​ទាម​ទារក្នុងការកំ​ណែទម្រង់​ការ​បោះ​ឆ្នោត ដោយ​ចង់​បាន​ឱ្យ គជប ទៅ​ជា​ ស្ថាប័ន​ធម្មនុញ្ញ ហើយសមាសភាព​របស់​ គជប ត្រូវ​តែអនុម័តដោយ​សម្លេង​២ភាគ​៣ នោះ គឺជា​ការ​ដើរវិល​ថយក្រោយ​ និង​ក៏អាច​ចាត់​ទុកថា មេដឹក​នាំ​គណបក្ស​ប្រឆាំងកំ​ពុងតែ​បំ​ពាន​លើ​ការ​សម្រេចចិត្ត​របស់​ខ្លួន​កាលពី​អតីតកាល​។
រូប​មន្ត២ភាគ​៣ នាពេល​កន្លង​មក​ បាន​នាំ​ឱ្យ​សភាជាប់​គាំង និង​កម្ពុជាប្រឈម​នឹង​វិបត្តក្នុង​ពេល​ដ៏វែង​។ គណបក្សសង្គ្រោះជាតិបានដឹង​យ៉ាង​ច្បាស់​ណាស់​ថា រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ គឺ​តម្រូវ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ និង​រាល់​ឯកសារ​គតិ​យុត្តិ​ផ្សេងៗ ​​ ដោយ​សំឡេង​ ២ ភាគ ៣   នៃ​សមា​​ជិក​រដ្ឋ​សភា​ ហើយរាល់​ពេលដំណើរ​ការ​អនុម័ត​ច្បាប់​ម្តងៗ តែង​តែ​ជួប​ប្រទះ​នូវ​វិបត្តិ​​​​ជាញឹក​ញាប់​ ជា​ពិសេស​ គឺ​វិបត្តិ​នៃ​ការ​ខ្វះ​កូរ៉ុម​កនៃកិច្ច​ប្រជុំសភា ដែល​គណបក្សមាន​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋ​សភា​ តែង​តែ​យក​គណបក្ស​​​ឈ្នះ​ឆ្នោត​​ដែល​មាន​សំឡេងភាគ​​ច្រើន​ជា​ចំណាប់​​ខ្មាំង​ ដើម្បី​​ផល​ប្រយោជន៍​នយោបាយ​រប​​ស់​បក្ស​ខ្លួន​ជានិច្ច​។
ដោយយល់ច្បាស់អំពីបញ្ហាអស់ទាំងនេះហើយ ទើបកាលណោះ ក្នុង​ឆ្នាំ ២០០៦ លោក សម រង្ស៊ី ផ្ទាល់ បានធ្វើលិខិតស្នើទៅសម្តេចក្រុម​ព្រះ​នរោត្តមរណឬទ្ធិ និង​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ឲ្យធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​ពី​ការអនុម័តសម្លេង ២ ភាគ ៣  មក ៥០ ភាគរយបូក ១វិញ ដែល​រូបមន្តថ្មីនេះ បាននាំឲ្យកម្ពុជា គេ​ច​ផុត​ពីភាព​ជាប់គាំងនយោបាយ រហូតមកទល់​បច្ចុប្បន្ននេះ ។
 តើហេតុ​ដូច​ម្តេ​​ច​បានជាមកដល់ស្ថានការណ៍ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះជាតិបែរ​ជា​ខ្លាចរូប​មន្ត ៥០ភាគ​រយ បូក ១ ដែល​​ខ្លួន​​ធ្លា​ប់​ជា​​អ្ន​ក​​​ស្នើកាលពីអតីតកាលនោះទៅវិញ?
ការ​ចាញ់​ឆ្នោត​ជាបន្ត​បន្ទាប់ អាច​ជា​មូល​ដ្ឋាន​បណ្តាលឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ាន់​ប្រមាណ​ខ្លួន​ឯង​ថា ការ​សម្រេចចិត្តកាល​ណោះ គឺដោយសារការជឿជាក់​លើ​ខ្លួន​ឯង​ហួសហេតុ​ពេក ថា​ អាច​នឹងដណ្តើម​ជ័យ​ជំ​នះលើ​គណបក្ស​ប្រជា​ជន​កម្ពុជាបាន ប៉ុន្តែ នៅទី​បំ​ផុត គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្ថិត​ក្នុង​សភាព​ ចាញ់​ និង​បាក់​ស្បាត ទើប​យក​ឱកាសដែល​ខ្លួន​កំ​ពុង​ចាញ់​នេះ បន្លំ​ភ្នែក​ប្រជាពលរដ្ឋ​ ងាក​ទៅរក​រូប​មន្តចាស់​វិញ ដើម្បី​បន្ត​រុញ​ច្រាន​ស្ថាន​ការណ៍​ឱ្យ​ចូល​ក្នុង​អន្ទាក់​ដែល​ពួក​ខ្លួន​ចង់​បាន​​។
ការ​ផ្លាស់​ប្តូរឆន្ទៈនយោបាយ ដ៏ក្រឡាប់​ចាក់​បែប​នេះ គឺបាន​បង្ហាញ​នូវ​ពុត​ត្បុត​ដ៏អាក្រក់​របស់​គណបក្សដែល​ចាញ់​ឆ្នោត គឺគ្មាន​អ្វី​ដែល​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​ចិត្តនោះ​ទេ។ បើ​បញ្ហា​ជាតិ​ធ្វើ​តាម​អារម្មណ៍​បែប​នេះ ប្រទេសជាតិ​នឹងជួប​គ្រោះ​​អន្តរាយ​ដោយ​សារ​ពួក​គេទាំង​នោះ។
ដូចនេះ ដើមហេតុនៃការបង្កឲ្យមានការអាក់ខានការចចាររវាង​គណបក្ស​ទាំង​ពីរ មិន​មែន​កើត​ឡើង​ដោយ​សារ​ការ​ជំ​ទាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ គឺ​ពិត​ជា​កើត​ចេញ​ពីការ​ចាប់​​បង្ខំ​ទៅលើគណបក្សប្រជាជនកម្ពុជាឱ្យធ្វើ​ការ​ឆ្លើយ​តប និង​យល់​ព្រម​ទៅ​លើសំ​ណើ​ដែល​ផ្ទុយ​​​ពី​ច្បាប់​ ហើយច្បាប់​នេះ​ទៀត​សោត នៅ​មាន​តម្លៃ​ជា​ធរមាន និង​ប្រកប​ដោយ​អានុភាព​ទៀត​ផង។
វារិត​តែគ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សង្គម​ជាតិ ពី​ព្រោះ​ ក្នុងច្បាប់​​បោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ គឺ​រដ្ឋធម្មនុញ្ញ ជំពូកទី ៧ មាត្រា​ ៧៦ នៅក្នុងវាក្យខណ្ឌចុងក្រោយ បាន​ចែង​យ៉ាង​ច្បាស់​​ថា អង្គការ​រៀបចំ​ការ​បោះ​​ឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោត ត្រូវបានកំណត់​ដោយ​ច្បាប់បោះឆ្នោត។ បើ​បែ​​​​ប​នេះ ​​តើស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតចាំ​បាច់ ក្លាយជា​ស្ថាប័ន​ធម្ម​នុញ្ញ នឹង​ត្រូវ​ជ្រើស​តាំង​សមាសភាពសមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​​ថា គ.ជ.ប នោះ ដោយ​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ចំនួន ២ ភាគ ៣ នៃ​សមាជិក​រដ្ឋ​សភាដែរ ឬ​​ទេ?
ម៉្យាង​វិញ​ទៀត ក្នុង​បរិបទនេះ គឺគេបាន​ដឹង​ច្បាស់​ណាស់​ថា  ប្រសិន​ជា​ធ្វើ​តាម​សំ​ណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តូររូប​មន្តពី៥០ភាគ​រយ បូក​១ មក​ ២ភាគ​៣មែន​នោះ បញ្ហាទាំង​អស់​នឹង​ជាប់​គាំង ពីព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​មិន​អោយ​មាន​ការ​អនុម័ត​អ្វី​បាន​ទាំង​អស់  និយាយ​ជា​រួម​ រាល់​សំ​ណើណាមួយ​របស់​គណបក្ស​ប្រជាជន ក្នុង​ការ​ពន្លឿន​ប្រសិទ្ធិភាព​ក្នុង​ការ​​អនុវត្តច្បាប់​នានា ប្រាកដជា​នឹង​ត្រូវ​បាន​បដិសេធ​ដោយ​គណបក្ស​ជំ​ទាស់។ នោះហើយ​ជា​ពហុវិបត្តិ​ជាថ្មី​របស់​កម្ពុជា ។
ក្នុង​នាម​ជា​គណបក្ស​កាន់​អំ​ណាច គេនឹង​មិន​អនុញ្ញាតឱ្យ​គណបក្សចាញ់​ឆ្នោត​រុញ​ស្ថាន​ការណ៍​ វិល​ទៅ​រក​ភាព​អាក្រក់​វិញ​នោះ​ឡើយ។
 ​លើសពីនេះទៅទៀត បើ គ.ជ.ប ពិតជាត្រូវអនុម័តដោយសំឡេង ២ ភាគ ៣ នោះ​​ភាព​ជាប់គាំងកាន់តែមានសភាពធ្ងន់ធ្ងរជាងរូបមន្ត ២ ភាគ ៣  នៃការ​​បង្កើ​តរាជ​​រដ្ឋា​ភិ​​បា​ល​ទៅទៀត ព្រោះថា អតីតកា​​ល រដ្ឋធម្មនុញ្ញមាត្រា ៩០ វាក្យខណ្ឌទី ៨ បានសរសេរថា (រដ្ឋសភា​បោះឆ្នោត ទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិគាគច្រើន ២ ភាគ ៣  នៃស​មាជិ​ក​​សភាទាំងមូល) ហើយ​រូបម​ន្ត​នេះ បានធ្វើ​ឲ្យមានការ​ជាប់គាំ​ងនយោ​បាយ​នៅ​ក្រោយ​​កា​រ​​​​​បោះឆ្នោតម្តងៗតែ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោ​យមក ដោយឆន្ទៈ​នយោបាយក្នុងការបង្រួប​ប​ង្រួ​​ម​ជាតិរបស់​គណបក្ស​ប្រជាជនកម្ពុជា បាន​ទម្លុះទម្លាយនៃភាពជាប់គាំងនេះ ដោយ​មាន​កា​​រ​​បង្កើតរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្ស ប្រជា​ជនកម្ពុជា និង​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច ។ ប៉ុន្តែ បើ ២ ភាគ ៣  មិនអាចបង្កើត គ.ជ.ប វិញនោះ នៅ​កម្ពុជាក៏មិនអាចមានការបោះឆ្នោតបាន ហើយបើមិន​បា​ន​បោះ​ឆ្នោត​ក៏មិនអាច មានរាជ​រដ្ឋា​ភិបាល ហើយបើមិនមានរាជរដ្ឋាភិបាល ដំណើរ​​ការប្រ​ជាធិ​ប​​តេយ្យ​សេរីពហុបក្សនៅកម្ពុជា ពិត​ជា​ត្រូវបានបំផ្លាញ។
តើមេរៀនប្រវត្តិសាស្ត្រដែលនាំដល់ការជាប់គាំងនយោបាយនេះ គួរត្រូវ​បានជ្រើ​ស​​​យក មក​អនុវត្តទ្បើងវិញនៅកម្ពុជា ក្រោមហេតុ​ផលដោះស្រា​យវិបត្តិន​យោ​បាយ​ដែរ​ ឬ​ទេ?
ការ​ប៉ុនប៉ង​ប្រើកលល្បិចរបស់​​មេដឹក​នាំ​គណបក្ស​ប្រឆាំង ដើម្បី​ឱ្យ​កម្ពុជាធ្លាក់​ចូល​ក្នុង​វិបត្តិ ជា​ថ្មី​ គឺមិន​មែន​ជា​បំ​ណង​របស់​ប្រជាពល​រដ្ឋនោះ​ឡើយ។
ទោះយ៉ាង​ណា គេរំ​ពឹង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យ​ក​​គ្រប់​វិធាន​ការ​ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​ការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​នឹង​មិន​ធ្វើ​អ្វី​ ដើម្បី​បំ​ពេញ​ចិត្តក្រុម​បក្សប្រឆាំង ហើយមក​បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​៕
មេដឹក​នាំ​គណបក្សប្រឆាំង គួរបញ្ចប់​ទៅ នូវ​វប្បធម៌« ដុត​ឱ្យ​ខ្លោច រោចឱ្យ​ឆៅ​» ។ ក្នុង​ន័យ​ថា សំ​ឡេង​ឆ្នោត​ដែល​ប្រជាពល​រដ្ឋបាន​បោះ​ជូនគណបក្សសង្គ្រោះ​ជាតិចំ​នួន​៥៥ អាសនៈ គឺអាច​ឱ្យ​ក្រុម​អ្នក​តំ​ណាង​រាស្ត្រចូល​ទៅ​បំ​ពេញ​កាតព្វ​កិច្ចជូន​ជាតិ​បាននៅ​ក្នុង​រដ្ឋសភា ដែល​មិន​គួរគប្បី​ធ្វើខ្លួន​ឯងដូចជាសត្វ​ក្របីព្រៃ បើ​មិន​បាន​ស៊ី​ស្មៅ​ទាំង​អស់ ឬ​ក៏​គ្រប់​គ្រង​អាណាចក្រនោះ​ទេ នឹង​ជាន់​កំ​ទេចស្មៅចោល​ទាំង​អស់ នោះ​ហើយ​ជា​មាយាទអន់​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។
បើ​បក្សសង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំ​ហរដូចនោះ​មែន វិបត្តិ​នឹង​កើត​មាន​ឡើង​ជាថ្មី និងគ្មាន​ផ្លូវ​ដោះ​ស្រាយ​រួច​ឡើយ មិន​ខុសអ្វី​ពី​ការ​ប៉ុនប៉ងបិទដង្ហើម​សង្គម​ជាតិ​គ្រប់​ច្រក​នោះ​ទេ

អត្ថបទដោយ៖  សៅ សុភៈ

No comments:

Post a Comment